តុលាការក្រុងភ្នំពេញបានប្រកាសលើកពេលសាកសួរភ្លាមៗចំពោះករណីប្រជាពលរដ្ឋនៅតំបន់បឹងកក់បន្ទាប់ពីមានការតវ៉ាយ៉ាងខ្លាំងនៅពីមុខតុលាការនៅព្រឹកថ្ងៃអង្គារ៏នេះ។
«ជួយរកយុត្តិធម៌ឲ្យពួកយើងខ្ញុំផង ពួកយើងខ្ញុំគ្មានកំហុសទេ។ តុលាការត្រូវតែឯករាជ្យសម្រាប់អ្នកក្រ»។
តាមរយៈដីកាកោះហៅរបស់លោកសុខ រឿន ព្រះរាជអាជ្ញារងក្រុងភ្នំពេញបានកោះអញ្ជើញលោកស្រីទេព វន្នីតំណាងប្រជាពលរដ្ឋនៅតំបន់បឹងកក់មកសាកសួរតាមបណ្តឹងរបស់សាលាក្រុងភ្នំពេញពីបទបរិហាកេរ្តិ៍ និងលោក ដួង គា ប្រជាពលរដ្ឋភូមិ២២តាមបណ្តឹងមួយផ្សេងទៀតរបស់ប្រជាពលរដ្ឋចំនួនប្រាំបីគ្រួសារដែលបានប្តឹងក្រុមហ៊ុនថា បានបំផ្លាញទ្រព្យសម្បត្តិឯកជនកាលពីថ្ងៃទី១៦ខែកញ្ញាកន្លងទៅនេះ។
ការកោះហៅប្រជាពលរដ្ឋនេះបានបង្កឲ្យមានការតវ៉ាយ៉ាងខ្លាំងនៅពីមុខតុលាការ។ ប្រជាពលរដ្ឋដែលត្រូវបានហៅធ្វើការសាកសួរបានស្លៀកពាក់ស កាន់ដីពីតំបន់បឹងកក់ម្នាក់មួយកញ្ចប់ៗ និង កាន់រូបភាពស្តីពីការប៉ះទង្គិចរវាងអាជ្ញាធរ និងប្រជាពលរដ្ឋនៅតំបន់បឹងកក់ទៀតផង។
លោក ដួង គា អាយុ៤៣ឆ្នាំបានអុជធូកនៅចំពោះមុខតុលាការដើម្បីបួងសួងឲ្យតុលាការផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋរងគ្រោះនៅតំបន់បឹងកក់។ លោកបានរៀបរាប់ទាំងទឹកភ្នែករលីងរលោងលាយឡំនឹងការអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រីហ៊ុន សែនជួយរកយុត្តិធម៌។
«អ្វីដែលខ្ញុំបានកសាងមកជាង៣០-៤០ឆ្នាំកន្លងទៅនេះមិននឹកស្មានថា មួយប៉ព្រិចភ្នែកគេត្រូវកម្ទេចអស់រលីង។ តើខ្ញុំសង្ឃឹមអ្វីទៀត។ សូមឲ្យសម្តេចហ៊ុន សែន និងលោកជំទាវ លោកមេធាវី លោកចៅក្រម សុខ រឿន មាស ពីសិដ្ឋ ពិចារណារឿងក្តីក្តាំទាំងអស់នេះឡើងវិញ»។
អង្គុយបទជើងផ្ទាល់នឹងថ្នល់កៅស៊ូក្នុងសម្លៀកបំពាក់ស អ្នកស្រី ហេង មុំ ប្រជាពលរដ្ឋនៅភូមិ២២បាននិយាយថា ប្រជាពលរដ្ឋគ្មានកំហុសទេគឺគ្រាន់តស៊ូដើម្បីសម្រាប់ការស់នៅតែប៉ុណ្ណោះ។
«ទ្រព្យសម្បត្តិ ផ្ទះសម្បែងអស់ហើយ បែរជាគេកោះហៅមកតុលាការទៀតតើយុត្តិធម៌មានទេលើលោកនេះ។ ខ្ញុំសុំតែសិទ្ឋិជ្រកកោន និងសិទ្ឋិរស់នៅសូម្បីតែសិទ្ឋិបញ្ចេញមតិក៏ពួកខ្ញុំត្រូវគេបំបិទសិទ្ឋិគ្រប់បែបយ៉ាង»។
