បន្ទាប់ពីបានសាកសួរអស់រយៈពេលបីថ្ងៃជាប់ៗគ្នា តុលាការក្រុងភ្នំពេញបានសម្រេចឃុំខ្លួនជនជាតិចិនចំនួនបួននាក់ពីបទជួញដូរថ្នាំញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ក៏ប៉ុន្តែបានសម្រេចលើកលែងការចោទប្រកាន់ជនជាតិចិន៥នាក់ផ្សេងទៀត។
លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងតុលាការក្រុងភ្នំពេញបាននិយាយប្រាប់វីអូអេសំឡេងសហរដ្ឋអាមេរិកថា ដោយសារតែមិនមានធាតុផ្សំបទល្មើសគ្រប់គ្រាន់តុលាការបានសម្រេចដោះលែងជនជាតិចិនទាំង៥នាក់។
«យើងមិនអាចចោទគេបានដោយធាតុផ្សំមិនទាន់គ្រប់។ អញ្ចឹងនៅពេលចៅក្រមរកឃើញអាចចេញដីកាបង្គប់ឲ្យចាប់វិញបាន»។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនកងរាជអាវុធហត្ថរាជធានីភ្នំពេញបានចាប់ខ្លួនជនជាតិចិនចំនួនប្រាំបួននាក់ដាច់ដោយឡែកៗពីគ្នានៅក្នុងខ័ណ្ឌដង្កោ និងខ័ណ្ឌ៧មករាជាមួយនឹងថ្នាំញៀនគ្រប់ប្រភេទចំនួនជាងពីរគីឡូក្រាមនិងអាវុធខ្លីចំនួន១ដើម។
តុលាការក្រុងភ្នំពេញបានធ្វើការសាកសួរអស់រយៈពេលចំនួនបីថ្ងៃដោយសម្រេចឃុំខ្លួនមនុស្សចំនួនប្រាំនាក់ជាបន្តបន្ទាប់ពីថ្ងៃច័ន្ទរហូតមកដល់ថ្ងៃពុធនេះ។ នេះបើតាមការបញ្ជាក់របស់លោកឌុច គឹមសន ចៅក្រមស៊ើបអង្កេត។
«គេយកពីព្រះរាជអាជ្ញាទំរាំមកដល់ចៅក្រមវាយូរពីព្រោះវាច្រើន យើងធ្វើអត់ទាន់។ខ្ញុំសម្រេចឃុំខ្លួនហើយពីបទជួញដូរគ្រឿងញៀន»។
មន្ត្រីស្ថានទូតចិនប្រចាំកម្ពុជាមិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេនៅថ្ងៃពុធនេះ។ ជនជាតិចិនទាំងបួននាក់ដែលត្រូវតុលាការសម្រេចឃុំខ្លួនមានឈ្មោះ ធូ វ៉ៃជុន (Tu Wei Jun) អាយុ២៧ឆ្នាំ លីន ជឺឡុង( Lin Zhi Long) អាយុ២៦ឆ្នាំ លី ហៃកាង(Li Hai Gang) អាយុ២៨ឆ្នាំ ដែលអ្នកទាំងបីជាជនជាតិចិនដីគោគ និងជុង យ៉ុងថាយ (Zhong Yong Tai) អាយុ៣០ឆ្នាំដែលជាជនជាតិចិនតៃវ៉ាន់។
ដីកាឃុំខ្លួនជនជាតិចិនទាំងបួននាក់នេះត្រូវបានចេញមួយថ្ងៃក្រោយពីតុលាការខេត្តបន្ទាយមានជ័យបានកាត់ទោសមន្ត្រីប៉ូលីសចំនួនប្រាំនាក់ដែលរួមមានលោក ហ៊ុន ហ៊ាន អតីតស្នងការប៉ូលីសខេត្ត លោក ឈៀន សុន អតីតស្នងការរងប៉ូលីសខេត្តព្រមទាំងមន្ត្រីប៉ូលីសបីរូបផ្សេងទៀតពីបទទទួលសំណូកពាក់ព័ន្ឋនឹងថ្នាំញៀនដែលប្តឹងដោយអង្គភាពប្រឆាំងអំពើពុករលួយ។
លោកឧត្តមសេនីយទោខៀវ សាម៉ន ប្រធានមន្ទីរប្រឆាំងគ្រឿងញៀនបាននិយាយថា ក្នុងរយៈពេលប្រាំបួនខែដើមឆ្នាំ២០១១នេះអាជ្ញាធរបានបង្ក្រាបករណីជួញដូរថ្នាំញៀនចំនួន៧០៩ករណីនិងរឹបអូសថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ចំនួន២សែន៥ពាន់គ្រាប់ ថ្នាំញៀនមេតំហ្វេតាមីនទឹកកកជាង១៣គីឡូក្រាម កញ្ឆាក្រៀមជាង៨គីឡូក្រាម ម៉្សៅហេរ៉ូអ៊ីន ៣គីឡូក្រាម និងថ្នាំញៀនអ៊ិចស្តាស៊ីចំនួន១.៦០០គ្រាប់។
លោកបានបញ្ជាក់ទៀតថា ជនល្មើសដែលត្រូវបានចាប់បញ្ជូនទៅតុលាការយ៉ាងតិចចំនួនជាង១.៧០០នាក់ដែលត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ឋនាគារពី២០ឆ្នាំរហូតមួយជីវិត៕