លោកជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់នៅថ្ងៃពុធនេះថាគណបក្សលោកគាំទ្រចំពោះដំណើរការកាត់ទោសរបស់សាលាក្តីខ្មែរក្រហមលើសំណុំរឿង០០២ ក៏ប៉ុន្តែបានព្រមានថានឹងមិនមានការកាត់ទោសចំពោះសំណុំរឿង០០៣និង០០៤ទេ។
មានប្រសាសន៍នៅក្នុងពិធីបើកសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៣៦ អាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា លោកជា ស៊ីម បានថ្លែងថាសាលាក្តីបានសម្រេចចំពោះសំណុំរឿង០០១និងកំពុងដំណើរការកាត់ក្តីសំណុំរឿង០០២។ ជំហររបស់យើងគាំទ្រនូវដំណើរការសាលាក្តីខ្មែរក្រហម។
«ដំណើរការកាត់ក្តីសំណុំរឿង០០២ដែលមានមេដឹកនាំខ្មែរក្រហមបួនរូបទៀតគឺ នួន ជា អៀង សារី អៀង ធិរិទ្ធ និង ខៀវ សំ ផន។ ជំហររបស់យើងគឺគាំទ្រនូវដំណើរការសាលាក្តីខ្មែរក្រហមដើម្បីរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ប៉ុន្តែក៏ត្រូវតែធានាបានដាច់ខាតនូវសន្តិភាពនិងការបង្រួបបង្រួមជាតិ»។
ការលើកឡើងរបស់លោកជា ស៊ីម ប្រធានព្រឹទ្ធសភាបានកើតឡើងស្របពេលដែលសាលាក្តីប្រល័យពូជសាសន៍សម្រាប់កាត់ទោសមេដឹកនាំខ្មែរក្រហមដោយមានការគាំទ្រពីអង្គការសហប្រជាជាតិកំពុងដំណើរការកាត់ទោសលើសំណុំរឿង០០២។
សំណុំរឿង០០២មានមេដឹកនាំខ្មែរក្រហមចំនួន៤រូបគឺលោក ខៀវ សំផន អតីតប្រមុខរដ្ឋ លោកនួន ជា អតីតប្រធានរដ្ឋសភា លោក អៀង សារី អតីតរដ្ឋមន្ត្រីក្រសួងការបរទេសនិងអ្នកស្រី អៀង ធិរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
សាលាក្តីខ្មែរក្រហមបានបើកសវនាការជាបឋមលើសំណុំរឿង០០២កាលពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែមិថុនាកន្លងទៅនេះហើយនៅខែសីហាខាងមុខនឹងបើកសវនាការលើស្ថានភាពសុខភាពជនជាប់ចោទមេដឹកនាំខ្មែរក្រហមទាំងបួនរូប។ ចំណែកឯសវនាការពេញអង្គសេចក្តីនឹងត្រូវធ្វើឡើងនៅក្នុងអំឡុងខែកញ្ញា។
លោកនាយករដ្ឋមន្រ្តីហ៊ុន សែនធ្លាប់បង្ហាញជំហរប្រឆាំងនឹងសាលាក្តីខ្មែរក្រហមដែលគ្រោងនឹងធ្វើការស៊ើបអង្កេតបន្ថែមទៀតទៅលើសំណុំរឿង០០៣និង០០៤។ ដោយលោកហ៊ុន សែនបានរាំងខ្ទប់មិនឱ្យសាលាក្តីបន្តធ្វើការស៊ើបអង្កេតរបស់ខ្លួនទៀតទេដោយលើកហេតុផលសន្តិសុខនិងស្ថិរភាពសង្គម។
លោកហ៊ុន សែនធ្លាប់បានអះអាងទៀតថាលោកសុខចិត្តឱ្យសាលាក្តីរលំរលាយ តែលោកមិនអនុញ្ញាតឱ្យមានសំណុំរឿង០០៣និង០០៤ទេ។
ការចម្រូងចម្រាសក្នុងការស៊ើបអង្កេតបន្ថែមលើសំណុំរឿង០០៣និង០០៤បានបង្កឱ្យមានការខ្វែងគំនិតគ្នារវាងសហព្រះរាជអាជ្ញានិងសហចៅក្រមទាំងជាតិនិងអន្តរជាតិ។
លោករ៉ូប៊ឺត ប៉ឺទី (Robert Petit) សហព្រះរាជអាជ្ញាខាងភាគីអន្តរជាតិកាលពីខែកញ្ញាឆ្នាំ២០០៩បានលាឈប់ពីសាលាក្តីដោយហេតុផលបញ្ហាគ្រួសារក៏ប៉ុន្តែត្រូវបានគេសង្ស័យថាដោយសារមានការខ្វែងយោបល់គ្នាលើការស៊ើបអង្កេតបន្ថែមចំពោះជនសង្ស័យដែលជាអតីតមេដឹកនាំខ្មែរក្រហមផ្សេងៗទៀតយកមកកាត់ទោស។
បន្ទាប់ពីមានការលាឈប់របស់សហព្រះរាជអាជ្ញាអន្តរជាតិបន្តិចក្រោយមកមន្ត្រីស៊ើបអង្កេតមិនតិចជាង៥នាក់ទៀតរបស់សាលាក្តីខ្មែរក្រហមបានលាឈប់បន្តបន្ទាប់។
សំណុំរឿង០០៣សង្ស័យថាមានជនជាប់សង្ស័យតែពីរនាក់ប៉ុណ្ណោះគឺលោកមាស មុតអតីតមេបញ្ជាការកងពលលេខ១៦៤ និងលោក ស៊ូ ម៉េត អតីតមេបញ្ជាការកងទ័ពអាកាស។ ចំណែកសំណុំរឿង០០៤សង្ស័យថាមានអតីតមេដឹកនាំខ្មែរក្រហមបីរូបគឺអ្នកស្រី អ៊ឹម ចែម អតីតអភិបាលស្រុកព្រះនេត្រព្រះនិងមន្ត្រីជាន់ខ្ពស់ខ្មែរក្រហមពីររូបផ្សេងទៀត៕