ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​កោះ​ហៅ​អ្នក​ភូមិ​បង្ក​របួស​ស្នាម​លើ​អាជ្ញាធរ


ប្រជាពលរដ្ឋ​តវ៉ា​ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ។
ប្រជាពលរដ្ឋ​តវ៉ា​ក្នុង​រឿង​ទំនាស់​ដីធ្លី​មួយ​ក្នុង​ខេត្ត​កំពង់ស្ពឺ។

នៅ​ថ្ងៃ​អង្គារ​នេះ​តុលាការ​ខេត្ត​កំពង់ស្ពឺ​បាន​កោះហៅ​អ្នកភូមិ​ចំនួន​បី​នាក់​ឱ្យ​ទៅ​ឆ្លើយ​បំភ្លឺ​អំពី​បទចោទ​ប្រកាន់​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ការ​បង្ក​អំពើ​ហិង្សា​ទៅ​លើ​នគរបាល​នៅ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​មួយ​កន្លែង​ក្នុង​ស្រុក​ឧត្តុង្គ​កាលពី​ឆ្នាំ​២០១០។

ការប៉ះ​ទង្គិច​គ្នា​រវាង​អ្នកភូមិ​ និង​នគរបាល​ក្នុង​រឿង​ជម្លោះ​ដី​ជាង​៦៥​ហិកតា​នៅ​ភូមិ​ស្តុកស្លាត​ ឃុំ​ភ្នំតូច​ ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់ស្ពឺ​ដោយ​មាន​អ្នកភូមិ​ចំនួន​៨៨​គ្រួសារ​បានធ្វើ​អ្នកភូមិ​១៤​នាក់​ និង​នគរបាល​១០​នាក់​រងរបួស​នៅ​ក្នុង​ឆ្នាំ​២០១០​ ហើយ​ការប៉ះទង្គិច​គ្នា​នេះ​បានកើតឡើង​ជា​លើក​ទីពីរ​នៅ​ថ្ងៃ​ទី​៩ ខែ​មិថុនា​ ឆ្នាំ​២០១១​ បាន​ធ្វើ​ឱ្យ​អ្នកភូមិ​ប្រាំពីរ​នាក់​ និង​កងសន្តិសុខ​បី​នាក់​រងរបួស។

លោក​ អ៊ីវ​ បូរិន្ទ​ ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​ខេត្ត​កំពង់ស្ពឺ​បានចេញ​ដីកា​កោះហៅ​ឈ្មោះ​ ស៊ុន​ ប៊ុនឈួន​ អាយុ​៤០​ឆ្នាំ​ ឈ្មោះ​ ស៊ុន​ ប៊ុនឈិន​ អាយុ​៤៨​ឆ្នាំ​ និង​ឈ្មោះ​ ឆៃយ៉ា​ ជេត្ថា​ ដែល​ត្រូវ​ចោទប្រកាន់​ពី​បទបង្ក​របួសស្នាម​ដោយ​ចេតនា​ ឱ្យ​ចូល​ខ្លួន​ទៅ​កាន់​តុលាការ​នៅ​ថ្ងៃ​ទី​៩ ​ខែសីហា​ ឆ្នាំ​២០១១។

លោក​ចៅក្រម​ អ៊ីវ​ បូរិន្ទ​ បាន​បញ្ជាក់​ក្នុង​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ចុះ​ថ្ងៃ​ទី​៧​ ខែ​កក្កដា​ឆ្នាំ​២០១១​ថា​បទល្មើស​នេះ​ផ្តន្ទាទោស​តាម​មាត្រា​៤១​នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​សម័យ​អ៊ុនតាក់។

តាម​មាត្រា​៤១​នៃ​ច្បាប់​ព្រហ្មទណ្ឌ​អន្តរកាល​នេះ​ បើ​តុលាការ​រក​ឃើញ​ទោស​កំហុស​របស់​ជនសង្ស័យ​ទាំងបី​នាក់​នេះ​ដូច​ការ​ចោទប្រកាន់​មែន​នោះ​ ជន​ទាំង​បី​នាក់​នេះ​នឹង​ត្រូវ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​រហូត​ដល់​ប្រាំ​ឆ្នាំ។

