ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កាត់​ទោស​មេដឹក​នាំ​រណសិរ្ស​រួបរួម​ជាតិឲ្យ​ជាប់​ពន្ធនាគារ


ភរិយា​របស់​មេដឹកនាំ​​រណសិរ្ស​រួប​រួម​ជាតិ​ខ្មែរ​​សញ្ញា​ក្បាល​ខ្លា នៅ​មុខ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ។
ភរិយា​របស់​មេដឹកនាំ​​រណសិរ្ស​រួប​រួម​ជាតិ​ខ្មែរ​​សញ្ញា​ក្បាល​ខ្លា នៅ​មុខ​​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

តុលាការ​ក្រុងភ្នំពេញ ​បាន​កាត់​ទោស​មេដឹកនាំ​រណសិរ្ស​រួបរួម​ជាតិ​ខ្មែរ​ដែល​មាន​សញ្ញា​ក្បាល​ខ្លា​ជា​សំគាល់​ឲ្យ​ជាប់​ពន្ឋនាគារ​ក្នុង​ម្នាក់ៗ​ចំនួន​ពី​២០ទៅ២៨​ឆ្នាំ​ពីបទ​ជាប់​ពាក់ព័ន្ឋ​នឹង​អំពើ​ភេរវកម្ម។​តុលាការ​បាន​លើក​លែង​ការចោទ​ប្រកាន់​ជន​ជាប់​ចោទ​ម្នាក់​ក្នុង​ចំណោម​ជនជាប់​៥​រូប។ បន្ទាប់​ពី​ប្រកាស​សាល​ក្រម​ ទាំង​ជន​ជាប់​ចោទនិង​ភរិយា​របស់​ជន​ជាប់​ចោទ​បាន​ស្រែក​ទ្រហោ​យំ និងបាន​ចោទប្រកាន់​ថា ពូក​គេចាញ់​កល​រដ្ឋា​ភិបាល​ក្រុង​ភ្នំពេញ​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន។

«សូម​តុលាការ​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្តី​ខ្ញុំផង ​ដាក់​គុក​ប្តី​ខ្ញុំ​២០ឆ្នាំ ​ប្តី​ខ្ញុំ​មាន​លុយ​តែ​១៥០​ជា​លុយ​រកស៊ី​សុទសាធ​ សូម​តុលាការ​ សូម​ព្រះអង្គ ​សូម​ព្រះ​ជាម្ចាស់​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្តី​ខ្ញុំ​ផង»។

ខាងលើ​នេះគឺ​ជា​សម្រែកទ្រហោ​យំ​របស់​អ្នក​ស្រី​លី វ៉ាន់ ​អាយុ​៤០ឆ្នាំ ​ភរិយា​របស់​លោក​ពៅ វណ្ណរ៉ា ​នៅចំពោះ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ​បន្ទាប់​ពី​តុលាការ​បាន​ប្រកាស​សាលក្រម​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ឲ្យ​ស្វាមី​របស់​អ្នកស្រី​ជាប់​ពន្ឋនាគារ​រយៈពេល​២០ឆ្នាំ​ពីបទ​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម ។

អ្នកស្រី​បាន​និយាយថា ​ការប្រកាស​សាលក្រម​របស់​តុលាការ​នេះ​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​ស្វាមី​របស់​អ្នកស្រី​ទេ។ អ្នកស្រី​បាន​ថ្លែង​ទៀតថា​ ស្វាមី​របស់​អ្នកស្រី​មិនបាន​ប្រព្រឹត្ត​ខុស​ដូចមាន​ការ​ចោទ​ប្រកាន់​របស់តុលាការ​ទេ។ អ្នក​ស្រី​ថ្លែង​ថា៖

«ពៅ វណ្ណរ៉ា​ ប្តី​ខ្ញុំ​អត់​មាន​ធ្វើ​អ្វី​ខុស​ទេ​សួរ​អ្នកភូមិ ​អ្នកផង​ទាំងពួង​ទៅ ​ប្តី​ខ្ញុំ​អត់​បាន​ធ្វើ​អ្វី​ខុសទេ»។

