ភ្នំពេញ៖ ប្រទេសកម្ពុជាហាក់នៅពុំទាន់មានវប្បធម៌នៃការអានសៀវភៅនិងការសរសេរនៅឡើយ ដោយសារប្រជាជនកម្ពុជាភាគច្រើនគ្មានទម្លាប់នៃការអាន និងកង្វះការផ្តល់តម្លៃដល់ស្នាដៃរបស់អ្នកនិពន្ធ។
ក្រុមអ្នកជំនាញខាងការអាននិងការសរសេរបានលើកឡើងថា ប្រទេសកម្ពុជានៅប្រឈមមុខនឹងបញ្ហានៃការអាននិងការសរសេរនៅឡើយ ដោយសារតែកង្វះទម្លាប់នៃការអានក្នុងចំណោមប្រជាជនកម្ពុជាភាគច្រើន និងជាពិសេសកង្វះការឲ្យតម្លៃទៅលើស្នាដៃរបស់អ្នកនិពន្ធ។
អ្នកស្រីប៉ាល់ វណ្ណរីរក្ស អ្នកនិពន្ធរឿងប្រលោមលោកខ្មែរដ៏មានប្រជាប្រិយភាពមួយរូប បានមានប្រសាសន៍នៅក្នុងវេទិកាសាធារណៈមួយស្តីពីការអាននិងការសរសេរនៅកម្ពុជាដែលរៀបចំឡើងក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី២៦ ខែសីហាថា មូលហេតុចម្បងមួយដែលធ្វើឲ្យប្រជាជនខ្មែរមិនសូវចូលចិត្តអានសៀវភៅគឺដោយសារតែជីវភាពរស់នៅក្រីក្រ។
«យើងមិនអាចបដិសេធបានទេថា បច្ចុប្បន្ននេះ សង្គមកម្ពុជាគឺជាសង្គមមួយដែលមិនសូវនិយមការអាន។ វាមានមូលហេតុមួយចំនួនដែលទាក់ទងលើបញ្ហានេះ ឧទាហរណ៍ភាពមិនចេះអក្សរដែលនៅមានចំពោះប្រជាជនខ្មែរ ជីវភាពប្រជាជនខ្មែរដែលនៅក្រីក្រ។ ដូច្នេះភាពចាំបាច់របស់គាត់គឺការទិញបាយ មិនមែនជាការទិញសៀវភៅនោះឡើយ»។
ប្រជាជនកម្ពុជាប្រមាណ៨០% ក្នុងចំណោមប្រជាជនសរុបជាង១៤លាននាក់រស់នៅតាមទីជនបទនានាក្នុងប្រទេសកម្ពុជា ហើយចន្លោះពី៣០ទៅ៣៥% ក្នុងចំណោមពួកគេត្រូវគេរាយការណ៍ថាកំពុងរស់នៅដោយពឹងផ្អែកលើប្រាក់ចំណូលតិចជាង១ដុល្លាររអាមេរិកក្នុងមួយថ្ងៃ។
ដោយឡែក តួលេខនៃអត្រាចេះអានអក្សរក្នុងចំណោមប្រជាជនកម្ពុជានៅមានភាពប្រទាញប្រទង់គ្នានៅឡើយ ប៉ុន្តែបើផ្អែកតាមវិទ្យាស្ថានជាតិ ស្ថិតិមនុស្សពេញវ័យនៅកម្ពុជាជាង៧០%គឺជាអ្នកចេះអានអក្សរ។
តែទោះជាយ៉ាងនេះក្តី អ្នកស្រីប៉ាល់ វណ្ណរីរក្សមានប្រសាសន៍ថា យុវជនដែលចេះអានអក្សរភាគច្រើននៅតែពុំទាន់មានទម្លាប់នៃការអានសៀវភៅនៅឡើយ។
«បើពួកគាត់អាន គាត់អានតែអ្វីដែលទាក់ទងនឹងជំនាញរបស់គាត់ ហើយបើចំពោះបញ្ញវន្តដែលចូលចិត្តអាននោះ គាត់ចូលចិត្តអានតែសៀវភៅបរទេស ពីព្រោះគាត់គិតថា សំណេររបស់អ្នកនិពន្ធខ្មែរនៅមានកម្រិត»។
