គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមជាមួយបណ្តាអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិចំនួន១០ បានបើកយុទ្ធនាការរួមគ្នាមួយ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ជាពិសេសសហគមន៍ក្រីក្រដែលងាយរងគ្រោះ ឲ្យស្វែងយល់អំពីវិធីសាស្រ្តបង្ការគ្រោះភ័យនៃគ្រោះមហន្តរាយធម្មជាតិ ដែលអាចកើតឡើងជាយថាហេតុ។ យុទ្ធនាការផ្សព្វផ្សាយអំពីវិធានការកាត់បន្ថយគ្រោះមហន្តរាយនេះ ត្រូវបានគេរៀបចំឡើងនៅក្នុងខេត្តកំពង់ធំ កាលពីថ្ងៃពុធ។
មន្រ្តីរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិរួមមានអង្គការទស្សនៈពិភពលោក អង្គការ ActionAid ជាដើម បានលើកឡើងថាប្រជាសហគមន៍ក្រីក្រកម្ពុជា ចាំបាច់ត្រូវតែត្រៀមវិធានការបង្ការគ្រោះភ័យនៃគ្រោះមហន្តរាយឲ្យបានរួចជាស្រេច ដើម្បីបញ្ជៀសផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រោះមហន្តរាយធម្មជាតិណាមួយដែលអាចកើតមាននៅក្នុងប្រទេស។
លោក ញឹម វណ្ណដា អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍នៅក្នុងទិវាអន្តរជាតិសម្រាប់ការកាត់បន្ថយគ្រោះមហន្តរាយដែលត្រូវបានប្រារព្វឡើងនៅក្នុងខេត្តកំពង់ធំកាលពីថ្ងៃពុធទី១៣ ខែតុលានេះថា ថ្វីត្បិតតែស្ថានភាពភូមិសាស្រ្តរបស់ប្រទេសកម្ពុជា មានលក្ខណៈអំណោយផលក្នុងការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិមួយចំនួនក៏ដោយ ក៍ប្រជាសហគមន៍នៅតាមមូលដ្ឋានត្រូវតែត្រៀមបង្ការទុកជាមុនចំពោះបាតុភូតគ្រោះមហន្តរាយធម្មជាតិណាមួយនោះ។
«យើងដឹងហើយថាប្រទេសកម្ពុជាមានជួរភ្នំព័ទ្ធជុំវិញ គិតថាមិនអាចនឹងកើតមានឡើយខ្យល់ព្យុះទីហ្វុងឬព្យុះធ្ងន់ធ្ងរ ប៉ុន្តែជាក់ស្តែងនៅក្នុងឆ្នាំ២០០៩ ព្យុះកេតសាណាបានបោកបក់មកលើព្រះរាជាណាចក្រកម្ពុជា បង្កការខូចខាតនិងបាត់បង់សរុបជាង១៣០លានដុល្លារសហរដ្ឋអាមេរិក។ ដូចនេះហើយ យើងបានកំណត់នូវទិសស្លោកថា សហគមន៍របស់ខ្ញុំត្រៀមជាស្រេចដើម្បីជាសហគមន៍មួយមានសមត្ថភាពទប់ទល់បានទៅនឹងគ្រោះមហន្តរាយព្រោះនៅពេលដែលមូលដ្ឋានសហគមន៍ខ្សោយនិងទ្រុឌទ្រោមខាងសេដ្ឋកិច្ចនិងបរិស្ថាន នោះគ្រោះមហន្តរាយនឹងយាយីដល់សហគមន៍ជាពុំខាន» ។