ការតវ៉ារបស់ប្រជាពលរដ្ឋពុំមានការបង្ក្រាបពីអាជ្ញាធរដូចសព្វមួយដងទេ។ មន្រ្តីប៉ូលីសតិចតួចប៉ុណ្ណោះត្រូវដាក់ពង្រាយឃ្លាំមើលនៅក្បែៗអគារតុលាការ។ លោកស្រី ទេព វន្នី តំណាងប្រជាពលរដ្ឋបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅមុខតុលាការថា ការសាកសួរអ្នកស្រីត្រូវបានលោកសុខ រឿន ព្រះរាជអាជ្ញារងតុលាការបានលើកពេលសាកសួរដោយសារប្រជាពលរដ្ឋប្រមូលផ្តុំតវ៉ាច្រើនពេលដែលរំខានដល់ការសាកសួរ។ អ្នកស្រីបានបញ្ជាក់ទៀតថា ពួកយើងមានការងឿងឆ្ងល់ថា មិនដឹងបរិហាកេរ្តិ៍អ្នកណាទេគឺពួកគាត់គ្រាន់តែសម្តែងមតិតែប៉ុណ្ណោះ។
«ពួកខ្ញុំទាងអស់គ្នាអត់ដឹងថា បរិហាកេរ្តិ៍មានន័យរបៀបដូចម្តេចពីព្រោះពួកខ្ញុំឈឺចាប់ប៉ុណ្ណាគឺខ្ញុំសម្តែងចេញប៉ុណ្ណឹង។ ហើយបរិហាកេរ្តិ៍លុះត្រាតែអ្នកហ្នឹងមិនដឹងអីសោះ។ ខ្ញុំទៅហែកហួរគេអីឬមួយយ៉ាងម៉េចបានខ្ញុំខុស។ ការឈឺចាប់ពួកខ្ញុំសម្តែងចេញទៅជារឿងធម្មតាទេនេះមិនមែនជារឿងបរិហាកេរ្តិ៍ទេ»។
លោក សុខ រឿន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នពេញ និងលោកជីវ កេងប្រធានតុលាការមិនអាចសុំសេចក្តីអត្ថាធិប្បាយបានទេ។
លោក សួង សុផលមេធាវីការពារក្តីរបស់សាលាក្រុងភ្នំពេញមិនធ្វើអត្ថាធិប្បាយទេដោយលោកនិយាយថាវិជ្ជាជីវៈមេធាវីមិននិយាយនៅពេលដំណើររឿងក្តីទេ។
«ខ្ញុំជាមេធាវី។ អញ្ចឹងមេធាវីមានក្រមសីលធម៌របស់គេ។ អញ្ចឹងការសម្ភាសជាមួយបងជាអ្នកកាសែតអីខ្ញុំអត់អាចធ្វើបានទេពីព្រោះវាស្ថិតនៅក្នុងconfidencial របស់រឿងក្តី»។
លោកអំ សំអាត មន្ត្រីផ្នែកស៊ើបអង្កេតរបស់អង្កការសិទ្ឋិមនុស្សលីកាដូបានប្រាប់អ្នកយកព័ត៌មានថា តាមធម្មតានៅពេលមានទំនាស់ដីធ្លី ប្រជាពលរដ្ឋតែងតែទទួលរងគ្រោះដោយបណ្តឹងបរិហាកេរ្តិ៍ និងបណ្តឹងព្រហ្មទណ្ឌផ្សេងៗពីខាងតំណាងក្រុមហ៊ុនឬអាជ្ញាធរ។
លោកបានបញ្ជាក់ថា នេះជាបន្ទុកថ្មីមួយទៀតសម្រាប់ពលរដ្ឋនៅតំបន់បឹងកក់។
«អញ្ចឹងយើងឃើញថា បន្ទុកដែលធ្វើឲ្យបញ្ហាជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធ្លាក់ដុនដាបទៅហ្នឹងកាន់តែកើនឡើងហើយបញ្ហាសុវត្ថិភាពរស់នៅរបស់ពួកគាត់ក៏កាន់តែថយចុះ»។
លោកស្រីមួរ សុខហួរអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបាននិយាយថា តុលាការជាស្ថាប័នឯករាជ្យហើយប្រជាពលរដ្ឋចង់បានយុត្តិធម៌។ ប្រសិនបើពុំមានកំណែទម្រង់ប្រព័ន្ឋយុត្តិធម៌ទេនោះប្រជាពលរដ្ឋ និងជួបទុក្ខលំបាកជារៀងរហូត៕