ថ្ងៃពុធទី១៨ខែឧសភានេះជាថ្ងៃចុងក្រោយសម្រាប់ជនរងគ្រោះក្នុងរបបខ្មែរក្រហម ដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីសម្រាប់សំណុំរឿង០០៣ដែលត្រូវបានគេរិះគន់ជាច្រើននោះ។ ក៏ប៉ុន្តែអ្នកឃ្លាំមើលតុលាការកាត់ទោសមេដឹកនាំខ្មែរក្រហម និងសកម្មជនការពារសិទ្ធិជនរងគ្រោះ មានការភ័យខ្លាចថា សំណុំរឿង០០៣ស្ថិតនៅក្នុងស្ថានភាពដែលនឹងត្រូវបញ្ចប់។
កាលពីជិត៣សប្តាហ៍មុននេះ ក្រុមចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហមក្នុងទីក្រុងភ្នំពេញ បានប្រកាសថា ពួកគេបានបញ្ចប់សំណុំរឿង០០៣ ប្រឆាំងនឹងអតីតមេដឹកនាំជាន់ខ្ពស់ក្នុងរបបខ្មែរក្រហម។
ប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសកម្ពុជាបានបង្ហាញអត្តសញ្ញាណជនជាប់សង្ស័យក្នុងសំណុំរឿង០០៣នេះថា ជាអតីតមន្រ្តីយោធាជាន់ខ្ពស់២រូបក្នុងរបបខ្មែរក្រហម។
សាលាក្តីនេះកំពុងស៊ើបអង្កេតអំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍ ដែលមនុស្សប្រមាណជា១លាន៧សែននាក់បានស្លាប់ដោយសារការស្រេកឃ្លាន ការធ្វើពលកម្មហួសកម្លាំង និងការសម្លាប់ នៅក្នុងរបបខ្មែរក្រហម ចន្លោះពីឆ្នាំ១៩៧៥ ដល់១៩៧៩។
សំណុំរឿង០០៣របស់សាលាក្តីនេះមានភាពចម្រូងចម្រាសយ៉ាងខ្លាំង មូលហេតុចម្បងគឺដោយសាររដ្ឋាភិបាលកម្ពុជាបាននិយាយជាយូរមកហើយថា ខ្លួននឹងអនុញ្ញាតឲ្យជំនុំជម្រះតែសំណុំរឿង ០០១ និង០០២ប៉ុណ្ណោះ។
ការណ៍នេះបាននាំឲ្យមានការរិះគន់យ៉ាងខ្លាំងទៅលើរដ្ឋាភិបាលកម្ពុជាថា បានចូលជ្រៀតជ្រែកក្នុងដំណើរការរបស់សាលាក្តីដែលត្រូវបានបង្កើតឡើងជាដំណើរការយុត្តិធម៌ឯករាជ្យមួយ។
ភាពចម្រូងចម្រាសនេះមិនបានចប់នៅត្រឹមនេះទេ។
សេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះរបស់សហព្រះរាជអាជ្ញាអន្តរជាតិ លោក អេនឌ្រូ ខេលី (Andrew Cayley) បានបង្ហាញថា កិច្ចការរបស់ចៅក្រមស៊ើបអង្កេតអំពីសំណុំរឿង០០៣ធ្វើមិនបានគ្រប់ជ្រុងជ្រោយទេ។
កាលពីសប្តាហ៍មុន លោកខេលីបានមានប្រសាសន៍ថា សំណុំរឿង០០៣ត្រូវការធ្វើការស៊ើបអង្កេតជាច្រើនទៀត។ លោកមានប្រសាសន៍ថា៖