លោក​ឌិន ស៊ីវុទ្ឋី ​ប្រធាន​ចៅក្រម​ជំនុំជម្រះបាន​លើក​លែង​ការ​ចោទ​ប្រកាន់​លោក ​ភី សាវឹង ​បន្ទាប់​ពី​តុលាការ​បាន​រកឃើញថា ​លោក​ភី សាវឹង​ ពុំមាន​កំហុស​ជាប់ពាក់ព័ន្ឋ ​និង​អំពើ​ភេរវកម្មទេ។

ឯ​ជន​ជាប់ចោទ​ទាំងបួន​រូប​ផ្សេងទៀតរួមមាន​លោក​សម ឯក ​អាយុ​៤៤ឆ្នាំ​ត្រូវ​ជាប់​ពន្ឋនាគារ​រយៈពេល​២៨ឆ្នាំ ​លោក​ឡឹក ប៊ុនញាន​ អាយុ​៤៩ឆ្នាំ ​លោក​ពៅ វណ្ណរ៉ា​ អាយុ​៥១ឆ្នាំ និងលោក ជា គឹមយ៉ាន ​អាយុ​៤៥ឆ្នាំ ​ត្រូវ​ជាប់​ពន្ឋនាគារ​ក្នុង​ម្នាក់ៗ​រយៈពេល​២០ឆ្នាំ។

លោក​ឡឹក ប៊ុនញាន ​បន្ទាប់ពី​តុលាការ​ប្រកាស​សាលក្រម​ លោក​បាន​និយាយថា ​ការ​ប្រកាស សាល​ក្រម​នេះ ​អយុត្តិធម៌។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​ត្រូវ​បាន​គេ​បោក​បញ្ឈោត​ឲ្យ​ប្រើប្រាស់។ លោក​ថ្លែងថា៖

«សូម​អង្គការ​ជាតិ​ អង្គការ​អន្តរជាតិ​រក​យុត្តិធម៌​ខ្ញុំផង​ ខ្ញុំ​ជា​អ្នកទោស​សិប្បនិមិត្ត​មិនមែន​អ្នក​ទោស​ពិត​ប្រាកដ​ទេ​ខ្ញុំ​បា្រប់​ឲ្យ​ច្បាស់»។

អ្នកស្រី​ប៉ុក ណារី ​អាយុ​៤០ឆ្នាំ​ភរិយា​របស់​លោក​ឡឹកប៊ុន ញាន​ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ខាងក្រៅ​របង​តុលាការ​ថា ស្វាមី​របស់​អ្នកស្រី​ ត្រូវ​បាន​គេ​ប្រើប្រាស់​ឲ្យ​កែន​កម្លាំង​ភេរវកម្ម ។

អ្នកស្រី​បាន​និយាយ​ផង ​និង​យំសោក​ផង​យ៉ាង​ដូច្នេះ​ថា ៖

«សម្រេច​ជោគជ័យ​ជូន​សម្តេច​រួច​រាល់​ហើយ ​ហេតុអី្វ​ឥឡូវ​ក៏​ឲ្យ​ប្តី​ខ្ញុំ​ទទួល​នូវ​ភាពអយុត្តិធម៌ជាប់​គុក​ដល់​២០ឆ្នាំ​យ៉ាងនេះ​ ប្រៀបបាន​ដូច​គាត់​ហ្នឹង​សម្លាប់​ប្តី​ខ្ញុំ ​និង​កូនខ្ញុំ ​និង​ខ្ញុំ​ទាំងអស់​មួយ​ពូជ​តែ​ម្តង​ ព្រោះ​ខ្ញុំ​គ្មាន​អ្នកណា​ទេ ​ខ្ញុំ​សូមអង្វរ»។

លោក​សម សុគង់ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​សម ឯក ​បាន​និយាយថា​ ការប្រកាស​សាលក្រម​ នៅ​ថ្ងៃ​នេះ ​ពុំ​មាន​ភាពយុត្តិធម៌​ទេ ​ចំពោះ​កូន​ក្តី​របស់​លោក។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា លោក​នឹង​ពិចារណា​បណ្តឹង​ឧទ្ឋរណ៍​ដើម្បី​ប្រឆាំង​ជំទាស់​ ទៅ​នឹង​ការ​សម្រេច​ក្នុងសាលក្រម​នេះ ។ លោក​បន្ត​ថា៖

