មេដឹកនាំជាន់ខ្ពស់បំផុតទាំងបីរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងក្ដោបក្ដាប់អំណាចយ៉ាងរឹងមាំបានធ្វើដំណើរដោយស្ងាត់ៗទៅកាន់សាធារណរដ្ឋប្រជាមានិតឡាវកាលពីព្រឹកថ្ងៃពុធនេះ ដោយមានការដាក់បម្រាមមិនឲ្យមានការជូនដំណើរហែរហមទៅកាន់ព្រលានយន្ដហោះអន្តរជាតិក្រុងភ្នំពេញទៀតផង។ នេះបើផ្អែកទៅតាមប្រភពពីមន្ដ្រីក្នុងជួររដ្ឋាភិបាល។
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន កិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរដ្ឋសភា និងលោក ហ៊ុន សែន នាយករដ្ឋមន្ដ្រី និង ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ត្រូវគេរាយការណ៍ថា បានចាកចេញព្រមគ្នាតាមច្រកព្រលាន យន្ដហោះអន្ដរជាតិក្រុងភ្នំពេញ កាលពីម៉ោងប្រមាណជា ៨ព្រឹក ថ្ងៃនេះ ប៉ុន្ដែពុំមានការហែរហមឬការ ជូនដំណើរពីមន្ដ្រីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលនោះឡើយ។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាននិងជាអ្នកនាំពាក្យរដ្ឋាភិបាលបានឆ្លើយតបដោយមិនពេញលេញទៅនឹងសំណួរជាច្រើនរបស់អ្នកកាសែតនៅក្នុងស្រុកម្នាក់តាមប្រព័ន្ធបណ្ដាញសង្គមដ៏មានប្រជាប្រិយភាព Facebook ដោយលោកមិនអះអាងចំៗពីការចាកចេញនៃឥស្សរជននយោបាយកំពូលរបស់គណបក្សកាន់អំណាចទាំងបីរូបនោះទេ ក៏ប៉ុន្ដែលោកបញ្ជាក់ថា ឥស្សរជនទាំងបីនឹងនិវត្តមក កាន់ប្រទេសកម្ពុជាវិញនៅព្រឹកថ្ងៃព្រហស្បតិ៍ស្អែកនេះនៅវេលាម៉ោងប្រមាណជាប្រាំបួនព្រឹក។
គ្មានប្រភពផ្លូវការណាមួយបញ្ជាក់អំពីគោលបំណងនៃការចេញដំណើរដោយស្ងាត់ស្ងៀមបំផុតនេះរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជានោះទេ។ ក៏ប៉ុន្ដែប្រភពក្រៅផ្លូវការមួយចំនួនអះអាងថា មន្ដ្រី កំពូលទាំងបីរូបរបស់គណបក្សកាន់អំណាចទំនងជាទៅចូលរួមកិច្ចប្រជុំនៃគណបក្សកុំម្មុយនីស្ដឥណ្ឌូ ចិនហើយក្រៅពីកិច្ចប្រជុំនោះអាចនឹងមានការចុះហត្ថលេខាអំពីកិច្ចសហប្រតិបត្តិការផ្នែកវប្បធម៌រវាងប្រទេសកម្ពុជានិងឡាវផងដែរ។
យ៉ាងហោចណាស់ លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងការបរទេសបានអម ដំណើរមេដឹកនាំនយោបាយទាំងបីរូបនោះដែរ។ នេះបើយោងតាមការបញ្ជាក់របស់លោក កួយ គួង អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេសខ្មែរ។
«បាទគាត់ទៅជាមួយសម្ដេចទាំងបី»។
លោក យឹម សុវណ្ណ តំណាងរាស្ដ្រមណ្ឌលក្រុងភ្នំពេញ និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី ចាត់ទុក ថា ការចាកចេញរបស់មេដឹកនាំកំពូលគណបក្សប្រជាជនទាំងបីរូបដោយស្ងាត់ៗនោះ បង្កឲ្យមានការងឿងឆ្ងល់ពីហេតុផលនៃការចេញដំណើរនេះ។
«ប្រជាពលរដ្ឋមិនបានដឹងថា តើមេដឹកនាំរបស់ខ្លួន ទៅឯកជនឬ មួយក៏ទៅផ្លូវការ។ ធម្មតាប្រទេសយើងជាប្រទេសដែលកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ចំណែកប្រទេសឡាវជាប្រទេសប្រកាន់លទ្ធិកុំម្មុយនីស្ដ ប្រទេសវៀតណាម ជាប្រទេសកុំម្មុយនីស្ដ ហើយបើសិនជាមានការជួបគ្នាដោយមិនមែនជាសាធារណៈនេះ វាជាការ មួយគួរឲ្យព្រួយបារម្ភដែរ»។
ប្រទេសកម្ពុជា និងប្រទេសឡាវត្រូវគេមើលឃើញថា មានទំនាក់ទំនងល្អជាមួយគ្នាផ្នែកការទូត ក៏ប៉ុន្តែ ការវិនិយោគនៃប្រទេសទាំងពីរទៅកាន់គ្នារៀងៗខ្លួននៅមានលក្ខណៈទន់ខ្សោយជាខ្លាំង៕