យ៉ាងហោចណាស់មានកុមារកម្ពុជាអាយុក្រោម១៥ឆ្នាំសរុបចំនួន៣.៧៤១នាក់ បានឆ្លងជំងឺគ្រុនឈាមនៅទូទាំងប្រទេស គិតមកទល់ដើមខែកក្កដានេះ។ ក្នុងនោះកុមារចំនួន១៩នាក់បានស្លាប់។ នេះបើយោងតាមរបាយការណ៍របស់របស់ក្រសួងសុខាភិបាល។
របាយការណ៍ដដែលបង្ហាញថា ក្នុងរយៈពេលដូចគ្នានៅឆ្នាំ២០១០មានកុមារឆ្លងជំងឺគ្រុនឈាមត្រឹមតែ២.៤៥០នាក់តែប៉ុណ្ណោះ គឺតិចជាងឆ្នាំនេះចំនួន១.២៩១នាក់ និងបានបណ្ដាលឲ្យកុមារស្លាប់ចំនួន៩នាក់។
តួលេខបានបង្ហាញថា ការឆ្លងជំងឺគ្រុនឈាមមានសន្ទុះឡើងខ្ពស់ក្នុងរយៈពេលពីរខែចុងក្រោយនេះ។ តួលេខពីក្រសួងសុខាភិបាលខ្មែរដដែលបានបង្ហាញថា មកត្រឹមខែឧសភា គឺរយៈពេលប្រាំខែដើមឆ្នាំ២០១១ មានកុមារ៥៨០នាក់ឆ្លងជំងឺគ្រុនឈាម ហើយជំងឺនេះបានបណ្ដាលឲ្យកុមារចំនួនប្រាំមួយនាក់បាត់បង់ជីវិត។
លោកវេជ្ជបណ្ឌិត ង៉ាន់ ចាន់ថា នាយកកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធជំងឺគ្រុនចាញ់បានឲ្យដឹងថា ស្ថានភាពជំងឺគ្រុនឈាមកំពុងស្ថិតនៅចំណុចដែលគួរយកចិត្តទុកដាក់ និងតាមដានខ្ពស់បំផុត។ លោកបានប្រាប់វីអូអេខ្មែរថា៖
«សភាពការណ៍នេះ យើងថាមិនជាល្អណាស់ណាទេ ក៏ប៉ុន្តែក៏មិនអាក្រក់ណាស់ណាដែរ។ ក៏ប៉ុន្តែយើងគួរប្រុងប្រយ័ត្នពីព្រោះរយៈពេលចម្លងនៃជំងឺគ្រុនឈាមនេះ ឥឡូវនេះយើងចំពេលកំពុងចម្លងខ្លាំង ហើយការចម្លងនេះវាអាចមានរយៈពេលរហូតទៅដល់បីខែទៅមុខទៀត។ អញ្ចឹងទេ គួរតែជនរួមជាតិទាំងអស់មេតា្តប្រុងប្រយ័ត្ន ហើយម្ចាស់ការរៀងៗខ្លួនដើម្បីត្រៀមទប់ស្កាត់ការផ្ទុះជាយថាហេតុនៃជំងឺគ្រុនឈាមជាទ្រង់ទ្រាយធំ»។
មន្រ្តីសុខាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះបានក្រើនរំលឹកថា ជំងឺគ្រុនឈាមនៅកម្ពុជាអាចផ្ទុះឡើងជាយថាហេតុនៅក្នុងឆ្នាំនេះបើសិនជាមិនមានការចូលរួមទប់ស្កាត់ទាំងអស់គ្នានោះទេ។ ម្យ៉ាងទៀត ឆ្នាំនេះគឺជាឆ្នាំវិលជុំ ឬវដ្តនៃការផ្ទុះជំងឺគ្រុនឈាម។ ជំងឺនេះតែងតែផ្ទុះឡើងរាតត្បាតយ៉ាងខ្លាំងក្លាជាប្រចាំរវាងពីបីទៅប្រាំឆ្នាំម្តងនៅកម្ពុជា។ វាបានផ្ទុះឡើងយ៉ាងខ្លាំងនាចុងក្រោយនេះ។ នៅឆ្នាំ២០០៧មានមនុស្សជិត៤ម៉ឺននាក់បានកើតជំងឺនេះក្នុងនោះប្រហែលជា៩៥ភាគរយជាកុមារ ហើយបានធ្វើឲ្យមនុស្សជាង៤០០នាក់បានស្លាប់បាត់បង់ជីវិត។
