នៅក្នុងខណៈដែលឈ្មួញខុសច្បាប់នៅកម្ពុជាកំពុងតែសម្រុកពន្យុះឲ្យមានការកាប់បំផ្លាញព្រៃឈើយ៉ាងខ្លាំងក្លាសម្រាប់សេចក្ដីត្រូវការនៅក្រៅប្រទេសនោះ មានទីផ្សារសំខាន់បំផុតចំនួនពីរដែលស្រូបយកផលិតផលព្រៃឈើរបស់កម្ពុជាគឺប្រទេសវៀតណាមនិងប្រទេសចិន។ ជារៀងរាល់ថ្ងៃឈើខុសច្បាប់ និងស្របច្បាប់បានហូរចូលប្រទេសទាំងពីរ ហើយបានបង្កឲ្យមានការកាប់បំផ្លាញឈើមានតម្លៃក្នុងប្រទេសកម្ពុជាយ៉ាងរីករាលដាល។
អតីតអ្នកបើកបររថយន្ដស៊ីឈ្នួលដឹកឈើម្នាក់ក្នុងខេត្តព្រះវិហារបានថ្លែងប្រាប់ VOA សំឡេងសហរដ្ឋអេមេរិកជាខេមរភាសាថា ឈើខុសច្បាប់ត្រូវគេដឹកដោយលួចលាក់ចូលទៅកាន់ប្រទេសវៀតណាមតាមរយៈឧកញ៉ាម្នាក់ដែលរង់ចាំទទួលឈើទាំងនោះនៅចំណុចព្រំដែនខេត្តកំពង់ចាមរួចជាស្រេច។ ឈ្មួញរូបនេះនឹងលក់ឈើបន្ដទៅកាន់ប្រទេសវៀតណាម ដែលនឹងបន្ដលក់ឈើតាមផ្សារងងឹតទៅកាន់ប្រទេសចិនទៀត។
មានប្រសាសន៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អតីតអ្នកបើករថយន្តដឹកឈើខុសច្បាប់នេះបញ្ជាក់ថា ការដឹកជញ្ជូនឈើជាទូទៅត្រូវការពារដោយរថយន្ដនាំមុខ។
«យកទៅស្តុកក្នុងរោចក្រកែច្នៃជិតដល់សួង។ កន្លែងហ្នឹងជារបស់ឧកញ៉ាម្នាក់នៅអូររាំងឪ ហើយដឹកចេញទៅវៀតណាម។ វៀតណាមមកធ្វើយកទៅ»។
ប្រភពដដែល និងប្រភពពីមន្ដ្រីសង្គមស៊ីវិលដែលធ្វើការឃ្លាំមើលផ្នែកបរិស្ថានបានឲ្យដឹងថា វិបត្តិព្រំដែនរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃបានជំរុញឱកាសថ្មីមួយសម្រាប់ការកាប់បំផ្លាញព្រៃឈើនៅក្នុងប្រទេសកម្ពុជា ជាពិសេសការកាប់បំផ្លាញព្រៃឈើនៅតាមបណ្ដាខេត្តនៅតាមតំបន់ព្រំដែន។
ប្រភពខាងលើបានអះអាងថា មន្ដ្រីយោធាជាន់ខ្ពស់របស់កម្ពុជានៅពីក្រោយខ្នងនៃការកាប់ព្រៃឈើខុសច្បាប់ទាំងនេះ។ ម្យ៉ាងវិញទៀត ឈើដែលកំពុងទទួលរងការកាប់បំផ្លាញ គឺជាប្រភេទឈើប្រណិតៗ ដូចជាក្រញូង បេង និងនាងនួន ជាដើមដែលជាប្រភេទឈើលំដាប់លេខ១ និងមានតម្លៃខ្ពស់។
លោកឈុត វុទ្ធី នាយកអង្គការការពារធនធានធម្មជាតិដែលមានបទពិសោធន៍ខាងឃ្លាំមើលបរិស្ថានជាច្រើនឆ្នាំ បានបញ្ជាក់អំពីវិធីសាស្រ្តក្នុងការនាំឈើចេញទៅកាន់ប្រទេសជិតខាងយ៉ាងដូច្នេះថា ការនាំឈើចេញត្រូវបានប្រើប្រាស់តាមមធ្យោបាយផ្លូវគោកនិងផ្លូវទឹក។
