ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិភូខ្មែរ​ទៅប្រជុំ​រឿង​ព្រំដែន​នៅ​ប្រទេស​ឥណ្ឌូនេស៊ី


លោ​ករដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ហោ ណាំ​ហុង (ឆ្វេង) និង​សមភាគី​ថៃ​របស់​លោក គឺ​លោក កាស៊ីត​ ភិរម្យ (Kasit Piromya) ដោយ​មាន​វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (កណ្តាល) ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​​មួយ​របស់​រដ្ឋមន្ត្រី​ការ​ប
លោ​ករដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ ហោ ណាំ​ហុង (ឆ្វេង) និង​សមភាគី​ថៃ​របស់​លោក គឺ​លោក កាស៊ីត​ ភិរម្យ (Kasit Piromya) ដោយ​មាន​វត្តមាន​របស់​រដ្ឋមន្ត្រី​ការ​បរទេស​ឥណ្ឌូនេស៊ី Marty Natalegawa (កណ្តាល) ក្នុង​កិច្ច​ប្រជុំ​ក្រៅ​ផ្លូវការ​​មួយ​របស់​រដ្ឋមន្ត្រី​ការ​ប

តាម​ការកោះ​អញ្ជើញ​របស់​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ​គឺ​លោក ​ម៉ាទី ណាតាឡេ ហ្គាវ៉ា​ និង​ជា​ប្រធាន​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​អាស៊ាន លោក​ហោ ណាំហុង ​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ខាង​ភាគី​កម្ពុជា ​បាន​ដឹកនាំ​គណៈប្រតិភូ​មួយ​ក្រុម​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ នៅថ្ងៃពុធ​នេះ​ដើម្បី​ទៅចូលរួម​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​ប៊ូហ្ក័រ​ ប្រទេស​ឥណ្ឌូនេស៊ី ​ដែល​នឹង​ប្រព្រឹត្ត​ធ្វើឡើង​នៅថ្ងៃទី​៧ ​និង​ទី៨​ ខែមេសា​ខាងមុខ​នេះ។

ប្រទេស​ឥណ្ឌូនេស៊ី ​បាន​កោះប្រជុំ​ប្រទេស​ថៃ​និង​ប្រទេស​កម្ពុជា ​ដើម្បី​ទៅចូលរួម​ប្រជុំ​គណៈកម្មការ​ ចម្រុះ​ព្រំដែន​កម្ពុជា-ថៃ ​ដែល​ហៅកាត់ថា​JBC​និង​កិច្ចប្រជុំ​គណៈ​កម្មការ​ព្រំដែន​ទូទៅ​កម្ពុជា​-ថៃ​ ដែល​ហៅកាត់​ថា GBC ​និង​កិច្ចប្រជុំ​រវាង​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី ​ថៃ​ និង​កម្ពុជា​ផងដែរ ​ដើម្បី​ដោះស្រាយ​ បញ្ហា​ជម្លោះ​ព្រំដែន​កម្ពុជា-ថៃ​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ។

លោក​ហោ ណាំហុង ​បាន​ថ្លែងប្រាប់​អង្គសន្និសីទ​កាសែត​មុនពេល​ដែល​លោក​ចាកចេញ​ពី​ព្រលាន​យន្តហោះ​ភ្នំពេញ​អន្តរជាតិ​ ថា​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​រវាង​រដ្ឋមន្រ្តី​ការបរទេស​ឥណ្ឌូនេស៊ី ​កម្ពុជា ​និង​ថៃ​ នឹង​អាច​ឈាន​ទៅរក​កិច្ចព្រមព្រៀង​ មួយ​ក្នុង​ការដាក់​ឲ្យអ្នកអង្កេត​ការណ៍​មកតំបន់​មាន​ជម្លោះ។

«ការប្រជុំ ​ការពិគ្រោះ​យោបល់​រវាង​រដ្ឋមន្រ្តី​ការបរទេស​កម្ពុជា​ ថៃ ​និង​ឥណ្ឌូនេស៊ី ​មិន​ប្រាកដ​ទេ​ យើង​អាច​ឈាន​ទៅរក​ការស្រុះស្រួល​គ្នា ​ដើម្បី​ដាក់​អ្នកសង្កេតការណ៍​នៅ​ព្រំដែន​កម្ពុជា​និង​ថៃ​ទីមួយ។ ទីពីរ​ទៀត ​ប្រជុំ​គណៈកម្មការ​ព្រំដែន​ នឹង​អាចមាន​ការវិវត្តន៍​ទៅមុខ​ទៀត​ គណៈកម្មការ​ព្រំដែន​នេះ​អាច​នឹង​ឈាន​ទៅមុខ​ទៀត​ធ្វើការ​បោះបង្គោល​ព្រំដែន​នៅតាម​ព្រំដែន។ ជាពិសេស​នៅតំបន់​ព្រះវិហារ​នេះ ជា​អាទិភាព»។

លោក​ហោ ណាំហុង ​បាន​មានប្រសាសន៍​ទៀតថា ​ចំពោះ​កិច្ចប្រជុំ​JBC ​និង GBC ​ប្រទេស​កម្ពុជា​ នឹង​អាច​ឈាន​ទៅរក​ការបោះបង្គោល​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។