«បើអ្នកសួរខ្ញុំថា តើត្រូវធ្វើការស៊ើបអង្កេតបន្ថែមច្រើនប៉ុន្មានទៀត ខ្ញុំសូមប្រើពាក្យថា នៅមានសេចក្តីត្រូវការធ្វើការស៊ើបអង្កេត “យ៉ាងច្រើនសន្ធឹកទៀត” នៅក្នុងករណីនោះ»។
ភាពចម្រូងចម្រាសក្នុងសំណុំរឿង០០៣ នៅមានជាបន្តទៀត។
សាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហមជាសាលាក្តីកូនកាត់ដំបូងបំផុតដែលបានអនុញ្ញាតឲ្យជនរងគ្រោះដែលជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងបទឧក្រិដ្ឋកម្ម ចូលរួមក្នុងការកាត់ទោស។
មានដើមបណ្តឹងរដ្ឋប្បវេណីចូលរួមជិត១០០នាក់ក្នុងសំណុំរឿង ០០១ ហើយប្រមាណជា៤.០០០នាក់បានដាក់ពាក្យក្នុងសំណុំរឿង ០០២ ដែលអតីតមេដឹកនាំជាន់ខ្ពស់៤រូបក្នុងរបបខ្មែរក្រហមនឹងត្រូវជំនុំជម្រះពីបទបទឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មផ្សេងៗទៀត។
ក៏ប៉ុន្តែចៅក្រមស៊ើបអង្កេតមិនបានបញ្ចេញព័ត៌មានណាមួយអំពីសំណុំរឿង០០៣ទេ ដូច្នេះមានន័យថា ប្រជាពលរដ្ឋមិនអាចដឹងបានឡើយថា តើឧក្រិដ្ឋកម្មដែលស្ថិតនៅក្រោមការស៊ើបអង្កេតនេះទាក់ទងនឹងពួកគេដែរឬយ៉ាងណាទេ។
កាលពីជាងមួយសប្តាហ៍មុន សហព្រះរាជអាជ្ញាអន្តរជាតិ លោក អេនឌ្រូ ខេលីបានចេញផ្សាយព័ត៌មាននោះ ដែលជាសកម្មភាពមួយធ្វើឲ្យចៅក្រមស៊ើបអង្កេតអន្តរជាតិ លោកស៊ីកហ្វ្រីដ ប្លុង (Siegfried Blunk) ចេញបញ្ជាឲ្យលោកខេលីដកសេចក្តីថ្លែងការណ៍របស់លោកវិញ។ សេចក្តីថ្លែងការណ៍នោះបានបង្ហាញអំពីអសមត្ថភាពរបស់ចៅក្រមស៊ើបអង្កេតនៅក្នុងការបំពេញការងារ។
នៅថ្ងៃពុធនេះ លោកបានផ្តល់ពេលវេលាឲ្យលោកខេលី៣ថ្ងៃ ដើម្បីដកសេចក្តីថ្លែងការណ៍របស់លោកវិញ ក៏ប៉ុន្តែមិនបានបញ្ជាក់ច្បាស់លាស់ទេថា នឹងមានអ្វីកើតឡើង បើសិនជាលោកខេលីមិនអាចធ្វើតាមកាលកំណត់នោះ។
អ្នកស្រីក្លែរ ដាហ្វី (Clair Duffy) ជាអ្នកតាមដានមើលសាលាក្តីនេះ។ អ្នកស្រីធ្វើការនៅអង្គការច្បាប់របស់អាមេរិកមួយដែលមានឈ្មោះជាភាសាអង់គ្លេសថា Open Society Justice Initiative (OSJI)។ អង្គការនេះត្រូវបានឧប្ថម្ភដោយមហាសេដ្ឋីអាមេរិកម្នាក់គឺលោក ចច សូរ៉ូស (George Soros)។
អ្នកស្រីក្លែរ ដាហ្វីថ្លែងថា លោកខេលីគ្រាន់តែធ្វើនូវអ្វីដែលលោកត្រូវធ្វើប៉ុណ្ណោះ។
