តុលាការក្រុងភ្នំពេញនៅកាលពីថ្ងៃម្សិលមិញនេះ បានសម្រេចឃុំខ្លួនមន្ត្រីយោធាជាន់ខ្ពស់ពីររូបនិងប្រជាពលរដ្ឋពីររូបផ្សេងទៀតនៅក្នុងពន្ធនាគារព្រៃស ទាក់ទងនឹងការជួញដូរថ្នាំញៀននិងការរក្សាទុកអាវុធខុសច្បាប់។
បើតាមការបញ្ជាក់របស់លោកសៀង សុខព្រះរាជអាជ្ញារងក្រុងភ្នំពេញ ពួកគេត្រូវបានឃុំខ្លួនតាមមាត្រា៣៣នៃច្បាប់ស្តីពីការជួញដូរថ្នាំញៀននិងតាមមាត្រា២០នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ។
ឧត្តមសេនីយ៍ទាំងពីររូបដែលរួមមានលោកឡែ វីរៈ និងលោកឃួន រឿន មិនបានធ្វើអត្ថាធិប្បាយណាមួយចំពោះអ្នកកាសែតទេ បន្ទាប់ពីបានត្រូវបណ្តើរចេញពីអគារតុលាការដោយមានការការពារយ៉ាងមាំទាំពីសមត្ថកិច្ចប៉ូលីសប្រដាប់ដោយអាវុធ AK ស្វ័យប្រវត្តិ។
ដោយឡែកលោកឧត្តមសេនីយ៍ទោ ឃួន រឿន នៅក្នុងបន្ទប់សវនាការបានប្រាប់វីអូអេ សំឡេងសហរដ្ឋអាមេរិកដោយផ្ទាល់ថា លោកខុសដោយខ្លួនឯង ហើយលោកមិនបានធ្វើអត្ថាធិប្បាយអ្វីបន្ថែមទៀតទេបន្ទាប់ពីមន្ត្រីប៉ូលីសនៃមន្ទីរប្រឆាំងគ្រឿងញៀនបានហាមឃាត់មិនឲ្យផ្តល់ព័ត៌មានដល់អ្នកកាសែត។
លោកពេជ្រ សូរិយាមេធាវីការពារក្តីលោកឡៃ វីរៈមិនបានធ្វើអត្ថាធិប្បាយ ថាស្ថិតនៅក្នុងដំណើរការរឿងក្តីនិងរក្សាការសម្ងាត់នៅក្នុងរឿងក្តីលោកសូមមិនធ្វើអត្ថាធិប្បាយណាមួយទៅនិងសំណួរអ្នកកាសែតទេ។
លោកឧត្តមសេនីយ៍ទោ ឡៃ វីរៈ និងលោកឧត្តមសេនីយ៍ទោឃួន រឿន អតីតក្រសួងការពារជាតិបានពាក់ម៉ាស់និងពាក់មួកការពារបន្ទាប់ពីត្រូវបណ្តើរចូលទៅក្នុងនិងបណ្តើរចេញពីអគារតុលាការរួចហើយត្រូវបានក្រុមសមត្ថកិច្ចបណ្តើរតាមរថយន្តមួយឆ្ពោះទៅឃុំឃាំងនៅពន្ធនាគារព្រៃស។
អ្នកស្រីឡៃ វ៉ារី អាយុ៥៣ឆ្នាំរស់នៅភូមិកំពុងស្វាយឃុំសូភីខេត្តបន្ទាយមានជ័យត្រូវជាប្អូនស្រីលោកឡៃ វីរៈបានមានប្រសាសន៏ថា អ្នកស្រីមិនជឿលោកឡៃ វីរៈ ជាប់ពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀនស្រវឹងទេ។
«ខ្ញុំជឿជាក់បងប្រុសខ្ញុំគឺគាត់អត់ដែលធ្វើអំពើបែបនេះសោះ។ អត់មានទេៗ។ ខ្ញុំអត់យល់រឿងនយោបាយ»។
កាលពីថ្ងៃច័ន្ទ មន្ត្រីប៉ូលីសប្រឆាំងគ្រឿងញៀនរបស់អគ្គស្នងការនគរបាលជាតិ បានចាប់ខ្លួនមនុស្សបួននាក់ដែលរួមមានលោកឡៃ វីរៈ និងលោកឃួន រឿនជាមួយនឹងពលរដ្ឋពីរនាក់ផ្សេងទៀតជាមួយនឹងថ្នាំញៀនទឹកកកចំនួន១គីឡូក្រាមនិងអាវុធ AK 47 ចំនួនពីរដើម។
លោកឡៃ វីរៈ ធ្លាប់ជាអតីតមេទ័ពដ៏ស្មោះត្រង់មួយរូបខាងគណបក្សហ៊ុនស៊ីនប៉ិចហើយលោកធ្លាប់ជាអតីតអភិបាលខេត្តឧត្តរមានជ័យ និងក្រោយមកជាអតីតអភិបាលរងក្រុងភ្នំពេញ៕