ភ្នំពេញ៖ តុលាការក្រុងភ្នំពេញគ្រោងនឹងធ្វើការសាកសួរជនជាតិថៃទាំង៧រូបនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះបន្ទាប់ពីបានជាប់ឃុំឃាំងបណ្តោះអាសន្នពីបទឆ្លងដែនដោយខុសច្បាប់ចូលក្នុងប្រទេសកម្ពុជា។
មេធាវីការពារក្តីជនជាប់ចោទជនជាតិថៃទាំងប្រាំពីររូបបានមានប្រសាសន៍ថាពួកគេបានត្រៀមលក្ខណៈ រួចរាល់អស់ហើយ។
លោកប៉ិច វិច្ឆិកា មេធាវីការពារក្តីជនជាតិថៃចំនួនបួនរូបដែលនៅក្នុងនោះមានមេដឹកនាំបាតុករអាវលឿងមួយរូបផងនោះបានមានប្រសាសន៍ថាលោកបានទទួលលិខិតស្នើសុំបំភ្លឺពីតុលាការរួចហើយនៅថ្ងៃអង្គារ៍នេះ។
លោកបានបញ្ជាក់ទៀតថានៅពេលដែលតុលាការធ្វើការសាកសួរកូនក្តីរបស់លោកចប់លោកនឹងដាក់ពាក្យស្នើសុំដើម្បីឲ្យកូនក្តីរបស់លោកនៅក្រៅឃុំបណ្តោះអាសន្ន។
«យើងនឹងត្រៀមរៀបចំឯកសារប៉ុន្តែខ្ញុំមិនទាន់ហ៊ាននិយាយថាមានឯកសារអ្វីៗទេ ហើយយើងនឹង ត្រៀមការពារកូនក្តីតាមផ្លូវច្បាប់»។
ចំណែកលោករស់ អូន មេធាវីការពារក្តីជនជាតិថៃចំនួនបីរូប រួមមាន អ្នកតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យមួយរូបផងនោះបានមានប្រសាសន៍ថាលោកនឹងបង្ហាញភស្តុតាងទៅតុលាការថា កូនក្តីរបស់ លោកគ្មានចេតនាចូលមកទឹកដីរបស់ប្រទេសកម្ពុជាដោយខុសច្បាប់ទេ។
«បើយោងតាមអង្គហេតុនិងវាគោលដៅចូលមកគ្រាន់តែមក។ តាមចម្លើយរបស់អ្នកទាំងប្រាំពីរនាក់គឺថា ចូលមកបានតែ២០០ម៉ែត្រតែប៉ុណ្ណឹងឯង»។
លោកស្រីចាំង ស៊ីណាត ចៅក្រមស៊ើបអង្កេតនៃតុលាការក្រុងភ្នំពេញពុំអាចស្នើសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។
កាលពីថ្ងៃពុធសប្តាហ៍មុននេះ អាជ្ញាធរប្រទេសកម្ពុជាបានចាប់ខ្លួនជនជាតិថៃចំនួនប្រាំពីររូបដែលនៅក្នុងនោះរួមមានលោកប៉ានីច វីគិតស្រេត (Panich Vikitsreth) អ្នកតំណាងរាស្រ្តក្រុងបាងកកខាងគណបក្សប្រជាធិបតេយ្យនិងលោកវីរ៉ា ស៊ុមក្វាមគីត (Veera Somkwamkid) មេដឹកនាំបាតុករអាវលឿងក្រោយពីពួកគេបានចូលជ្រៅនៅក្នុង ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ខាងទឹកដីរបស់ប្រទេសកម្ពុជា។
តុលាការបានធ្វើការចោទប្រកាន់ជនជាតិថៃចំនួនប្រាំពីររូបនេះ កាលពីថ្ងៃទី៣០ ធ្នូកន្លងទៅនេះពីបទ ឆ្លងដែនដោយខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជានិងចូលទីលានយោធានៅក្នុងគោលបំណងទុច្ចរិតតាម មាត្រាទី២៩នៃច្បាប់អន្តោប្រវេសន៍ និងមាត្រាទី៤៧៣នៃក្រមព្រហ្មទណ្ឌថ្មី។
ប្រសិនណាបើតុលាការរកឃើញថាមានទោសកំហុសជនជាតិថៃទាំងប្រាំពីររូបនេះ នឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលប្រាំខែ រហូតដល់មួយឆ្នាំ និងពិន័យជាប្រាក់ចំនួនមួយលានរៀល រហូតដល់ ពីរលានរៀល។
កាសែតបាងកកប៉ុស្តិ៍(Bangkok Post) នៅថ្ងៃអង្គារ៍នេះ បានធ្វើសេចក្តីរាយការណ៍មកថា លោកអាភីស៊ីត វីចាជីវ៉ា (Abhisit Vejjajiva) នាយករដ្ឋមន្រ្តីនៃប្រទេសថៃបានសារភាពថាលោកបានបញ្ជូនលោកប៉ានីច វីគិតស្រេត មកព្រំដែនប្រទេសកម្ពុជាជាទីកន្លែងដែលអ្នកតំណាងរាស្រ្តខាងគណបក្សប្រជាធិបតេយ្យនិង ជនជាតិថៃចំនួនប្រាំពីររូបផ្សេងទៀតត្រូវបានចាប់ខ្លួន។
ការអះអាងរបស់លោកអាភីស៊ីត វីចាជីវ៉ា បានធ្វើឡើងនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ហើយរបៀបវារៈនៃការចាប់ខ្លួនជនជាតិថៃទាំងប្រំាំពីររូបនេះត្រូវបានដាក់នៅក្នុងកិច្ចប្រជុំដំបូងគេ។
លោកអាភីស៊ីត វីចាជីវ៉ា ត្រូវបានកាសែតដកស្រង់សម្តីថាបានមានប្រសាសន៍ទៀតថា សមាជិកសភាក្រុងបាងកកមានបំណងមកប្រទេសកម្ពុជា ដើម្បីសួរសុខទុក្ខលោកប៉ានីច វីគិតស្រេតនៅពន្ធនាគារព្រៃសនាពេលខាងមុខនេះ។
កាលពីថ្ងៃច័ន្ទ អាជ្ញាធរកម្ពុជា បានអនុញ្ញាតឲ្យក្រុមសមាជិកក្រុមគ្រួសារថៃទាំងប្រាំពីររូបនេះចូលជួបនៅក្នុងពន្ធនាគារព្រៃស ក៏ប៉ុន្តែលទ្ធផលនៃជំនួបនេះមិនបានបង្ហាញឲ្យដឹងជាសាធារណៈទេ៕