សាលាឧទ្ធរណ៍បានលើកលែងការចោទប្រកាន់ប្រជាពលរដ្ឋពីររូបពីបទជាប់ពាក់ព័ន្ឋ និងការដកតម្រុយបង្គោលព្រំដែនលេខ១៨៥រវាងកម្ពុជា និងវៀតណាម ក៏ប៉ុន្តែបានតំកល់ទុកសាលក្រមតុលាការខេត្តស្វាយរៀងសម្រាប់រឿងក្តីលោកសម រង្ស៊ី ដែលកាត់ឲ្យលោកជាប់ពន្ឋនាគាររយៈពេលពីរឆ្នាំដដែល។
ថ្ងៃពុធនេះ លោកឃុន លាងម៉េង ប្រធានចៅក្រមជំនុំជម្រះនៃសាលាឧទ្ឋរណ៍ បានប្រាប់អង្គសវនាការថា ពិរុទ្ឋជន លោកព្រំ ជា និងអ្នកស្រីមាស ស្រី ត្រូវបានបន្ឋូរបន្ថយទោសពីជាប់ពន្ឋនាគាររយៈពេលមួយ ឆ្នាំមកនៅត្រឹម៩ខែ និង២០ថ្ងៃវិញ។ ក៏ប៉ុន្តែបានរក្សាសាលក្រមដែលបង្គាប់ឲ្យលោកសម រង្ស៊ី និងចុងចោទទាំងពីរសងសំណងរដ្ឋប្បវេណីរួមគ្នាចំនួនជាង៦០លានរៀលឲ្យនៅដដែល ។
កាលពីថ្ងៃទី២៧ខែមករា ឆ្នាំ២០១០នេះ តុលាការខេត្តស្វាយរៀង បានកាត់ទោសកំបាំងមុខ លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងឲ្យជាប់ពន្ឋនាគាររយៈពេលពីរឆ្នាំ ពីបទជាប់ពាក់ព័ន្ឋ និង ការដកតម្រុយបង្គោលព្រំដែនលេខ១៨៥ រវាងកម្ពុជា និងវៀតណាម និងញុះញ៉ុងឲ្យមានការរើសអើងជាតិសាសន៍។ ចំណែកឯអ្នកស្រីមាស ស្រី និងលោកព្រំ ជា តុលាការខេត្តស្វាយរៀង បានកាត់ទោសឲ្យជាប់ពន្ឋនាគារក្នុងម្នាក់ៗរយៈពេលមួយឆ្នាំ និងសំណងរដ្ឋប្បវេណីជាប្រាក់រួមគ្នាជាមួយនិងលោកសម រង្ស៊ី។
លោកព្រំ ជា អាយុ៤១ឆ្នាំ និងអ្នកស្រីមាស ស្រី អាយុ៤០ឆ្នាំ បានថ្លែងប្រាប់ អ្នកកាសែត ក្រោយពីការសម្រេចរបស់សាលាឧទ្ឋរណ៍ថា ពួកគេបានសម្តែងការរីករាយ ចំពោះការប្រកាសសាលក្រមនេះ និងបានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញក្នុងពេលឆាប់ៗខាងមុខនេះ។ លោកព្រំជាថ្លែងថា៖
«សប្បាយចិត្តណាស់ សាលាឧទ្ឋរណ៍ បានលើកលែងការចោទប្រកាន់ខ្ញុំឲ្យមានសេរីភាពចាប់ពីពេលហ្នឹងតទៅ» ។
ចំណែកអ្នកស្រី មាស ស្រីក៏ថ្លែងស្រដៀងគ្នានេះដែរថា៖
«ខ្ញុំអរគុណហើយ បានលោកតុលាការដោះលែងខ្ញុំ ខ្ញុំទៅជួបម៉ែ ទៅចិញ្ចឹមកូនខ្ញុំវិញ ខ្ញុំត្រេកអរសប្បាយណាស់» ។
លោកសំ សុគង់ មេធាវីការពារក្តីឲ្យលោកព្រំ ជា និងអ្នកស្រីមាស ស្រី បានសម្តែងការមិនពេញ ចិត្តចំពោះសំណងរដ្ឋប្បវេណី ដោយអះអាងថា៖ កូនក្តីរបស់លោកពុំមានលទ្ឋភាពបង់ប្រាក់នោះទេ។ លោកបន្តថា៖
«ពាក់ព័ន្ឋនឹងបញ្ហាសេចក្តីសម្រេចនេះ គឺយើងពេញចិត្តខ្លះ និងមិនពេញចិត្តខ្លះ ត្រង់ឲ្យនៅក្រៅឃុំនិងដាក់ទោសព្យួរនេះ យើងពេញចិត្ត ប៉ុន្តែគ្រាន់តែទាក់ទងសំណង យើងអត់ទាន់មានការពេញចិត្តទេ » ។
លោកជួង ជូងី មេធាវីការពារក្តីលោកសម រង្ស៊ី បានមានប្រសាសន៍ថា លោកមិនអាចទទួលយកបានចំពោះការសម្រេចរបស់សាលក្រមនេះទេ ហើយលោកនឹងពិចារណាជាមួយនឹងកូនក្តីរបស់លោក និងប្តឹងសារទុកទៅតុលាការកំពូលបន្តទៀត ។ លោកថ្លែងដូច្នេះថា៖
«កូនក្តីខ្ញុំអត់មានបំណងចង់ឲ្យរាស្រ្តខ្មែរស្អប់ជនជាតិវៀតណាម វាអត់មានប្រយោជន៍អ្វី ប៉ុន្តែ កូនក្តីខ្ញុំមានបំណងចង់ការពារបូរណភាពទឹកដី ដើម្បីឲ្យធានាថា ការបោះបង្គោលព្រំដែនត្រូវតែគោរព តាមបូរណភាពទឹកដីត្រឹមត្រូវពិតប្រាកដ» ។
ចំណែកលោកចាន់ សុខយាង មេធាវីការពារក្តីរដ្ឋាភិបាលវិញបាននិយាយថា លោកមិនជំទាស់ ទៅនឹងការសម្រេចរបស់សាលាឧទ្ឋរណ៍ទេ។ លោកថ្លែងដូច្នេះថា៖
«ចំពោះខ្ញុំ គឺថា ការសម្រេចនេះ ព្រោះការយល់ឃើញរបស់សាលាឧទ្ឋរណ៍វាមានលក្ខណៈ សមហេតុផលដែរ គឺថាខ្ញុំមិនមានបញ្ហាអី្វជំទាស់ទៅនឹងការសម្រេចនេះទេ»។
លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី ដែលពេលនេះ កំពុងស្នាក់នៅឯក្រៅប្រទេសត្រូវ បានតុលាការនៃប្រទេសកម្ពុជា បានកាត់ទោសឲ្យជាប់ពន្ឋនាគារសរុបចំនួន១២ឆ្នាំ នៅក្នុងរឿងក្តីចំនួនពីរ គឺសំណុំរឿងដកតម្រុយបង្គោលព្រំដែន និងក្លែងឯកសារសាធារណៈ ព្រមទាំងផ្សព្វផ្សាយ ព័ត៌មានមិនពិត៕