ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​តាក់​តែង​ច្បាប់​កម្ពុជា ឡាវ វៀតណាម ជំរុញ​ការ​អភិវឌ្ឍ​​តំបន់​ត្រីកោណ


បន្ទាប់​ពី​ការ​ពិភាក្សា​គ្នា​អស់​រយៈ​ពេល​២​ថ្ងៃ ស្តី​អំពី​គោល​នយោបាយ និងយុទ្ធសាស្ត្រ​នានា​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ គណៈ​កម្មាធិការ​កិច្ច​ការ​បរទេស​របស់​រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា វៀតណាម ឡាវ បាន​សម្រេច​ជំរុញ​ការ​អនុវត្ត​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​ទាំង​បី​ស្តីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ និង​បាន​យល់​ព្រម​សហ​ការ​រួម​គ្នា​ក្នុង​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ទុន​ បរទេស​និងជំនួយ​អភិវឌ្ឍ ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់​សម្រាប់​បម្រើ​ឱ្យ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ នៅ​ក្នុង​តំបន់​ត្រីកោណ។

នៅថ្ងៃ​ព្រហស្បតិ៍​នេះ សភា​នៃ​ប្រទេស​ទាំង​បី​បាន​បញ្ចប់​កិច្ច​ពិភាក្សារយៈ​ពេល​២​ថ្ងៃ​ នៅ​ក្នុង​ខេត្ត​ក្រចេះ ស្តី​ពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ដែល​តាំង​នៅ​ព្រំដែន​នៃ​ប្រទេស​ទាំង​បី។ តំបន់​ត្រីកោណ​គឺ​ជា​តំបន់​ដែល​ស្ថិតនៅ​ចន្លោះ​ព្រំដែន​រួម​រវាង​ប្រទេស​ កម្ពុជា ដែល​មាន​ខេត្ត​ស្ទឹងត្រែង ខេត្ត​មណ្ឌលគីរី ​និង​ខេត្តរតនគីរី​ ប្រទេសឡាវ ដែលមាន​ខេត្ត​អាត់តាពើ ខេត្ត​សារាវ៉ាន់ និង​ខេត្ត​សេកុង និង​ប្រទេស​វៀតណាម ដែល​មាន​ខេត្ត​ដាក់លាក ខេត្ត​ដាក់ណុង ខេត្ត​ចាឡៃ និង​ខេត្តកន្ទុំ។

សេចក្តី​ប្រកាស​រួម​របស់​គណៈកម្មាធិការ​កិច្ច​ការ​បរទេស​របស់​រដ្ឋ​សភា​នៃ​ប្រទេសទាំង​បី​បាន​បញ្ជាក់​ថា រដ្ឋ​សភា​នៃ​ប្រទេស​ទាំង​បី​បាន​យល់​ព្រម​សហការ​រួម​គ្នា​ក្នុង​ការ​ទាក់​ទាញអ្នក​វិនិយោគទុន​បរទេស​ និង​ចលនា​ជំនួយ​អភិវឌ្ឍ ​ដើម្បី​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ចាំបាច់​ សម្រាប់​បម្រើ​ឱ្យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​នៅ​ក្នុង​តំបន់​ត្រីកោណ។ ខ្លឹមសារ​សំខាន់​នៃ​សេចក្តី​ប្រកាស​រួម​នោះ​គឺ «ស្ថាប័ន​សភា​ត្រៀម​ខ្លួន​ជានិច្ច​ដើម្បី​ជួយ​ការងារ​រដ្ឋាភិបាល​រៀងៗ​ខ្លួន​ក្នុង​ ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​នេះ​ ឱ្យ​បាន​ឆាប់​រហ័ស​ ដើម្បី​ជាគុណ​ប្រយោជន៍រួម»។

