ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទោះបី​មាន​បម្រាម​ ក៏​អាច​មាន​ពលការិនី​រាប់​ពាន់​នាក់​នឹង​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី


នាង​ ហុក ពៅ ជា​ពលការនី​ខ្មែរ​បំរើ​តាម​ផ្ទះ​ម្នាក់​ អាយុ​៣១​ឆ្នាំ។​នាង​បាន​យំ​ខ្សឹកខ្សួល​នៅ​ពេល​ដែល​ផ្តល់​ការសម្ភាស​មួយនៅ​ក្រុង Petaling Jaya ដែល​នៅ​ក្បែរ​ទីក្រុង​កូឡា ឡាំពួរ​ (Kuala Lumpur) នៃ​ប្រទេស​ម៉ាឡេស៊ី។​ នាង​ ហុក ពៅ​ ជា​ជន​ក្រីក្រ​តែ​នាង​មិន​ដែល​ទទ
នាង​ ហុក ពៅ ជា​ពលការនី​ខ្មែរ​បំរើ​តាម​ផ្ទះ​ម្នាក់​ អាយុ​៣១​ឆ្នាំ។​នាង​បាន​យំ​ខ្សឹកខ្សួល​នៅ​ពេល​ដែល​ផ្តល់​ការសម្ភាស​មួយនៅ​ក្រុង Petaling Jaya ដែល​នៅ​ក្បែរ​ទីក្រុង​កូឡា ឡាំពួរ​ (Kuala Lumpur) នៃ​ប្រទេស​ម៉ាឡេស៊ី។​ នាង​ ហុក ពៅ​ ជា​ជន​ក្រីក្រ​តែ​នាង​មិន​ដែល​ទទ

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន​បាន​បញ្ជា​ឲ្យ​ផ្អាក​ការ​បញ្ជូន​ពលការិនី​ជំនួយ​ការ​មេផ្ទះ​ ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ីបណ្តោះ​អាសន្ន​ បន្ទាប់​ពី​មាន​រឿង​អាស្រូវ ​ប៉ុន្តែ​មន្ត្រី​ផ្លូវ​ការ​កំពុង​ពិចារណា​លទ្ធភាព​នៃ​ការ​បញ្ជូន​ពលករ​ជា​ស្ត្រី​បម្រើ​ការ​តាម​ផ្ទះ​យ៉ាង​តិច​ ២.៥០០​នាក់​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី។

លោក​ សេង​ សក្តា ​អគ្គនាយក​នៃ​ក្រសួង​ការងារ ​បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​កំពុង​តែ​សិក្សា​លទ្ធភាព​របស់​ពលករ​ ដែល​ក្រុមហ៊ុន​មួយ​ចំនួន​បាន​ជ្រើសរើស ​និង​បាន​បណ្តុះបណ្តាល​រួច​ហើយ​តាំង​ពី​មុន​បម្រាម​ថ្ងៃ​ទី​១៥ ​ខែ​តុលា​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន។

«ខ្ញុំ​សិក្សា​មើល​ថា​ តើ​ក្រុមហ៊ុនដែល​បាន​ទទួល​ជ្រើសរើស ​និង​បណ្តុះ​បណ្តាល ​ហើយ​បាន​ទទួល​បណ្ណ​ការងារ​ពី​ក្រសួង​ការងារ​មុន​ថ្ងៃ​ទី​១៥​ មាន​ចំនួន​ប៉ុន្មាន ​ហើយ​យើង​នឹង​ស្នើ​សុំ​គោលការណ៍​ទៅ​រដ្ឋាភិបាល»។

លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន ​បាន​ថ្លែង​នៅ​ក្នុង​សារាចរ​ចុះ​ថ្ងៃ​ទី​១៥​ ខែ​តុលា​ថា​ រដ្ឋាភិបាល​សូមជូន​ដំណឹង​ដល់​ក្រសួង ​ស្ថាប័ន​ អាជ្ញាធរ​មាន​សមត្ថកិច្ច ​និង​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ឯកជន​ឲ្យ​បាន​ជ្រាប​ថា​ ចាប់​ពី​ពេល​នេះ​ត​ទៅ ​ការ​ជ្រើសរើស ​បណ្តុះ​បណ្តាល ​និង​បញ្ជូន​ពលករ​ ជា​ស្ត្រី​ជំនួយការ​មេ​ផ្ទះ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​ផ្អាក​ជា​បណ្តោះ​អាសន្ន។

បម្រាម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ​បន្ទាប់​ពី​នគរបាល​បាន​ឆ្មក់​ចូល​ទៅ​ក្នុង​ក្រុមហ៊ុន​ ធី​&​ភី​ ខូអិលធីឌី​ នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង​កាល​ពី​សប្តាហ៍​មុន​ ដើម្បី​សង្គ្រោះ​ក្មេង​ស្រី​ក្រោម​អាយុ​ ១៨​ឆ្នាំ​ចំនួន​ ៣០​នាក់​ ដែល​កំពុង​ទទួល​ការ​បណ្តុះ​បណ្តាល​ដើម្បី​បម្រើការ​តាម​ផ្ទះ​នៅម៉ាឡេស៊ី ​និង​ពាក្យ​បណ្តឹង​អំពី​មរណៈភាព​ ការ​រំលោភ​សេពសន្ទវៈ ​និង​ការ​ធ្វើ​ទារុណកម្ម​ ក្នុង​ម៉ាឡេស៊ី។

លោក​នាយករដ្ឋ​មន្ត្រី ​ហ៊ុន ​សែន ​បាន​បញ្ជាក់​ថា​ ដំណើរការ​នៃ​ការ​ជ្រើសរើស ​បណ្តុះបណ្តាល ​និង​បញ្ជូន​ពលករ​ជា​ស្ត្រី​ជំនួយការ​មេផ្ទះ​ទៅ​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី​នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន​ជា​ធម្មតា​ឡើង​វិញ ​លុះត្រា​តែ​ទទួល​បាន​ការ​ជូន​ដំណឹង​ជា​ថ្មី​របស់​រាជរដ្ឋាភិបាល​អំពី​បញ្ហា​នេះ។ តាម​តួលេខ​របស់​ក្រសួង​ការងារ​ ប្រទេស​កម្ពុជា​មាន​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​ចំនួន​៣៤។

លោក​ ចាន់ ​សាវ៉េត ​ប្រធាន​ផ្នែក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក​ បាន​ថ្លែង​ថា​ អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​វិធានការ​ចាំ​បាច់​នេះ ​ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​រំលោភ​សិទ្ធិ​ពលករ​កម្ពុជា​នៅ​ម៉ាឡេស៊ី ​និង​ការ​ជ្រើសរើស​ពលករ​មិន​ទាន់​គ្រប់​អាយុ​ឲ្យ​ទៅ​ធ្វើការ​នៅ​ម៉ាឡេស៊ី។

«ក្នុង​នាម​ខ្ញុំ​ជា​អ្នក​សិទ្ធិ​មនុស្ស ​ខ្ញុំ​ត្រូវ​គិត​ពិចារណា​ថា​ បើ​សិន​ជា​រាជរដ្ឋាភិបាល​មើល​ឃើញ​ប្រទេស​មួយ​ ដែល​ពោរពេញ​ទៅ​ដោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស ​មិន​គួប្បី​រួម​ចំណែក​ក្នុង​ការ​បញ្ជូន​ពលករ​របស់​ខ្លួន​ឲ្យ​ទៅ​ចូល​រួម​ធ្វើ​កិច្ច​ការងារ​នៅ​ក្នុង​ប្រទេស​នោះ​ទេ​ ហើយ​ខ្វះ​អ្វី​ប្រទេស​នៅ​ក្នុង​ពិភពលោក​ ដែល​ត្រូវ​ការ​ពលករ​កម្លាំង​ពលកម្ម​នេះ។​ យើង​ខ្ញុំ​សូម​ជំទាស់​ជា​ដាច់​ខាត​ក្នុង​ការ​យក​អនីតិជន​ពី​ប្រទេស​ខ្មែរ​ទៅ​បម្រើការ​ឲ្យ​ប្រទេស​ដទៃ។​ វា​ប៉ះពាល់​ដល់​សេរីភាព​កុមារ»។

