ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារ​ក្តី​អំពាវនាវ​ឲ្យ​ដោះលែង​ឌុច​ឧក្រិដ្ឋជន​សង្គ្រាម​ខ្មែរ​ក្រហម


លោក កាំង ហ្កិច​អ៊ាវ ហៅ​ ឌុច នៅ​ក្នុង​សវនារ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ជាយ​ក្រុង​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​២៩​ខែ​មីនា​ឆ្នាំ​២០១១។
លោក កាំង ហ្កិច​អ៊ាវ ហៅ​ ឌុច នៅ​ក្នុង​សវនារ​សាលាក្តី​ខ្មែរ​ក្រហម​នៅ​ជាយ​ក្រុង​ភ្នំពេញកាល​ពី​ថ្ងៃ​ទី​២៩​ខែ​មីនា​ឆ្នាំ​២០១១។

ក្រុម​មេធាវី​ការពារក្តី​សមមិត្ត​ឌុច​ អតីត​មេដឹក​នាំ​គុក​ស​-២១​ដ៏​ព្រៃ​ផ្សៃ​របស់​ខ្មែរ​ក្រហម​បាន​សុំ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​ឲ្យ​បដិសេធ​ចោល​ការកាត់ទោស​ឲ្យ​ជន​នោះ​ជាប់​គុក។

សមមិត្ត​ឌុច ​អតីត​ប្រធាន​គុក​របស់​ខ្មែរ​ក្រហម​ បាន​បង្ហាញ​ខ្លួន​នៅ​តុលាការ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​ស្វះស្វែង​រក​ការ​សម្រេច​ឲ្យ​រួចខ្លួន​ពី​ការ​ដាក់ទោស។

កាលពី​ឆ្នាំ​ទៅ​ តុលាការ​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​បាន​កាត់ទោស​ឌុច​ឲ្យ​ជាប់​គុក​រយៈពេល​៣៥​ឆ្នាំ​បន្ទាប់ពី​ការកាត់​សេចក្តី​ថា​គាត់​ជា​អ្នកទទួល​ខុសត្រូវ​ចំពោះ​ការស្លាប់​អ្នកទោស​ជាង​១២.០០០​នាក់​នៅ​មន្ទីរ​ឃុំឃាំង​ស២១​ដែល​គាត់​បាន​ដឹកនាំ​ពីចន្លោះ​ឆ្នាំ​១៩៧៦​ដល់​ឆ្នាំ​១៩៧៩។ ការកាត់ទោស​បានត្រូវ​កាត់បន្ថយ​មកត្រឹម​១៩​ឆ្នាំ​ពីព្រោះ​ពេលវេលា​ដែល​គាត់​បាន​ជាប់ទោស​រួច​ហើយ​និង​កត្តា​ផ្សេង​ៗទៀត។

មន្ទីរ​ឃុំឃាំង​ស​-២១​បាន​ត្រូវ​ប្រើប្រាស់​ដោយ​ខ្មែរ​ក្រហម​ជា​ទីកន្លែង​ឃុំឃាំង​និង​ធ្វើ​ទារុណកម្ម​មនុស្ស​រាប់​ពាន់​នាក់​ដែល​ចាត់ទុក​ជា​សត្រូវ​របស់​បដិវត្តន៍​មុន​ពេល​យក​ពួកគេ​ទៅ​ប្រហារ​ជីវិត។

ក៏ប៉ុន្តែ​កាល​ពី​ថ្ងៃ​ច័ន្ទ​ មេធាវី​របស់​ឌុច​បាន​ប្រាប់​តុលាការ​ថា​កូនក្តី​របស់​ពួកគាត់​គួរតែ​មាន​សេរីភាព​ពីព្រោះ​គាត់​មិន​មែន​សមាជិក​ជាន់ខ្ពស់​របស់​ចលនា​ខ្មែរ​ក្រហម​ទេ​ ហើយ​គ្រាន់តែ​ធ្វើ​តាម​បញ្ជាតែប៉ុណ្ណោះ។

