តុលាការខេត្តកំពង់ស្ពឺ បានសម្រេចលើកលែងការចោទប្រកាន់ទាំងស្រុងចំពោះលោក យូរ ថូ និងលោកឃឹម រិទ្ធី ពាក់ព័ន្ធនិងរឿងទំនាស់ដីធ្លីជាមួយលោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ខាងគណបក្សប្រជាជនមួយរូប។ ក៏ប៉ុន្តែលោកយូរ ថូ បាននិយាយថា ការដោះលែងនេះ លោកមិន សប្បាយចិត្តទេ ហើយលោកនឹងតស៊ូដើម្បីផលប្រយោជន៍ប្រជាជន។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖
យោងតាមដីកាលើកលែងការចោទប្រកាន់មួយរបស់លោកកែវ មុនីចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៨ ខែឧសភាកន្លងទៅនេះ បានសម្រេចលើកលែងការចោទប្រកាន់ទាំងស្រុងចំពោះលោកយូរ ថូ អាយុ៦២ឆ្នាំ និងលោកឃឹម រិទ្ធី អាយុ៣០ឆ្នាំពាក់ព័ន្ធទៅនឹងរឿង ទំនាស់ដីធ្លីមួយជាមួយនិងលោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាដ៏មានឥទ្ធិពលមួយរូបខាង គណបក្សប្រជាជនកម្ពុជានៅក្នុងខេត្តកំពង់ស្ពឺ។
លោកយូរ ថូ និងលោកឃឹម រិទ្ធី ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួនកាលពីថ្ងៃទី២៣ ខែមិនា ក្រោមបទចោទប្រកាន់ថា បានបង្កអគ្គីភ័យដោយចេតនា ធ្វើឲ្យខូចខាតដោយចេតនា និងផ្សំគំនិតប្រព្រឹត្តនៅក្នុងឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមីនា។
លោកកែវ មុនី ចៅក្រមស៊ើបសួរនៃតុលាការខេត្តកំពង់ស្ពឺ បានបដិសេធពុំផ្តល់អត្ថាធិប្បាយ ចំពោះដីកាសេចក្តីសម្រេចលើកលែងការចោទប្រកាន់នេះទេ។ ក៏ប៉ុន្តែបើតាមដីកាលើកលែងការចោទ ប្រកាន់របស់សាលាដំបូងខេត្តកំពង់ស្ពឺ ដែលVOA សំឡេងសហរដ្ឋអាមេរិកបានទទួលបានឲ្យ ដឹងថា លោកយូរ ថូ និងលោកឃឹម រិទ្ធី ពុំបានចូលរួមដុតបំផ្លាញផ្ទះ និងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ របស់ក្រុមហ៊ុនភ្នំពេញSUGAR ទេ។
លោកស្រីឈាង គឹមស៊ុន តំណាងក្រុមហ៊ុនភ្នំពេញSUGAR បានបដិសេធពុំធ្វើអត្ថាធិប្បាយទេ ដោយលោកស្រីបាននិយាយថា នេះជាការសម្រេចរបស់លោកកញ៉ាលី យ៉ុងផាត់តែប៉ុណ្នោះ។
"ការដោះលែងនេះគឺគាត់បានជួបជាមួយឯកឧត្តម ឧកញ៉ាប្រធានក្រុមហ៊ុនដល់គាត់សម្រេច យ៉ាងណាៗ ខ្ញុំអត់ដឹងទេ។ អាហ្នឹងគឺជាគោលការណ៍របស់គាត់"។
លោកយូរ ថូ និងលោកឃឹម រិទ្ធី ត្រូវបានតុលាការខេត្តកំពង់ស្ពឺ ដោះលែងឲ្យនៅក្រៅឃុំ ជាបណ្តោះអាសន្នកាលពីថ្ងៃទី២៩ ខែមីនា។