កាលពីថ្ងៃទី២៦ខែកញ្ញាឆ្នាំមុន ឥទ្ធិពលនៃខ្យល់ព្យុះកេតសាណាបានបក់បោកមកលើប្រទេសកម្ពុជាដោយបណ្តាលឲ្យមនុស្ស៤៣នាក់ស្លាប់និងរបួសធ្ងន់៨៧នាក់ នេះបើយោងតាមគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។ ដោយឡែកខេត្តកំពង់ធំនេះ ជាខេត្តដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេដោយមានមនុស្ស៩នាក់បានស្លាប់នៅក្នុងគ្រោះមហន្តរាយនោះ ហើយផ្ទះរបស់ប្រជាពលរដ្ឋជាង៥០០រយខ្នងត្រូវបានបំផ្លាញ និងរងការខូចខាតធ្ងន់ធ្ងរដោយសារទឹកជំនន់ដែលបណ្តាលមកពីឥទ្ធិពលនៃខ្យល់ព្យុះនោះ។
លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍ថា គ្រោះមហន្តរាយដូចជាខ្យល់ព្យុះនិងទឹកជំនន់ដែលបានកើតឡើងកន្លងមកនៅក្នុងខេត្តរបស់លោកនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការអភិវឌ្ឍក្នុងខេត្តរបស់លោក។
«កត្តាទាំងនេះហើយបានជាធ្វើឲ្យការអភិវឌ្ឍរបស់ខេត្តមានការយឺតយ៉ាវពីព្រោះវាបានបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធ ដំណាំរួមផ្សំនិងដំណាំស្រូវ ដំណាំកសិឧស្សាហកម្ម ផ្ទះសម្បែង អនាម័យ សុខភាពនិងជីវិតរបស់បងប្អូនប្រជាពលរដ្ឋ។»
ប្រទេសកម្ពុជាជាប្រទេសដែលងាយរងគ្រោះបំផុតមួយពីគ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់និងគ្រោះរាំងស្ងួតជាដើម ដោយសារប្រទេសនេះ ក៏ដូចជាបណ្តារប្រទេសក្រីក្រីបំផុតផ្សេងទៀតដែរ ពុំទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្ការនិងឆ្លើយតបប្រកបដោយប្រសិទ្ធិភាពទៅនឹងបាតុភូតធម្មជាតិប្រកបដោយគ្រោះថ្នាក់ទាំងនេះនៅឡើយទេ។
លោក យុន ស៊ីណា ប្រធានកម្មវិធីកិច្ចការការងារមនុស្សធម៌និងជំនួយសង្រ្គោះបន្ទាន់ នៃអង្គការទស្សនៈពិភពលោក ឬ World Vision មានប្រសាសន៍ថា វិធានការបង្ការគ្រោះមហន្តរាយ គួរតែត្រូវបានដាក់បញ្ចូលទៅក្នុងផែនការអភិវឌ្ឍមូលដ្ឋានដើម្បីធានាថា ប្រជាពលរដ្ឋដែលងាយរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗនេះ អាចមានលទ្ធភាពត្រៀមខ្លួនជាមុនចំពោះគ្រោះមហន្តរាយ ដែលអាចកើតមានទៅលើពួកគេនោះ។
«ឧទាហរណ៍មុនពេលទឹកជំនន់ តើគាត់ត្រូវធ្វើអ្វី ត្រៀមទឹកស្អាត គាត់ត្រូវត្រៀមចំណីអាហារ ឬក៏ធ្វើកន្លែងដើម្បីកុំឲ្យកូនក្មេងវាធ្លាក់ទឹក ឬក៏ ត្រូវកំណត់ទីទួលសុវត្ថិភាព។ល។ អញ្ចឹងពេលមានគ្រោះមហន្តរាយកើតឡើង គឺគាត់ប្រើប្រាស់វិធានការ ផែនការរបស់គាត់ហ្នឹង។ អញ្ចឹងជាផ្នែកមួយនៃការត្រៀមបង្ការ ហើយយើងលើកទឹកចិត្តឲ្យវិធានការត្រៀម ត្រូវបានបញ្ជ្រាបទៅក្នុងផែនការអភិវឌ្ឍ»។
