ប្រជាពលរដ្ឋនៅតំបន់បឹងកក់ចំនួនពីរភូមិ គឺភូមិ២២ និងភូមិ២៤ ចំនួន៣៤គ្រួសារនៅថ្ងៃពុធនេះ បានដាក់ញត្តិដោយឡែកៗពីគ្នាទៅកាន់ស្ថានទូតសហរដ្ឋអាមេរិក អង់គ្លេស បារាំង អូស្រ្តាលី អាឡឺម៉ង់ និងសហគមអឺរ៉ុប ដើម្បីឲ្យជួយអន្តរាគមន៍ដល់រដ្ឋាភិបាល ឲ្យផ្តល់ប្លង់កម្មសិទ្ធដីធ្លីស្របច្បាប់ដល់ពួកគេ។
ការដាក់ញត្តិទៅកាន់ស្ថានទូតបស្ចឹមប្រទេសសំខាន់ៗដូចនេះ បានកើតមានក្រោយពេលពីរថ្ងៃ បន្ទាប់ពីសាលាសង្កាត់ស្រះចកបានបិទបញ្ជីឈ្មោះសម្រាប់អ្នកដែលទទួលបានដីធ្លីជាលើកដំបូង នៅក្នុងភូមិ២២។ ប្រជាពលរដ្ឋបានអះអាងថា ប្រជាពលរដ្ឋនៅក្នុងភូមិ២២ ចំនួន២៤គ្រួសារ ភូមិ២៤ ចំនួន១០ គ្រួសារ មិនមានឈ្មោះនៅក្នុងបញ្ជីនោះទេ តែបែរជាមានឈ្មោះលោកឧកញ៉ា ឡាវ ម៉េងឃីន និងអ្នកស្រី ជីង សុភាព រហូតដល់២១ប្លង់កម្មសិទ្ធិដីធ្លី។
លោកឧកញ៉ា ឡាវ ម៉េងឃីន និង អ្នកស្រី ជីង សុភាព ប្រធានក្រុមហ៊ុនស៊ូកាគូអ៊ីនដែលទទួលសិទ្ធិផ្តាច់មុខក្នុងការអភិវឌ្ឍនៅតំបន់បឹងកក់មិនអាចទាក់ទងដើម្បីសុំបំភ្លឺបានទេនៅថ្ងៃពុធនេះ។ ក៏ប៉ុន្តែលោក កែប ជុតិមា កាលពីថ្ងៃអង្គារ បានថ្លែងប្រាប់ វីអូអេសំឡេងសហរដ្ឋអាមេរិកផ្នែកភាសាខ្មែថា លោកឧកញ៉ា ឡាវ ម៉េងឃីន បានទិញដីនេះ ពីប្រជាពលរដ្ឋ ហើយសាលាក្រុងភ្នំពេញ ពុំមានគោលការណ៍ណាមួយផ្តល់កម្មសិទ្ធិស្របច្បាប់ដល់អ្នករស់នៅមាត់បឹងនោះទេ។អ្នកស្រី ទេព វន្នី តំណាងអ្នកភូមិនៅតំបន់បឹងកក់បាននិយាយថា លោកឡាវ ម៉េងឃីន បានទិញដីពីប្រជាពលរដ្ឋទាំងបង្ខំនៅមុនពេលដែលលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានធ្វើប្រទានកម្មដល់ប្រជាពលរដ្ឋ។ អ្នកស្រីបានបញ្ជាក់ថា បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ដីចំនួន ១២.៤៤ហិចតា សម្រាប់ឲ្យប្រជាពលរដ្ឋធ្វើការអភិវឌ្ឍដោយខ្លួនឯង។ អ្នកស្រីមិនដែលឃើញក្រុមគ្រួសារណាមួយលក់ដីទៅឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីននោះទេ។
