ការផ្អាកឬការពន្យារពេលសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែងទំនងជាមិនអាចកើតឡើងទេ ដោយសារមន្ត្រីរដ្ឋាភិបាលអះអាងថា របាយការណ៍វាយតម្លៃការប៉ះពាល់បរិស្ថានរបស់គម្រោងនោះត្រូវបានធ្វើចប់សព្វគ្រប់រួចទៅហើយ។
មន្ត្រីរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃអង្គារទី៣១ ខែឧសភានេះថា ការផ្អាក ឬការពន្យារពេលសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ក្នុងខេត្តស្ទឹងត្រែងនោះទំនងជាមិនអាចធ្វើបានទេ ដោយសាររបាយការណ៍វាយតម្លៃការប៉ះពាល់បរិស្ថានឬEIAពេញលេញទៅលើគម្រោងទំនប់នោះ ត្រូវបានបញ្ចប់រួចទៅហើយ។
លោកប្រាជ្ញ ស៊ុន រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានថ្លែងយ៉ាងដូច្នេះនៅឯសិក្ខាសាលាមួយស្តីពីគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២ ដែលបានធ្វើឡើងក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះ។
«អារឿងផ្អាកហ្នឹង អានេះជាសំណើរបស់សហគមន៍ទេ ប៉ុន្តែនិយាយពីEIA យើងខ្ញុំធ្វើហើយអស់ហើយ នៅចាំតែគណៈកម្មការគោលនយោបាយសំណងតែប៉ុណ្ណោះទេ»។
ការលើកឡើងនេះបានធ្វើឡើង បន្ទាប់ពីសហគមន៍ដែលរស់នៅតាមដងទន្លេសេសាននៅខ្សែទឹកខាងលើទំនប់ និងបណ្តាញអង្គការការពារទន្លេនេះក្នុងខេត្តរតនគីរី បានស្នើកាលពីពីរសប្តាហ៍មុនឲ្យរដ្ឋាភិបាលពិចារណាផ្អាកគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នោះសិន ដើម្បីធ្វើការសិក្សាបន្ថែមទៀតទៅលើផលប៉ះពាល់ដោយសារទំនប់នេះមកលើជីវភាពរស់នៅរបស់ប្រជាសហគមន៍ ជាពិសេសគឺបញ្ហាផ្តល់សំណងនិងការតាំងទីលំនៅថ្មីដែលសមស្របសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ពីទំនប់នោះ។
លោកផាត់ ស៊ូនិត មេឃុំកំភុន ស្រុកសេសាន បានមានប្រសាសន៍ប្រាប់វីអូអេខ្មែរ នៅឯសិក្ខាសាលានៅថ្ងៃនេះថា ប្រជាពលរដ្ឋក្នុងឃុំរបស់លោកដែលស្ថិតនៅខ្សែទឹកខាងក្រោមនៃទីតាំងសាងសង់ទំនប់នេះ ពុំទាន់ទទួលបានព័ត៌មានជាក់លាក់ណាមួយអំពីការផ្តល់សំណងចំពោះផលប៉ះពាល់ដែលអាចបណ្តាលមកពីគម្រោងសាងសង់ទំនប់សេសានក្រោម២នោះទេ។
«នៅក្រោមខ្សែទឹក ការសិក្សារបស់ក្រុមហ៊ុនអត់បានចុះមកសិក្សាឲ្យបានជាក់លាក់នៅឡើយទេ ទាក់ទងនឹងផលប៉ះពាល់ ព្រោះអីគេសិក្សាតែខ្សែទឹកខាងលើ។ អត់បានចុះសិក្សាសួរនាំប្រជាពលរដ្ឋ ប្រកបរបរ រកស៊ីអីយ៉ាងម៉ិចទេ។ ប្រជាពលរដ្ឋអត់មានទទួលព័ត៌មានហ្នឹងទេ»។
ទំនប់សេសានក្រោម២ស្ថិតនៅលើទន្លេសាសានក្នុងស្រុកសេសានចម្ងាយប្រមាណ២០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។
ទំនប់ដែលមានកម្ពស់៧៥ម៉ែត្រ ហើយអាចផលិតថាមពលអគ្គិសនីកម្លាំង៤០០មេហ្គាវ៉ាត់ក្រោមគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុនវៀតណាម EVN International Joint Stock Company និងក្រុមហ៊ុនRoyal Group របស់លោកឧកញ៉ាគិត ម៉េងនោះ ត្រូវគេគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១១នេះឬដើមឆ្នាំក្រោយ។
