អតីតមន្ត្រីប៉ូលិសបួននាក់ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូកពាក់ព័ន្ធនឹងករណីគ្រឿងញៀន និងត្រូវបានដាក់ឃុំឃាំងនៅពន្ធនាគារតាមខេត្តផ្សេងៗគ្នា។ ជនសង្ស័យទាំងបួននាក់នេះអាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ប្រាំពីរឆ្នាំ បើតុលាការរកឃើញទោសដូចការចោទប្រកាន់មែននោះ។ អង្គការសិទ្ធិមនុស្សកំពុងឃ្លាំមើលដំណើរការនីតិវិធីរបស់តុលាការសម្រាប់ជនសង្ស័យទាំងនេះ។
នៅថ្ងៃច័ន្ទនេះ តុលាការខេត្តបន្ទាយមានជ័យបានចោទប្រកាន់អតីតមន្ត្រីប៉ូលិសជាន់ខ្ពស់ចំនួនបួន នាក់អំពីបទប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងករណីគ្រឿងញៀន បន្ទាប់ពីត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ នៅក្នុងខែមករានេះ។
លោកឧត្តមសេនីយ៍ឯក ម៉ឹក ដារ៉ា អតីតអគ្គលេខាធិការនៃអាជ្ញាធរជាតិប្រឆាំងគ្រឿងញៀន លោក ឧត្តមសេនីយ៍ត្រី ហ៊ុន ហ៊ាន អតីតស្នងការប៉ូលិសខេត្តបន្ទាយមានជ័យ លោកឈៀង សុន អតីតស្នងការរងប៉ូលិសខេត្តបន្ទាយមានជ័យទទួលបន្ទុកព្រហ្មទណ្ឌ និងលោកជា ឡេង អតីតប្រធានការិយាល័យនៃមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ត្រូវបានចោទប្រកាន់អំពីបទស៊ីសំណូកពាក់ព័ន្ធនឹងករណីគ្រឿងញៀន ដោយតុលាការខេត្តបន្ទាយមានជ័យ។
លោកតន់ សីហតេជះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានថ្លែងប្រាប់ VOA ថា តុលាការបានសម្រេចឃុំខ្លួនជនសង្ស័យទាំងបួននាក់នៅពន្ធនាគារតាមខេត្តផ្សេងៗគ្នា។
«ឥឡូវ យើងបានចោទអតីតប៉ូលិស៤នាក់អំពីបទស៊ីសំណូកពាក់ព័ន្ធនឹងករណីគ្រឿងញៀនតាមមាត្រា៣៨នៃច្បាប់ព្រហ្មទណ្ឌអន្តរកាល។ បើតុលាការរកឃើញថា មានពិរុទ្ធគ្រប់គ្រាន់ ជនសង្ស័យទាំងនេះនឹងជាប់ទោសដាក់ពន្ធនាគារពីបីឆ្នាំទៅប្រាំពីរឆ្នាំ»។
ក្រុមមន្ត្រីតុលាការ និងអង្គការសិទ្ធិមនុស្ស បានបញ្ជាក់ថា លោកម៉ឹក ដារ៉ាត្រូវឃុំខ្លួននៅពន្ធនាគារ ព្រៃស លោកជា ឡេង នៅពន្ធនាគារខេត្តបន្ទាយមានជ័យ លោកហ៊ុន ហ៊ាន និងលោកឈៀង សុន នៅពន្ធនាគារខេត្តសៀមរាប។
លោកស៊ុំ ចាន់គា មន្ត្រីសម្របសម្រួលនៃអង្គការសមាគមសិទ្ធិមនុស្ស Adhoc ប្រចាំខេត្តបន្ទាយមាន ជ័យ បានថ្លែងថា អង្គការ Adhoc កំពុងតាមឃ្លាំមើលដំណើរការនីតិវិធីរបស់តុលាការចំពោះប៉ូលិសទាំងបួននាក់ដែលបានជាប់សង្ស័យអំពើពុករលួយពាក់ព័ន្ធនឹងគ្រឿងញៀននេះ។
«យើងនឹងឃ្លាំមើល មិនឱ្យអ្នកណាមួយប៉ះពាល់ដល់រូបរាងកាយរបស់គាត់ ឬការរើសអើងដល់គាត់ ដែលដាក់ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ។ អញ្ចឹងយើងត្រូវពិនិត្យមើលទៅលើសន្តិសុខ សមភាពនៃអ្នកជាប់ឃុំទាំងអស់គ្នា និងដំណើរការនីតិវិធី»។
នៅក្នុងខែវិច្ឆិកា អង្គភាពប្រឆាំងអំពើពុករលួយបានចាប់ខ្លួនលោកតុប ច័ន្ទសេរីវុធ អតីតព្រះរាជអាជ្ញាអមតុលាការសាលាដំបូងខេត្តពោធិសាត់ដែលត្រូវបានចោទប្រកាន់ពីបទពុករលួយ បង្ខាំងមនុស្សខុសច្បាប់ និងការជំរិតទារប្រាក់។ នៅក្នុងខែមករានេះ អង្គភាពប្រឆាំងអំពើពុករលួយបានបន្តចាប់ខ្លួនមន្ត្រីប៉ូលិសបួននាក់ដែលរួមមានមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកប្រឆាំងគ្រឿងញៀន ត្រូវបានចោទប្រកាន់អំពីបទស៊ីសំណូកពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
លោកហ៊ុន ហ៊ាន អតីតស្នងការប៉ូលិសខេត្តបន្ទាយមានជ័យធ្លាប់បានធ្វើជាអង្គរក្សរបស់លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកម៉ឹក ដារ៉ា ធ្លាប់បានធ្វើជាស្នងការរងប៉ូលិសខេត្តបាត់ដំបង ដែលគេមើលឃើញជាយូរមកហើយថា ជាមូលដ្ឋានសម្រាប់គាំទ្រដល់លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បន្ទាប់ពីការចាប់ឃុំឃាំងមន្ត្រីប៉ូលិសជាន់ខ្ពស់មក កាលពីថ្ងៃសៅរ៍នៅក្នុងខេត្តព្រៃវែង លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃស ខេង បានបដិសេធថា មានការប៉ុនប៉ងចាប់ខ្លួនសមាជិកនៃភាគីគណបក្សគ្រប់គ្រងអំណាចដែលមានទំនាក់ទំនងជាមួយលោក។ លោកបានថ្លែងថា ប្រជាពលរដ្ឋគ្រប់រូបគឺទទួលខុសត្រូវចំពោះមុខច្បាប់៕