ភ្នំពេញ៖ បន្ទាប់ពីបើកសន្និបាតគណៈកម្មាធិការកណ្ដាលអស់រយៈពេលពីរថ្ងៃរួចមក នៅថ្ងៃនេះ គណបក្សប្រជាជនកម្ពុជា បានជំរុញការការពារសន្ដិសុខ និងអភិវឌ្ឈន៍សេដ្ឋកិច្ច ដោយធានាអះអាងជាបន្ថែមទៀតដល់ការផ្ដល់ឱកាសបេក្ខភាពនាយករដ្ឋមន្រ្ដីរបស់លោកហ៊ុន សែន។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានលើកទិសដៅផ្តោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខ និងពង្រីកសមាជិករបស់ខ្លួនឲ្យកាន់តែទូលំទូលាយថែមទៀត នៅក្នុងស្រទាប់យុវវ័យជំនាន់ក្រោយ។
នេះគឺជាសេចក្តីសម្រេចរបស់គណបក្សកាន់អំណាចដ៏រឹងមាំមួយនេះ ក្រោយពីសន្និបាតគណៈកម្មាធិការកណ្តាលរបស់ខ្លួនអស់រយៈពេលពីរថ្ងៃ ដែលបានបញ្ចប់នៅថ្ងៃនេះ។
លោកខៀវ កាញារិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានថ្លែងប្រាប់អ្នកកាសែត នៅប៉ុន្មានម៉ោងមុននេះថា ការលើកទិសដៅនេះគឺជាប្រយោជន៍សម្រាប់ការដណ្តើមយកជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០១៣ខាងមុខនេះ។
«យើងផ្តោតគឺថា ការពង្រីកសមាជិកបក្ស ដោយផ្តោតទៅលើយុវជន និងយេនឌឺ។ គ្រប់ភូមិ ឃុំត្រូវតែមានសុវត្ថិភាព។ នេះគឺជាការសំខាន់ណាស់ ដើម្បីបង្កអារម្មណ៍សន្តិសុខសម្រាប់ប្រជាជនផង ក៏ដូចធានាដល់មូលដ្ឋាននៃការបង្កើនបរិដ្ឋានបានល្អសម្រាប់ធុរកិច្ច និងការវិនិយោគ។ ជាគោលដៅឈ្នះផង ប៉ុន្តែសំខាន់ធ្វើយ៉ាងណាក្តី ព្រោះជាគណបក្សមួយដែលកាន់អំណាច គឺការធានាឲ្យប្រជាជនមានសុវត្ថិភាព»។
មានសមាជិកចំនួន៨៩៦នាក់ មកពីខេត្តក្រុងនានា រួមទាំងកងកម្លាំងប្រដាប់អាវុធផង បានចូលរួមនៅក្នុងសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជានេះ។
នៅក្នុងសេចក្តីជូនដំណឹងក្រោយពីសន្និបាត គណបក្សប្រជាជនកម្ពុជាបានធ្វើការធានាសារជាថ្មីម្តងទៀតថា លោកនាយករដ្ឋមន្រ្តីខ្មែរ ហ៊ុន សែន ដែលជាអនុប្រធានគណបក្ស នៅតែជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត ដែលនឹងមកដល់នៅក្នុងរយៈពេលបីឆ្នាំខាងមុខនេះ។
បេក្ខភាពនាយករដ្ឋមន្រ្តីរបស់លោកហ៊ុន សែន ដែលតែងតែក្លាយទៅជាប្រធានបទយ៉ាងក្តៅគគុក របស់គណបក្សប្រជាជនកម្ពុជា នៅរាល់ពេលមុនការបោះឆ្នោតមកដល់។
ជាមួយគ្នានេះដែរ គណបក្សកាន់អំណាចបានបង្ហាញជំហរគាំទ្រដល់ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាម និងប្រទេសឡាវ ដោយបញ្ជាក់ជំហរថ្កោលទោសចំពោះចេតនាណាមួយ ដែលរារាំងការបោះបង្គោលព្រំដែននេះ។
គណបក្សជំទាស់បានធ្វើការតវ៉ាជាខ្លាំងចំពោះអ្វីដែលថា ការបោះបង្គោលព្រំដែនជាមួយប្រទេសវៀតណាមបាននំាឲ្យប្រទេសកម្ពុជាបាត់បង់ទឹកដី ហើយដែលមេដឹកនាំគណបក្សជំទាស់លោកសម រង្ស៊ី ត្រូវតុលាការរបស់ប្រទេសកម្ពុជាផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ ដោយសារតែការប្រឆាំងទៅនឹងបញ្ហានេះ។
លោកយឹម សុវណ្ណ តំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី មានប្រសាសន៍ថា ថ្វីបើគណបក្សប្រជាជនកម្ពុជាបានលើកយុទ្ធសាស្រ្តរបស់ខ្លួនខាងលើ ក៏ប៉ុន្តែយុទ្ធសាស្រ្តនេះនឹងមិនមែនជាការព្រួយបារម្ភសម្រាប់គណបក្សជំទាស់នៅក្នុងការប្រជែងដណ្តើមសន្លឹកឆ្នោតនោះទេ។ ផ្ទុយទៅវិញលោកយឹម សុវណ្ណ បានស្តីបន្តោសគណបក្សកាន់អំណាចថា ជាគណបក្សដែលរណបបរទេសទៅវិញ។
«រដ្ឋាភិបាលទីក្រុងភ្នំពេញសព្វថ្ងៃនេះជារដ្ឋាភិបាលដែលរណបបរទេស ដូច្នេះវាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ប្រជាជនខ្មែរពិចារណានៅក្នុងការបោះឆ្នោតនាពេលខាងមុខនេះ»។
សូមបញ្ជាក់ថា នៅក្នុងការបោះឆ្នោតកាលពីខែកក្កដាឆ្នាំ២០០៨ គណបក្សប្រជាជនកម្ពុជាបានទទួលជ័យជំនះយ៉ាងធំធេង គឺដណ្តើមបានអាសនៈចំនួន៩០ នៅក្នុងរដ្ឋសភា ដែលមាន១២៣អាសនៈ។
លោកគល់ បញ្ញា នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោតមួយដែលហៅកាត់ថា អង្គការ Comfrel បានកោតសរសើរចំពោះការលើកទិសដៅសម្រាប់ជ័យជំនះ នៅក្នុងការបោះឆ្នោតខាងមុខរបស់គណបក្សប្រជាជនកម្ពុជា។ ក៏ប៉ុន្តែលោកបានដាស់តឿនថា គណបក្សប្រជាជនកម្ពុជា ដែលកំពុងតែកាច់ចង្កូតរដ្ឋាភិបាល គួរតែផ្តោតការយកចិត្តទុកដាក់បង្កើនកម្រិតជីវភាពប្រជាជនឲ្យបានធូរធារជាបន្ថែមទៀត រួមទាំងបើកទូលាយដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងធ្វើឲ្យប្រសើរថែមទៀតនូវប្រព័ន្ធយុត្តិធម៌នៅក្នុងប្រទេស ដែលកត្តាទាំងនេះនឹងជួយលើកទឹកចិត្តប្រជាពលរដ្ឋម្ចាស់ឆ្នោត រួមទាំងធ្វើឲ្យពួកគេសប្បាយចិត្តថែមទៀត៕