គណៈរដ្ឋមន្ត្រីបានលុបចោលកិច្ចប្រជុំប្រចាំសបា្តហ៍របស់ខ្លួន នៅថ្ងៃសុក្រនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែលជាអ្នកដឹកនាំកិច្ចប្រជុំនោះត្រូវបានក្រុមគ្រូពេទ្យរកឃើញថា មានផ្ទុកមេរោគផ្តាសាយប្រភេទថ្មី AH1N1។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្រ្តី បានបញ្ជាក់ថា គណៈរដ្ឋមន្រ្តីបានលុបចោលកិច្ចប្រជុំប្រចាំសប្តាហ៍មែន ប៉ុន្តែមិនបានបញ្ជាក់អំពីមូលហេតុលំអិតទេ ដោយគ្រាន់តែថា ទីស្តីការគណៈរដ្ឋមន្រ្តី បានទទួលចំណារមួយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឲ្យលើកការប្រជុំនេះដោយគ្មានពេលកំណត់។
ក្រសួងសុខាភិបាល កាលពីថ្ងៃអង្គារ៍ដើមសប្តាហ៍នេះ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយថា បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃសុក្រទី២៥ មានលេចឡើងនូវឧប្បត្តិហេតុនៃជម្ងឺគ្រុនផ្តាសាយ AH1N1 ដែលបានឆ្លងទៅលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ហើយតម្រូវឲ្យចាត់វិធានការពិនិត្យរូបលោកជាបន្ទាន់។ លោកនាយករដ្ឋមន្ត្រី និងមន្រ្តីរដ្ឋាភិបាលចំនួន៥រូបផ្សេងទៀតត្រូវបានរកឃើញថា មានផ្ទុកមេរោគផ្តាសាយ AH1N1 ដែលបានសម្លាប់មនុស្សចំនួនប្រាំមួយនាក់រួចមកហើយក្នុងប្រទេស កម្ពុជា។
ជំងឺនេះបាននាំឲ្យលោកនាយករដ្ឋមន្រ្តីហ៊ុន សែន មិនបានចូលរួមក្នុងពិធីខួបកំណើតលើកទី៥៩របស់គណបក្សប្រជាជន កម្ពុជា និងលុបចោលកម្មវិធីសំខាន់ៗមួយចំនួនទៀត។
លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា នៅថ្ងៃសុក្រនេះ សុខភាពរបស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែន មានលក្ខណៈល្អប្រសើរឡើងវិញហើយ។ ក៏ប៉ុន្តែលោកពុំដឹងថា លោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងចូលមកបម្រើការងារនៅពេលណានៅឡើយទេ។
សេចក្តីប្រកាសព័ត៌មានរបស់នាយកដ្ឋានទប់ស្កាត់ជម្ងឺឆ្លងនៃ ក្រសួង សុខាភិបាលបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី២៤ខែមិថុនានេះ មានមនុស្សឆ្លងមេរោគជម្ងឺគ្រុនផ្តាសាយ AH1N1 ចំនួន៥៩១នាក់ ហើយមេរោគនេះបានឆ្លងរាតត្បាតនៅក្នុងខេត្តក្រុងចំនួន១៥ក្នុង ចំណោមខេត្តក្រុងទាំង២៤នៃប្រទេសកម្ពុជា។