«ការ​ដាក់​ទោស​កូន​ក្តី​របស់​ខ្ញុំ​រហូត​ដល់​២៨ឆ្នាំ ​គឺជា​រឿង​មួយ​ ដែល​ថា ​ជា​ការ​ដាក់ទោស​ធ្ងន់​ធ្ងរ​បំផុត​ ចំពោះ​កូន​ក្តី​ខ្ញុំ​ ដែល​គ្រាន់​តែ​ជា​អ្នក​បង្កើត​ការ​ចលនា​ ឬ​ក៏​បង្កើត​គណបក្ស​នយោបាយ​ក្នុង​ការ​ចូល​រួម​បោះឆ្នោត​ថ្នាក់ជាតិ​នៅ​ពេល​ខាងមុខ»។

លោក​ហាក់ ខេងងួន​ មេធាវី​ការពារ​ក្តី​លោក ភី សាវឹង​ បាន​សាទរចំពោះ​ការ​សម្រេច​របស់​តុលា​ការ​ដែល​បាន​លើក​លែង​ការចោទ​ប្រកាន់​កូនក្តី​របស់​លោក។ លោក​បាន​និយាយ​ថា ​ការ​សម្រេច​របស់​តុលាការ​ គឺ​ជា​រឿង​ត្រឹមត្រូវ៖

«តាំង​មន្រ្តី​នគរបាល​យុត្តិធម៌​រហូតដល់​ព្រះរាជអាជ្ញា ​ចៅក្រម​ស៊ើប​ ចៅក្រម​ជម្រះ​មិន​អាច​រក​ភស្តុតាង​ណា​មួយ​បញ្ជាក់​ឲ្យ​ឃើញថា​ កូនក្តី​ខ្ញុំ​បាន​មាន​ ឬ​ក៏បាន​ចូលរួម​ប្រព្រឹត្ត​នូវ​អំពើ​ដាក់​គ្រឿងផ្ទុះ​ គ្រឿងប្រល័យ​នៅ​ទីសាធារណៈ​ទេ ។ អញ្ចឹង​តុលាការ​បាន​ផ្តល់​យុត្តិធម៌​ឲ្យ​គាត់វិញ​ ដោយ​ឲ្យ​គាត់​រួចផុត​ពីបទ​ចោទ​ »។

កាលពី​ថ្ងៃ​ទីពីរ​ ខែ​មករា ​ឆ្នាំ២០០៩​ អាជ្ញាធរ​ក្រុង​ភ្នំពេញ ​បាន​រកឃើញ​គ្រាប់​បែក​បង្កៃ​ចំនួន​បី​ គ្រាប់​ មួយគ្រាប់​ត្រូវបាន​គេ​យក​បង្កៃ​នៅ​ពីមុខ​ក្រសួង​ការពារជាតិ​ និង​ពី​គ្រាប់​ផ្សេង​ទៀត ​ត្រូវបាន​គេយក​បង្កៃ​នៅ​មុខ​ស្ថានីយ​ទូរទស្សន៍​ប៉ុស្តិ៍លេខ៣​ ក៏ប៉ុន្តែ​គ្រាប់បែក​ទាំងបី​គ្រាប់​នោះ​ពុំ​បាន​បង្ក​សំឡេងផ្ទុះ​នោះ​ទេ ។

ការបង្កៃ​គ្រាប់បែក​នេះ បាន​ធ្វើ​ឡើង​រយៈពេល​មួយថ្ងៃ​ប៉ុណ្ណោះ​ មុន​ពិធី​អាពាហ៍​ពិពាហ៍កូន​លោក នាយករដ្ឋមន្រ្តី​ហ៊ុន សែន ។ អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​របស់​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​ចោទ​ប្រកាន់​ថា ​ការបង្កៃ​គ្រាប់បែក​នេះ ​មាន​បំណង​ប្រឆាំងនឹង​ស្មារតី​ថ្ងៃ​៧ខែមករា៕

XS
SM
MD
LG