តុលាការរាជធានីភ្នំពេញបានចេញដីកាចាប់ខ្លួនលោកសមរង្ស៊ី មេដឹកនាំគណបក្សប្រឆាំងចំពោះការផ្សព្វផ្សាយផែនទីព្រំដែន ក្លែងក្លាយរវាងប្រទេសកម្ពុជានិងប្រទេសវៀតណាម នៅលើគេហទំព័រគណបក្សរបស់លោកនៅដើមឆ្នាំនេះ។
រដ្ឋាភិបាលបានប្តឹងលោកសមរង្ស៊ីទៅតុលាការរាជធានីភ្នំពេញ អំពីការផ្សព្វផ្សាយព័ត៌មានមិនពិតដែលមានទោសជាប់ពន្ធនាគាររយៈពេល៣ឆ្នាំ និងការក្លែងឯកសារសាធារណៈដែលមានទោសជាប់ពន្ធនាគារជាង១៥ឆ្នាំ។
លោកសម រង្ស៊ីបានផ្សព្វផ្សាយផែនទីនៅលើគេហទំព័រគណបក្សប្រឆាំងរបស់លោក កាលពីខែកុម្ភៈដោយអះអាងថា ប្រទេសកម្ពុជាបានបាត់បង់ដីដោយការឈ្លានពានរបស់ប្រទេសវៀតណាម។ ផែនទីនៅលើគេហទំព័រនេះ គឺជាផែនទីត្រឹមត្រូវ និងជួយការពារបូរណភាពទឹកដីកម្ពុជា។ ផែនទីនេះឆ្លុះបញ្ចាំងពីព្រំដែនរបស់ប្រទេសកម្ពុជាដែលបានយកទៅតម្កល់នៅអង្គការសហប្រជាជាតិ។
ផែនទីនេះត្រូវបានផ្សព្វផ្សាយនៅលើគេហទំព័រ បន្ទាប់ពីលោកសមរង្ស៊ី ត្រូវបានគេរកឃើញទោសកំហុសនៅក្នុងខែមករា អំពីការដកតម្រុយបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជាវៀតណាម ដែលក្រុមអ្នកភូមិបាននិយាយថា ពួកគាត់បានបាត់បង់ដីដោយការរំលោភរបស់អាជ្ញាធរវៀតណាម។
លោក អឿង សៀង ចៅក្រមស៊ើបសួរនៃតុលាការក្រុងភ្នំពេញបានបញ្ជាក់នៅក្នុង ដីកាបង្គាប់ឱ្យចាប់ខ្លួន ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ ដែលបានផ្សព្វផ្សាយដល់ប្រព័ន្ធព័ត៌មាននៅថ្ងៃអង្គារនេះថា «យើងសម្រចឱ្យចាប់ខ្លួនឈ្មោះសមរង្ស៊ី និងបញ្ជាដល់កងកម្លាំងសាធារណៈឱ្យស្រាវជ្រាវរកចាប់ និងឱ្យនាំខ្លួនបុគ្គលសមរង្ស៊ីនេះមកប្រគល់ជូនសាលា ដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់»។
លោក ជួង ជូងី មេធាវីរបស់លោកសម រង្ស៊ី បានថ្លែងថា លោកបានទទួលដីកាចាប់ខ្លួននេះហើយលោកសមរង្ស៊ីបានដឹងពី ដីកាចាប់ខ្លួននេះហើយ។ លោកថ្លែងដូច្នេះថា៖
«ខ្ញុំបានថតចម្លងដីកាចាប់ខ្លួន និងដីកាបង្គាប់ឱ្យនាំខ្លួនពីតុលាការបានមកហើយ។ខ្ញុំមានវិធីរបស់ខ្ញុំក្នុងការការពារសិទ្ធិរបស់កូនក្តីខ្ញុំ ប៉ុន្តែខ្ញុំមិនអាចបកស្រាយបានទេ។»
លោក គី តិច មេធាវីរបស់រដ្ឋាភិបាល បានសុំឱ្យតុលាការផ្តន្ទាទោសលោកសម រង្ស៊ីតាមផ្លូវច្បាប់ បើតុលាការរកឃើញទោសកំហុសរបស់លោកសមរង្ស៊ី ដូចការចោទប្រកាន់មែននោះ។ លោកគី តិច បន្តថា៖
«ខ្ញុំគ្រាន់តែបញ្ជាក់ឱ្យខ្លីថា ការដែលលោកសមរង្ស៊ីធ្វើឡើងនេះ គឺជាការច្នៃប្រឌិតរបស់គាត់។ តាមអ្នកបច្ចេកទេសបានឱ្យដឹងថា គាត់បានបំប្លែង (ផែនទី)។ ការបំប្លែងរបស់គាត់នេះធ្វើឱ្យបង្គោលព្រំដែនខុសពីកន្លែងពិត ដែលគណៈកម្មការកិច្ចការព្រំដែនកំពុងតែធ្វើការនៅឡើយ។»
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនរបស់រដ្ឋាភិបាល បានបញ្ចាក់ក្នុងលិខិតជូនតុលាការចុះថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១០ថា ផែនទីដែលលោកសម រង្ស៊ីបានផលិត និងបានធ្វើការផ្សព្វផ្សាយជាផែនទីមួយមិនត្រឹមត្រូវ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្នុងទីក្រុង ប៉ារីសបានបញ្ចាក់ប្រាប់ វីអូអេ ពីទីក្រុងប៉ារីសថា ផែនទីនៅលើគេហទំព័រគណបក្សរបស់លោក ជួយការពារទឹកដីកម្ពុជាពីការឈ្លានពានរបស់ប្រទេសវៀតណាម។
«ខ្ញុំអត់ចាប់អារម្មណ៍នឹងដីកាចាប់ខ្លួនខ្ញុំនេះទេ ពីព្រោះរឿងនេះ មិនមែនរឿងបុគ្គលសម រង្ស៊ី ឬរឿងគណបក្សសមរង្ស៊ីទេ ជារឿងប្រទេសកម្ពុជាតទល់ជាមួយនឹងប្រទេសវៀតណាម ពីព្រោះប្រទេសវៀតណាមកំពុងតែលេបត្របាក់ទឹកដីប្រទេសកម្ពុជា។ ដូច្នេះរឿងនេះជារឿងខ្មែរទាំងអស់គ្នា ក្នុងការការពារបូរណភាពទឹកដីប្រទេសកម្ពុជារបស់យើង។»
លោក សម រង្ស៊ីបានថ្លែងថា តំណាងរាស្ត្រគណបក្សសម រង្ស៊ីចំនួន២៦រូបប្តឹងទៅអង្គការសហប្រជាជាតិប្រឆាំងនឹងប្រទេសវៀតណាម។