រដ្ឋាភិបាលកម្ពុជាបានយល់ព្រមលើសេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១១ ដែលមានចំនួនលើសឆ្នាំ២០១០ច្រើនរយលានដុល្លារអាមេរិក បង្កើនការចំណាយលើវិស័យសង្គមកិច្ចច្រើនជាងវិស័យការពារជាតិនិងសន្តិសុខ។ រដ្ឋាភិបាលកម្ពុជា បានហៅសេចក្តីព្រាងច្បាប់ថវិកាជាតិនេះ ថាជាឧបករណ៍នយោបាយដ៏មានសារៈសំខាន់បំផុត សម្រាប់បន្តអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិគោលនយោបាយជំរុញផលិតផលស្រូវ និងការនាំចេញអង្ករ ជំរុញកំណើនសេដ្ឋកិច្ចឱ្យខ្ពស់ និងបង្កើនបានគុណភាព សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
នៅថ្ងៃសុក្រនេះ គណៈរដ្ឋមន្ត្រីកម្ពុជា បានយល់ព្រមលើសេចក្តីព្រាងច្បាប់ថវិកាជាតិចំនួនជាង២.៣៤៥លានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១១ ដោយបង្កើនចំណាយទៅលើវិស័យអប់រំ សុខាភិបាល និងការពារជាតិ។
សេចក្តីព្រាងច្បាប់ថវិកាជាតិឆ្នាំ២០១១ចំនួន២.៣៤៥លានដុល្លារអាមេរិក បានកើនឡើងចំនួន ៤៤៥លានដុល្លារអាមេរិក ពីថវិកាជាតិឆ្នាំ២០១០ ដែលមានចំនួន១.៩០០លានដុល្លាអាមេរិក។
ការចំណាយសម្រាប់វិស័យការពារជាតិ និងសន្តិសុខ មានចំនួនជាង២៩៨លានដុល្លារអាមេរិកនៅ ក្នុងថវិកាជាតិឆ្នាំ២០១១ ពីចំនួន២៧៦លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១០ ដោយក្រសួងការពារ ជាតិទទួលបាន១៨៥លានដុល្លារអាមេរិកក្នុងឆ្នាំ២០១១ ពីចំនួន១៦០លានដុល្លារអាមេរិកនៅក្នុង ឆ្នាំ២០១០ និងក្រសួងមហាផ្ទៃទទួលបានចំនួន១១១លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១១ ពីចំនួន ១១០លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១០។ ក្រសួងអប់រំមានចំនួន២១៨លានដុល្លារអាមេរិក នៅ ក្នុងឆ្នាំ២០១១ ពីចំនួន១៩៨លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១០។ ក្រសួងសុខាភិបាលមានចំនួន
១៦៥លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១១ ពីចំនួន១៤៤លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០១០។
លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា គ្រប់វិស័យ របស់រដ្ឋាភិបាលបានទទួលកំណើនបន្តិចបន្តួចទាំងអស់ ហើយវិស័យសង្គមកិច្ចមានកំណើនច្រើន ជាង វិស័យការអភិវឌ្ឍន៍ពារជាតិ និងសន្តិសុខនៅក្នុងឆ្នាំ២០១១ បើប្រៀធៀបនឹងឆ្នាំ២០១០។
លោកផៃ ស៊ីផាន បានបញ្ជាក់ថាក្រសួងកសិកម្មមានកំណើនប្រមាណ១៣ភាគរយ ក្រសួងធនធាន ទឹកមានកំណើនជាង១៣ភាគរយ និងក្រសួងអភិវឌ្ឍន៍ជនបទមានកំណើន៣,៥ភាគរយ នៅក្នុង ឆ្នាំ២០១១។
«វិស័យការពារជាតិ និងសន្តិសុខមានកំណើន៨,៥ភាគរយ បើយើងប្រៀបធៀបជាមួយនឹងវិស័យ សង្គមកិច្ចមាន១៥,២ភាគរយ។ ក្រសួងសុខាភិបាលមានកំណើន១៥,៧ភាគរយ។ ក្រសួងអប់រំមាន កំណើន១១ភាគរយ»។
សេចក្តីថ្លែងការណ៍របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថាសេចក្តីព្រាងថវិកាជាតិឆ្នាំ២០១១នេះជាឧបករណ៍នយោបាយដ៏មានសារៈសំខាន់បំផុត ដើម្បីអនុញ្ញាតឱ្យរាជរដ្ឋាភិបាលបន្តអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍ជាតិ គោលនយោបាយជំរុញផលិតផលស្រូវ និងការនាំចេញអង្ករ និងកម្ម វិធីកំណែទម្រង់រដ្ឋសំខាន់ៗ ព្រមទាំងធានាឱ្យបាននូវការធ្វើឱ្យកំណើនសេដ្ឋកិច្ចខ្ពស់ឡើងវិញ និងបង្កើនបានគុណភាពសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
សេចក្តីថ្លែងការណ៍នេះថា កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើងដល់ប្រាំមួយ
ភាគរយនៅក្នុងឆ្នាំ២០១១ អតិផរណាស្ថិតក្នុងរង្វង់៤,៥ភាគរយ និងអត្រាប្តូរប្រាក់ក្នុងរង្វង់៤.១០០ រៀល ក្នុងមួយដុល្លារអាមេរិក ព្រមទាំងជំរុញការកាត់បន្ថយភាពក្រីក្រ៕