នៅថ្ងៃព្រហស្បតិ៍នេះ សាលាឧទ្ធរណ៍បានតម្កល់ទោសជាប់ពន្ធនាគារចំនួនពីរឆ្នាំប្រឆាំងនឹងសកម្មជនសិទ្ធិមនុស្សលីកាដូចំពោះការបាចខិតប័ណ្ណប្រឆាំងនឹងរដ្ឋាភិបាល និងថ្ងៃ៧មករាថា ជាថ្ងៃដែលវៀតណាមឈ្លានពានកម្ពុជា។
ប៉ូលីសបានចាប់ខ្លួនលោក លាង សុខជឿន អាយុ២៨ឆ្នាំ បុគ្គលិកអង្គការសិទ្ធិមនុស្សលីកាដូនៅផ្ទះរបស់លោកក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១០ ពីបទពាក់ព័ន្ធនឹងការផ្សព្វផ្សាយខិត្តប័ណ្ណប្រឆាំងនឹងរដ្ឋាភិបាល និងថ្ងៃ៧មករា នៅក្នុងខេត្តតាកែវ។
តុលាការខេត្តតាកែវបានកាត់ទោសលោកលាង សុខជឿន ឱ្យជាប់ពន្ធនាគារចំនួនពីរឆ្នាំ និងពិន័យជាប្រាក់ចំនួនពីរលានរៀលអំពីបទផ្សាយព័ត៌មានមិនពិត និងបរិហារកេរ្តិ៍ កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ជាមួយនឹងព្រះសង្ឃខ្មែរកម្ពុជាក្រោមបីអង្គរួមមានព្រះសង្ឃថាច់ ឡេ និងថាច់ វណ្ណៈ ប៉ុន្តែថាច់ កុងភួង ត្រូវបានកាត់កំបាំងមុខឱ្យជាប់ពន្ធនាគារចំនួនបីឆ្នាំ និងពិន័យជាប្រាក់បីលានរៀល។
លោកប៉ុល សំអឿន ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ បានប្រកាសសាលដីកានៅចំពោះមុខជនជាប់ចោទថា សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់តុលាការខេត្តតាកែវប្រឆាំងនឹងលោកលាង សុខជឿន ដោយបានប្តូរការចោទប្រកាន់ពីបទផ្សាយព័ត៌មានមិនពិតមកជាការបង្កអសន្តិសុខសង្គម។
អង្គការសិទ្ធិមនុស្សលីកាដូបានបដិសេធដាច់ខាតចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍ដែលតម្កល់ទោសជាប់ពន្ធនាគារដល់លោកលាង សុខជឿន ។
លោក ហម ស៊ុនរិទ្ធ មេធាវីការពារជនជាប់ចោទ បានថ្លែងថា លោកមិនសប្បាយចិត្តនឹងសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍នេះទេ។ លោកបានប្រាប់វីអូអេខ្មែរថា៖
«ខ្ញុំគិតថា វាដូចជាមិនអាចទទួលស្គាល់បាននូវសេចក្តីសម្រេចនេះទេ។ ខ្ញុំបានសោកស្តាយចំពោះអ្វីដែលកើតមានឡើងក្នុងការប្រកាសសាលក្រមព្រឹកម៉ិញនេះ»។
លោក អ៊ំ សំអាត ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ ដែលបានចូលរួមសវនាការសាលាឧទ្ធរណ៍នេះ បានថ្លែងថា លោក លាង សុខជឿន តែងតែរក្សាភាពគ្មានទោសរបស់លោកតាំងពីពេលចាប់ខ្លួនរហូតដល់សាលាឧទ្ធរណ៍។ លោកថ្លែងថា៖
«យើងឃើញថា ភស្តុតាងទាំងអស់មានវិសមតិសង្ស័យជាច្រើន ដូចជាដីកាបង្គាប់ឱ្យនាំខ្លួន គឺនាំខ្លួនលោក លាង សុខលី ហៅជឿន ជាជនជាតិវៀតណាម ប៉ុន្តែសមត្ថកិច្ចបែរជានាំខ្លួន និងចាប់ខ្លួនលោកលាង សុខជឿន ជាបុគ្គលិកលីកាដូជនជាតិខ្មែរទៅវិញ ដោយសម្អាងគ្រាន់ថា ជឿនបានស្គាល់គ្នាជាមួយជនសង្ស័យពីរនាក់ទៀត គឺថាច់ កុងភួង និងថាច់ វណ្ណៈ កាលពីរៀនជាមួយគ្នាឆ្នាំ២០០៥នោះ»។
អង្គការសិទ្ធិមនុស្សលីកាដូ បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា អង្គការលីកាដូមានការភ្ញាក់ផ្អើលចំពោះការផ្លាស់ប្តូរការបទចោទប្រកាន់។ សេចក្តីថ្លែងការណ៍នេះបានបន្តថា តុលាការបានរំលោភលើមាត្រា៦៧១នៃក្រមព្រហ្មទណ្ឌថ្មីនៅពេល ដែលតុលាការបានផ្លាស់ប្តូរការកាត់ទោសដំបូងរបស់លោក លាង សុខជឿន ទៅជាបទការញុះញង់ឱ្យប្រព្រឹត្តឧក្រិដ្ឋនេះ៕