តុលាការក្រុងភ្នំពេញចាប់ផ្ដើមសាកសួរជនសង្ស័យចំនួន៦រូប ក្នុងនោះមានជនជាតិវៀតណាម៤នាក់ និងជនជាតិលាវ២នាក់ពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនខុសច្បាប់។ កាលពីសប្តាហ៍ មុនអាជ្ញាធរប៉ូលិសបានចាប់ខ្លួនជនបរទេសចំនួន៦នាក់ដោយរឹបអូសបានថ្នាំញៀនជាង១០គឺឡូក្រាមតម្លៃជិត១លានដុល្លារ។
តុលាការក្រុងភ្នំពេញ នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមធ្វើការសាកសួរជនបរទេសចំនួនប្រាំមួយនាក់ ពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនខុសច្បាប់។
កាលពីសប្តាហ៍មុន អាជ្ញាធរប៉ូលិសរបស់ក្រសួងមហាផ្ទៃបានចាប់ខ្លួនជនបរទេសចំនួនប្រាំមួយនាក់ ក្នុងនោះមានជនជាតិវៀតណាមចំនួនបួននាក់ រួមទាំងឪពុកម្តាយ និងកូន ព្រមទាំងជនជាតិលាវចំនួនពីរនាក់ ដែលជាមេខ្លោងរត់ពន្ឋថ្នាំញៀនពីក្រៅប្រទេសចូលមកកម្ពុជា។
បន្ទាប់ពីបានចាប់ខ្លួនជនសង្ស័យទាំងប្រាំមួយនាក់ ប៉ូលិសបានរឹបអូសយកថ្នាំញៀនប្រភេទមេតំហ្វេតាមីនជាង៨ម៉ឺនគ្រាប់ និងមេតំហ្វេតាមីនទឹកកកជិតបីគីឡូក្រាម ដែលសរុបជាទឹក ប្រមាណជិត១លានដុល្លារសហរដ្ឋអាមេរិក។
លោកឧត្តមសេនីយ៍ឯក កង សុខន អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍ប្រាប់ វីអូអេ សំឡេងសហរដ្ឋអាមេរិកនៅថ្ងៃច័ន្ទនេះថា ប៉ូលិសទើបតែបានបញ្ជូនជនសង្ស័យទាំងប្រាំមួយរូបទៅកាន់តុលាការដើម្បីសាកសួរនៅថ្ងៃច័ន្ទនេះ។ ក៏ប៉ុន្តែដោយពុំទាន់បានបញ្ចប់ការសាកសួរ តុលាការបានបញ្ជូនជនសង្ស័យទាំងប្រាំមួយនាក់នេះមកឃុំខ្លួនបណ្តោះអាសន្ននៅអគ្គស្នងការប៉ូលិសជាតិវិញ។
លោកបានមានប្រសាសន៍ទៀតថា នៅថ្ងៃស្អែកនេះ តុលាការនឹងបន្តនីតិវិធីរបស់ខ្លួនបន្តទៀត។លោកបានបញ្ជាក់ទៀតថា នេះគឺជាការបង្រ្កាបលក្ខណៈទ្រង់ទ្រាយធំ បើប្រៀបធៀបនឹងការបង្រ្កាបកាលពីឆ្នាំមុខ។
«បើគិត ជាការបង្ក្រាបធំដែលយើងមិនដែលធ្លាប់បង្ក្រាបបានច្រើនបែបហ្នឹងទេ»។
នៅថ្ងៃច័ន្ទនេះ វីអូអេបានធ្វើទំនាក់ទំនងដើម្បីអត្ថាធិប្បាយពីលោកសុខ រឿន ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ តែពុំអាចទាក់ទងបាន ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។លោកនាយករដ្ឋមន្រ្តីហ៊ុន សែនបានមានប្រសាសន៍នៅក្នុងសាកលវិទ្យាល័យមួយក្នុងទីក្រុង ភ្នំពេញនៅថ្ងៃច័ន្ទនេះ ដោយបានហៅវិធានការបង្ក្រាបគ្រឿងញៀនគឺជាវិធានការក្តៅ ដែលកម្ពុជាកំពុងតែប្រឹងប្រែងលុបបំបាត់។
កាលពីអំឡុងខែមករា ប៉ូលិសបានចាប់ខ្លួននាយឧត្តមសេនីយ៍ជាន់ខ្ពស់ចំនួនពីរនាក់គឺលោកហ៊ុន ហ៊ាន អតីតស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ និងលោកមឹក តារា អគ្គនាយកនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន ពីបទជាប់ពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀនស្រវឹង។
តុលាការបានចេញដីកាឃុំខ្លួនជនសង្ស័យទាំងពីរនាក់បណ្តោះអាសន្នដើម្បីរង់ចាំការកាត់ទោស ហើយប្រសិនបើតុលាការរកឃើញថា មានកំហុស ជនសង្ស័យទាំងពីររូបនេះនឹងប្រឈមមុខនឹងទោសជាប់ពន្ធនាគារអស់មួយជីវិត។
លោកឧត្តមសេនីយ៍ឯកកង សុខន អគ្គស្នងការរងនគរបាលជាតិ បាននិយាយថា នៅក្នុងរយៈពេលពីរខែដើមឆ្នាំ២០១១នេះ ការរត់ពន្ធថ្នាំញៀនស្រវឹងមានការថយចុះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
លោកបានមានប្រសាសន៍ថា ការថយចុះនេះ គឺដោយសារតែអាជ្ញាធរបានបើកយុទ្ធនាការបង្រ្កាបជាបន្តបន្ទាប់៕