រូបភាពជុំវិញពិភពលោកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ មកពីប្រទេសឥណ្ឌា បារាំង ចិន អាល់បានី តួកគី អាល្លឺម៉ង់ វិមានវ៉ាទីកង់ កូឡុំប៊ី ម៉ាឡេស៊ី រុស្ស៊ី និងហុងគ្រី។
រូបភាពជុំវិញពិភពលោក ០៨ ធ្នូ ២០១៥

១
សមាជិកនៃក្រុម ASC Tornados ដែលជាក្រុមសម្តែងម៉ូតូរបស់កងទ័ពឥណ្ឌា ដេកជាជួរនៅលើដី ខណៈដែលសមាជិកម្នាក់ទៀតសម្តែងឈុតពិសេសមួយក្នុងខួបទី២២៥របស់កងទ័ពនៅក្នុងក្រុង Bangalore ប្រទេសឥណ្ឌា។

២
គេឃើញមានស្រមោលរបស់អ្នកចូលរួម នៅពេលដែលពួកគេមើលកញ្ចក់ដែលបង្ហាញពីផែនទីពិភពលោកជាមួយនឹងភាពមិនប្រក្រតីនៃអាកាសធាតុក្នុងសន្និសីទបម្រែបម្រួលអាកាសធាតុពិភពលោកក្នុងឆ្នាំ២០១៥ (COP21) នៅសង្កាត់ Le Bourget ក្បែរក្រុងប៉ារីស ប្រទេសបារាំង។

៣
អ្នកទេសចរដើរលើស្ពានមួយ នៅពេលពួកគេទៅទស្សនាបឹង West Lake ចំពេលមានអ័ព្ទក្រាស់ និងផ្សែងយ៉ាងច្រើននៅក្នុងក្រុង Hangzhou ខេត្ត Zhejiang ប្រទេសចិន។

៤
អ្នកតវ៉ាបំផ្លាញត្រង់សេដែលត្រូវបានគេធ្វើឡើងជាលក្ខណៈសិល្បៈនៅក្បែរក្រសួងមហាផ្ទៃ ក្នុងក្រុងទីរ៉ាណា (Tirana) ប្រទេសអាល់បានី (Albania) ក្នុងពេលប្រមូលផ្តុំមួយដែលរៀបចំដោយគណបក្សប្រជាធិបតេយ្យ។ គណបក្សនេះជាគណបក្សប្រឆាំង ហើយទាមទារឲ្យមានការចុះចេញពីតំណែងរបស់រដ្ឋាភិបាលនៅថ្ងៃដែលគេប្រារព្ធខួបទី២៥នៃការតវ៉ារបស់និស្សិតមួយដែលនាំឲ្យមានការផ្តួលរលំរបបកុម្មុយនិស្តនៅអឺរ៉ុបក្នុងឆ្នាំ១៩៩០។

៥
សមាជិកនៃក្រុមតន្រ្តី Eagles of Death Metal គឺលោក Jesse Hughes (រូបស្តាំ) និងលោក Julian Dorio គោរពដល់ជនរងគ្រោះដែលបានស្លាប់នៅក្នុងការវាយប្រហារនៅថ្ងៃទី១៣ ខែវិច្ឆិកា នៅសាលតន្រ្តី Bataclan ក្នុងក្រុងប៉ារីស ប្រទេសបារាំង។ សមាជិកនៃក្រុមតន្រ្តីរ៉ុក (Rock) មកពីរដ្ឋកាលីហ្វរញ៉ាត្រឡប់ទៅសាលមហោស្រពដែលត្រូវបានបំផ្លាញខ្ទេចខ្ទីក្នុងក្រុងប៉ារីស ទីដែលពួកគេគេចផុតពីសេចក្តីស្លាប់ក្នុងការវាយប្រហាររបស់ក្រុមជ្រុលនិយម។

៦
ប៉ូលិសកុបកម្មប្រើប្រាស់ឡានទឹក នៅពេលក្រុមបាតុករគប់កាំជ្រួច ក្នុងពេលបាតុកម្មប្រឆាំងនឹងបម្រាមនៅក្នុងស្រុក Sur នៅក្នុងក្រុង Diyarbakir ដែលគ្រប់គ្រងដោយក្រុម Kurd ក្នុងប្រទេសតួកគី។

៧
ក្រុមអ្នកកាសែតស្ថិតនៅក្នុងទ្រុងដែកមួយ នៅពីលើក្រុង Frankfurt ដែលមានពោរពេញទៅដោយអ័ព្ទ ចំកណ្តាលប្រទេសអាល្លឺម៉ង់ ដើម្បីមើលការដ្ឋានសាងសង់របស់អគារ Henninger។

៨
សម្តេចប៉ាប Emeritus Benedict XVI (រូបស្តាំ) អោបសម្តេចប៉ាប Francis នៅអគារ St. Peter's Basilica ក្នុងពិធីមួយដែលប្រារព្ធសម្រាប់ការចាប់ផ្តើមនៃឆ្នាំបរិសុទ្ធ (Holy Year) នៅវិមានវ៉ាទីកង់។

៩
ក្មេងម្នាក់ដុតទៀននៅឧទ្យាន Simon Bolivar ក្នុងក្រុងបូហ្គោតា (Bogota) ប្រទេសកូឡុំប៊ី (Colombia) កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥។ ជនជាតិកូឡុំប៊ីដុតទៀននៅថ្ងៃទី៧ ខែធ្នូ ជារៀងរាល់ឆ្នាំដើម្បីប្រារព្ធការចាប់ផ្តើមនៃពិធីបុណ្យណូអែល។

១០
និស្សិតសាកលវិទ្យាល័យបង្កើតរូបភាពរបស់តារា Marilyn Monroe ដោយលុបព្រិលចេញពីទីលានប្រកួតបាល់ទាត់ នៅក្នុងក្រុង Changchun ខេត្ត Jilin ប្រទេសចិន។

១១
សិស្សានុសិស្សឈរតម្រង់ជួរគ្នានៅពីមុខកន្លែងដែលបំពាក់ទៅដោយភ្លើងពណ៌ ហើយតំណាងឲ្យប្រទេសរុស្ស៊ី ក្នុងពិធីតាំងបង្ហាញភ្លើងពណ៌ក្នុងក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។

១២
នេះជាប្រភេទឆ្មាជីម្យ៉ាងនៅអាមេរិកខាងជើង។ វាឈ្មោះ Ice និងមានអាយុ៣ឆ្នាំ។ វា និងកូនដែលមានអាយុ៣ខែរបស់វាមើលទៅក្រៅជម្រករបស់ពួកគេនៅសួន Royev Ruchey នៅជាយក្រុង Krasnoyarsk ប្រទេសរុស្ស៊ី។

១៣
អង់ទែនទូរទស្សន៍មួយត្រូវបានគេឃើញនៅក្នុងអ័ព្ទដ៏ក្រាស់នៅក្រុង Pecs ប្រទេសហុងគ្រី កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៥។