ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ម្ចាស់​ជំនួយ​ត្រូវ​បាន​ស្នើ​ឱ្យ​ពិនិត្យ​មើល​គោល​នយោបាយ​ចំពោះ​រដ្ឋា​ភិបាល


ក្រុម​បណ្តា​ប្រទេស​ម្ចាស់​ជំនួយ​និង​រដ្ឋា​ភិបាល​កម្ពុជា​នឹង​ជួប​ប្រជុំ​ក្រោម​ការ​ស្រែក​ទាមទារ​ពី​អង្គការ​សង្គម​ស៊ីវិល​និង​គណបក្ស​ប្រឆាំង​ឱ្យ​បង្ហាញ​នូវ​ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ​និង​ថវិកា​ឱ្យ​បាន​ល្អ។

នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​មួយ​ថ្ងៃ​មុន​ពេល​កិច្ច​ប្រជុំ​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​ ​លោក​ Gavin ​Hayman ​នាយក​នៃ​ការ​ធ្វើ​យុទ្ធនាការ​របស់​អង្គការ​ Global ​Witness​ បាន​បញ្ជាក់​ថា​៖​ “រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​សន្យា​រាប់​ឆ្នាំ​មក​ហើយ​ថា​ ​នឹង​ធ្វើការ​កែ​ទម្រង់​ប៉ុន្តែ​មិន​មាន​អ្វី​បាន​ផ្លាស់​ប្តូរ​សោះ”។

លោក​ Hayman ​ក៏​បាន​បន្ថែម​ទៀត​ថា៖ ​“របាយ​ការ​ចុង​ក្រោយ​របស់​យើង​បង្ហាញ​ថា​ ​អ្នក​នយោបាយ​ជាន់​ខ្ពស់​ខ្មែរ​នៅ​តែ​មិនមាន​ចេតនា​ក្នុង​ការ​បន្ធូរ​បន្ថយ​ការ​ប៊ឺត​ជញ្ជក់​ធនធាន​ធម្មជាតិ​របស់​ប្រទេស​នេះ​បាន​ទេ​ ​ហើយ​ក្រុម​ម្ចាស់​ជំនួយ​មិនអាច​បន្ត​បិទ​ភ្នែក​ត​ទៅ​ទៀត​បាន​ឡើយ"។

អង្គការ​ Global ​Witness​ ក៏​បាន​គូស​បង្ហាញ​ចំណុច​មួយ​ចំនួន​ដែល​ខ្លួន​យល់​ថា​ ​ជា​អំពើ​ពុករលួយ​និង​ជា​ការ​បរាជ័យ​របស់​រដ្ឋា​ភិបាល​ខាងផ្នែក​អភិបាល​កិច្ច​នា​រយៈពេល​១៨ខែ​កន្លង​មកនេះ​ ក្នុង​នោះ​មាន​ដូចជា​ការ​ចំណាយ​ប្រាក់​ពី​ក្រុមហ៊ុន​ប្រេង​Total ​រាប់​លាន​ដុល្លារ​ចូលក្នុង​ខ្ទង់​"មូលនិធិសង្គម"​ ដោយ​មិន​ដឹង​ថា​ ​ចូល​ទៅ​កន្លែង​ណា​ពិត​ប្រាកដ​ ​ការ​រឹបអូស​យក​ដីធ្លី​ពី​ជន​ក្រីក្រ​ ច្បាប់​ប្រឆាំង​អំពើ​រពុករលួយ​ដែល​មាន​ភាព​ប្រទាំង​ប្រទើស​ និង​អាជីវកម្ម​នាំ​ខ្សាច់​ចេញ​ប្រព្រឹត្ត​ដោយ​សេដ្ឋីខ្មែរ​ពីររូប​សិ្នទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា។

ចំណែក​គណបក្ស​សម រង្ស៊ី​វិញ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ស្នើ​សុំ​ឱ្យ​ម្ចាស់​ជំនួយ​អន្តរជាតិ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​លើ​បញ្ហា​អភិបាល​កិច្ច​ល្អ​ ​ កែប្រែ​ប្រព័ន្ធ​បោះឆ្នោត​ដើម្បី​ធានា​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​ចូល​រួម​បោះឆ្នោត​គ្រប់ៗ​គ្នា​ ​ បង្កើន​សេវា​ព្យាបាល​សម្រាប់​ប្រជា​ពលរដ្ឋក្រី​ក្រ​ ​បន្ថយ​ថ្លៃ​ដើម​ក្នុង​ការ​ផលិត​ផលិតផល​កសិកម្ម​ ​ធ្វើឱ្យ​ប្រសើរ​ឡើង​វិស័យ​អប់រំ​ដែល​នៅតែ​ខ្វះខាត​គ្រូ​នៅ​តំបន់​ដាច់​ស្រយ៉ាល​ និង​ការ​គ្រប់​គ្រង​ថវិកា​ចំណូល​ឱ្យ​បាន​ច្បាស់​លាស់។

