លោកឈឿន ចាន់ថន ហៅម៉ៅ អតីតប្រធានអង្គរក្ស លោកជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជានៅថ្ងៃអង្គារនេះត្រូវបានតុលាការក្រុងភ្នំពេញចេញដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅតុលាការយោធា ក្រោមបទចោទប្រកាន់ចំនួនបួនករណីទាក់ទងនឹងការលាក់ទុកអាវុធខុសច្បាប់និងក្លែងឯកសារសាធារណៈ។ នេះបើតាមការបញ្ជាក់របស់មន្ត្រីតុលាការ។
លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងនៃតុលាការក្រុងភ្នំពេញ បានប្រាប់អ្នកកាសែតថា តុលាការបានចោទប្រកាន់លោកឈឿន ចាន់ថន ពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ចេញប័ណ្ណអាវុធដោយខ្លួនឯង ដោយខុសដែនសមត្ថកិច្ច ក្លែងលិខិតសាធារណៈ និងប្រើប្រាស់លិខិតសាធារណៈក្លែងក្លាយ។
«តុលាការសម្រេចឃុំហើយ រង់ចាំតែបញ្ជូនទៅពន្ធនាគារទេ ទោសទណ្ឌ ៦២៩ និង ៦៣០ នៃក្រមព្រហ្មទណ្ឌ។ មានកំណត់អតិបរមា»។
តុលាការក្រុងភ្នំពេញបានចំណាយពេលសាកសួរចំនួន២ថ្ងៃ មុននឹងសម្រេចចោទប្រកាន់ជាផ្លូវការ។ លោកឈឿន ចាន់ថន ត្រូវបានកងរាជអាវុធហត្ថនាំទៅឃុំឃាំងបណ្តោះអាសន្ន នៅតុលាការយោធា ដើម្បីរង់ចាំការស៊ើបអង្កេត និងចោទប្រកាន់បន្ថែមមួយចំនួនទៀត។ នេះបើតាមការបញ្ជាក់របស់មន្ត្រីកងរាជអាវុធហត្ថមួយរូបដែលស្នើសុំមិនបញ្ចេញឈ្មោះ។
«អញ្ចឹងបានតុលាការ គេបន្តនីតិវិធីរបស់គេមួយទៀត គឺដើម្បីពាក់ព័ន្ធនឹងបញ្ហាបទល្មើសយោធានៅកន្លែងផ្សេង»។
លោកន័យ ថុល ចៅក្រមនៃតុលាការយោធាបានមានប្រសាសន៍ថា លោកមិនទាន់ដឹងករណីនេះនៅឡើយ ពីព្រោះសំណុំរឿងនេះនៅក្នុងដៃ តំណាងអយ្យការនៅឡើយ។
«ជម្រាប មិនទាន់បានទេ។ ខ្ញុំអត់ទាន់បានឃើញុ។ នៅអយ្យការ។ ឥឡូវខ្ញុំមិនទាន់មានយោបល់អីទេ»។
លោកឈឿន ចាន់ថន នៅពេលបណ្តើរមកសាកសួរ នៅតុលាការក្រុងភ្នំពេញ កាលពីថ្ងៃច័ន្ទ មានទឹកមុខញញឹមញញែមនៅឡើយក៏ប៉ុន្តែនៅពេលតុលាការសម្រេចចោទប្រកាន់នៅថ្ងៃអង្គារនេះទឹកមុខរបស់លោកបានប្រែពីភាពញញឹម ទៅភាពក្រៀមក្រំ។ លោកឈឿន ចាន់ថន នៅតែប្រកាន់ជំហរបដិសេធ មិនឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាននៅឡើយ នៅថ្ងៃអង្គារនេះ។
«អត់ទេ! ខ្ញុំអត់មានប្រសាសន៍ អីទេ!»។
លោកឧត្តមសេនីយ៍ឯកឈឿន ចាន់ថន អតីតប្រធានអង្គរក្សលោកជា ស៊ីម ត្រូវបានកងរាជអាវុធហត្ថក្រុងភ្នំពេញ ចាប់ខ្លួនកាលពីថ្ងៃទី១៣ ខែសីហាកន្លងទៅនេះនៅគេហដ្ឋានរបស់លោក ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន ក្រុងភ្នំពេញ។
បន្ទាប់ពីបានចាប់ខ្លួន កងរាជអាវុធហត្ថ បានរឹបអូសយកអាវុធចំនួន១១ដើម ដែលរួមមានអាវុធវែងស្វ័យប្រវត្តិចំនួន៧ដើម អាវុធខ្លីចំនួន៤ដើម ព្រមទាំងគ្រាប់ចំនួន ១.៤០០គ្រាប់និងសម្ភារៈយោធាមួយចំនួនទៀត។
លោកហ៊ុល ស៊ីណា មេធាវីការពារក្តី លោកឈឿន ចាន់ថន បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
«សុំទោសបង! សុំទោស! ខ្ញុំអត់ផ្តល់ការសម្ភាស៍ទេ!» ។
លោកឈឿន ចាន់ថន ត្រូវបានព្រះមហាក្សត្រឡាយព្រះហស្ថលេខាដកតួនាទីរបស់លោកជាឧត្តមសេនីយ៍ឯកនិងជាប្រធានអង្គរក្សលោកជា ស៊ីម។ នៅថ្ងៃដដែលនេះ ព្រះមហាក្សត្រ បានតែងតាំងលោកយឹម លាងឲ្យកាន់តួនាទីជាប្រធានអង្គរក្សលោកជា ស៊ីម ជំនួសលោកឈឿន ចាន់ថន។
លោកឈឿន ចាន់ថន ប្រសិនណាបើតុលាការរកឃើញថាមានទោសកំហុស លោកនឹងជាប់ពន្ធនាគាររយៈពេល៦ខែទៅ៣ឆ្នាំ តាមមាត្រាទី២០ និងទី២២ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធជាតិផ្ទុះនិងគ្រាប់រំសេវ និងរយៈពេលពី៥ឆ្នាំរហូតដល់១០ឆ្នាំ តាមមាត្រា៦២៩និង៦៣០នៃក្រមព្រហ្មទណ្ឌថ្មីពីបទក្លែងឯកសារសាធារណៈ៕