«ការបញ្ជូនចេញតាមផ្លូវទឹកហ្នឹងវារាងឆ្ងាយ ក៏ប៉ុន្តែបើតាមផ្លូវគោកវារាងជិត។ ដល់អញ្ចឹងប្រទេសជិតខាងយើងគឺប្រទេសចិន និងប្រទេសវៀតណាម ហើយប្រទេសចិនជាប្រទេសមួយដែលមានទីផ្សារហ្នឹងធំជាងគេគឺមិនមែនយកចេញតែពីប្រទេសកម្ពុជាទេគឺយកចេញពីថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី រហូតទៅដល់អាហ្វិក និងទៅដល់ប្រទេសផ្សេងៗទៀតនៅលើពិភពលោក»។
មធ្យោបាយក្នុងការនាំឈើចេញបានប្រើប្រាស់រថយន្តធំៗ រថយន្តដឹកកុងតឺន័រ និងដឹក តាមកប៉ាល់ជាដើម។ លោកវុទ្ធីបាននិយាយថា ការនាំចេញទៅកាន់ប្រទេសវៀតណាមបានធ្វើឡើងតាមច្រកដូង ក្នុងខេត្តកំពង់ចាម ក្នុងមួយថ្ងៃយ៉ាងតិច១២រថយន្ត។ តួលេខនេះប្រព្រឹត្តទៅតាមរដូវកាល។ ចំណែកឯការដឹកទៅកាន់ប្រទេសចិនវិញបានដឹកជញ្ជូនចេញតាមរថយន្តកុងតឺន័រ ដោយឆ្លងកាត់ខេត្តកំពង់ស្ពឺ រួចឆ្ពោះទៅកំពង់ផែស្ងួត ផែរាម កោះកុង និងក្រុងព្រះសីហនុ។
លោកបាននិយាយថា ឈើដឹកចេញតាមផ្លូវទឹកមានចំនួនច្រើនជាងផ្លូវគោគ តែលោកមិនបានដឹងចំនួនពិតប្រាកដទេ។
ទាក់ទងនឹងការបង់ពន្ធ លោកនិយាយថា ការដឹកចេញទៅប្រទេសវៀតណាមវិញ ឈើក្នុង១ម៉ែត្រគូបត្រូវបង់ពន្ធ១.០០០ដុលា្លរសហរដ្ឋអាមេរិក។
«វៀតណាមមានកម្លាំងពលកម្ម។ គេកែច្នៃដែលមានតម្លៃខ្ពស់។ គេលក់ចេញទៅតែម្តងគឺទៅតាមច្រកកំពង់ចាមយើងហ្នឹង គឺតាមច្រកដូង គឺចេញជាចំហរតែម្តង។ កាលណាទៅដល់ខាងណោះ គឺក្នុង១គូបបង់ពន្ធចូលរដ្ឋគេ១០០០ដុល្លារ។ គេយកលុយចូលរដ្ឋ។ ផុតពីហ្នឹង ឈើយកទៅគោលដៅណាក៏យកទៅគឺទៅតាមឈ្មួញដែលគេចង់បាន»។
លោកឈុត វុទ្ធីបន្ថែមថា តំបន់ភ្នំក្រវ៉ាញនៅភាគកណ្តាលនៃខេត្តពោធិ៍សាត់ ដែលជាកន្លែងវារីអគ្គិសនីដ៏ធំមួយ គឺជាប្រភពនៃការចេញឈើធំជាងគេ។ បន្ទាប់មក មានខេត្តផ្សេងៗទៀត ដូចជាខេត្តកំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌលគីរីនិងខេត្តកំពង់ធំ។
លោកបានបញ្ជាក់ថា ប្រទេសចិនបានយកឈើដែលនាំចេញពីកម្ពុជាទៅកែច្នៃធ្វើជាវត្ថុអនុស្សាវរីយ៍ និងគ្រឿងសង្ហារឹមផ្សេងៗ។
«ប្រទេសចិនមានជំនឿទៅតាមបែបបុរាណរបស់គាត់។ ចំណែកអ្នកមានៗ គេច្រើនទិញចម្លាក់ឈើធ្វើជាកាដូ(វត្ថុអំណោយ)នៅពេលបើសម្ពាធអ្វីមួយ។ គេធ្វើជារូបសេះឬក៏រូបស្អីផ្សេងៗ។និយាយឲ្យចំទៅ ឈើក្រញូងគឺជាប្រភេទឈើដែលមានពណ៌ល្អ ហើយគេច្រើនឆ្លាក់ធ្វើជាវត្ថុសម្រាប់គោរពបូជា»។
ពុំមានរបាយការណ៍ជាផ្លូវការថា ការនាំឈើចេញទៅកាន់ប្រទេសចិននិងវៀតណាមមានចំនួនប៉ុន្មាននោះទេក្នុងមួយខែៗ។
លោកវុទ្ធីបាននិយាយថា នៅកម្ពុជាឈើប្រណិតៗនឹងត្រូវកាប់បំផ្លាញហិនហោចអស់នៅចុងឆ្នាំ២០១១នេះ ប្រសិនបើមិនមានការទប់ស្កាត់ទេនោះ។