លោក ​យឹម​ សុវណ្ណ ​អ្នកនាំ​ពាក្យ​និង​ជា​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ សម រង្ស៊ី​បាន​សម្តែង​សុទិដ្ឋិ​និយម​ថា​ ​ជា​រៀង​រាល់​ពេល​ដែល​រដ្ឋា​ភិបាល​លើក​ផែនការ​ឡើង​តែង​តែ​ល្អ​គួរ​ឱ្យ​ទទួល​យក​បាន​ ​ប៉ុន្តែ​ការ​អនុវត្ត​គឺ​មិន​បាន​ដូច​ការ​លើក​ឡើង​ទេ។

“អនុសាសន៍​របស់​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​គឺ​ផ្តោត​ទៅ​លើ​ការ​អនុវត្ត​របស់​រដ្ឋា​ភិបាល​ សរសេរ​បាន​ល្អ​ហើយ​ ​ប៉ុន្តែ​សូម​អនុវត្ត​ឱ្យ​បាន​ល្អ។​ បើ​មិន​មាន​ការ​អនុវត្ត​ទេ​ ​ផែនការ​និង​ក្លាយ​ទៅ​ជា​អត់​ផែនការ​ទេ​ ​ប្រសិន​បើ​មិន​មាន​ការ​អនុវត្ត​ឱ្យ​បាន​ត្រឹមត្រូវ​ទៅ​តាម​ផែនការ​នោះ"។

កាល​ពី​ឆ្នាំ​មុន​ម្ចាស់​ជំនួយ​បាន​សន្យា​ផ្តល់​ប្រាក់​ជិត​១០០០​លាន​ដុល្លារ​ដល់​រដ្ឋា​ភិបាល​កម្ពុជា​ ​ហើយ​យោងតាម​ប្រភព​ជិតស្និទ្ធ​នឹង​ការ​ប្រជុំ​ម្ចាស់​ជំនួយ​ឱ្យ​ដឹង​ថា​ ​សម្រាប់​ឆ្នាំ​នេះ​រដ្ឋាភិបាល​គ្រោង​នឹង​ស្នើ​សុំ​ប្រាក់​ប្រហាក់​ប្រហែល​គ្នា​នេះ​ផង​ដែរ។

លោក​ ហង្សជួន ណារ៉ុន​ អគ្គ​លេខាធិការ​នៃ​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញ​វត្ថុ​បាន​ប្រាប់​វីអូអេ​សំឡេង​សហ​រដ្ឋ​អាមេរិក​តាម​ទូរស័ព្ទ​កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ​ថា​ ​លោក​នឹង​លើក​យក​ពី​លទ្ធផល​នៃ​ស្ថាន​ភាព​ម៉ាក្រូ​សេដ្ឋ​កិច្ច​ដែល​ជា​វិស័យ​មួយ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក។

“យើង​លើក​ជារួម​ គឺ​លើក​ពី​ស្ថាន​ភាព​ ​ដែល​បាន​អនុវត្ត​ឆ្នាំ​កន្លង​ទៅ​នេះ។​ ការ​គ្រប់​គ្រង​ស្ថាន​ភាពម៉ាក្រូ​សេដ្ឋ​កិច្ច​បាន​ល្អគឺ​ថា​ ​បាន​ខាង​ផ្នែក​ដៃ​គូ​អភិវឌ្ឍន៍​គេ​បាន​ធ្វើការ​កោត​សរសើរ​យើង​ដែរ"។

ជារឿយៗ​ ​ម្ចាស់​ជំនួយ​តែងតែ​ស្នើ​ឱ្យ​រដ្ឋា​ភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​លើ​បញ្ហា​អភិបាល​កិច្ច​ល្អ​ ច្បាប់​ប្រឆាំង​អំពើ​ពុករលួយ ​និង​ការ​គ្រប់​គ្រង​ធនធាន​ព្រៃឈើ​ប្រកប​ដោយ​តម្លា​ភាព៕

XS
SM
MD
LG