មន្ដ្រីសិទ្ធិមនុស្សចំនួនពីររូប និងអ្នកយកព័ត៌មានឯករាជ្យមួយរូបត្រូវតុលាការសាលាដំបូងខេត្តរតនគិរីកោះហៅមកសាកសួរកាលពីថ្ងៃព្រហស្បតិ៍ ក្រោមបណ្ដឹងពីបទញុះញង់ទាក់ទងនឹងទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃមួយរវាងជនជាតិភាគតិចទំពូននិងក្រុមហ៊ុនDM Group។
ការកោះមកសាកសួរនេះ ដែលមន្ដ្រីសិទ្ធិមនុស្ស និងប្រជាពលរដ្ឋរងគ្រោះចាត់ទុកថា គឺជាចំណាត់ការដោយលម្អៀងមួយរបស់តុលាការខេត្តនេះ។ ចាប់តាំងពីឆ្នាំ ២០០៥ រហូតមកក្រុមហ៊ុន DM Group និងប្រជាពលរដ្ឋជនជាតិដើមទំពូនចំនួន ១៣៦គ្រួសារបានក្លាយជាគូទំនាស់យ៉ាងខ្លាំងក្លាជុំវិញការទាមទារកាន់កាប់ដីទំហំ ២៦០ហិកតា ក្នុងភូមិបាតាង នៃស្រុកលំផាត់ ខេត្តរតនៈគិរី។
មនុស្ស១៥នាក់បានទទួលរងការចោទប្រកាន់ក្នុងទំនាស់ដីដែលក្រុមហ៊ុន DM Group បម្រុងយកដាំកៅស៊ូនេះ។ ក្នុងចំណោមនោះមានអ្នកភូមិ១០នាក់ រូមជាមួយមន្រ្តីសិទ្ធមនុស្សពីរនាក់ សកម្មជនស្មគ្រ័ចិត្តផ្នែកសិទ្ធិមនុស្សចំនួនពីរនាក់ និង អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក រដ្ឋ វិសាល។ មន្ដ្រីសិទ្ធិមនុស្ស និងអ្នកយកព័ត៌មានរូបនេះត្រូវចោទពីបទញុះញង់បន្ទាប់ពីមានបណ្ដឹងពីក្រុមហ៊ុនចាប់តាំងពីឆ្នាំ ២០០៨មកម្លេះ ដោយសំអាងថា ពួកគាត់ជាអ្នកញុះញង់ក្រុមអ្នកភូមិឲ្យមានការតវ៉ាប្រឆាំងនឹងការឈូសឆាយចូលកាន់កាប់របស់ក្រុមហ៊ុន។
លោក ប៉ែន ប៊ុណ្ណារ អ្នកសម្របសម្រួលរបស់អង្គការអាដហុក ប្រចាំខេត្តរតនៈគិរី ដែលត្រូវតុលាការកោះហៅនោះមានប្រសាសន៍ថា តុលាការខេត្តបាននិងកំពុងចាត់ការលើពាក្យបណ្តឹងរបស់ក្រុមហ៊ុនមកលើមន្រ្តីសិទ្ធមនុស្ស និងអ្នកយកព័ត៌មាន ក៏ប៉ុន្តែពាក្យបណ្តឹងរបស់ប្រជាជនដែលរងគ្រោះដោយសារអំពើហិង្សារបស់កងសន្ដិសុខក្រុមហ៊ុនមកលើអ្នកភូមិរហូតដល់ពិការមិនត្រូវតុលាការលើកយកមកសាកសួរនោះឡើយ។
លោកបានបញ្ជាក់ថា នេះជាការបង្ហាញឲ្យឃើញថា តុលាការមានភាពអយុតិ្តធម៌ក្នុងការដោះស្រាយទំនាស់ដីធ្លីនេះ។
«គឺថាទាំងអស់គ្នាត្រូវតែហ៊ានប្រឈមមុខជាមួយច្បាប់ទាំងអស់គ្នា បើសិនជាយើងធ្វើតែមួយផ្នែកចំពោះអ្នកទន់ខ្សោយ ចំពោះតែអ្នកការពារសិទ្ធិមនុស្ស សំណុំរឿង ដែលពាក់ព័ន្ធជាមួយអ្នកមានអំណាច តុលាការយើងមិនធ្វើគឺវាមានភាពអយុត្តិធម៌មួយក្នុងសង្គមណាស់»។
គួរបញ្ជាក់ថានៅក្នុងទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន DM Groupដែរ លោក សឿង យារ៉ាត់ ជាជនជាតិទំពូន ត្រូវកងសន្ដិសុខ បាញ់បាក់ភ្លៅកាលពីឆ្នាំ ២០០៩។ ជើងរបស់លោកត្រូវគ្រូពេទ្យកាត់ចោលនៅត្រឹមពាក់កណ្ដាកភ្លៅ។ លោក សឿង យារ៉ាត់ កំពុងរង់ចាំចំណាត់ការរបស់តុលាការលើបណ្ដឹងរបស់លោកប្រឆាំងនឹងក្រុមហ៊ុន DM Group។ ក៏ប៉ុន្ដែលោកមិនទាន់ឃើញចំណាត់ការណាមួយរបស់តុលាការដើម្បីយុត្តិធម៌សម្រាប់រូបលោកឡើយ។
