ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អំពើ​ពុករលួយ​នៅ​កម្ពុជា​ធ្វើ​ឲ្យ​អ្នក​វិនិយោគ​បរទេស​ខ្លាច​រអា


លោក​ស្រី ខារ៉ូល ​រ៉ដលី ​(Carol Rodley) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក (ឆ្វេង) ​​និង​លោក ស្តត់ ម៉ាស្យែល (Scot Marciel) ឧបការី​រង​រដ្ឋមន្ត្រី​​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក (ស្តាំ) នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​នៅ​ក្រ
លោក​ស្រី ខារ៉ូល ​រ៉ដលី ​(Carol Rodley) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក (ឆ្វេង) ​​និង​លោក ស្តត់ ម៉ាស្យែល (Scot Marciel) ឧបការី​រង​រដ្ឋមន្ត្រី​​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក (ស្តាំ) នៅ​ក្នុង​ជំនួប​មួយ​ជាមួយ​លោក​ ហោ ណាំហុង រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​នៅ​ក្រ

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ លោក​ស្រី​ ខារ៉ូល ​រ៉ដលី ​(Carol Rodley) ​បាន​រំឭក​នៅ​ថ្ងៃ​ ព្រហស្បតិ៍​នេះ​ថា​ អំពើ​ពុករលួយ​ធ្វើ​ឲ្យ​កម្ពុជា​ខកខាន​ក្នុង​ការ​សម្រេច​សក្តានុពល​របស់​ខ្លួន​ឲ្យ​បាន​ពេញ​លេញ​ និង​ធ្វើ​ឲ្យ​ក្រុម​អ្នក​វិនិយោគ​មាន​ការ​ភ័យខ្លាច។

ការ​កត់​សម្គាល់​របស់​មន្ដ្រី​ការទូត​សហរដ្ឋ​អាមេរិក​ធ្វើ​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​ស្រី​ក្នុង​ពិធី​បើក​សន្និ​សីទ​ថ្នាក់​ជាតិ​មួយ​ស្ដី​ពី​ការ​ចូល​រួម​របស់​អង្គការ​សង្គម​ស៊ីវិល​ក្នុង​សកម្មភាព​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ក្នុង​ទីក្រុង​ ភ្នំពេញ។

លោក​ស្រី​ រ៉ដលី បាន​បញ្ជាក់​ថា​អំពើ​ពុករលួយ​បាន​រារាំង​ការអភិវឌ្ឍ​និង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​ទន់​ខ្សោយ។ ​លើស​ពី​នោះ​ទៀត​ វា​ក៏​បំផ្លាញ​ការ​ទុកចិត្ត​របស់​ប្រជាពលរដ្ឋ​ផង​ដែរ។

«អំពើ​ពុករលួយ​រារាំង​ប្រទេស​នានា​ ដូច​ជា​ប្រទេស​កម្ពុជា​ជា​ដើម​មិន​ឲ្យ​សម្រេច​នូវ​សក្កានុពល​ពេញ​លេញ​របស់​ខ្លួន។​ អំពើ​ពុករលួយ​ទាញ​យក​ផល​ចំណូល​សាធារណៈ​ទៅ​ឲ្យ​ជន​មួយ​ក្ដាប់​តូច។​ អំពើ​ពុករលួយ​ជា​មូល​ហេតុ​ដែល​អ្នក​វិនិយោគ​គិន​អន្ដរជាតិ​រារែក​ក្នុង​ការ​ធ្វើ​ការ​វិនិយោគ។​ អំពើ​ពុករលួយ​បំផ្លាញ​សេចក្ដី​ទុក​ចិត្ត​របស់​ប្រជាពលរដ្ឋ​ចំពោះ​រដ្ឋាភិបាល​និង​នីតិរដ្ឋ»

កម្ពុជា​បាន​ទទួល​រង​ការរិះគន់​ជា​ច្រើន​ទាក់ទង​នឹង​អំពើ​ពុក​រលួយ​ ខណៈ​ដែល​ប្រទេស​នេះ​ ត្រូវ​ការ​ពឹងពាក់​ជំនួយ​បរទេស​ប្រមាណ​ជា​១.០០០​ លាន​ដុល្លា​ក្នុង​មួយ​ឆ្នាំ។​ ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍ​អន្ដរជាតិ​ (USAID) ​ធ្លាប់​បាន​បញ្ចេញ​របាយការណ៍​ដែល​បង្ហាញ​ថា ​កម្ពុជា​បាត់បង់​ចំណូល​ថវិការ​រដ្ឋ​ចន្លោះ​ពី​៣០០ ​ទៅ​៥០០ ​លាន​ដុល្លា​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ។

លោក ​កែវ ​រ៉េមី ​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​មាន​ប្រសាសន៍​ថា កម្ពុជា​កំពុង​ធ្វើ​ការ​ផ្សព្វផ្សាយ​អំពី​ការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​ ហើយ​កម្ពុជា​កំពុង​ធ្វើ​ការ​ជំរុញ​ការ​ទប់​ស្កាត់​បញ្ហា​នេះ​បន្ដ​ទៀត។

