មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងនៅថ្ងៃអង្គារនេះថា កម្ពុជាកំពុងតែប្រឈមនឹងបញ្ហាជួញដូរ និងការផលិតគ្រឿងញៀនរបស់ពួកឧក្រិដ្ឋជន សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។
លោក យូ ស៊ុនឡុង អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំថា ឈ្មួញគ្រឿងញៀននៅតែប៉ុនប៉ងយកកម្ពុជាធ្វើជាកន្លែងផលិតគ្រឿងញៀនខុសច្បាប់។ លោកបន្តថា៖
«ចំណុចប្រឈមរបស់យើង គឺពួកឧក្រិដ្ឋជននៅតែមានមហិច្ឆតាបន្តប្រើប្រាស់ល្បិចកលគ្រប់រូបភាពក្នុងការចរាចរការជួញដូរ ការចែកចាយ និងការផលិត ការកែច្នៃគុណភាពគ្រឿងញៀន ដើម្បីបម្រើឱ្យការប្រើប្រាស់នៅក្នុងស្រុក និងសម្រាប់នាំចេញទៅក្រៅប្រទេស។ ជាពិសេសការប៉ុនប៉ងតាមគ្រប់វិធី ដើម្បីយកកម្ពុជាធ្វើជាកន្លែងផលិតគ្រឿងញៀន»។
លោក យូ ស៊ុនឡុង បានបន្ថែមថា គ្រឿងញៀនបាននាំចូលកម្ពុជា តាមបណ្តាច្រកនៃខេត្តក្នុងភូមិភាគឦសាន ច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងកំពង់ផែក្រុងព្រះសីហនុ ហើយនាំចេញទៅតាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមផ្លូវគោកទៅថៃ វៀតណាម និងតាមបញ្ញើប្រៃសណីយ៍។ លោកថ្លែងថា៖
«ក្នុងឆ្នាំ២០១០ យើងបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន៣៥០ករណី បើប្រៀបធៀបឆ្នាំ២០០៩ ដែលមានបទល្មើសចំនួន៣០៩ករណី បានកើនឡើង១៣,២៦ភាគរយ។ យើងបានចាប់ខ្លួនជនល្មើសចំនួន៦៨៤ នាក់ បើប្រៀបធៀបឆ្នាំ២០០៩ ដែលមានជនល្មើសចំនួន៦១៥នាក់ បានកើនឡើង១១,២១ភាគរយ»។
លោក យូ ស៊ុនឡុង បានបន្តថា អ្នកប្រើប្រាស់គ្រឿងញៀនទូទាំងប្រទេសមានប្រមាណពី៥. ០០០នាក់ ទៅ៦.០០០នាក់ ក្នុងនោះយុវជនមានចំនួនច្រើនជាង៦០ភាគរយ។
របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០១១អាជ្ញាធរកម្ពុជាបានបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៩២ករណី បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១០ ដែលមាន៨១ករណី បានកើនឡើងជាង១៣៧ភាគរយ ហើយឃាត់ខ្លួនជនល្មើសបានចំនួន៤៧៥នាក់ បើប្រៀបធៀបត្រីមាសទី១ឆ្នាំ២០១០ដែលបានឃាត់ខ្លួនជនល្មើសចំនួន១៧៨នាក់ បានកើនឡើងប្រមាណ១៦៧ភាគរយ។
របាយការណ៍នេះបានបញ្ជាក់ថា អាជ្ញាធរកម្ពុជាបានរឹបអូសមេតំហ្វេតាមីនចំនួន១៤៧.៤០៧គ្រាប់ មេតំហ្វេ តាមីនទឹកកកចំនួន៦.៩៣២,៥២ក្រាម អ៊ិចស្តាស៊ីចំនួន១១គ្រាប់ ហេរ៉ូអ៊ិនចំនួន៧៨១,៧ក្រាម និងកញ្ឆា ក្រៀមចំនួន ២៧៧,៦២ក្រាម។
លោកយូ ស៊ុនឡុង បានបញ្ជាក់ថា ការបង្ក្រាបបទល្មើសគ្រឿនញៀនមានការកើនឡើងក្នុងឆ្នាំ២០១០ បើប្រៀបធៀបឆ្នាំ២០០៩ ប៉ុន្តែបរិមាណគ្រឿងញៀនដែលរឹបអូសមានការធ្លាក់ចុះ។ លោក យូ ស៊ុនឡុង បានថ្លែងថា សភាពការណ៍គ្រៀងញៀនក្នុងតំបន់ និងពិភពលោកនៅតែបន្តជះឥទ្ធិពលដល់សន្តិសុខ សណ្តាប់ធ្នាប់ សុខភាពសាធារណៈ និងភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ដែលចាំបាច់ត្រូវចាត់វិធានការឱ្យបានជាក់លាក់ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកទឹកចិត្តដល់កងកម្លាំងអនុវត្តន៍ច្បាប់ឱ្យចាត់វិធានការទប់ស្កាត់ការផលិត ការជួញដូរ ការប្រើប្រាស់គ្រឿនញៀន ដែលប៉ះពាល់ដល់សុខភាពមនុស្សរាប់ពាន់ និងការបង្ក្រាបពួកឈ្មួញគ្រឿងញៀន៕