«មិនឃើញលទ្ធផលអីទេ តុលាការបិទបាំងអស់រលីង និយាយត្រង់ៗតែម្តង។ ខ្ញុំយល់ឃើញថា សម័យឥឡូវបើគេអ្នកមាន តុលាការយកចិត្តទុកដាក់ បើក្រដូចជាខ្ញុំអញ្ចឹង បើគ្មានមួយកាក់មួយសេនយកទៅសូកប៉ាន់អញ្ចឹង បើសម័យឥឡូវគឺថាចាយលុយពេញទី គេនិយាយអ្វីមួយសុទ្ធតែលុយតែម្តងគេនិយាយអ្វីមួយសុទ្ធ តែមានផលប្រយោជន៍ គេដូច្នេះខ្ញុំដូចថា អស់សង្ឈឹមតែម្តង»។
ប៉ុន្តែលោក លូ សូសម្បត្តិ ប្រធានសាលាដំបូងខេត្តរតនៈគីរីបានអះអាងថា លោកមិនទាន់បានទទួលបណ្ដឹងរបស់លោក សឿង យារ៉ាត់ នៅឡើយទេ។ ចំណែកឯការកោះហៅមន្រ្តីសិទ្ធមនុស្ស២នាក់ និងអ្នកយកព័ត៌មានមកសាកសួរនេះគឺជាដំណើរការរបស់នីតិវិធីតុលាការតែប៉ុណ្ណោះ។
«រឿងប្រជាជន ព្រះរាជអជ្ញា គេអត់ចោទមកខាងខ្ញុំ ក៏អត់ធ្វើកើតដែល ខ្ញុំមិនដឹងយ៉ាងម្តេចអារឿងនេះមិនដឹងជាកប់ត្រឹមព្រះរាជអាជ្ញា ឬមួយខាងចៅក្រម។ ខ្ញុំក៏អត់ទាន់ដឹងដែរ។ វាមិនមែនធម្មតាទេរឿងព្រហ្មទណ្ឌ គេមិនឲ្យកប់ចោលទេ សំខាន់ទាល់តែឲ្យគាត់ គាត់ដាក់ទៅខាងណាឲ្យគាត់ទៅជួបអ្នកនោះទៅ។ បើថារឿងនេះ មកខាងខ្ញុំទាំងពីរហើយអាមួយចាត់ការអាមួយអត់ចាត់ការវាមិនយុត្តិធម៌ទេ»។
មន្រ្តីសិទ្ធិមនុស្សអាដហុកបានឲ្យដឹងថា ព្រះរាជអាជ្ញាដែលកាន់សំណុំរឿងរបស់លោកសឿង យារ៉ាត់គឺលោក រស់ សារ៉ាម ក៏ប៉ុន្តែលោក សារ៉ាម បានបដិសេធថា លោកមិនមែនជាអ្នកកាន់សំណុំរឿងនេះទេ ហើយក៏មិនដឹងថា អ្នកណាកាន់សំណុំរឿងនេះដែរ។
«សម្រាប់ខ្ញុំដូចជាអត់មានទទួលចាត់ការសំណុំរឿងគាត់ទេ។ ពេលដែលគាត់មកដាក់ពាក្យប្តឹងខ្ញុំបានដឹងដែរ នៅពេលនោះគាត់បានមកសួរព័ត៌មាន ហើយក៏យើងបានដាក់បណ្តឹងគាត់រុញទៅខាងរដ្ឋបាល ហើយខ្ញុំដូចជាបានចាំថា ដូចជាគេបានបង្វិលរឿងនេះទៅឲ្យខាងសមត្ថកិច្ចនគរបាលស្រុកលំផាត់ទទួលចាត់ការរឿង នេះក៏ប៉ុន្តែខ្ញុំអត់ច្បាស់ដែរ»។
ក្រុមសង្គមស៊ីវិលធ្លាប់បានរិះគន់ជាញឹកញាប់លើប្រព័ន្ធតុលាការកម្ពុជាថា មិនមានភាពឯករាជ្យដោយមានភាពលម្អៀងទៅលើអ្នកមានអំណាច និងអ្នកមានប្រាក់ ហើយប្រជាពលរដ្ឋក្រីក្រតែងតែទទួលរងភាពអយុត្តិធម៌យ៉ាងឈឺចាប់។
លោក ប៉ែន ប៊ុណ្ណារ និយាយថា រាល់ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងទំនាស់ដីធ្លីភាគច្រើននៅកម្ពុជាមិនត្រូវបានលើកយកមកដោះស្រាយនោះទេ។ ទំនាស់ដីធ្លីនៅតែស្ថិតក្នុងប្រធានបទក្ដៅគគុកនៅកម្ពុជា។ ទំនាស់ភាគច្រើនកើតឡើងរវាងប្រជាពលរដ្ឋ និងអ្នកមានអំណាច។
លោក អ៊ូច ឡេង មន្រ្តីកម្មវិធីដីធ្លីរបស់សមាគមអាដហុកបានឲ្យដឹងថា ចាប់តាំងពីដើមឆ្នាំ២០១១ មានករណីទំនាស់ដីធ្លីទ្រង់ទ្រាយធំប្រមាណជា១៥០ករណីដោយមានប្រជាពលរដ្ឋជិត២០០នាក់ត្រូវបានចោទប្រកាន់តាមផ្លូវតុលាការក្នុងនោះជាង៥០នាក់ ត្រូវបានចាប់ខ្លួន ហើយតុលាការក៏មិនមានដំណោះស្រាយណាមួយជូនដល់ប្រជាពលរដ្ឋនៅឡើយ៕