សេចក្តីប្រកាសរួម​នេះ ​ក៏​បាន​លើក​ឡើង​ដែរ​ថា សន្និសីទ​បាន​ឯកភាព​ស្នើ​សុំ​សភា​នៃ​ប្រទេស​ទាំង​បី​ឲ្យ​បង្កើត​គណៈកម្មការអន្តរ​សភា​កម្ពុជា ​ឡាវ ​និង​វៀតណាម​ ដើម្បី​ធ្វើ​ការ​តាមដាន​ និង​ជំរុញ​ការ​អនុវត្ត​គោល​នយោបាយ ​និងយន្តការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ ដែល​បាន​សម្រេច​ដោយ​នាយក​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ទាំង​បី​រួច​ហើយ។ គណៈកម្មាធិការ​កិច្ច​ការ​បរទេស​រដ្ឋសភា​នៃ​ប្រទេស​ទាំង​បី​លើក​ទឹកចិត្ត​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​រវាង​សមាជិក​សភា​នៅ​តាម​តំបន់​ត្រីកោណ​ ដើម្បី​ផ្លាស់​ប្តូរ​ព័ត៌មាន​និង​បទពិសោធន៍​ក្នុង​វិស័យ​ច្បាប់ ​និង​ស្វែង​រក​ដំណោះ​ស្រាយ​រួម ដើម្បី​ធានា​ការអនុវត្ត​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នូវ​គោល​បំណង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​បី។

សេចក្តី​ប្រកាស​រួម​នេះ ក៏​បាន​ផ្តោ​ត​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ ដែល​បាន​ឯកភាព​គ្នា​ជា​ទ្វេ​ភាគី​រួច​ហើយ​ក្នុង​ការ​បោះ​ និង​ជួសជុល​បង្គោល​ព្រំដែន​រវាង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម។

លោក ​ផៃ ស៊ីផាន ​រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​ប្រចាំ​ទីស្តីការគណៈរដ្ឋមន្ត្រី​ បាន​ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​ស្វាគមន៍​សេចក្តី​ប្រកាស​រួម​របស់​រដ្ឋសភា​នៃ​ប្រទេសទាំង​បី​ក្នុង​ការ​ជួយ​រដ្ឋាភិបាល​ ដើម្បី​បង្កើន​ល្បឿន​នៃ​ការ​អភិវឌ្ឍតំបន់​ត្រីកោណ។ លោក​ស៊ីផាន​បាន​ថ្លែង​ដូច្នេះ​ថា៖

«រដ្ឋាភិបាល ត្រូវ​តែ​អនុវត្ត​តាម​ទិសដៅ​នៃ​ការងារ​នយោបាយ​ដែល​កើត​ចេញ​នៅ​ក្នុង​សភានេះ។ វា​មិន​មែន​ គ្រាន់​តែ​ជា​ការ​លើក​ទឹកចិត្ត​ទេ ប៉ុន្តែ​ថែម​ទាំង​ផ្តល់​ឱកាស​បន្ថែម​ទៀត​ដល់​រាជ​រដ្ឋាភិបាល ​ឬ ​រដ្ឋាភិបាល​រៀងៗ​ខ្លួន​របស់​ផង​ខ្លួន​ដែល​មាន​ឱកាស​ក្នុង​ការ​បន្ត​ពង្រឹងបន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិការ ​និង​ទំនាក់ទំនង​ល្អ​តាម​រយៈ​សភា​ដែល​ជា​ម្ចាស់​អំណាច»។

ក្រុមអ្នក​ជំនាញ​ការ​អភិវឌ្ឍ​បាន​និយាយ​ថា សេចក្តី​សម្រេច​របស់​សភា​នៃ​ប្រទេស​ទាំងបី​នេះ បាន​បង្ហាញ​ពី​ការ​ជួយ​គាំ​ទ្រដល់​សកម្មភាព​ការងារ​គោលនយោបាយ​ និង​យន្តការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​របស់​រដ្ឋាភិបាល​ប្រទេស​ទាំង​បី​ប្រកប​ដោយ​ប្រសិទ្ធភាព​ និង​តម្លាភាព៕

XS
SM
MD
LG