ក្រុមអ្នកជំនាញនិយាយថា ការអាននិងការសរសេរបង្កើនការយល់ដឹងរបស់មនុស្សអំពីពិភពលោក និងអាចជួយឲ្យមនុស្សមានការផ្លាស់ប្តូររបៀបគិតរបស់ពួកគេ ហើយអាចថែមទាំងផ្លាស់ប្តូរការប្រព្រឹត្តរបស់ពួកគេបានថែមទៀតផង។
លោកសាស្ត្រាចារ្យហេង ស្រ៊ាងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលកំពុងសរសេរអត្ថបទស្រាវជ្រាវថ្នាក់បណ្ឌិតផ្នែកវិទ្យាសាស្ត្រនយោបាយរបស់លោក មានប្រសាសន៍ថា កង្វះការលើកទឹកចិត្តក្នុងការអានក្នុងចំណោមប្រជាជនកម្ពុជា ជាពិសេសគឺសិស្សនិងនិស្សិតផ្ទាល់តែម្តង គឺជាកត្តាចម្បងនៃកង្វះវប្បធម៌នៃការអាននិងសរសេរក្នុងប្រទេសកម្ពុជានេះ។
«សូម្បីតែកូនសិស្សខ្ញុំបង្រៀនរាល់ថ្ងៃហ្នឹង ខ្ញុំមើលទៅតែ៤០% ឬ៥០% ដែលអានហ្នឹងគឺពិបាកយកជាការបានផង។ អាហ្នឹងខ្ញុំសង្កេតមើល ហើយខ្ញុំអត់ទាន់ជឿទេ ថាកូនសិស្សនៅស្រុកខ្មែរអានច្រើន ព្រោះស្រុកខ្មែរអត់សូវមានវប្បធម៌នៃការអាន គឺដោយសារវាអត់ទាន់មានការលើកទឹកចិត្តប៉ុន្មានទេ។ អាហ្នឹងជាហេតុផលមួយ ហើយយើងសរសេរសព្វថ្ងៃ យើងមើលទៅបានតែសៀវភៅរឿងឬ សៀវភៅទាក់ទងនឹងជីវិតតិចតួចទេ តែអានសៀវភៅសិក្សាជ្រាលជ្រៅក្នុងការបង្កើនគុណភាពបញ្ញានោះ គឺខ្ញុំសង្កេតឃើញថា អត់ទាន់មានទេនៅស្រុកខ្មែរ»។
បញ្ញវន្ត អ្នកនិពន្ធ និងកវីខ្មែរល្បីៗជាច្រើនត្រូវបានសម្លាប់និងស្លាប់នៅក្នុងសង្គ្រាមដ៏ហែកហួរក្នុងប្រទេសកម្ពុជាដែលអូសបន្លាយពេលអស់ជិត៣០ឆ្នាំចាប់តាំងពីទសវត្សឆ្នាំ១៩៧០មក ហើយកវីនិពន្ធមួយចំនួនដែលនៅរស់រានមានជីវិតបានទៅរស់នៅក្រៅប្រទេស។
បច្ចុប្បន្នស្នាដៃរបស់កវី និពន្ធភាគច្រើន ដែលគេឃើញមានលក់នៅលើទីផ្សារ ច្រើនតែជាស្នាដៃរឿងប្រលោមលោកបែបមនោសញ្ចេតនា និងរឿងឬអត្ថបទខ្លីៗទាក់ទងនឹងស្នេហាស្រីប្រុស ដែលបកប្រែពីភាសាបរទេសជាដើម។
ក្រុមអ្នកជំនាញលើកឡើងថា កម្ពុជាត្រូវលើកទឹកចិត្តដល់អ្នកនិពន្ធក្នុងការបង្កើតស្នាដៃថ្មីៗបន្ថែមទៀតដើម្បីជំរុញឲ្យមានការអាននិងការសរសេរកាន់តែច្រើនឡើងក្នុងចំណោមប្រជាជនកម្ពុជា។
