តុលាការខេត្តកំពង់ឆ្នាំង នៅថ្ងៃនេះ បានផ្ដន្ទាទោសសកម្មជនសិទ្ធិមនុស្សម្នាក់ដោយបង្គាប់ឲ្យបង់ប្រាក់ពិន័យចំនួន១.០០០ដុល្លារ។ ការសម្រេចទោសនេះធ្វើឡើងបន្ទាប់ពីសកម្មជនសិទ្ធិមនុស្សរូបនេះត្រូវចោទប្រកាន់ពីបទបរិហារកេរ្ដិ៍ក្រុមហ៊ុនឯកជនមួយ ដែលត្រូវគេដឹងថា ជារបស់ភរិយាមន្ដ្រីរដ្ឋាភិបាលម្នាក់។
លោកសំ ចាន់គា អ្នកសម្របសម្រួលរបស់អង្គការការពារសិទ្ធិមនុស្ស ADHOC ត្រូវតុលាការខេត្តកំពង់ឆ្នាំងផ្តន្ទាទោសនៅថ្ងៃអង្គារនេះពីបទបរិហារកេរ្តិ៍ក្រុមហ៊ុនឯកជនមួយ ដែលត្រូវគេរាយការណ៍ មកថា គឺជាក្រុមហ៊ុនរបស់ភរិយាមន្រ្តីជាន់ខ្ពស់ម្នាក់នៅក្នុងរដ្ឋាភិបាល។
លោកចៅក្រមសាន សុផាតបានប្រកាសថា តុលាការបានរកឃើញថា លោកសំ ចាន់គា មានកំហុសហើយបានសម្រេចផាកពិន័យជាប្រាក់ចំនួន១.០០០.០០០រៀល ឬស្មើនឹង២៥០ដុល្លារសហរដ្ឋអាមេរិក និងបានតម្រូវឲ្យបង់ប្រាក់សងជំងឺចិត្តចំនួន៣.០០០.០០០រៀល ឬស្មើនឹង៧៥០ដុល្លារទៅឲ្យក្រុមហ៊ុន KCD ដែលត្រូវគេរាយការណ៍មកថា គឺជាក្រុមហ៊ុនរបស់លោកស្រីជា ខេង ភរិយា លោកស៊ុយ សែម រដ្ឋមន្រ្តីក្រសួងឧហ្សាហកម្មថាមពលនិងរ៉ែ។
លោកសំ ចាន់គាមានប្រសាសន៍ថា លោកនឹងមិនបង់ប្រាក់ពិន័យនិងប្រាក់សងជំងឺចិត្តតាមការ បង្គាប់របស់តុលាការនោះឡើយ ដោយលោកអះអាងថា លោកគ្មានកំហុស។
«យើងមានភស្តុតាង មានអ្វីៗគ្រប់គ្រាន់ហើយ ហើយខាងនោះអត់មានអ្វីជាភស្តុតាងសម្រាប់ដាក់បន្តុកមកលើយើងផង បែរជាគាត់សម្រេចអញ្ចឹង។ អញ្ចឹងខ្ញុំនឹងប្តឹងទៅឧទ្ធរណ៍»។
លោកសំ ចាន់គាត្រូវតុលាការខេត្តកំពង់ឆ្នាំចោទប្រកាន់កាលពីខែឧសភាឆ្នាំ២០១០ បន្ទាប់ពីលោកបានផ្តល់បទសម្ភាសន៍មួយជាមួយវិទ្យុអាស៊ីសេរីទាក់ទងទៅនឹងការឈូសឆាយរបស់ក្រុមហ៊ុន KCD ទៅលើដីប្រជាពលរដ្ឋចំនួន៦៤គ្រួសារ ដែលកំពុងតែមានទំនាស់នៅក្នុងភូមិឡពាង ស្រុកកំពង់ត្រឡាច។
នៅក្នុងបទសម្ភាសន៍នោះ លោកសំ ចាន់គាមានប្រសាសន៍ថា ការឈូសឆាយរបស់ក្រុមហ៊ុននៃគ្រួសារមន្រ្តីជាន់ខ្ពស់នៅក្នុងរដ្ឋាភិបាលនេះ គឺជាទង្វើខុសច្បាប់ ត្បិតតុលាការមិនទាន់កាត់ក្តីទៅលើ ដីទំហំ១៤៨ហិចតា ដែលកំពុងតែស្ថិតនៅក្នុងការប្រទាញប្រទុងគ្នានោះនៅឡើយ។
ប្រជាពលរដ្ឋចំនួនពីររូបត្រូវបានចោទប្រកាន់ដូចគ្នា ក៏ប៉ុន្តែម្នាក់នៅក្នុងចំណោមនោះត្រូវបាន លើកលែងការចោទប្រកាន់ និងម្នាក់ទៀតត្រូវកាត់ក្តីឲ្យបង់ប្រាក់ពិន័យ និងបង់ប្រាក់សងជំងឺចិត្តសរុប ចំនួន១០លានរៀល ឬស្មើនឹង២.៥០០ដុល្លារសហរដ្ឋអាមេរិក។
លោកផាត់ ពៅសៀង មេធាវីរបស់ក្រុមហ៊ុន KCD បដិសេធមិនធ្វើអត្ថាធិប្បាយចំពោះការសម្រេចក្តី នេះទេ។
ដោយឡែក លោកថៃ ហ៊ី ដែលជាភាគីតំណាងឲ្យក្រុមហ៊ុន មិនអាចទាក់ទងបានទេ ដោយសារអ្នកទទួលទូរស័ព្ទនិយាយថាខ្លួនមិនមែនជាលោកថៃ ហ៊ី។
«មិនមែនទេ ខ្ញុំផ្សេងទេ។ ខ្ញុំត្រូវក្មួយគាត់ទេ»។
យ៉ាងណាក៏ដោយ លោកចាន់ សាវ៉េត ប្រធានផ្នែកស៊ើបអង្កេតទៅលើការរំលោភសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្ស ADHOC លើកឡើងថា ការសម្រេចក្តីនេះមិនអាចទទួលយកបានទេ។ហើយគឺជាការសម្រេចក្តីដ៏គួរឲ្យព្រួយបារម្ភសម្រាប់សកម្មជនសិទ្ធិមនុស្ស។
គួររំឭកថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានសកម្មជនសិទ្ធិមនុស្សចំនួនបីរូប រួមទាំងបុគ្គលិករបស់អង្គការសហប្រជាជាតិម្នាក់ គឺអង្គការកម្មវិធីស្បឿងអាហារពិភពលោក (World Food Programme) ត្រូវបានចោទប្រកាន់ ដោយតុលាការកម្ពុជា ដោយសារតែការបញ្ចេញមតិរបស់ពួកគេ។
សកម្មជនសិទ្ធិមនុស្សរបស់អង្គការ LICADHO ដែលចោទប្រកាន់ដោយតុលាការខេត្តតាកែវ និងបុគ្គលិកអង្គការកម្មវិធីស្បឿងអាហារពិភពលោក ដែលចោទប្រកាន់ដោយតុលាការក្រុងភ្នំពេញ កំពុងតែស្ថិតនៅក្នុងពន្ធនាគារនៅឡើយ៕