នៅមន្ទីរពេទ្យកុមារជាតិ កុមារឆ្លងជំងឺគ្រុនឈាមដែលបានមកសម្រាកព្យាបាលមានសន្ទុះកើនឡើងខ្លាំងចាប់ពីចុងខែឧសភាដល់ខែកក្កដានេះ។ នេះបើយោងតាមរបាយការណ៍ពីមន្ទីរពេទ្យ។ កុមារមានជំងឺសរុបចំនួន៥០៣នាក់ក្នុងនោះមានបីនាក់បានស្លាប់។
លោកវេជ្ជបណ្ឌិត ឈួរ អ៊ីម៉េង ប្រធានមន្ទីរពេទ្យកុមារជាតិមានប្រសាសាន៍ថា ស្ថានភាពឆ្លងនៃជំងឺមិនទាន់គួរឲ្យព្រួយបារម្ភខ្លាំងពេកនោះទេ ក៏ប៉ុន្តែប្រជាពលរដ្ឋកម្ពុជាត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះជំងឺនេះ។ លោកថ្លែងថា៖
«ឆ្នាំនេះមានការកើនឡើងជាងឆ្នាំមុន ប៉ុន្តែការកើនឡើងនេះ សន្ទុះរបស់វាឡើងស្បឺតដែរទេ។ វាមិនមែនឡើងគំហុកដែលយើងគួរព្រួយបារម្ភនៅឡើយទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយយើងត្រៀមលក្ខណៈហើយ។ យើងនៅតែបារម្ភថា ខ្លាចវាធំ។ យើងគិតថា ខ្លាចវាធំជាជាងយើងធ្វេសប្រហែសថា វាអត់កើតមានឡើង»។
រដូវវស្សាគឺជារដូវចម្លងនៃជំងឺគ្រុនឈាមខ្លាំង ដែលមានចាប់ពីខែមិថុនារហូតដល់ខែតុលា។ ជំងឺគ្រុនឈាមភាគច្រើនកើតលើកុមារដែលមានអាយុតិចជាង១៥ឆ្នាំ។ ជំងឺនេះចម្លងដោយមូសខ្លាដែលកើតចេញពីទឹកថ្លុក ទឹកដក់ក្នុងឧបករណ៍ផ្សេងៗដែលគេបោះបង់ចោលជាដើម។ មានប្រជាពលរដ្ឋកម្ពុជាចន្លោះពី១០.០០០នាក់ទៅ១២.០០០នាក់ ក្នុងមួយឆ្នាំៗឆ្លងជំងឺនេះ ក៏ប៉ុន្ដែអត្រាស្លាប់ដោយសារជំងឺនេះមានកម្រិតក្រោម១ភាគរយ។
របាយការណ៍របស់ក្រសួងសុខាភិបាលបង្ហាញថា ខេត្តដែលមានដង់ស៊ីតេប្រជាជនខ្ពស់ច្រើនតែទទួលរងការឆ្លងជំងឺគ្រុនឈាមធ្ងន់ជាងគេ។ ខេត្តទាំងនោះរួមមានខេត្តកណ្តាល ភ្នំពេញ សៀមរាប កំពង់ចាម កំពង់ស្ពឺ ព្រៃវែង តាកែវ កំពង់ឆ្នាំង កំពង់ធំ និង បន្ទាយមានជ័យ។
សព្វថ្ងៃនេះ ពុំទាន់មានវ៉ាក់សាំងការពារជំងឺគ្រុនឈាមនេះនៅឡើយ។ ដូច្នេះវិធានការការពារដ៏មានប្រសិទ្ធភាពគឺការកម្ចាត់មូសខ្លាពីទីជម្រករបស់វា ឬទប់ស្កាត់ការកកើតមូសប្រភេទនេះ។ ជំងឺគ្រុនឈាមអាចបង្កឲ្យស្លាប់បានប្រសិនបើអ្នកជំងឺមិនត្រូវបានព្យាបាលមុនរយៈពេលមួយសប្ដាហ៍នោះទេ៕