រដ្ឋាភិបាលកម្ពុជាបានរៀបចំសេចក្ដីព្រាងច្បាប់ថ្មីមួយ ស្ដីពីថ្នាំកសិកម្មនិងសម្ភារៈកសិកម្មដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មនិងការប្រើប្រាស់សារធាតុគីមីកសិកម្មនៅក្នុងប្រទេស។ ពង្រាងច្បាប់ថ្មីនេះ ត្រូវបានរៀបចំឡើង ខណៈពេលដែលថ្នាំគីមីកសិកម្មប្រកបដោយគ្រោះថ្នាក់ជាច្រើនប្រភេទ កំពុងចរាចរនៅលើទីផ្សារនៃប្រទេសកម្ពុជា។
ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ទើបតែបានរៀបចំសេចក្តីព្រាងច្បាប់មួយស្តីពីថ្នាំកសិកម្មនិងសម្ភារៈកសិកម្ម ដើម្បីធានានូវការគ្រប់គ្រងការប្រើប្រាស់ថ្នាំកសិកម្ម និងសម្ភារៈកសិកម្មឲ្យបានត្រឹមត្រូវ ខណៈដែលថ្នាំគីមីដែលប្រើក្នុងវិស័យកសិកម្មប្រកបដោយគ្រោះថ្នាក់ជាច្រើនមុខកំពុងត្រូវបានធ្វើអាជីវកម្មក្នុងប្រទេសកម្ពុជា ដោយពុំទាន់មានការត្រួតពិនិត្យឲ្យបានត្រឹមត្រូវនៅឡើយ។
សេចក្តីព្រាងច្បាប់ស្តីពីថ្នាំកសិកម្មនិងសម្ភារៈកសិកម្មកម្រាស់ ៤៦ ទំព័រនេះ មាន ១២ ជំពូក ចែកចេញជា ១០០ មាត្រា។
ច្បាប់នេះចែងអំពីការគ្រប់គ្រងលើសារធាតុគីមី ឬ ហៅថា ថ្នាំកសិកម្មដែលគេប្រើប្រាស់ដើម្បីកម្ចាត់ប្រភេទរុក្ខជាតិដែលគ្មានប្រយោជន៍ ដូចជាស្មៅនិងសត្វល្អិតចង្រៃ និងគ្រប់គ្រងទៅលើការប្រើប្រាស់ជីកសិកម្ម ចំណីសត្វ និងថ្នាំដែលគេប្រើប្រាស់ជាសារធាតុបញ្ចូលក្នុងផលិតកម្មកសិកម្ម ឬហៅថាសម្ភារៈកសិកម្ម។
នៅក្នុងប្រទេសកម្ពុជា ការប្រើប្រាស់ថ្នាំគីមីនិងសម្ភារៈកសិកម្មនេះកាន់តែមានការកើនឡើងនៅក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះដោយសារប្រជាកសិករខ្មែរនៅតែមិនទាន់យល់ដឹងគ្រប់គ្រាន់អំពីផលប៉ះពាល់នៃសារធាតុគីមីកសិកម្មទាំងនោះ។ នេះបើយោងតាមរបាយការណ៍វិភាគសេដ្ឋកិច្ចលើថ្នាំពុលកសិកម្មឆ្នាំ២០១០ របស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិនិងក្រសួងបរិស្ថានកម្ពុជា។
របាយការណ៍ដដែលនោះបានបង្ហាញថា នៅត្រឹមឆ្នាំ២០០៧ មានថ្នាំគីមីកសិកម្មខុសៗគ្នាចំនួន១៣៣ មុខ ត្រូវបានដាក់លក់នៅតាមទីផ្សារក្នុងប្រទេសកម្ពុជា ក្រោមឈ្មោះពាណិជ្ជកម្មចំនួន ៥២២ ឈ្មោះ ដោយថ្នាំសម្លាប់សត្វល្អិតខ្លះមានលាយថ្នាំគីមីប្រកបដោយគ្រោះថ្នាក់ខ្ពស់បំផុត។
មាត្រា ៩២ នៃសេចក្តីព្រាងច្បាប់នេះបានចែងថា ជនណាដែលបានក្លែងឬកែច្នៃសារធាតុគីមីគ្រោះថ្នាក់ ឬធ្វើអាជីវកម្មថ្នាំកសិកម្មដែលស្ថិតក្នុងចំណាត់ថ្នាក់ពុលខ្ពស់ដែលត្រូវហាមឃាត់ដោយក្រសួងកសិកម្ម ជននោះនឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៣ ទៅ ៥ ឆ្នាំ និងឬត្រូវពិន័យជាប្រាក់ចំនួនពីហាសិបលានរៀលទៅប៉ែតសិបលានរៀល។
