ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អនុប្រធាន​អង្គការ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​ក្មេងស្រី


ភ្នំពេញ៖ អាជ្ញាធរ​ខេត្ត​សៀមរាប​បាន​ចាប់​ឃុំ​ខ្លួន​អនុ​ប្រធាន​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ក្នុង​ស្រុក​មួយ​ពីបទ​សង្ស័យ​ថា​ ​ជាប់​ពាក់ព័ន្ធ​ការ​រំលោភ​សេពសន្ថវៈ​លើ​កុមារី​អាយុ​១៤ឆ្នាំ។ ​តុលាការ​ខេត្ត​សៀមរាប​ក៏​បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ជន​សង្ស័យ​ពីរ​រូប​ផ្សេង​ទៀត​ ​ជាប់​ពាក់ព័ន្ធ​ក្នុង​ករណី​នេះផង​ដែរ។

លោកទី សុវិនថាល់ ​ព្រះរាជ​អាជ្ញា​អម​តុលាការ​ខេត្ត​សៀមរាប ​បាន​មាន​ប្រសាសន៍នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ​ ​លោក​ម៉ាត់ រ៉ានី ​អាយុ​៣២ឆ្នាំ ​ជា​អនុ​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​និង ​អភិរក្ស​ជីវសាស្រ្ត​ចម្រុះ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ខេត្ត​សៀមរាប​ ត្រូវ​បាន​ចាប់​ដាក់​ឃុំ​ភ្លាមៗ​នៅក្នុង​ពន្ធនាគារ​ ជា​បណ្តោះ​អាសន្ន​ ​ក្រោម​បទ​ចោទ​ប្រកាន់​ថា​ ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សេព​សន្ថវៈ​ទៅ​លើ​កុមារី​មួយ​រូប​អាយុ​១៤ឆ្នាំ។

«ផ្តើម​ចោទប្រកាន់​ពីបទ​រំលោភ​សេព​សន្ថវៈ ​តាមច្បាប់​ស្តីពី​ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ឧក្រិដ្ឋ​បាទ។ ​វា​ពាក់ព័ន្ធ​គ្នា​ពីរ​នាក់​ទៀត»។

បើ​តាម​ការ​បញ្ជាក់​របស់​លោក​វីរសេនីយ៍​ឯក​ញឹម សីលា ​មេបញ្ជាការ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ សៀមរាប ​បាន​ឲ្យដឹង​ថា​ ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​លោក​ម៉ាត់ រ៉ានី ​នៅ​ទីស្នាក់ការ​អង្គការ​របស់​លោក​ ក្រោយ​ពី​បាន​ទទួល​ពាក្យ​បណ្តឹង​ពី​គ្រួសារ​កុមារី​ជន​រងគ្រោះ។

លោក​បាន​មាន​ប្រសាសន៍​ថា ​ ​ជន​សង្ស័យ​ម៉ាត់ រ៉ានី​ជាប់​ពាក់ព័ន្ធ​នឹង​ការ​រំលោភ​សេព​សន្ថវៈ​ទៅលើ​កុមារី​មួយ​រូប​អាយុ​១៤​ឆ្នាំ​ ​នៅ​ក្នុង​សណ្ឋាគារ​មួយ​កន្លែង​នៃ​ខេត្ត​សៀមរាប។

«ខាង​ជនរងគ្រោះ​មក​ប្តឹង ​មាន​ម្តាយ​ មាន​ក្មេង​ស្រី​អាយុ​១៤​ឆ្នាំ​ហ្នឹង។​ ហើយ​យើង​ឆែក​មើលឃើញ​ថា​ អាយុ​១៤​ឆ្នាំ​មែន​គឺ​កើត​ឆ្នាំ​១៩៩៦។ ​ធម្មតា​តែ​មក​ប្តឹង​បទល្មើស​បាន​ន័យ​ថា​ ​ ទោះបី​ត្រូវ​ក៏​ដោយ​ ​កាលណា​គេ​ប្តឹង​ចាប់​រំលោភ​ហើយ​ ​ហើយ​ណាមួយ​ក្រោម​អាយុ​ទៀត»។