លោក​ ស៊ុន​ ប៊ុនឈួន​ ជន​ម្នាក់​ក្នុង​ចំណោម​ជន​បី​នាក់​ដែល​ត្រូវ​បាន​កោះ​ហៅ​បាន​និយាយ​ថា​លោក​នឹង​ចូលខ្លួន​ទៅ​កាន់​តុលាការ​តាម​ដីកា​បង្គាប់​នៅ​ថ្ងៃ​ទី​៩ ខែសីហា​ ឆ្នាំ​២០១១។

លោក​ ស៊ុន ​ប៊ុនឈួន​ បាន​បញ្ជាក់​ថា​តុលាការ​បាន​ចោទប្រកាន់​រូប​លោក​ និង​បង​របស់​លោក​ឈ្មោះ​ ស៊ុន​ ប៊ុនឈិន​ ព្រមទាំង​ក្មួយ​របស់​លោកឈ្មោះ​ ឆៃយ៉ា​ ជេត្ថា​ អំពី​ការបង្ករបួស​ស្នាម​ទៅ​លើ​ប៉ូលិស​១២​នាក់​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​រវាង​អ្នកភូមិ​និង​នគរបាល​ក្នុង​រឿង​ជម្លោះ​ដីធ្លី​កាលពី​ឆ្នាំ​២០១០។

«វា​អយុត្តិធម៌​បំផុត។ រឿង​ករណី​លើក​ទីមួយ​នោះ​គឺ​សមត្ថកិច្ច​បានបំពាន​មក​លើ​ប្រជា​ពលរដ្ឋ​ពួក​យើង​ទាំងស្រុង។​ ពួកខ្ញុំ​មាន​តែ​សេចក្តី​សំពះ​អង្វរ​គេ​តែ​ប៉ុណ្ណោះ។ បន្ទាប់ពី​សមត្ថកិច្ច​វាយ​មក​លើ​ប្រជា​ពលរដ្ឋ​ពួកខ្ញុំ​ ហើយ​បាញ់​គំរាម​កំហែង​លើ​ប្រជា​ពលរដ្ឋ​ពួកខ្ញុំ​ហើយ​ប្រជា​ពលរដ្ឋ​ពួកខ្ញុំ​ទ្រាំលែង​បាន​ក៏​ចាប់ផ្តើម​ទាញ​ដង​បដា​ដើម្បី​ការពារ​ខ្លួន​គាត់។ នេះ​ជា​រឿង​ត្រឹមត្រូវ​ ប៉ុន្តែ​អត់​ទាន់​បានប៉ះ​សមត្ថកិច្ច​ណា​ម្នាក់​ឱ្យ​មាន​របួស​ឡើយ»។

ក្រុម​អ្នកភូមិ​បាននិយាយ​ថា​ពួកគាត់​បានកាន់កាប់​ដី​ជម្លោះ​ជាង​៦៥​ហិកតា​នៅ​ក្នុង​ភូមិ​ស្តុកស្លាត​ ឃុំ​ភ្នំតូច​ ស្រុក​ឧត្តុង្គ​ ខេត្ត​កំពង់​ស្ពឺ​ អស់​រយៈពេល​៣០​ឆ្នាំ​ដោយ​មិន​បាន​លក់​ឱ្យ​ទៅ​ជន​ណា​ម្នាក់​ទាល់​តែ​សោះ។

លោក​ ស៊ុន​ ប៊ុនឈួន​ បាន​និយាយ​ថា​លោក​មិនដែល​បង្ក​របួស​ស្នាម​ទៅ​លើ​នរណា​ម្នាក់​សោះ​ មិន​ថា​សមត្ថកិច្ច​ ឬ​ ប្រជា​ពលរដ្ឋ​ទេ។​ មន្ត្រី​នគរបាល​ចំនួន​១២​នាក់​បានប្តឹង​ប្រឆាំង​នឹង​ពួក​អ្នកភូមិ​ ខណៈ​ដែល​នគរបាល​មាន​អាវុធ​ ខែល​ និង​ដំបង​ឆក់​សម្រាប់​វាយ​អ្នកភូមិ​ហើយ​អ្នកភូមិ​មាន​តែ​ដៃ​ទទេ​ សួរ​ថា​អាច​បង្ក​របួស​ស្នាម​ទៅ​លើ​សមត្ថកិច្ច​ដោយ​វិធី​ណា។

