ភ្នំពេញ៖ តុលាការក្រុងភ្នំពេញ បានដកថយមួយជំហាននៅថ្ងៃសុក្រនេះ ដោយសុខចិត្តផ្អាកមួយរយៈនៅក្នុងការបង្ខំឲ្យលោកស្រីមូរ សុខហួរ តំណាងរាស្រ្តគណបក្សជំទាស់សម រង្ស៊ី បង់ប្រាក់ចូលថវិកាជាតិ បន្ទាប់ពីលោកស្រីត្រូវបានតុលាការកាត់ឲ្យចាញ់ក្តីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងបន្ទាប់ពីកំហិតឲ្យបង់ប្រាក់នេះ បានផុតថ្ងៃកំណត់កាលពីម្សិលមិញ។ ក៏ប៉ុន្តែមេធាវីរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញឲ្យរដ្ឋសភាកាត់ប្រាក់ខែរបស់លោកស្រីមូរ សុខហួរ ដើម្បីសងជម្ងឺចិត្តលោកហ៊ុន សែន។
លោកសុខ រឿន ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញមានប្រសាសន៍ថា លោកបានជូនដំណឹងអំពីការផ្អាកនេះ ទៅកាន់លោកស្រីមូរ សុខហួរ ហើយនៅថ្ងៃនេះ ដោយសារតែលោកស្រីត្រូវបង់ប្រាក់ពិន័យ ចំនួនពីរនៅក្នុងពេលតែមួយ។ លោកសុខ រឿន មានប្រសាសន៍ថា បើយោងទៅតាមក្រមនីតិវិធីព្រហ្មទណ្ឌមាត្រា៥៣៣ ព្រះរាជ អាជ្ញាមានសិទ្ឋិផ្អាកការបង្ខំទារសំណងនៅក្នុងករណីបែបនេះ។ លោកបានថ្លែងថា៖
«វាសម្រេចទីមួយ ផ្អាកការអនុវត្តបញ្ជាបង្ខំដល់រូបកាយជាបណ្តោះអាសន្នទុកឲ្យតុលាការអនុវត្ត ដោយបង្ខំទារប្រាក់សំណងជម្ងឺចិត្តជាមុន ដោយផ្អែកតាមមាត្រា៥៣៣ ករណីប្រជែងគ្នា ប្រាក់សំណងជម្ងឺ ចិត្តត្រូវមានអទិភាពទទួលសងមុនគេ»។
លោកសុខ សំអឿន នាយកប្រតិបត្តិនៃអង្គការក្រុមអ្នកច្បាប់ការពារសិទិ្ឋកម្ពុជា មានប្រសាសន៍ថា ការសម្រេចចិត្តនេះ គឺជាការបន្ទន់ជំហរមួយរបស់តុលាការក្រុងភ្នំពេញ ហើយវាគឺជាគំរូដ៏ល្អមួយសម្រាប់ ការអនុវត្តនៅថ្ងៃខាងមុខ។
លោកស្រីមូរ សុខហួរ តំណាងរាស្ដ្រខេត្តកំពតត្រូវតុលាការកំពូលសម្រេចកាលពីដើមខែមិថុនា ឆ្នាំ២០១០នេះ ឲ្យលោកស្រីចាញ់ក្ដីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ពីបទបរិហាកេរ្តិ៍។ តុលាការបានពិន័យ លោកស្រីឲ្យបង់ប្រាក់ចំនួន១៦លាន៥សែនរៀល ឬស្មើនឹងប្រមាណជា៤.០០០ដុល្លារអាមេរិក ដែលក្នុងចំនួននេះ ប្រមាណ ជា២.០០០ដុល្លារអាមេរិកត្រូវបង់ចូលជាថវិកាជាតិ និងនជិត២.០០០ដុល្លារទៀតត្រូវបង់សងជាជំងឺចិត្តដល់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន។
យោងតាមលិខិតជូនដំណឹងរបស់ចៅក្រមជា សុខហៀង នៃតុលាការក្រុងភ្នំពេញ ផ្ញើជូនលោក ព្រះរាជអាជ្ញាសុខ រឿន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានឲ្យដឹងថា លោកគី តិច មេធាវីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានស្នើឲ្យតុលាការក្រុងភ្នំពេញធ្វើសំណើទៅកាន់រដ្ឋសភាជាតិ ដើម្បីកាត់ប្រាក់ខែ លោកស្រីមូរ សុខហួរ សម្រាប់ជាការសងជំងឺចិត្តដល់កូនក្តីរបស់លោក។
លោកជាម យៀប ប្រធានគណៈកម្មាការហិរញ្ញវត្ថុ និងធនាគាររបស់រដ្ឋសភាមានប្រសាសន៍ថា រហូតមកទល់ល្ងាចថ្ងៃសុក្រនេះ នៅមិនទាន់មានសំណើពីតុលាការក្រុងភ្នំពេញដើម្បីស្នើសុំកាត់ប្រាក់ខែលោកស្រីមូរ សុខហួរ នៅឡើយ។
ដោយឡែកលោកស្រីមូរ សុខហួរ មានប្រសាសន៍ថា លោកស្រីនៅតែប្រកាន់ជំហរមិនព្រមបង់លុយនេះទេ ដោយសំអាងថា តុលាការខ្មែរមិនឯករាជ្យ។ លោកស្រីមានប្រសាសន៍ដូច្នេះថា៖
«ជំហរខ្ញុំនៅដដែល គឺខ្ញុំមិនបានប្រព្រឹត្តិអ្វីខុសទេ។ ចង់បង្ខំឲ្យខ្ញុំបង់ឥឡូវ បង្ខំចាប់ខ្លួនខ្ញុំ ជំហរខ្ញុំនៅដដែល»។
ជាមួយគ្នានេះដែរ លោកយឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសម រង្ស៊ី មានប្រសាសន៍ថា គណបក្សរបស់លោកគាំទ្រការសម្រេចចិត្តរបស់លោកស្រីមូរ សុខហួរ។ ទោះជាយ៉ាងណាលោកជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ និងធនាគារមកពីគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ការសម្រេចចិត្តកាត់ប្រាក់ខែលោកស្រីមូរ សុខហួរ នៅក្នុងរដ្ឋសភាអាចនឹងធ្វើទៅបានលុះណាតែមានការយល់ព្រមពីលោកស្រីមូរ សុខហួរ ផងដែរ។