លោកថន សារ៉ាត់ អនុប្រធាននាយកដ្ឋានរដ្ឋបាល ផែនការ និងហិរញ្ញវត្ថុរបស់រដ្ឋបាលព្រៃឈើបានស្ទាក់ស្ទើរក្នុងការឆ្លើយទៅនឹងសំណួរថាតើព្រៃឈើសព្វថ្ងៃនៅសេសសល់ប៉ុន្មាន។ លោកបាននិយាយពង្វាងថា ព្រៃឈើអាចដុះវិញបាន ប្រសិនបើយើងចេះប្រើប្រាស់។
លោកបានបញ្ជាក់ទៀតថា ប្រសិនបើយើងបំផ្លាញបានន័យថា យើងដកហូតដោយពុំខ្វល់តាមរយៈការទន្ទ្រានកាប់រានទាំងធំ ទាំងតូច។
«យើងនៅមានសក្តានុពល ប្រសិនបើយើងអាចថែរក្សាបានដូចសម្តេចនាយកលោកថា បើថែរក្សាព្រៃបាន មិនខ្វះអុសដុតទេ។ គួរតែយើងហ្នឹងចេះរៀបចំការគ្រប់គ្រងវិស័យព្រៃឈើតាមរូបភាពតម្រូវការទីផ្សារ ក៏ប៉ុន្តែត្រូវគោរពតាមបច្ចេកទេសនៃបទដ្ឋានព្រៃឈើដែលបានចែងនិងដាក់ចុះសម្រាប់ឲ្យភ្នាក់ងាររដ្ឋាភិបាលអនុវត្ត»។
សកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់និងការលក់ផលិតផលព្រៃឈើដែលមានតម្លៃទៅកាន់ប្រទេសជិតខាងកម្ពុជាបានធ្វើឲ្យរដ្ឋាភិបាលបាត់បង់ចំណូលថវិការដ្ឋច្រើនលានដុល្លារក្នុងមួយឆ្នាំៗ។
កាលពីពេលកន្លងទៅនេះ ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឈន៍អន្ដរជាតិ (USAID) បានរិះគន់ថា កម្ពុជាបានបាត់បង់ប្រាក់ចំណូលប្រមាណពី៣០០ទៅ៥០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗដោយសារអំពើពុករលួយ។
ដោយឡែក លោកសម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងដែលកំពុងតែនិរទេសខ្លួននៅក្រៅប្រទេស ធ្លាប់បានលើកឡើងថា ការបាត់បង់ចំណូលពីព្រៃឈើតែមួយមុខក្នុងប្រទេសកម្ពុជាមានប្រមាណជាង១០០លានដុល្លារអាមេរិក។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនធ្លាប់បានប្រកាសរួចហើយថា ឈើស្របច្បាប់មានចំនួន៥ប្រភេទគឺឈើកាប់ចេញពីព្រៃសម្បទានសេដ្ឋកិច្ច ឈើកាប់ចេញពីព្រៃគុប ឈើកាប់ចេញពីអាងទឹកវារីអគ្គិសនី ឈើនាំចូលពីក្រៅប្រទេស និងឈើសម្រាប់កែច្នៃធ្វើទូកង។ ក៏ប៉ុន្ដែការកាប់បំផ្លាញព្រៃឈើមានតម្លៃបានបង្ហាញពីការខ្វះចន្លោះក្នុងការប្រតិបត្តិនូវគោលការណ៍ច្បាប់។
លោក ឈុត វុទ្ធី នាយកអង្គការការពារធនធានធម្មជាតិបាននិយាយថា ប្រទេសកម្ពុជាមានច្បាប់ ក៏ប៉ុន្តែក្រសួងសាមីមិនអនុវត្តច្បាប់ ហើយនេះជាចំណុចលំបាកពង្រឹង។ លោកឈុត វុទ្ធីបានបន្ថែមទៀតថា ឈើប្រណិតនៅសល់តិចគឺសល់ប្រហែលពី២%ទៅ៣%តែប៉ុណ្ណោះ៕