លោក​ អ៊ូ ​វីរៈ ​ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​បាន​ថ្លែង​ថា​ សារាចរ​នេះ​ គ្រាន់​តែ​ជា​ដំណោះស្រាយ​បណ្តោះ​អាសន្ន​ និង​មិន​មាន​ឥទ្ធិពល​ធំ​ដុំ​សម្រាប់​ការបញ្ជូន​ពលករ​ នៅ​ពេល​មាន​ភស្តុតាង​ នៃ​ការ​រំលោភ​ច្បាប់​នា​នា​ត្រូវ​បាន​រក​ឃើញ ​ទើប​មាន​ការ​ផ្អាក ​ប៉ុន្តែ​គ្មាន​អ្នក​ទទួល​ខុស​ត្រូវ​ទេ។

«មេភូមិ ​ឬ​មេឃុំ ​ឬ​ចៅហ្វាយ​ស្រុក​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​នូវ​ការ​កែ​អត្តសញ្ញាណ​បណ្ណ​បែប​ហ្នឹង។​ យើង​ឃើញ​ថា និទណ្ទភាព​គឺ​ជា​មូល​ហេតុ​ចម្បង​ជាង​គេ​បង្អស់ ​បើ​សិន​ជា​យើង​អត់មាន​ការ​កាត់​ទោស​អ្នក​កែ​អត្តសញ្ញាណ​បណ្ណ​បែប​ហ្នឹង ​គាត់​អត់​មាន​អ្នក​ណា​គេ​ពិន័យ ​អត់​មាន​អ្នក​ណា​គេ​ធ្វើ​បាប ​អត់​មាន​អ្នកណា​គេ​ដាក់​ទោស​គាត់​សោះ។​ ពួក​គាត់​នឹង​រក​ផ្លូវ​ផ្សេង​ទៀត​ ដើម្បី​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ដដែល»។

លោក ​អាន​ ប៊ុនហាក់ ​ប្រធាន​សមាគម​ នៃ​ទីភ្នាក់ងារ​ជ្រើសរើស​ពលករ​កម្ពុជា ​បាន​ថ្លែង​ថា​ សមាគម​ត្រូវ​តែ​អនុវត្ត​ឲ្យ​បាន​១០០​ភាគរយ​តាម​សារាចរ​ណែនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ​សែន​នេះ។

«យើង​ឃើញ​ថា ឱកាស​នេះ​គឺ​ជា​ឱកាស​សម្រាប់​យើង​សម្រាក​ក្នុង​ការ​ជ្រើសរើស ​ហើយ​យើង​ងាក​មក​អង្គុយ​ដើម្បី​រក​យន្តការ​នៃ​ការការពារ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលការនី​យើង។​ យើង​ពង្រឹង​យន្តការ​នៃ​ការ​ការពារ​នេះ​ ដោយ​ធ្វើ​ការ​សហការ​ជាមួយ​ដៃ​គូ​របស់​យើង​ប្រទេស​ម៉ាឡេស៊ី ​ក៏​ដូចជា​រដ្ឋាភិបាល​ម៉ាឡេស៊ី ​និង​អង្គការ​ជា​ដៃគូ​មួយ​ចំនួន»។

លោក​ រ៉ាចា សៃហ្វ៊ល រីដាវ៉ាន (Raja Saiful Ridawan) អនុ​ប្រធាន​បេសកកម្ម​នៃ​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា​បាន​បដិសេធ​ការ​អត្ថាធិប្បាយ​អំពី​បម្រាម​នេះ៕

XS
SM
MD
LG