«បើ​ខ្ញុំ​ចូល​ទៅ​ គេ​មាន​ការឃុំ​ខ្លួន​ វា​ជា​រឿង​ធម្មតា​របស់​តុលាការ​ ព្រោះ​តុលាការ​ស្រុក​ខ្មែរ ​ខ្ញុំ​ចំណាំ​ឃើញ​អញ្ចឹង។ ខ្ញុំ​មិនដែល​ឃើញ​អ្នកក្រ​ណា​ប្តឹង​ឈ្នះ​អ្នក​មាន។ អ្នកមាន​អំណាច​ និង​មាន​ប្រាក់​ប្តឹង​ឈ្នះ​រហូត។ អ្នកក្រ​ពួកខ្ញុំ​រង់ចាំ​តែ​រងទុក្ខ​តែ​ប៉ុណ្ណឹង​ទេ​ហើយ​ខ្ញុំ​ក៏​មិន​ខ្លាច​ឱ្យ​គេ​ចាប់​ដែរ។ បើ​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​អំពើ​អ្វី​សោះ​ ហើយ​គេ​ចាប់​ដែល។​ វា​ជា​រឿង​មួយ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ពួកខ្ញុំ​ដែរ»។

លោក​ អ៊ំ​ សំអាត​ ប្រធាន​ផ្នែក​ស៊ើបអង្កេត​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បានថ្លែង​ថា​អ្នកភូមិ​មាន​ការ​ព្រួយ​បារម្ភ​អំពី​ការចាប់ខ្លួន​ បន្ទាប់ពី​ពួកគាត់​បានទទួល​ដីកា​បង្គាប់​ឱ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​ចំពោះ​ការចោទប្រកាន់​រឿង​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​រឿង​ជម្លោះ​ដីធ្លី​នេះ។

«យើង​ទទូច​សូម​ឱ្យ​ចៅក្រម​ស៊ើបសួរ​ ឬ​ ស៊ើបអង្កេត​ពិចារណា​ទៅ​លើ​ការ​មិន​ឃុំខ្លួន​ ហើយ​ពិនិត្យ​និង​ពិចារណា​ទៅ​លើ​បញ្ហា​ដីធ្លី​ យើង​ដោះស្រាយ​បញ្ហា​ដីធ្លី​ជាជាង​យើង​យក​បទល្មើស​ព្រហ្មទណ្ឌ​ធ្វើ​ការ​គាបសង្កត់​ទៅ​លើ​ប្រជា​ពលរដ្ឋ​កាន់​តែ​រងទុក្ខ​រឿង​ដីធ្លី​ ដោយសារ​គាត់​បាត់បង់​ដីធ្លី​ហើយ​គាត់​ត្រូវ​ទទួល​រង​ការ​ចោទប្រកាន់​អំពី​បទល្មើស​ព្រហ្មទណ្ឌ​ផ្សេងៗ​ទៀត​ដែល​ធាតុ​ពិត​នៃ​រឿង​គឺ​ដំណើរ​នៃ​រឿង​ដីធ្លី​តែ​ប៉ុណ្ណោះ»។

តាម​របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​ ទទួល​បាន​ពាក្យ​បណ្តឹង​ជម្លោះ​ដីធ្លី​ប្រមាណ​២០០​ករណី​ និង​ការ​ចាប់ខ្លួន​អ្នកតវ៉ា​រឿង​ជម្លោះ​ដីធ្លី​ជាង​៣០០​នាក់​នៅ​ក្នុង​ឆ្នាំ​២០១០៕

XS
SM
MD
LG