ក្រុមមេធាវីការពារអតីតមេដឹកនាំកំពូលខ្មែរក្រហមចំនួនពីរនាក់បានទាមទារឲ្យនាយកមជ្ឈមណ្ឌលឯកសារខ្មែរក្រហមដ៏ធំបំផុតក្នុងប្រទេសកម្ពុជាចេញមុខផ្ដល់សក្ខីកម្មផ្ទាល់មាត់ដោយសំអាងថា ឯកសាររបស់មជ្ឈមណ្ឌលនោះ ដែលបានផ្តល់ជូនសាលាក្ដីខ្មែរក្រហមមិនអាចទុកចិត្តបាន។
សហមេធាវីការពារនួន ជា លោក ចាបសឺ ផូវ (Japser Pauw) បានទទូចនៅក្នុងការកាត់ទោសនៅថ្ងៃច័ន្ទនេះ ថា លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាត្រូវតែចូលផ្ដល់សក្ខីកម្មនៅក្នុងការកាត់ទោសក្នុងសំណុំរឿង០០២ ហើយបើលោក ឆាំង យុ មិនចូលខ្លួនក្នុងបន្ទប់សវនាការសម្រាប់ឲ្យភាគីនានាចោទសួរដេញដោលអំពីការប្រមូលព័ត៌មាននិងឯកសារភស្ដុតាងនោះទេ ក្រុមមេធាវីការពារក្ដីមិនអាចទទួលយកឯកសារទាំងឡាយដែលត្រូវបានផ្ដល់ឲ្យសាលាក្ដីខ្មែរក្រហមនោះទេ។
លោក ចាបសឺ ផូវបញ្ជាក់ថា៖
«លោក ឆាំង យុ ខ្លួនឯងត្រូវតែបង្ហាញខ្លួនក្នុងតុលាការនេះ គឺជាអ្នកស្រាវជ្រាវដែលលំអៀងដែលបានធ្វើការក្នុងបំណងឲ្យមានការចោទប្រកាន់លើលោកនួន ជា។ ហើយវាមានន័យថា អាចមានការសន្មត់ពីភាពលំអៀងនៅពេលដែលគេពិនិត្យមើលការងាររបស់មជ្ឈមណ្ឌលឯកសារកម្ពុជា ហើយប្រសិនណាបើលោក ឆាំង យុ មិនត្រូវបានសាកសួរដោយអង្គជំនុំជម្រះសាលាដំបូងនោះទេ ដូច្នេះជំហរបស់យើងគឺភស្ដុតាងពីមជ្ឈមណ្ឌលឯកសារកម្ពុជាមិនអាចត្រូវបានចាត់ទុកថា ជាឯកសារដើម និងគួរឲ្យជឿជាក់ទុកចិត្តបាន និងមិនអាចទទួលយកបាន»។
មជ្ឈមណ្ឌលឯកសារកម្ពុជា គឺជាប្រភពផ្ដល់ឯកសារដ៏ធំបំផុតសម្រាប់ការកាត់ទោសពួកអតីតមេដឹកនាំខ្មែរក្រហម។ មានឯកសារប្រមាណជា៥០ម៉ឺនឯកសារត្រូវបានប្រគល់ជូនសាលាក្ដីខ្មែរក្រហមហើយសាលាក្ដីខ្មែរក្រហមនឹងធ្វើការកាត់ទោសដោយមានការសួរដេញដោលទៅលើឯកសារនានាពេញមួយសប្ដាហ៍នេះ។ រីឯភាគីនានាអាចនឹងធ្វើការជំទាស់ទៅលើឯកសារទាំងឡាយដែលមានការជាប់ពាក់ព័ន្ធទៅនឹងការកាត់ទោស។
លោក ម៉ាយឃើល ផេសម៉ិន សហមេធាវីបរទេសម្នាក់ទៀតរបស់នួន ជា ក៏បានទាមទារដូចគ្នាខាងលើនោះដែរ។
ដោយឡែកសហមេធាវីរបស់អៀង សារី អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសខ្មែរក្រហមលោក ម៉ាយឃើល ខាណាវ៉ាស បានគាំទ្រសំណើររបស់សហមេធាវីការពារក្ដីនៃអតីតប្រធានសភាខ្មែរក្រហមដោយចាត់ទុកថា លោកឆាំង យុ គឺជាមនុស្សតែម្នាក់គត់ដែលត្រូវចូលទៅបំភ្លឺលើឯកសារទាំងឡាយដែលត្រូវបានប្រគល់ជូនតុលាការ។
លោក ឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាបានឆ្លើយតបថាលោកកំពុងតែរង់ចាំមើលការសម្រេចរបស់ប្រធានអង្គជំនុំជម្រះសាលាដំបូងចំពោះការទាមទាររបស់ក្រុមមេធាវីការពារក្តីខាងលើ។
«ចៅក្រមសម្រេចយ៉ាងណា គឺយើងចាំស្តាប់ចៅក្រមធ្វើការសម្រចចិត្តទី១។ ទី២ទៀតយើងគឺជាមជ្ឈមណ្ឌលប្រមូលព័ត៌មាន យើងមិនមែនប្រមូលភស្តុតាងនោះទេហើយព័ត៌មានទាំងអស់នេះយើងបានផ្តល់ឲ្យទៅគ្រប់អង្គភាពរួមទាំងមេធាវីចុងជាប់ចោទទៀតផង»។
ជនជាប់ចោទនួន ជា ធ្លាប់បានប្រកែកនៅក្នុងការកាត់ទោសពេញមួយសប្ដាហ៍កន្លងទៅថា លោកមិនទទួលស្គាល់ឯកសារទាំងឡាយណាដែលត្រូវថតចម្លងយកមកបង្ហាញលោកនោះទេ។
ដោយឡែកនៅថ្ងៃនេះសហមេធាវីការពារក្ដីខៀវ សំផន អតីតប្រមុខរដ្ឋខ្មែរក្រហម លោក គង់ សំអុន បានលើកឡើងថាភស្ដុតាងទាំងឡាយណាដែលអាចទទួលយកបាននោះលុះណាតែភស្ដុតាងទាំងនោះត្រូវបានដាក់ឲ្យសួរដេញដោលនៅក្នុងបន្ទប់កាត់ទោស។
រីឯខៀវ សំផន នៅថ្ងៃនេះបានរំលឹកឡើងវិញថា លោកនឹងមិនឆ្លើយតបនឹងសំណួរណាមួយនៅក្នុងការកាត់ទោសល្គឹកណាពុំទាន់មានការបង្ហាញភស្ដុតាងគ្រប់សព្វនៅក្នុងពេលកាត់ទោសនោះ៕