មេដឹកនាំគណបក្សប្រឆាំងគឺលោកសម រង្ស៊ី បានបង្ហាញពីជំហរស្ទាក់ស្ទើរនៅឡើយថា តើគណបក្សរបស់លោកនឹងត្រូវបង្ហាញមុខនៅក្នុងតុលាការក្រុងភ្នំពេញទាក់ទិនទៅនឹងបណ្តឹងថ្មីមួយទៀតដែលប្តឹងដោយក្រសួងមហាផ្ទៃឬក៏យ៉ាងណា។
ក្រសួងមហាផ្ទៃ កាលពីឆ្នាំ២០០៧ បានដាក់ពាក្យបណ្តឹងមួយច្បាប់ទៅតុលាការក្រុងភ្នំពេញអំពីភាពយឺតយ៉ាវរបស់គណបក្សសម រង្ស៊ី ក្នុងការធ្វើរបាយការណ៍អំពីសកម្មភាពរបស់គណបក្សកាលពីឆ្នាំ២០០៦។ រហូតមកដល់ពេលនេះ មានអាយុកាលប្រមាណជាងបួនឆ្នាំមកហើយ តុលាការក្រុងភ្នំពេញទើបតែកំណត់ពេលនៅថ្ងៃទី២២ ខែមិថុនា ខាងមុខនេះ ដើម្បីបើកសវនាការជំនុំជម្រះចំពោះករណីនេះ។
លោកសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ី បានមានប្រសាសន៍នៅថ្ងៃច័ន្ទនេះ ថាលោកនឹងឲ្យមន្រ្តីរបស់លោកពិនិត្យចំពោះសវនាការនេះ។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកសម រង្ស៊ី បានអះអាងថា លោកមិនអើពើចំពោះតុលាការកម្ពុជាទេ។
«ជាការចោទប្រកាន់លើគោកមួយទៀត ចោទប្រកាន់ចំពោះគណបក្សសម រង្ស៊ី ដែលសឲ្យឃើញថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សកាន់អំណាចសព្វថ្ងៃគឺគេភ័យខ្លាចគណបក្សសម រង្ស៊ី ហើយគេខ្លាចគណបក្សសម រង្ស៊ីមួយគត់។ អញ្ចឹងហើយបានគេរករឿងតែគណបក្សសម រង្ស៊ី មួយគត់»។
យោងតាមដីកាកោះហៅដែលបានចេញកាលពីថ្ងៃទី០៦ ដែលមានចុះហត្ថលេខាដោយលោក ហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញបានបង្គាប់ឲ្យលោកសម រង្ស៊ី ចូលខ្លួននៅក្នុងសវនាការជំនុំជម្រះនៅថ្ងៃទី២២ខែមិថុនាខាងមុខនេះ។
លោកហ៊ីង ប៊ុនជា ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បានមានប្រសាសន៍ថាសវនាការនេះធ្វើឡើងតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃពាក់ព័ន្ធទៅនឹងច្បាប់បង្កើតគណបក្សនយោបាយ។
លោកបានមានប្រសាសន៍ថា ប្រសិនណាបើតុលាការរកឃើញទោសកំហុសគណបក្សសម រង្ស៊ី និង ត្រូវផាកពិន័យប្រមាណ៣.០០០.០០០រៀល គឺស្មើនឹងជាង៥០០ដុល្លារសហរដ្ឋអាមេរិក។
«បណ្តឹងតាំងពីឆ្នាំ២០០៧ នៅពេលដែលយើងអត់ធ្វើរបាយការណ៍ទៅតាមច្បាប់គណបក្សនយោបាយគេត្រូវ(ធ្វើ)របាយការណ៍យ៉ាងម៉េចៗហើយត្រូវមានការផ្តន្ទាទោសពិន័យខាងមហាផ្ទៃគេសុំឲ្យផ្តន្ទាទោស»។
លោកយឹម សុវណ្ណ អ្នកតំណាងរាស្រ្ត និងជាអ្នកនាំពាក្យគណបក្សសម រង្ស៊ី បានមានប្រសាសន៍ថា តុលាការត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ។
លោកបានមានប្រសាសន៍ទៀតថាគណបក្សសម រង្ស៊ី បានធ្វើរបាយការណ៍ស្តីពីសកម្មភាពរបស់ខ្លួនតាំងពីឆ្នាំ២០០៦មកម្ល៉េះហើយក្រសួងមហាផ្ទៃនិងក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានទទួលរួចរាល់អស់ហើយ។
«យើងកត់សម្គាល់ឃើញថា ពាក្យបណ្តឹងទុកចោលតាំងពីឆ្នាំ២០០៦ ហើយទើបតែមករករឿង នាំរឿងនៅពេលនេះ។ នេះជារឿងមួយ ដែលវាអត់មានសារៈសំខាន់អ្វីទាល់តែសោះ ដើម្បីជជែកវែកញែកអំពីរឿងហ្នឹងសំខាន់គឺក្រសួងមហាផ្ទៃត្រូវគិតបញ្ហាជាអាយុជីវិតជាតិ»។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃមិនអាចទំនាក់ទំនងបានទេនៅថ្ងៃច័ន្ទនេះ ក៏ប៉ុន្តែកាលពីថ្ងៃសៅរ៍សប្តាហ៍មុនលោកបានមានប្រសាសន៍ប្រាប់ វីអូអេសំឡេងសហរដ្ឋអាមេរិកថា ក្រសួងមហាផ្ទៃមិនមែនប្តឹងតែគណបក្សសម រង្ស៊ី មួយទេ គឺមានគណបក្សចំនួនប្រាំពីរផ្សេងទៀតដែលបានយឺតយ៉ាវក្នុងការធ្វើរបាយការណ៍មកក្រសួងមហាផ្ទៃ។
«គណបក្សនយោបាយត្រូវធ្វើរបាយការណ៍ប្រចាំឆ្នាំមកក្រសួងមហាផ្ទៃសកម្មភាពនិងថវិកាអ្វីៗច្បាប់គេថាអញ្ចឹង។ បើគាត់មិនធ្វើមកវាខុសច្បាប់។ (បើ)ខុសច្បាប់ក្រសួងប្តឹងដាក់ពាក្យឡើងតុលាការផាកពិន័យប្រមាណ៣លានរៀល»។
លោក គុល បញ្ញា នាយកប្រតិបត្តិអង្គការឃ្លាំមើលដំណើការបោះឆ្នោតមួយ ដែលហៅកាត់ ថា Comfrel បានមានប្រសាសន៍ថា ក្រសួងមហាផ្ទៃ គួរតែចេញលិខិតព្រមានដល់គណបក្សសម រង្ស៊ី ជាមុន មុននឹង សម្រេចប្តឹងទៅតុលាការ។
លោកបានមានប្រសាសន៍ទៀតថា នៅពេលដែលមានសវនាការជំនុំជម្រះក្តីជិតដល់ពេលបោះឆ្នោត នោះ នឹងធ្វើឲ្យបរិយាកាសនយោបាយវិលវល់៕