ការប្តឹង​ឧទ្ធរណ៍​របស់​មេធាវី​ការពារក្តី ​បាន​ផ្តោតលើ​ការជជែក​ឲ្យ​ហេតុផល​របស់​ខ្លួន​ថា​តុលាការ​ខ្វះ​យុត្តាធិការ​ដើម្បី​កាត់ទោស​ឌុច។

ក៏ប៉ុន្តែ​ សុន្ទរកថា​រយៈពេល​មួយ​ម៉ោង​ដែល​ធ្វើ​ឡើង​ដោយ​មេធាវី​ការ​ពារ​ក្តី​នាំមុខ​ម្នាក់​របស់​ឌុច​បាន​ថ្លែង​ឥតចុង​ឥតដើម​ហើយ​នឹង​ច្រំ​ដែលៗ​និង​មិនអាច​ជឿ​ទុក​ចិត្ត​បាន​នៅ​ទីបញ្ចប់។

លោកស្រី​ Anne ​Heindel ​ទីប្រឹក្សា​ច្បាប់​នៅ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ មាន​វត្តមាន​នៅ​សវនាការ​នោះ​កាលពី​ថ្ងៃ​ច័ន្ទ​ដែរ។

លោក​ស្រី​ Heindel​ មាន​ប្រសាសន៍​ថា​ លោកស្រី​នឹង​មិន​មាន​ការ​ភ្ញាក់​ផ្អើល​ទេ​ប្រសិន​បើ​ឌុច​ទៅ​ជា​បាន​ទទួល​ទោស​រយៈពេល​កាន់តែ​យូរ​ថែម​ទៀត ​មិន​មែន​តិច​ជាង​ដោយ​សារ​ការ​ប្តឹង​ឧទ្ធរណ៍​នោះ​ ពីព្រោះ​រដ្ឋអាជ្ញា​មាន​ភស្តុតាង​ច្រើន​ណាស់។

«ដោយ​ផ្អែក​ទៅ​លើ​អ្វី​ដែល​រដ្ឋ​អាជ្ញា​និយាយ​ដោយសារ​ពួកគេ​បាន​លាត​ត្រដាង​ការ​ជជែក​ដេញដោល​ដែល​មាន​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់​មួយ​ចំនួន។ ហើយ​ដោយផ្អែក​ទៅលើ​អ្វី​ដែល​យើង​បាន​ឃើញ​នៅ​ពេល​ព្រឹក​នេះ ​ខ្ញុំ​នឹង​មាន​ការ​ភ្ញាក់​ផ្អើល​ប្រសិន​បើ​មេធាវី​ការពារក្តី​បាន​ជជែក​ឲ្យ​ហេតុផល​តបត​ប្រឆាំង​រដ្ឋ​អាជ្ញា​វិញ​នោះ»។

តុលាការ​មាន​អាណត្តិ​ដើម្បី​កាត់ទោស​មេដឹកនាំ​ជាន់ខ្ពស់​ដែល​នៅ​រស់រាន​មាន​ជីវិត​ហើយ​នឹង​ជន​ណា​ដែល​បាន​ចាត់ទុក​ថា​មាន​ការ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋកម្មដែល​បាន​ធ្វើ​ឡើង​នៅ​ក្រោម​ការ​គ្រប់គ្រង​ប្រទេស​កម្ពុជា​របស់​ចលនា​ខ្មែរ​ក្រហម។

រដ្ឋអាជ្ញា​និយាយ​ថា​ការណ៍​នេះ​មានន័យ​ថា​មាន​ប្រភេទ​ជន​ចុងចោទ​ដ៏​សំខាន់​២​ គឺ​ពួក​មេដឹកនាំ​ជាន់ខ្ពស់​ហើយ​និង​អ្នក​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត។

ក៏ប៉ុន្តែ ​មេធាវី​ការពារក្តី​ម្នាក់​និយាយ​ថា​ មានតែ​ខ្មែរ​ក្រហម​មួយ​ប្រភេទ​ទេ​ គឺ​ពួក​មេដឹកនាំ​ជាន់ខ្ពស់​ដែល​ជា​អ្នក​ទទួលខុស​ត្រូវ​បំផុត​ដែរ។ ហើយ​ដោយសារ​តែ​ឌុច​ មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់​ដែល​ធ្វើ​គោលនយោបាយ​ តុលាការ​មិន​គួរ​កាត់​ទោស​គាត់​ទេ។