“សហព្រះរាជអាជ្ញាអន្តរជាតិបានចាត់វិធានការដោយឯករាជ្យ ហើយបានអនុវត្តភារៈកិច្ចផ្លូវច្បាប់របស់លោក ក្នុងការចង្អុលបង្ហាញចន្លោះប្រហោងសំខាន់ៗនៅក្នុងការស៊ើបអង្កេតករណី០០៣ ហើយនឹងស្វះស្វែងឲ្យមានសកម្មភាពស៊ើបអង្កេតថែមទៀត»។
អ្នកស្រីដាហ្វីថ្លែងថា រឿងនេះអាចបំផ្លាញសាលាក្តីនេះបាន។
«ចំណាត់ការបែបនេះគឺជាសារមួយបង្ហាញថា ពួកអ្នកដែលចង់ចាត់វិធានការ ដែលឯករាជ្យពីឆន្ទៈនយោបាយ ហើយស្វែងរកយុត្តិធម៌ ប្រកបដោយភាពសុចរិតនោះ នឹងបើកចំហឲ្យឯងរងទណ្ឌកម្មផ្លូវច្បាប់»។
ថ្ងៃពុធនេះជាថ្ងៃកំណត់ចុងក្រោយសម្រាប់ការដាក់ពាក្យតាំងខ្លួនជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០៣។
ក៏ប៉ុន្តែភាពស្ងៀមស្ងាត់របស់ចៅក្រមស៊ើបអង្កេត មានន័យថា មានមនុស្សតែមួយចំនួនតូចប៉ុណ្ណោះ បានដឹងអំពីសំណុំរឿងនេះ។ មានដើមបណ្តឹងប្រមាណជា៣០០នាក់អាចដាក់ពាក្យទាន់ពេលកំណត់ គឺនៅម៉ោង៤រសៀលថ្ងៃពុធនេះ។
ការិយាល័យរបស់លោកប្លុងបានបដិសេធចោលដើមបណ្តឹងយ៉ាងតិច២នាក់ ដែលម្នាក់គឺលោក រ៉ប់ ហាមៀល (Rob Hamill) ជាអ្នកប្រកួតអុំទូកក្នុងកីឡាអូឡាពិកពីប្រទេសញូហ្សឺឡេន។
លោកខែរី ហាមៀល ដែលត្រូវជាបងប្រុសរបស់លោករ៉ប់ ហាមៀល ត្រូវបានខ្មែរក្រហមចាប់ខ្លួន ពីទូករបស់លោកក្នុងដែនសមុទ្រកម្ពុជានៅឆ្នាំ១៩៧៨ ហើយបញ្ជូនទៅគុកស-២១ នៅក្នុងទីក្រុងភ្នំពេញ។ លោកត្រូវបានគេធ្វើទារុណកម្មមុនត្រូវបានគេសម្លាប់។
លោករ៉ប់ ហាមៀលជាដើមបណ្តឹងរដ្ឋប្បវេណីក្នុងសំណុំរឿង០០១ ដែលអតីតមេគុកស-២១ ត្រូវបានកាត់ឲ្យមានទោសពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ លោកក៏ត្រូវបាន សាលាក្តីទទួលយក ជាដើមបណ្តឹងក្នុងសំណុំរឿង០០២ផងដែរ។
ក៏ប៉ុន្តែ ចៅក្រមស៊ើបអង្កេតបានបដិសេធរូបលោកជាដើមបណ្តឹង នៅក្នុងសំណុំរឿង០០៣។ លោករ៉ប់ ហាមៀលបានហៅការសម្រេចនោះថាជា «ការណ៍ដែលមិនអាចយល់បាន និងជាការផ្ទុយគ្នាស្រឡះ» ដោយសារមនុស្សម្នាក់ក្នុងចំណោមជនដែលត្រូវបានគេគិតថា មានការពាក់ព័ន្ធនៅក្នុងសំណុំរឿង០០៣នេះ គឺជាមេដឹកនាំកងនាវាក្នុងរបបខ្មែរក្រហម៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់