«ការមិនផ្តល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់ដែលនៅជាប់មាត់បឹងទាំងអស់ហ្នឹងគឺបង្កប់នូវភាពអំពើពុករលួយមួយហ្នឹងហើយគឺការកេងប្រវ័ញ្ចដីជូនទៅឲ្យក្រុមហ៊ុន ព្រោះអីលោកឡាវ ម៉េងឃីន គាត់ជាប្រធានរបស់ក្រុមហ៊ុនស៊ូកាគូអ៊ីន គាត់បានទិញដីពីប្រជាពលរដ្ឋ មានទិញដីដោយយុត្តិធម៌ទេតាមស្របច្បាប់ទេ។ គាត់ទិញទាំងបង្ខំ ទាំងបំផិតបំភ័យ ហើយគាត់ទិញមុននឹងអនុក្រឹត្យសម្តេចចេញទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១១ សីហា កន្លងទៅនេះ បានចេញអនុក្រឹត្យមួយច្បាប់ កាត់ដីចំនួន១២.៤៤ហិចតាចេញពីគម្រោងអភិវឌ្ឍឲ្យប្រជាពលរដ្ឋធ្វើការអភិវឌ្ឍដោយខ្លួនឯង។ ក៏ប៉ុន្តែ ក្នុងចំណោមប្រជាពលរដ្ឋជិតប្រាំបីរយគ្រួសារមានប្រជាពលរដ្ឋនៅក្នុងភូមិ១ ភូមិ២២ ភូមិ២៤ និងភូមិ៦ ប្រមាណ៦៤គ្រួសារត្រូវបានសាលាក្រុងភ្នំពេញបានកាត់ចេញមិនផ្តល់ប្លង់កម្មសិទ្ធិជូន។
អ្នកស្រី ជា សុខជឿន អាយុ៣២ឆ្នាំ រស់នៅភូមិ២២បានថ្លែងថា ដីរបស់អ្នកស្រីដែលបានទិញនៅក្នុងឆ្នាំ១៩៩៥ ត្រូវបានសាលាក្រុងបដិសេធមិនចេញប្លង់កម្មសិទ្ធិឲ្យទេ។ លោកស្រីបានបញ្ជាក់ទៀតថា លោកស្រីមិនដែលឃើញលោក ឡាវ ម៉េងឃីន មករស់នៅតំបន់បឹងកក់នឹងមកចូលរួមតវ៉ាជាមួយប្រជាពលរដ្ឋទេ ហេតុអ្វីបានជាលោកមានឈ្មោះរហូតទៅដល់ ២១ប្លង់កម្មសិទ្ធិស្របច្បាប់នៅក្នុងភូមិ២២។
«ឮសាលាក្រុងលើកឡើងពាក្យសម្តីហ្នឹង ខ្ញុំអត់ទទួលស្គាល់ទេ។ ព្រោះអីឯកសារខ្ញុំរស់នៅតាំងពីឆ្នាំ៩៥ មានឯកសារពិតប្រាកដទាំងអស់។ ហើយឯកសារ ខ្ញុំដែលថតលេខកូដហ្នឹង គេដាក់ខ្ញុំ ប្រជាជនរស់នៅដីគោក តំបន់ដីគោក ហើយគាត់ឆ្លើយមកថា រស់នៅតាមមាត់បឹង មាត់ទឹកហ្នឹង ខ្ញុំឥតទទួលស្គាល់ទេ។ ខ្ញុំ សុំបដិសេធ»។
ក្នុងចំណោមស្ថានទូតបស្ចឹមប្រទេសសំខាន់ៗ មានតែស្ថានទូតសហរដ្ឋអាមេរិក និងស្ថានទូតបារាំងទេដែលបានឆ្លើយតបសំណួររបស់វីអូអេ សំឡេងសហរដ្ឋអាមេរិលតាមរយៈសារអេឡិកត្រូនិក ឬអ៊ីម៉ែល។
លោក សន ម៉ាគីនថូស (McIntosh) អ្នកនាំពាក្យស្ថានទូតសហរដ្ឋអាមេរិកបាននិយាយថា ស្ថានទូតអាមេរិកនឹងបន្តតាមដានករណីសិទ្ធិដីធ្លីនៅកម្ពុជាបន្តទៅទៀត។ ចំណែកលោកស្រី ឡូរ៉េន បែនណាដី (Laurence Bennardi) អ្នកនាំពាក្យស្ថានទូតបារាំងបាននិយាយថា លោកស្រីបានទទួលញត្តិហើយកាលពីព្រឹកមិញ ហើយយើងមិនទាន់ឆ្លើយតបនៅក្នុងដំណាក់កាលនេះនៅឡើយទេ៕