ការអះអាង​របស់​ភាគី​កម្ពុជា​ក្នុង​ការសម្តែង​សុទិដ្ឋិ​និយម​ចំពោះ​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ីនេះ​ ត្រូវបាន​ភាគី​ថៃ​បង្ហាញពី​ជំហរ​ស្រពេច​ស្រពិល​នៅឡើយ។

លោក​ ប៉ានីតាន់ វឌ្ឍនាយ៉ាកន (Panitan Watanayagorn) ​អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ថៃ​ បា​នថ្លែង​ប្រាប់​VOA​ ខ្មែរ​តាម​រយៈ​ទូរស័ព្ទ​ពី​ទីក្រុង​បាងកក​មកថា ​រដ្ឋាភិបាល​ថៃ​កំពុង​តែ​ពិចារណា​ថា​នឹង​ទៅ​ចូលរួម​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ឬ​ ក៏​យ៉ាងណា។

«ខ្ញុំ​គិតថា​រដ្ឋមន្រ្តី​ការពារជាតិ​របស់​យើង​ ចង់​ឲ្យ​មាន​កិច្ចប្រជុំ​នៅក្នុង​ក្របខណ្ឌ​នៃ​កិច្ចប្រជុំ​រវាង​ថៃ​និង​កម្ពុជា​ជាជាង​ ដូចអ្វី​ដែល​យើង​ធ្លាប់​ធ្វើ​ពី​អតីតកាល។ ក៏ប៉ុន្តែ​ប្រទេស​ទាំងពីរ​កំពុង​រក​លទ្ធភាព​ក្នុង​ការជួបប្រជុំ​JBC​នៅ​ទី​កន្លែង​ផ្សេង​ ហើយ​យើង​មិនទាន់​សម្រេច​ចិត្ត​ចំពោះ​ទី​កន្លែង​នៃ​កិច្ចប្រជុំ​នេះ​នៅ​ឡើយ»។

លោក​ទៀ បាញ់​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​ បាន​ថ្លែង​ប្រាប់​អង្គសន្និសីទ​កាសែត​ ជាមួយ​នឹង​លោកហោ ណាំហុង​ ថា ការប្រើពាក្យ​របស់​ថៃ ​ថា​ជួប​គ្នាញឹកញាប់​ នេះ​មិន​មែន​ជាការណ៍​ពិត​ទេ។

លោក​បាន​មាន​ប្រសាន៍​ទៀតថា​ លោក​មិនដែល​ទទួល​បាន​ជួប​ដោយ​ផ្ទាល់​ជាមួយ​ នឹង​លោក ប្រាវីត វង់ស៊ូវុង ​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិថៃ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​ព្រំដែន​ទេ។

«ទោះជា​ថៃ ​យ៉ាងណា​ក៏ដោយ ​គឺយើង​សម្គាល់​ឃើញថា ​ប្រធាន​ជាអ្នក​សម្រប​សម្រួល​ គឺ​បាន​កំណត់​មក​អញ្ចឹង។ យើង​អនុវត្ត​ទៅតាម​ហ្នឹង​ ផល​យ៉ាងណា​ អាហ្នឹង​គឺ ​វា​មិនមែន​តែ​លើ​យើងទេ»។

ប្រទេស​ថៃ ​ធ្លាប់បាន​អះអាងថា ​ខ្លួន​ជាអ្នក​រៀបចំ​កិច្ចប្រជុំ​នេះ​ឡើង​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ ក៏​ប៉ុន្តែ​ការអះអាង​នេះ​ត្រូវបាន​លោក​ហោ ណាំហុង ​និយាយ​ថា ​កម្ពុជា​មិន​អើពើ​ទៅ​ នឹង​ឥរិយាបទ​ របស់​ប្រទេស​ថៃ​ទេ​និង​បាន​ចាត់ទុក​ថា​ ការអះអាង​របស់​ប្រទេស​ថៃ​ គឺជា​សំដី​ក្រឡេច​ក្រឡុច។

កិច្ចប្រជុំ​រវាង​ប្រទេស​ថៃ​និង​កម្ពុជា​ ដោយ​មាន​ការសម្រប​សម្រួល​ពី​ប្រទេស​ឥណ្ឌូនេស៊ី​នេះ បាន​កើត​មានឡើង ​ក្រោយពេល​លទ្ធផល​កិច្ចប្រជុំ​រដ្ឋមន្រ្តី​ការបរទេស​អាស៊ាន​កាលពី​ថ្ងៃទី២២​ខែ​កុម្ភៈ បន្ទាប់ពី​ប្រទេស​ថៃ ​និង​កម្ពុជា​បាន​វាយប្រយុទ្ធ​គ្នា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ​កាល​ពី​ថ្ងៃទី៤​ រហូតដល់​ថ្ងៃទី ៧​ ខែ​កុម្ភៈ​កន្លង​ទៅនេះ ​ដែល​ធ្វើឲ្យ​ភាគី​ទាំង​សងខាង ​បាន​ស្លាប់ ​និង​រងរបួស៕

XS
SM
MD
LG