របាយការណ៍របស់បណ្តាញសម្ព័ន្ធទន្លេកម្ពុជាបានបង្ហាញថា យ៉ាងហោចណាស់ ប្រជាជនចំនួនជាង៣៨០០០នាក់ រួមទាំងជនជាតិដើមភាគតិចយ៉ាងច្រើននៅក្នុងភូមិយ៉ាងតិចចំនួន៨៦ នៅតាមដងទន្លេសេសាននិងទន្លេស្រែពក អាចនឹងបាត់បង់លទ្ធភាពទទួលបានធនធានជលផលដ៏ច្រើនពីទន្លេទាំងនេះ ដោយសារទំនប់នឹងរាំងស្កាត់ការផ្លាស់ទីរបស់ត្រីពីទន្លេមេគង្គនិងទន្លេសេកុង ចូលទៅទន្លេសេសាននិងទន្លេស្រែពក។
ទំនប់វារីអគ្គិសនីសេសានក្រោម២នោះក៏ប៉ះពាល់ដល់ការធ្វើចរាចរណ៍តាមផ្លូវទឹក និងបណ្តាលឲ្យជន់លិចដីស្រែចម្ការរបស់អ្នកភូមិប្រមាណ៣០០០០ហិកតា ហើយក៏បង្កឲ្យមានការផ្លាស់ប្តូរលំនៅដ្ឋានថ្មីរបស់ប្រជាជនជាង១៥០០គ្រួសារផងដែរ នេះបើយោងតាមរបាយការណ៍របស់បណ្តាញអង្គការការពារទន្លេសេសាននោះ។
លោកប្រាជ្ញ ស៊ុន រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅក្នុងសិក្ខាសាលាថា ការអភិវឌ្ឍទំនប់វារីអគ្គិសនីសេសានក្រោម២នេះ ពិតជាមិនអាចជៀសផុតពីការប៉ះពាល់ធនធានជលផលមួយចំនួននោះទេ ប៉ុន្តែលោកបន្ថែមថា កម្ពុជាត្រូវការថាមពលអគ្គិសនីដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួន។
តែទោះជាយ៉ាងនេះក្តី លោកតឹក វណ្ណារ៉ា មន្ត្រីគ្រប់គ្រងកម្មវិធីនៃសមាគមថែរក្សាបរិស្ថាននិងវប្បធម៌ដែលជាសមាជិកនៃសម្ព័ន្ធទន្លេកម្ពុជា មានប្រសាសន៍ថា យ៉ាងហោចណាស់រដ្ឋាភិបាលគួរតែបង្ហាញព័ត៌មានជាសាធារណៈដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ មុននឹងសម្រេចឲ្យមានការសាងសង់ទំនប់នោះ ដើម្បីឲ្យពួកគេអាចត្រៀមខ្លួនជាមុនចំពោះហានិភ័យដែលអាចកើតមានឡើងដោយសារទំនប់នោះ។
«សម្រាប់ប្រជាជនដែលត្រូវរុះរើទីលំនៅថ្មី គាត់ទន្ទឹងរង់ចាំព័ត៌មាន ព្រោះគម្រោងរុះរើទីលំនៅហ្នឹងវាសំខាន់ណាស់សម្រាប់ពួកគាត់ មានន័យថា បើសិនព័ត៌មានហ្នឹងច្បាស់លាស់ វាជួយសម្រួលដល់ការអភិវឌ្ឍដល់ជីវភាពរស់នៅរបស់ពួកគាត់។ គាត់ដឹងព័ត៌មានច្បាស់លាស់។ គាត់មានការសម្រេចចិត្តច្បាស់លាស់ក្នុងការសាងសង់ផ្ទះ ការកូន ធ្វើស្រែចម្ការអីអញ្ចឹង»។
តំណាងក្រុមហ៊ុនវិនិយោគក្នុងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នោះពុំមានធ្វើការបញ្ជាក់ខាងទាក់ទងនឹងការលើកឡើងរបស់អង្គការការពារទន្លេនិងសហគមន៍រស់នៅតាមដងទន្លេសេសាននេះទេ។
ប៉ុន្តែលោកដាញ់ សេរី អនុប្រធាននាយកដ្ឋានវាយតម្លៃការប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន បានថ្លែងថា ក្រុមហ៊ុនបានអនុវត្តទៅតាមនីតិវិធីគ្រប់គ្រាន់ហើយនៅក្នុងរបាយការណ៍វាយតម្លៃការប៉ះពាល់បរិស្ថាននោះ។
«នៅពេលដែលក្រុមហ៊ុនធ្វើរបាយការណ៍ យើងឃើញថា គាត់ទៅសាកសួរប្រជាពលរដ្ឋរងការប៉ះពាល់ សហគមន៍ អាជ្ញាធរភូមិឃុំ មានអង្គការពាក់ព័ន្ធនិងអាជ្ញាធរខេត្តជាដើម។ អញ្ចឹងគាត់បានសួរពីព័ត៌មានជាក់ស្តែង រហូតដល់គាត់ផ្សព្វផ្សាយនៅខេត្តស្ទឹងត្រែង អញ្ចឹងគាត់ធ្វើតាមនីតិវិធីមានការចូលរួមពីសាធារណជន»។
យ៉ាងណាក៏ដោយ បើតាមគម្រោង អគ្គិសនីដែលផលិតបានពីគម្រោងទំនប់សាសានក្រោម២នោះ នឹងត្រូវយកទៅផ្គត់ផ្គង់តំបន់និងខេត្តជិតខាង ដូចជាមណ្ឌលគីរីនិងខេត្តរតនគីរីជាដើម រួចបញ្ជូនបន្តទៅប្រទេសវៀតណាម៕