នៅថ្ងៃនេះ តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសបុរសម្នាក់ក្រោមការចោទប្រកាន់ពីការបានប៉ុនប៉ងបំផ្លាញរូបសំណាកមិត្តភាពកម្ពុជា វៀតណាម។ បុរសជាប់ចោទឆ្លើយថា លោកត្រូវតុលាការសម្រេចដាក់ទោសធ្ងន់ធ្ងរពេក។
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លោកអ៊ឹម សំអាតបានសម្រេចដាក់ទោសលោកសោម ឯកនៅថ្ងៃពុធនេះឲ្យជាប់ពន្ធនាគារចំនួន១៨ឆ្នាំពីបទផ្សំគំនិតក្នុងអំពើភេរវកម្ម ប៉ុនប៉ងកម្ទេចស្ដូបមិត្តភាពកម្ពុជា វៀតណាមក្នុងក្រុងភ្នំពេញមិនបានសម្រេចកាលពីខែកក្កដា ឆ្នាំ២០០៧។
ការផ្ដន្ទាទោសនេះធ្វើឡើងដោយយោងតាមមាត្រាទី១ ទី២ ទី៣ និងទី៤នៃច្បាប់ស្ដីពីភេរវកម្ម និងច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវ។
ក៏ប៉ុន្ដែទោសនេះត្រូវកាត់បន្ថយមកត្រឹម១៦ឆ្នាំ ៦ខែវិញ បន្ទាប់ពីតុលាការបានរកឃើញថា ជនជាប់ចោទត្រូវបានដាក់ក្នុងការឃុំឃាំងលើសនីតិវិធីច្បាប់កំណត់។
លោកសោម ឯក អតីតមេដឹកនាំរណសិរ្សរួបរួមជាតិខ្មែរ បានប្រកាសប្រាប់ក្រុមអ្នកយកព័ត៌មានថា ការផ្ដន្ទាទោសរូបលោកធ្ងន់ធ្ងរណាស់ ហើយលោកមិនអាចទទួលយកបានទេ។
លោកអ៊ឹម សុជាតិ មេធាវីរបស់លោកសោម ឯក ហៅទី តូ បានប្រកាសនៅក្រោយពេលប្រកាសសាលក្រមថា លោកនឹងប្ដឹងឧទ្ធរណ៍ ដោយលោកយល់ឃើញថា តុលាការក្រុងភ្នំពេញមិនមានភស្ដុតាងគ្រប់គ្រាន់សម្រាប់ដាក់ទោសលើកូនក្ដីលោកឡើយ។
“គ្មានភស្ដុតាងដាក់បន្ទុក គ្មានសាក្សីមកបំភ្លឺថា កូនក្ដីខ្ញុំជាប់ពាក់ព័ន្ធនឹងអំពើហ្នឹងទេ ក្រៅពីលើកឡើងពីបញ្ហាជំនុំជម្រះលើកមុន"។
លោកសោម ឯកត្រូវបានចាប់ខ្លួនដោយអាជ្ញាធរប៉ូលិសកម្ពុជានៅក្នុងខេត្តបន្ទាយមានជ័យនៅខែមករា ឆ្នាំ២០០៩ គឺជាងមួយឆ្នាំក្រោយពីការដាក់បង្កៃរំសេវប៉ុនប៉ងធ្វើឲ្យស្ដូបមិត្ដភាពកម្ពុជា-វៀតណាម។ ស្ដូបនេះបង្ហាញពីការកាន់កាំភ្លើងរួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពវៀតណាម សម្រាប់ជានិមិត្តរូបនៃការប្រយុទ្ធផ្ដួលរំលំរបបពួកខ្មែរក្រហម។ ស្ដូបប្រវត្តិសាស្ដ្រនេះត្រូវសាងសង់នៅលើសួនច្បារមុខវត្តបទុមវតី្ដ ក្បែរព្រះបរមរាជវាំង។ អាជ្ញាធរបានរកឃើញថា មានរំសេវផ្ទុះប្រមាណជា១០គីឡូក្រាមនៅពេលនោះ បន្ទាប់ពីគីបរំសេវច្នៃនោះផ្ទុះបានបន្ដិច ហើយមិនបណ្ដាលឲ្យមានការខូចខាតធំដុំ ឬក៏គ្រោះថ្នាក់ដល់ជនស៊ីវិលណាម្នាក់ឡើយ។
នៅក្នុងការកាត់ទោសកាលពីខែសីហាកន្លងទៅ លោកសោម ឯកបានសារភាពប្រាប់ចៅក្រម ជំនុំជម្រះថា លោកបានទទួលប្រាក់ឧបត្ថម្ភពីជនជាតិខ្មែរមួយចំនួននៅសហរដ្ឋអាមេរិក នៅប្រទេសកាណាដា និងនៅប្រទេសអូស្ដ្រាលី ដើម្បីធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា។
ក្នុងចំណោមអ្នកឧបត្ថម្ភទាំងនោះ មានលោកថាច់ សាង អតីតតំណាងរាស្ដ្រគណបក្សហ៊្វុនស៊ីនប៉ិចផងដែរ។ ក៏ប៉ុន្ដែតុលាការបានប្រកាសលើកលែងការចោទប្រកាន់លោកថាច់ សាង រួមជាមួយនឹង មនុស្សមួយចំនួនទៀតដែលត្រូវបានលើកឡើងថា បានជាប់ពាក់ព័ន្ធនោះ៕