តុលាការក្រុងភ្នំពេញ នៅថ្ងៃច័ន្ទនេះ បានចាប់ផ្តើមសាកសួរលោកឧត្តមសេនីយ៍ ឈឿន ចាន់ថន ហៅ ម៉ៅ អតីតមេបញ្ជាការកងអង្គរក្សរបស់លោកជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបន្ទាប់ពីបានចាប់ខ្លួនពីលំនៅដ្ឋានរបស់លោកកាលពីចុងសប្តាហ៍។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការ។
លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បានប្រាប់ VOA សំឡេងសហរដ្ឋអាមេរិកតាមទូរស័ព្ទថា តុលាការបានធ្វើការសាកសួរលោកឈឿន ចាន់ថន ពាក់ព័ន្ធនឹងអាវុធខុសច្បាប់ព្រមទាំងក្លែងឯកសារសាធារណៈ។
ទោះជាយ៉ាងណាក៏ដោយតុលាការមិនទាន់បានធ្វើការចោទប្រកាន់ជាផ្លូវការភ្លាមៗទេ ហើយនឹងបន្តនីតិវិធីសាកសួររបស់ខ្លួនបន្ថែមទៀតនៅថ្ងៃអង្គារ។
លោក មាស ច័ន្ទពិសិដ្ឋបានបញ្ជាក់ថា៖
«ពាក់ព័ន្ធនឹងអាវុធ ហើយក្លែងលិខិតសាធារណៈ មាត្រា២០ច្បាប់ស្តីពីគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ មាត្រា២២ ច្បាប់ហ្នឹងដែរ ហើយហ្នឹងមាត្រា៦២៩-៦៣០ នៃក្រមព្រហ្មទណ្ឌ»។
លោកឈឿន ចាន់ថនមិនបានធ្វើអត្ថាធិប្បាយណាមួយចំពោះអ្នកសារព័ត៌មានទេ បន្ទាប់ពីលោកដើរចេញពីបន្ទប់សាកសួរ។
លោកហ៊ុល ស៊ីណាមេធាវីការពារក្តីលោកឈឿន ចាន់ថនបានបដិសេធមិនធ្វើអត្ថាធិប្បាយចំពោះតុលាការដែលបានកោះហៅកូនក្តីរបស់លោកមកសាកសួរទេ។
«គេចោទពីអី! អត់ទេចាំបង ចាំបងឯងសួរតុលាការ»។
លោកឧត្តមសេនីយ៍ឈឿន ចាន់ថនត្រូវបានកងរាជអាវុហត្ថរាជធានីភ្នំពេញចាប់ខ្លួនកាលពីព្រឹកថ្ងៃសៅរ៍កន្លងទៅនេះ នៅផ្ទះរបស់លោកដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។ បន្ទាប់ពីបានចាប់ខ្លួន យកអាវុធចំនួន១១ដើមដែលរួមមានអាវុធវែងចំនួន៧ដើម និងអាវុធខ្លីចំនួន៤ដើម ព្រមទាំងគ្រាប់១.៤០០គ្រាប់ និងសម្ភារៈយោធាមួយចំនួនទៀត។
លោកណាច ទ្រី មេធាវីការពារក្តីរដ្ឋាភិបាលបានបញ្ជាក់ថា ការចាប់ខ្លួនលោកឈឿន ចាន់ថន បានធ្វើឡើងតាមពាក្យបណ្តឹងរបស់លោកយឹម លាងមេបញ្ជាការរងកងអង្គរក្សលោកជា ស៊ីម ដែលបានប្តឹងពីបទក្លែងឯកសារសាធារណៈ នឹងបាត់បង់សម្ភារៈយោធាមួយចំនួន។
លោកឈឿន ចាន់ថនត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាដកតួរនាទីរបស់លោកជាឧត្តមសេនីយ៍ឯក និងជាមេបញ្ជាការកងអង្គរក្សលោកជា ស៊ីមប្រធានព្រឹទ្ធសភាប៉ុន្មានម៉ោងតែប៉ុណ្ណោះបន្ទាប់ពីលោកត្រូវបានចាប់ខ្លួន។
ព្រះមហាក្សត្រ នៅថ្ងៃដដែលនេះ ក៏បានឡាយព្រះហស្ថតែងតាំងលោកយឹម លាង ឲ្យកាន់តួរនាទីជាមេបញ្ជាការកងអង្គរក្សលោក ជា ស៊ីម ជំនួសលោកឈឿន ចាន់ថនក្នុងពេលជាមួយគ្នានោះផងដែរ៕