លោក យ៉ង់ សាំងកុមារ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកម្ពុជាហៅកាត់ថា CEDAC បានស្វាគមន៍ចំពោះការបង្កើតឲ្យមានច្បាប់គ្រប់គ្រងថ្នាំកសិកម្មនេះ ទោះបីលោកយល់ថាការបង្កើតឲ្យមានច្បាប់ដ៏មានសារៈសំខាន់នេះ រាងយឺតយ៉ាវបន្តិចក៏ដោយ។ ប៉ុន្តែលោកមានប្រសាសន៍ថា ក្រោយពីច្បាប់នេះចូលជាធរមាននោះ រដ្ឋាភិបាលគួរតែអនុវត្តវាឲ្យមានប្រសិទ្ធិភាព ជាពិសេសទៅលើក្រុមហ៊ុននាំចូលថ្នាំគីមីកសិកម្មក្លែងក្លាយនិងប្រកបដោយសារជាតិពុលខ្ពស់ដែលកំពុងមានដំណើរការនៅក្នុងប្រទេសកម្ពុជា។
"ឧទារហណ៍ ជុំវិញរឿងការចាប់ការរឹបអូស ឬក៏ការដាក់ពិន័យអីផ្សេងៗដល់ឈ្មួញ អ្នកជំនួញណាដែលប្រើប្រាស់ថ្នាំពុលខុសច្បាប់ ឬក៏ក្រុមហ៊ុនណាដែលផ្សព្វផ្សាយថ្នាំហ្នឹងខុសច្បាប់"។
លោក យ៉ង់ សាំងកុមារ មានប្រសាសន៍បន្ថែមថា រដ្ឋាភិបាលក៏គួរតែធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយផងដែរនូវច្បាប់នេះ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ ដើម្បីធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់ថ្នាំទាំងនោះផងនិងអ្នកទទួលទានកសិផលដែលមានបាញ់ថ្នាំគីមីនោះផង។
របាយការណ៍វិភាគសេដ្ឋកិច្ចលើថ្នាំពុលកសិកម្មឆ្នាំ២០១០ដដែលក៏បានបញ្ជាក់ផងដែរថា កម្ពុជាត្រូវខាតបង់ប្រាក់ប្រមាណ ១៤ ដុល្លារអាមេរិកទៅលើសុខភាពមនុស្សនិងបរិស្ថាន នៅរាល់ពេលដែលទឹកថ្នាំគីមីកសិកម្មចំនួន ១លីត្រត្រូវបានប្រើប្រាស់។ ហើយថ្នាំគីមីកសិកម្មទាំងនោះ ត្រូវនាំចូលដោយគេចពន្ធពីប្រទេសវៀតណាមនិងថៃ។
សេចក្តីព្រាងច្បាប់ស្តីពីថ្នាំកសិកម្មនិងសម្ភារៈកសិកម្មក៏បានកំណត់ផងដែរអំពីការដឹកជញ្ជូនថ្នាំកសិកម្មឆ្លងកាត់ប្រទេសកម្ពុជា ពោលគឺត្រូវជូនដំណឹងដល់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទក្នុងរយៈពេលយ៉ាងតិច ១៥ថ្ងៃ មុនពេលថ្នាំកសិកម្មត្រូវនាំចូលមកដល់ច្រកទ្វារព្រំដែន។
យ៉ាងណាក៏ដោយលោក អ៊ុក ស៊ីផាន ប្រធាននាយកដ្ឋាននីតិកម្មកសិកម្មនៃក្រសួងកសិកម្ម មានប្រសាសន៍ថា សេចក្តីព្រាងច្បាប់នេះត្រូវការការពិគ្រោះយោបល់បន្ថែមពីស្ថាប័នពាក់ព័ន្ធនានា ដើម្បីឲ្យច្បាប់នេះមានលក្ខណៈសុក្រិត គ្រប់ជ្រុងជ្រោយ។
“បញ្ហាសំខាន់ហ្នឹងគឺយើងប្រមួលយោបល់ពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋនិងផ្នែកឯកជននិងសង្គមស៊ីវិល ប្រមូលមតិយោបល់ហ្នឹងយកទៅពិចារណាបញ្ចូលទៅក្នុងសេចក្តីព្រាងច្បាប់នឹងបន្ថែមទៀត”។
នៅថ្ងៃពុធទី ១៤ ខែកក្កដាឆ្នាំ២០១០នេះ សេចក្តីព្រាងច្បាប់នេះនឹងត្រូវលើកយកមកពិភាក្សានៅក្នុងសិក្ខាសាលាមួយក្នុងទីក្រុងភ្នំពេញ ដើម្បីប្រមូលយោបល់បន្ថែមចុងក្រោយពីស្ថាប័ននិងអង្គការក្រៅរដ្ឋាភិបាលពាក់ព័ន្ធនានា មុននឹងត្រូវបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីអនុម័តនៅត្រឹមចុងឆ្នាំ២០១០នេះ៕