អ្នកនាង Allyson Hose អ្នកនិពន្ធជនជាតិអូស្ត្រាលី មានប្រសាសន៍ថា «ការអភិវឌ្ឍការអាននិងការសរសេរនៅកម្ពុជាក៏អាស្រ័យលើការអភិវឌ្ឍសង្គមឲ្យបានកាន់តែទូលំទូលាយជាងនេះ ការផ្តល់និធិ និងការផ្តល់អាទិភាពដល់ការអប់រំ ការលើកតម្កើងសេរីភាពក្នុងការបញ្ចេញមតិ និងការលើកកម្ពស់ស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជាទាំងមូល»។
លោកសាស្ត្រាចារ្យហេង ស្រ៊ាងនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏មានប្រសាសន៍បន្ថែមផងដែរថា ដើម្បីបង្កើតឲ្យមានវប្បធម៌នៃការអាននិងសរសេរនៅក្នុងប្រទេសកម្ពុជា កម្ពុជាក៏ត្រូវបង្កើតយន្តការដែលធានាឲ្យមានការប្រកួតប្រជែងសមត្ថភាពពិតប្រាកដក្នុងការជ្រើសរើសមុខតំណែងការងារនៅក្នុងទាំងស្ថាប័នរដ្ឋ ទាំងស្ថាប័នឯកជន ដើម្បីលើកទឹកចិត្តដល់ប្រជាជនខ្មែរ ជាពិសេសយុវជនឲ្យនាំគ្នាចាប់ផ្តើមអានបន្ថែមទៀតដើម្បីបង្កើនចំណេះវិជ្ជារបស់ខ្លួនសម្រាប់ការប្រកួតប្រជែងនោះ។
«ការយកចំណេះវិជ្ជាទៅប្រកួតប្រជែងក្នុងទីផ្សារការងារ អាហ្នឹងជាកត្តាធំតែម្តង ព្រោះមនុស្សភាគច្រើនរៀនដើម្បីរស់ សព្វថ្ងៃហ្នឹង រៀនដើម្បីរកទីផ្សារការងារ។ ដល់ទីផ្សារការងារមិនសូវមានការប្រកួតប្រជែងអញ្ចឹង ការរៀនសូត្រក៏មិនសូវមានការប្រកួតប្រជែងដែរ។ អ្នកខ្លះមករៀនយកតែសញ្ញាប័ត្រ ហើយគាត់អត់មានការចេះដឹងផង»។
ដោយឡែក លោកឃឹម ច័ន្ទសុអហំ នាយកសមាគមអក្សរសិល្ប៍នូ ហាច មានប្រសាសន៍ថា ទម្លាប់នៃការអាននិងសរសេរគឺត្រូវចាប់ផ្តើមឡើងតាំងពីកុមារភាពទៅ។ ដូច្នេះលោកនិយាយថា កម្ពុជាត្រូវគិតគូរអំពីការអភិវឌ្ឍការអានរបស់កុមារដើម្បីឈានទៅបង្កើតឲ្យបាននូវវប្បធម៌នៃការអាននិងសរសេរក្នុងប្រទេសកម្ពុជានេះ។
«ដំបូងបំផុតគឺត្រូវបង្កើតគ្រប់គ្រឹះស្ថានសិក្សាជាពិសេសថ្នាក់បឋមហ្នឹង ត្រូវបណ្តុះយ៉ាងណាឲ្យមានការអានឲ្យច្រើនតាមរយៈបណ្តាល័យ ឬសៀវភៅសម្រាប់កុមារ ព្រោះនៅស្រុកខ្មែរយើង យើងឃើញមានតិចណាស់សៀវភៅសម្រាប់កុមារ ហើយភាគច្រើនជាស្នាដៃបកប្រែ ទើបតែរយៈកាលចុងក្រោយនេះទេ ដែលមានអ្នកនិពន្ធសម្រាប់កុមារ។ អញ្ចឹងការបណ្តុះចេញពីកុមារ ព្រោះកុមារជាមូលដ្ឋានគ្រឹះ ដូចជាទំពាំងអញ្ចឹង។ ពេលដល់វ័យធំ បានយើងចាប់បង្ខំឲ្យអាន។ ពេលហ្នឹងវាលំបាក»។
