ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា គ្រោងនឹងបញ្ជាក់ពីបេក្ខជននាយករដ្ឋមន្រ្ដីឲ្យកាន់តែច្បាស់ថែមទៀត ក្នុងកិច្ចប្រជុំរយៈពេលពីរថ្ងៃរបស់ខ្លួន ដែលចាប់ផ្ដើមនៅថ្ងៃនេះ បន្ទាប់ពីលោកហ៊ុន សែន បានគម្រាមទុកជាមុនចំពោះការប៉ុនប៉ងបណ្ដេញលោកចេញពីតំណែង។
គណបក្សប្រជាជនកម្ពុជា ដែលក្ដោបក្ដាប់អំណាចរដ្ឋាភិបាលយ៉ាងរឹងមាំ បានធ្វើសន្និបាតគណៈកម្មការកណ្ដាលលើកទី៣៥ របស់ខ្លួននៅថ្ងៃពុធនេះ ដោយគ្រោងនឹងធ្វើការសន្យាជាថ្មីឡើងវិញអំពីបេក្ខភាពនាយករដ្ឋមន្ដ្រីរបស់លោកហ៊ុន សែន សម្រាប់ការបោះឆ្នោតដែលនឹងមកដល់ក្នុងពេលបីឆ្នាំទៀត។
នៅមុនសន្និបាតសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជានេះ គឺកាលពីថ្ងៃច័ន្ទ លោក ប្រមុខរដ្ឋាភិបាល ហ៊ុន សែន បានព្រមានជាសាធារណៈ នៅក្នុងសេចក្ដីថ្លែងការណ៍របស់លោកនៅក្នុងខេត្តស្វាយរៀងថា ការធ្វើរដ្ឋប្រហារដើម្បីទម្លាក់រូបលោកចេញពី តំណែងនឹងបង្កឲ្យមានការបង្ហូរឈាម។
លោក ជាម យៀប តំណាងរាស្រ្ដ និងជាសមាជិក គណៈកម្មការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ក្នុងចំណោមរបៀបវារៈដែលត្រូវបានគ្រោងទុក ការជជែកដើម្បីធានាដល់ការដាក់បេក្ខភាពជានាយករដ្ឋមន្រ្ដីរបស់លោក ហ៊ុន សែន សម្រាប់ការបោះឆ្នោតនៅឆ្នាំ២០១៣ ក៏ត្រូវបានគេកំណត់ទុកផងដែរ។
«នេះជាទិសដៅរបស់គណបក្សទាំងមូល ព្រោះថា មិនទាន់មានឥស្សរជនណា ដែលអាចជំនួសលោកបានទេ។ ហើយមុននឹងបោះឆ្នោត ក៏ត្រូវតែលើកនូវបេក្ខភាពរបស់សម្ដេចនាយករដ្ឋមន្រ្ដីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រីនៅក្នុងអណត្តិទី៥បន្ដទៀត»។
សន្និបាតគណៈកម្មការកណ្ដាលលើកទី៣៥ របស់គណបក្សប្រជាជនកម្ពុជានឹងប្រព្រឹត្តទៅចំនួន២ថ្ងៃ មានសមាជិកគណបក្សចូលរួមសរុបទាំងអស់ចំនួន៨៩៦នាក់ ពីគ្រប់ខេត្តក្រុង និងកងកម្លាំងប្រដាប់អាវុធ។
លោក ជាម យៀបបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនេះ សមាជិករបស់គណបក្ស នឹងជជែកពិភាក្សា អំពីបញ្ហាស្ថិរភាពនយោបាយ សេដ្ឋកិច្ច សន្ដិសុខសង្គម និងបញ្ហាព្រំដែនផងដែរ។
នៅក្នុងសុន្ទរកថាបើកសន្និបាត លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានថ្លែងថា សន្និបាតនេះ នឹងពិនិត្យរួមគ្នាអំពីជំហានដែលគណបក្សត្រូវធ្វើបន្ដទៀត ជាពិសេសការលើកទិសដៅសម្រាប់ឆ្នាំ២០១០ និងឆ្នាំ ២០១១។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានខកខាន មិនបានចូលរួមក្នុងពិធីរំឭកខួបលើកទី ៥៩របស់គណបក្សរបស់លោក កាលពីថ្ងៃទី២៨ ខែមិថុនា ដែលមូលហេតុផ្លូវការត្រូវគេដឹងថា បណ្ដាលមកពីលោកឆ្លងជំងឺផ្ដាសាយប្រភេទថ្មីAH1N1។ ក៏ប៉ុន្ដែអវត្តមានរបស់លោកនៅក្នុងខណៈនោះ បានធ្វើឲ្យមានការបកស្រាយក្រៅផ្លូវការជាច្រើនអំពីទំនាស់ផ្ទៃក្នុងនៃគណបក្សកាន់អំណាចរបស់លោក។
លោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍ថា ការជជែកគ្នាឲ្យច្បាស់លាស់អំពីបេក្ខជននាយករដ្ឋមន្ដ្រីរបស់លោក ហ៊ុន សែន នៅតែមានសារៈសំខាន់ ហើយលោក ហ៊ុន សែន ត្រូវការភាពជាក់លាក់មួយសម្រាប់ធ្វើការធានាដល់រូបលោក។
"ខ្ញុំថា មានសារៈសំខាន់ខ្លាំង ដោយសារប្រសាសន៍របស់លោក ហ៊ុន សែនថ្មីៗនេះ ឆ្លុះបញ្ចាំងថា អត់មានការយល់ស្របទាំងស្រុងនៅក្នុងផ្ទៃក្នុងគណបក្សទេ។ ចំណុចទីពីរ គឺការព្រួយបារម្ភរបស់លោក ហ៊ុន សែន ពីការប្រកួតប្រជែងជាបេក្ខជននាយករដ្ឋមន្ដ្រីកម្ពុជា ក្នុងឆ្នាំ២០១៣។ អញ្ចឹងវាឆ្លុះបញ្ចាំងថា ការជ្រើសរើសបេក្ខជនអត់ច្បាស់លាស់ ហើយលោកហ៊ុន សែនទាមទារឲ្យច្បាស់លាស់"។
ជារៀងរាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រខិតជិតមកដល់ លោក នាយករដ្ឋមន្ដ្រីហ៊ុន សែនត្រូវគេកត់សម្គាល់ថា បានបង្ហាញជាសាធារណៈនូវចេតនាចង់ឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ដ្រីជាបន្ដទៀត ហើយក្រុមមន្ដ្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា ក៏បានច្រានចោលរាល់ការសង្ស័យទៅលើទំនាស់ផ្ទៃក្នុងសម្រាប់បេក្ខជននាយករដ្ឋមន្ដ្រីនេះជាហូរហែរមកដែរ។
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជាក៏បានបញ្ជាក់ជាចំហនៅក្នុងពិធីរំឭកខួបទី ៥៩ឆ្នាំរបស់គណបក្សថា គណបក្សប្រជាជនគាំទ្របេក្ខជនលោកហ៊ុន សែន ជានាយករដ្ឋមន្ដ្រីបន្ដទៅទៀត។
លោក ហ៊ុន សែនបានប្ដេជ្ញាកាលពីថ្ងៃច័ន្ទថា លោកនឹងឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបន្ដទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រនៅឆ្នាំ២០១៣និងឆ្នាំ ២០១៨៕