លោក អាឡូយសៀស ចេម (Aloysius James) នាយកគ្រប់គ្រងគម្រោងកាត់បន្ថយគ្រោះមហន្តរាយ និងការបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុនៃអង្គការ ActionAid បានមានប្រសាសន៍ថា វាជាការល្អប្រសើរហើយក្នុងការបង្កើនការយល់ដឹងរបស់ប្រជាសហគមន៍ក្នុងការត្រៀមខ្លួនជាមុន ដើម្បីបង្ការផលប៉ះពាល់ធ្ងន់ធ្ងរនៅពេលមានគ្រោះមហន្តរាយណាមួយកើតឡើងនោះ ក៏ប៉ុន្តែ លោកអាឡូយសៀស មានប្រសាសន៍បន្ថែមថា ការត្រៀមរបស់សហគមន៍តែឯកឯងគឺមិនទាន់គ្រប់គ្រាន់នៅឡើយទេ ពោលគឺត្រូវមានការត្រៀមបង្ការជាស្រេចផងដែរពីសំណាក់រដ្ឋាភិបាលមូលដ្ឋានរហូតដល់រដ្ឋាភិបាលថ្នាក់ជាតិ ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលានៅពេលដែលមានគ្រោះមហន្តរាយណាមួយកើតឡើងនោះ។
«បើយើងនិយាយអំពីយន្តការនោះ គឺនៅមិនទាន់គ្រប់គ្រាន់នៅឡើយ ដូច្នេះការចូលរួមរបស់ស្ថាប័ននិងការរៀបចំរបស់ស្ថាប័នគឺមានសារៈសំខាន់ណាស់ គឺដើម្បីឲ្យសហគមន៍មានសមត្ថភាពអាចឆ្លើយតបបាន ដូច្នេះស្ថាប័ននីមួយៗឧទារហណ៍ដូចជាខាងសុខាភិបាល កសិកម្ម ឬគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយត្រូវតែត្រៀមរៀបចំជាស្រេច ដើម្បីឆ្លើយតបនឹងមុខសញ្ញាឬគ្រោះថ្នាក់ទាំងឡាយណាដែលកើតនៅសហគមន៍។»
លោក អាឡូយសៀស ចេម មានប្រសាសន៍បន្ថែមថា ដូច្នេះស្ថាប័នដែលពាក់ព័ន្ធគួរតែធ្វើការជាមួយអាជ្ញាធរនិងសហគមន៍មូលដ្ឋានដើម្បីឲ្យដឹងថា តើវិធានការត្រៀមបង្ការគ្រោះមហន្តរាយបែបណាដែលមានប្រសិទ្ធិភាពសម្រាប់សហគមន៍ប្រភេទណានោះ។
យ៉ាងណាក៏ដោយ អ្នកស្រី ប៉ាច ម៉ៅ វ័យ៤៧ឆ្នាំ ប្រជាពលរដ្ឋម្នាក់នៅក្នុងភូមិជាំ ឃុំតាំងក្រសៅ ស្រុកប្រាសាទសម្បូរ ដែលបានរងគ្រោះដោយទឹកជំនន់កាលពីឆ្នាំមុន បានមានប្រសាសន៍ថា ពីមុនអ្នកស្រីមិនដឹងថាតើត្រូវដោះស្រាយយ៉ាងដូចម្តេចទេ នៅពេលជួបប្រទះនូវគ្រោះទឹកជំនន់នោះ ប៉ុន្តែពេលនេះ អ្នកស្រីបានយល់ដឹងខ្លះហើយអំពីវិធានការត្រៀមជាមុនចំពោះបាតុភូតគ្រោះធម្មជាតិដែលអាចនឹងកើតឡើងនៅពេលខាងមុខទៀតនោះ។
«ពេលមានគ្រោះមហន្តរាយដូចជាគ្រោះទឹកជំនន់ យើងត្រូវរត់រកទីជម្រកកន្លែងទួលមានសុវត្ថិភាព»។
អ្នកស្រី ប៉ាច ម៉ៅ មានប្រសាសន៍បន្ថែមថា អ្នកស្រីនឹងផ្សព្វផ្សាយបន្តអំពីវិធានការត្រៀមបង្ការគ្រោះភ័យនេះដល់អ្នកភូមិរបស់អ្នកស្រីដែរ ដើម្បីឲ្យពួកគេអាចត្រៀមខ្លួនជាស្រេចដូចអ្នកស្រីដែរសម្រាប់ទប់ទល់ទៅនឹងគ្រោះមហន្តរាយដែលអាចនឹងកើតមានឡើងជាយថាហេតុនៅពេលណាមួយនោះ៕