អ្នកស្រីខ្លូត វីបុឡា ប្រធានបណ្ណាល័យជាតិកម្ពុជា មានប្រសាសន៍ថា បច្ចុប្បន្នកម្ពុជាកំពុងពង្រីកសេវាកម្មបណ្ណាល័យឲ្យបានច្រើនថែមទៀតដើម្បីទាក់ទាញប្រជាជនកម្ពុជាឲ្យនាំគ្នាអានកាន់តែច្រើនឡើង។
«កម្ពុជាយើងពីមុន យើងមានសៀវភៅតិចបំផុត។ ប៉ុន្តែឥឡូវយើងមានច្រើន អញ្ចឹងអាចផ្តល់នូវសេចក្តីត្រូវការដល់អ្នកអានទាំងអស់គ្នា ហើយមិនត្រឹមតែប៉ុណ្ណេះទេ ឥឡូវនេះគ្រប់បណ្ណាល័យជាតិ បណ្ណាល័យព្រឹទ្ធសភា បណ្ណាល័យរដ្ឋសភា បានពង្រីក បើកផ្នែកបណ្ណាល័យសាធារណៈ បើកជូនដល់យើងទាំងអស់គ្នា ឲ្យបានអានកាន់តែច្រើន»។
អ្នកស្រីខ្លូត វិបុឡាមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នបណ្ណាល័យជាតិមានសៀវភៅចំនួនប្រមាណ១២ម៉ឺនក្បាល ជាភាសាខ្មែរ បារាំង និងអង់គ្លេស ហើយក៏មានសៀវភៅអានសម្រាប់កុមារផងដែរ។
ជាមួយគ្នានេះដែរ លោកថៃ នរៈសត្យា រដ្ឋលេខាធិការនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានប្រសាសន៍ថា កម្ពុជាក៏បានលើកទឹកចិត្តដល់កវី និងអ្នកនិពន្ធ ដោយការរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃជារៀងរាល់ឆ្នាំផងដែរ ដើម្បីជំរុញឲ្យមានការអាននិងការតែងនិពន្ធស្នាដៃថ្មីៗប្រកបដោយគុណភាពនិងភាពច្នៃប្រឌិតបន្ថែមទៀត។
«យើងមានការតាក់តែងកំណាព្យ ការតាក់តែងសៀវភៅរឿង។ យើងមានបើកមហោស្រពសិល្បៈ ចំរៀង និងការតែងនិពន្ធមានជាហូរហែរ។ នេះគឺជាការប្រមូលបន្តិចម្តងៗដើម្បីអូសទាញគេឲ្យយកចិត្តទុកដាក់នឹងបញ្ហាដែលទាក់ទងនឹងការអាន និងការសរសេរ»។
តែទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញនិយាយថា ដើម្បីបង្កើតឲ្យមានវប្បធម៌នៃការអាននិងការសរសេរនៅក្នុងប្រទេសកម្ពុជា គេត្រូវបង្កើតឲ្យមានទម្លាប់នៃការអាននៅក្នុងសាលារៀន បណ្ណាល័យ កន្លែងធ្វើការ ទីកន្លែងកម្សាន្តនិងជាពិសេសគឺនៅក្នុងរង្វង់គ្រួសារតែម្តង ដោយត្រូវផ្តើមចេញពីឪពុកម្តាយ ឬអាណាព្យាបាលដែលត្រូវបង្ហាញដល់កុមារ ឬកូនៗរបស់ខ្លួននូវគំរូនៃការចូលចិត្តអាននិងសរសេរនេះ៕