«រាជរដ្ឋាភិបាល​កម្ពុជា​ដឹង​បញ្ហា​នេះ​ហើយ។​ ដូច្នេះ​ហើយ​ទើប​យើង​ធ្វើ​កិច្ចការ​បាន​ច្រើន​ក្នុង​រយៈពេល​ខ្លី។ ​ហើយ​វា​ទាមទារ​ការ​អប់រំ​ វិធាន​ការ​ទប់ស្កាត់​តាម​រយៈការ​ប្រកាស​ទ្រព្យ​សម្បតិ្ត។ ​ហើយ​ការ​ប្រកាស​ទ្រព្យសម្បតិ្ត​យើង​នៅ​បន្ដ​រាល់​ថ្ងៃ»។

ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​កម្ពុជា​ បាន​ចូល​ជា​ធរមាន​កាល​ពី​ឆ្នាំ​ ២០១០។ ច្បាប់​នេះ​បាន​ស៊ី​ពេល​ជាង​ដប់​ឆ្នាំ​សម្រាប់​ការ​រៀប​ចំ​តាក់​តែង​ និង​ជា​ច្បាប់​ដែល​បាន​ទទួល​រង​សម្ពាធ​ពី​សហគមន៍​ និង​ប្រទេស​ផ្ដល់​ជំនួយ​ចំពោះ​ភាពយឺត​យ៉ាវ​ក្នុង​ការ​អនុម័ត​សម្រាប់​យក​មក​ប្រើប្រាស់។

មាន​ជន​សង្ស័យ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ត្រូវ​ចាប់​ខ្លួន​ និង​ចោទ​ប្រកាន់​ពីបទ​ពាក់ព័ន្ធ​នឹង​អំពើ​ខុស​ច្បាប់​ខាង​លើ​នេះ។​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចូល​រួម​ក្នុង​សន្និ​សីទ​នៅ​ថ្ងៃ​នេះ​មាន​តំណាង​អង្គការ​តម្លាភាព​អន្ដរជាតិ​មក​ពី​ប្រទេស​បង់ក្លាដេស​ និង​ការិយាល័យ​អង្គការ​សហប្រជាជាតិ​ប្រឆាំង​គ្រឿង​ញៀន ​និង​ឧក្រិដ្ឋកម្ម​ផង​ដែរ។ អ្នក​តំណាង​នីមួយៗ​បាន​បង្ហាញ​បទពិសោធន៍ និង​តួនាទី​ក្នុង​ការ​ប្រឆាំង​អំពើ​ពុករលួយ។

លោក ​ហង្ស ​ឆាយា ​នាយក​ប្រតិបត្តិ​នៃ​វិទ្យស្ថាន​ខ្មែរ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​ និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល​នៃ​អង្គការ​តម្លាភាព​កម្ពុជា បញ្ជាក់​ក្រោយ​ពី​សន្និសីទ​នៅ​ថ្ងៃ​នេះ​ថា​ ក្រុម​សង្គម​ស៊ីវិល​ ចង់​ឃើញ​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​ដើម្បី​ចៀសវាង​ការ​រារាំង​ដល់​កិច្ច​អភិវឌ្ឍ​នៅ​កម្ពុជា។

«ចង់​ឃើញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​តម្លាភាព​ កាត់​បន្ថយ​អំពើ​ពុក​រលួយ ​គួប​ផ្សំ​នឹង​អ្វី​ដែល​រដ្ឋាភិបាល​ដាក់​ចុះ​នូវ​គោល​នយោបាយ​ប្រឆាំង​អំពើ​ពុករលួយ​ ដូច្នេះ​យើង​ចង់​ឃើញ​មាន​សន្ទុះ​រីក​ចំរើន​ផ្នែក​នេះ»។

លោក​ស្រី ​ផេនី​ រីឆាតស៍ (Penny Rechards) ​ឯកអគ្គរដ្ឋទូត​ប្រទេស​អូស្ដ្រាលី​រំពឹង​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នឹង​អាច​បង្កើត​សម្ព័ន្ធ​ដ៏រឹងមាំ​មួយ​ប្រឆាំង​នឹង​អំពើ​ពុលរលួយ​នៅ​កម្ពុជា។​ លោក​កែវ ​រ៉េមី ​អ្នក​នាំ​ពាក្យ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​មាន​ប្រសាសន៍​ថា ​រដ្ឋាភិបាល​បើក​ចំហ​ឲ្យ​មាន​កិច្ចសហការ​ពី​គ្រប់​មជ្ឈដ្ឋាន​សម្រាប់​ការ​ប្រយុទ្ធ​នឹង​អំពើ​ពុករលួយ​នេះ៕

XS
SM
MD
LG