លោកយូរ ថូ បានមានប្រសាសន៍ថា លោកបានទទួលដីកាលើកលែងការចោទប្រកាន់នេះ ហើយ ដោយលោកឧកញ៉ាលី យ៉ុងផាត់ជាអ្នកកាន់ដោយផ្ទាល់ដៃរបស់លោកយកទៅឲ្យលោកដល់ ផ្ទះនៅឃុំអមលាំង ខេត្តកំពង់ស្ពឺ។
លោកបានមានប្រសាសន៍ថា លោកមិនសូវសប្បាយរីករាយប៉ុន្មានទេចំពោះសេចក្តីសម្រេចនេះ ពីព្រោះការដោះលែង និងការចាប់ចង លោកឧកញ៉ាលី យ៉ុងផាត់ជាអ្នកបញ្ជា។
លោកយូរ ថួ បានមានប្រសាសន៍ទៀតថា បញ្ហាដីធ្លីរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនភ្នំពេញ SUGAR នៅតែបន្តកើតមានដដែល ដែលជំរុញឲ្យលោកនៅតែបន្តតស៊ូ ដើម្បីការពារប្រជាពលរដ្ឋដដែល។
"ខ្ញុំអត់ទាន់សប្បាយចិត្តនៅឡើយ ព្រោះអីដីយើងក៏នៅមានបញ្ហាតឹងតែង។ វាមិនដឹងថា ការដោះដូរនឹងបានយ៉ាងណា។ វាអាចសមស្របទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ឬក៏អត់។ ហើយដែលបានមកហើយហ្នឹង មិនដឹងថា នៅវស្សានេះ យើងធ្វើទាន់ ឬក៏អត់ ព្រោះអីដីខាងនោះវាមាន ដីភ្លឺស្រែអីស្រាប់ ហើយដល់ពេលយើងខាងនេះ វាគ្រាន់តែដី គាត់ឈូសឆាយឲ្យហើយមែន ក៏ប៉ុន្តែស្រែ ភ្លឺអីក៏វាអត់មាន"។
លោកឧកញ៉ាលី យ៉ុងផាត់ នៅថ្ងៃច័ន្ទនេះ បានបដិសេធពុំធ្វើអត្ថាធិប្បាយទេ ដោយលោក បាននិយាយថា កំពុងជាប់រវល់។
ចំណែកឯលោកស្រីអ៊ូច បូ មន្រ្តីសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សADHOC ប្រចាំខេត្ត កំពង់ស្ពឺ បានមានប្រសាសន៍ថា បើតាមផ្លូវច្បាប់ ការលើកលែងការចោទប្រកាន់របស់តុលាការនេះ គឺជារឿងត្រឹមត្រូវ ពីព្រោះលោកយូរ ថូ និងលោកឃឹម រិទ្ធី ពុំបានប្រព្រឹត្តខុសដូចការចោទប្រកាន់នោះទេ។
"ពាក់ព័ន្ធការលើកលែងហ្នឹង បងចង់ឲ្យអនុសាសន៍មួយថា បើសិនជាបានលើកលែងគាត់ហើយ លើកលែងរហូតកុំឲ្យមានការចាប់ខ្លួនសារជាថ្មីទៀតណាស់"។
ក្រុមហ៊ុនភ្នំពេញSUGAR របស់លោកឧកញ៉ាលី យ៉ុងផាត់ បានទទួលដីសម្បទានសេដ្ឋកិច្ចពី រដ្ឋាភិបាលចំនួនជាង៨០០០ហិកតា សម្រាប់ធ្វើការអភិវឌ្ឍដាំដើមអំពៅ នៅក្នុងខេត្តកំពង់ស្ពឺ។
ប្រជាពលរដ្ឋ នៅក្នុងឃុំអមលាំង ខេត្តកំពង់ស្ពឺ បានចោទប្រកាន់ក្រុមហ៊ុនភ្នំពេញSUGARថា បានរំលោភយកដីរបស់ពួកគេជាង៨០០ហិកតា ដែលបង្កឲ្យបញ្ហាទំនាស់រវាងប្រជាពលរដ្ឋបានកើត មានឡើងជាមួយនិងក្រុមហ៊ុនរហូតមកដល់បច្ចុប្បន្ននេះ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សំឡេងស.រ.អ.៕