អ្នក​ជំនាញការ​ច្បាប់​មិន​បាន​ចាត់ទុក​ថា​ការ​ទាញ​យក​អំណះអំណាង​ដូច្នេះ​ជា​ការ​ជជែក​ដេញដោល​ខ្លាំង​មួយ​ទេ​ ក៏ប៉ុន្តែ​វា​ជា​សញ្ញា​នៃ​ភាព​ទន់ខ្សោយ​របស់​ឌុច។

ឌុច​បាន​ទទួល​សារភាព​ពី​តួនាទី​របស់​ខ្លួន​ក្នុង​ការ​ស្លាប់​មនុស្ស​រាប់​ពាន់​នាក់។

ពួក​ចៅក្រម​បាន​សុំ​ឲ្យ​រដ្ឋអាជ្ញា​បង្ហាញ​ភស្តុតាង​ឲ្យ​បាន​ត្រឹមត្រូវ​ពី​ការ​សន្និដ្ឋាន​ថា​មាន​មេដឹកនាំ​ខ្មែរ​ក្រហម​ពីរ​ប្រភេទ​នោះ។

លោក​ Andrew​ Cayley​ រដ្ឋអាជ្ញា​អន្តរជាតិ​បាន​ប្រាប់​តុលាការ​ថា​អង្គការ​សហ​ប្រជាជាតិ​និង​រដ្ឋាភិបាល​បាន​យល់​ព្រម​លើ​របៀប​កាត់ក្តី​របៀប​នេះ។

«មុនពេល​កិច្ច​ព្រមព្រៀង​ឆ្នាំ​១៩៩៩​ក្រុម​អ្នក​ជំនាញការ​អង្គការ​សហប្រជាជាតិ​បាន​និយាយ​យ៉ាង​ច្បាស់លាស់​ថា​មាន​បុគ្គល​២​ប្រភេទ​ដែល​គួរ​ត្រូវ​យក​មកកាត់​ទោស​ គឺ​ពួកមេដឹកនាំ​ជាន់ខ្ពស់​ដែល​មាន​ការ​ទទួលខុស​ត្រូវ​លើ​ការ​រំលោភ​ធ្វើ​បាប ​ក៏ដូចជា​អ្នក​ទទួលខុស​ត្រូវ​កម្រិត​ទាប​ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ក្នុង​អំពើ​ឃោរឃៅ​ដ៏​ធ្ងន់ធ្ងរ»។

លោក ​Cayley​ មាន​ប្រសាសន៍​បន្ត​ទៀត​ថា​ ច្បាប់​ដែល​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​កម្ពុជា​ ជានិច្ចកាល​បាន​បញ្ជាក់​ពី​ការ​បែងចែក​ជន​សង្ស័យ​ជា​ពីរ​ប្រភេទ។

បន្ថែម​ពីនេះ​ រដ្ឋអាជ្ញា​និយាយ​ថា​ មេធាវី​ការពារក្តី​របស់​ឌុច​មិន​បាន​ជំទាស់​ប្រឆាំង​យុត្តាធិការ​របស់​តុលាការ​ទេ​រហូត​ទាល់តែ​បិទ​ការ​កាត់ទោស​ ដែល​មាន​ការ​យឺត​ពេល​ទៅហើយ។

ការកាត់ក្តី​លើ​បណ្តឹង​ឧទ្ធរណ៍​របស់​ឌុច​ ត្រូវ​គេ​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃ​ពុធ​ហើយ​ជា​ឱកាស​ចុង​ក្រោយ​បង្អស់​របស់​គាត់​ឲ្យ​បាន​ទទួល​ការ​ដោះលែង។

តុលាការ​នឹង​សម្រេច​សាលក្រម​នៅ​ខែ​មិថុនា៕

ប្រែ​សម្រួល​ដោយ​ ជឹង​ ប៉ូជីន

XS
SM
MD
LG