យោង​ទៅតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សកម្ម​ភាព​ដើម្បី​កុមារ​បាន​ឲ្យ​ដឹង​ថា​ ​កាល​ពី​ថ្ងៃទី​២៦​ ​ខែ​កក្កដា​កន្លង​ទៅ​នេះ​ ​លោក​គា គឿន​ ​និង​ជន​សង្ស័យ ​ម៉ាត់ រ៉ានី​ ​បាន​ទៅ​លេង​ផ្ទះ​ជន​រងគ្រោះ​ នៅ​ភូមិ​ពាក់​ស្នែងថ្មី ឃុំ​ពាក់​ស្នែង ​ស្រុក​អង្គធំ ​ ​ខេត្ត​សៀមរាប។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​លើក​ឡើង​ថា​ ​ជន​សង្ស័យ​បាន​សុំ​អនុញ្ញាត​ពី​ក្រុម​គ្រួសារជន​រងគ្រោះ​ ​ដើម្បី​នាំ​កុមារី​រងគ្រោះ​មក​លេង​ក្នុង​ទី​រួម​ខេត្ត​សៀមរាប​ ដោយ​មាន​បងស្រី​មក​ជា​មួយ​ផង។

បន្ទាប់​ពី​បាន​មកដល់​ខេត្ត​សៀមរាប ​ ​ក្រោយពេល​ទទួលទាន​អាហារ​ពេលល្ងាច​រួច​មក​ ​ជន​សង្ស័យ​បាន​នាំ​កុមារី​ជន​រងគ្រោះ​ទៅ​រំលោភ​សេព​សន្ថវៈ​នៅ​ក្នុង​សណ្ឋាគារ​រហូត​ដល់​បាន​សម្រេច។

លោក​អ៊ុក ពីសិដ្ឋ ​អ្នក​សម្រប​សម្រួល​អង្គការ​សកម្មភាព​ដើម្បី​កុមារ ​បាន​និយាយ​ថា ​ ​ជន​សង្ស័យ​និង​ជន​រងគ្រោះ​ទើបតែ​ស្គាល់​គ្នា​រយៈ​ពេល​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ។

លោក​បាន​លើក​ឡើង​ទៀត​ថា​ ​ជន​សង្ស័យ​មាន​គម្រោង​រំលោភ​កុមារី​ជន​រងគ្រោះ​ជាមុន។

«នៅ​ពេល​ដែល​ជួល​បន្ទប់​បាន​ ​ហើយ​ចូល​ទៅក្នុង​បន្ទប់​ ​គាត់​ចាប់​សម្រាតខោអាវ​កុមារ​រងគ្រោះ​ ​ ហើយ​គាត់​ធ្វើការ​ចាប់​រំលោភ​តែម្តង។ ​ហើយ​ការ​ចាប់​រំលោភ​គាត់​នោះគឺ​បាន​សម្រេច​រហូត​ដល់​ចំនួន​ពីរ​ដង»។

យោង​ទៅ​តាម​របាយ​ការណ៍​របស់​អង្គការ​សកម្មភាព​ដើម្បី​កុមារ​បាន​ឲ្យ​ដឹង​ថា​ ​នៅ​ក្នុង​រយៈ​ពេល​៦​ខែ​ដើម​ឆ្នាំ​នេះ​ ​មាន​ករណី​រំលោភ​ផ្លូវភេទ​ទៅលើ​កុមារី​ ដែល​ជា​អនីតិជន​បាន​កើត​មាន​ឡើង​ចំនួន​៧ករណី​ ​គឺ​២​ករណី ​បាន​កើត​មាន​ឡើង​ពី​សំណាក់​ជន​បរទេស​មក​លើ​កុមារា​កម្ពុជា ​ដែល​មាន​អាយុ​ពី​៩​ឆ្នាំ​ដល់​១៣​ឆ្នាំ​ និង​៥ករណី​ទៀត​ជា​ពលរដ្ឋ​ខ្មែរ៕

XS
SM
MD
LG