ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រតិកម្ម​ចំពោះ​ការព្យាយាម​របស់​សាលាក្តី​ខ្មែរ​ក្រហម​ប្តឹង​វីអូអេ​ខ្មែរ


វីដេអូ​​នេះ​ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​ YouTube របស់​វីអូអេ​ខ្មែរ បង្ហាញ​ផ្នែក​មួយ​នៃ​សេចក្តី​រាយការណ៍​ដែល​ពិភាក្សា​អំពី​​ឯកសារ​សម្ងាត់​ដែល​លេច​ធ្លាយ​ពី​តុលាការ​ខ្មែរ​ក្រហម អំពី​សំណុំ​រឿង ០០៣ និង ០០៤។ សេចក្តី​រាយការណ៍​នេះ​ក៏​រួម​មាន​បទ​សម្ភាស៍​ជាមួយ​ជន​សង្
វីដេអូ​​នេះ​ដែល​បាន​ផ្សាយ​លើ​គេហទំព័រ​ YouTube របស់​វីអូអេ​ខ្មែរ បង្ហាញ​ផ្នែក​មួយ​នៃ​សេចក្តី​រាយការណ៍​ដែល​ពិភាក្សា​អំពី​​ឯកសារ​សម្ងាត់​ដែល​លេច​ធ្លាយ​ពី​តុលាការ​ខ្មែរ​ក្រហម អំពី​សំណុំ​រឿង ០០៣ និង ០០៤។ សេចក្តី​រាយការណ៍​នេះ​ក៏​រួម​មាន​បទ​សម្ភាស៍​ជាមួយ​ជន​សង្

ការិយាល័យ​សហចៅក្រម​ស៊ើប​អង្គេត​របស់​សាលាក្តី​ខ្មែរ​ក្រហម​កំពុង​រៀបចំ​នីតិវីធី​តាម​ផ្លូវ​ច្បាប់​ប្រឆាំ​នឹង​វីអូអេ​ខ្មែរ។ នេះ​បើ​តាម​សេចក្តី​អះអាង​របស់​មន្ត្រី​ជាន់​ខ្ពស់​សាលាក្តី​ខ្មែរ​ក្រហម​ នៅ​ថ្ងៃ​សុក្រ​នេះ​។

លោក ​ហ៊ុយ​ វណ្ណៈ ​មន្រ្តី​ផ្នែក​ទំនាក់​ទំនង​សាធារណៈ​របស់​សាលាក្តី​ ដែល​គាំទ្រ​ដោយ​អង្គការ​សហប្រជាតិ​ មាន​ប្រសាសន៍​ថា​ ក្រុម​ចៅក្រម​ស៊ើប​អង្គេត​មិន​បាន​បោះ​ចោល​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់​ ប្រឆាំង​ទៅ​នឹង​ វីអូអេ​ខ្មែរ​នោះ​ទេ​ ហើយ​ចំណាត់​ការ​ប្រឆាំង​នឹង​វិទ្យុ​នេះ​ គឺ​ជា​ការ​ព្រមាន​ដល់​ការ​លេច​ធ្លាយ​ឯកសារ​សម្ងាត់ និង​ជា​ការ​ប្រឆាំង​នឹង​ការ​ជ្រៀត​ជ្រែត​កិច្ចការ​ស៊ើបអង្គេត​របស់​តុលាការ។

«អ្វី​ដែល​យើង​អាច​ជម្រាប​ជូន​បាន​គឺ​ចៅក្រម​គាត់​នឹង​ធ្វើ​ការ​ជា​មួយ​មន្ត្រី​របស់​ចៅក្រម​ ក៏​ដូច​ជា​មន្ត្រី​ពាក់ព័ន្ធ​ ដើម្បី​ចាប់​ផ្តើម​នីតិ​វិធី​លើ​ផ្លូវ​ច្បាប់​ទៅ​លើ​ករណី​នេះ»។

សហ​ចៅក្រមស៊ើប​អង្គេត​លោក​យូ ​ប៊ុនលេង​ និង​លោក​សេច​ វិចប្លុង​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ចេញ​សេចក្តី​ព្រមាន​ថា​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ដល់​វីអូអេ​ខ្មែរ​ដោយ​លើក​ឡើង​ថា​ អង្គភាព​ផ្សាយព័ត៌មាន​ដែល​ត្រូវ​បាន​ដំណើរការ​ដោយ​មូលនិធិ​របស់​រដ្ឋាភិបាល​អាមេរិក​បាន​ដក​ទាំង​ស្រុង​នូវ​ខ្លឹមសារ​ឯកសារ​សម្ងាត់​របស់​សាលាក្តី​ខ្មែរ​ក្រហម​ និង​បាន​ផ្សាយ​ជា​សាធារណៈ​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​សីហា​ នូវ​ឯកសារ​ដែល​ទាក់ទង​ទៅ​នឹងសំណុំរឿង​០០៣​ និង​សំណុំរឿង​០០៤​ ដ៏​ចម្រូង​ចម្រាស។

សហចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​បាន​បញ្ជាក់​ថា​ ខ្លួន​នឹង​បើក​ដំណើរ​ការ​នីតិ​វិធី​លើ​ការ​ជ្រៀត​ជ្រែត​ចូល​កិច្ចការ​រដ្ឋបាល​របស់​សាលាក្តី​ខ្មែរ​ក្រហម​ដោយ​យោង​តាម​វិធាន​ទី​៣៥។ សំណុំ​រឿង​នេះ​ អាច​បញ្ជូន​ទៅ​តុលាការ​ជាតិ​របស់​រដ្ឋាភិបាល​ខ្មែរ។ វិធាន​ទី​៣៥​នៃ​វិធាន​ផ្ទៃ​ក្នុង​របស់​សាលាក្តី​ខ្មែរ​ក្រហម​ចែង​ថា​ សាលាក្តី​ខ្មែរ​ក្រហម​អាច​ដាក់​ទណ្ឌកម្ម​ ឬ​អាច​បញ្ជូន​បុគ្គល​ណា​មួយ​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ករណីដែល​បុគ្គល​នោះ​ជ្រៀតជ្រែក​ដោយ​ចេតនា​ពិត​ប្រាកដ​ក្នុង​កិច្ចការ​រដ្ឋបាល​របស់​សាលាក្តី​ដូចជា​ការ​ចេញ​ផ្សាយ​ឯកសារ​សម្ងាត់​ ការ​បំផ្លាញ​ភ័ស្តុតាង​ ការ​គំរាមគំហែង​ ឬ​ក៏​ជួយ​ជន​ជាប់​ចោទ​ ឬ​ជន​ត្រូវ​បាន​ចោទ​ឲ្យ​រត់​គេច​ខ្លួន​ដោយ​ចេតនា​ជា​ដើម។

នៅ​ត្រង់​វិធាន​ទី​៣៥​ ត្រង់​ចំនុច​២​គ ​បាន​បង្ហាញ​ថា​ បញ្ហា​ដែល​អាច​កើត​មាន​ខាង​លើ​អាច​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​អាជ្ញាធរ​មាន​សមត្ថកិច្ច​របស់​កម្ពុជា​ ឬ​របស់​អង្គការ​សហ​ប្រជា​ជាតិ។

នៅ​ថ្ងៃ​សុក្រ​ នេះ​ដែល​ អង្គការ​ការពារ​អ្នក​កាសែត​ដ៏​ធំ​មួយ​ដែល​មាន​មូល​ដ្ឋាន​នៅ​ប្រទេស​បារាំង​ ដែល​មាន​ឈ្មោះ​ថា​ អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន​បាន​ហៅ​ការ​ព្រមាន​របស់​សហ​ចៅក្រម​ស៊ើប​អង្គេត​លើ​វីអូអេ​ខ្មែរ​ថា​ជា​រឿង​គួរ​ឲ្យ​ខក​ចិត្ត​ និង​រឿង​ប៉ះ​ទង្គិច។

លោក​ បិនដ្យាមិន អ៊ីស្មាអ៊ីល (Benjamin Ismail) នាយក​អង្គការ​អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំ​ដែន​ ប្រចាំ​តំបន់​អាស៊ី ​បាន​ទាម​ទារ​ឲ្យ​សាលាក្តី​ខ្មែរ​ក្រហម​បោះបង់​ចំនាត់​ការ​ផ្លូវ​ច្បាប់​របស់​ខ្លួន​ចោល។

«យើង​មាន​ការ​ស្រងាក​ចិត្ត​ចំពោះ​សាលាក្តី​មួយ​ ដែល​ចំណាយ​ពេល​វេលា​ធ្វើ​ចំណាត់​លើ​បណ្តាញ​ផ្សព្វផ្សាយ​មួយ​ដែល​គ្រាន់​តែ​បំពេញ​ការងារ​របស់​ខ្លួន​ ហើយ​ផ្សាយ​បន្ត​ចេញ​នូវ​ការងារ​របស់​ខ្លួន​ ខណៈ​ដែល​កិច្ចការ​តុលាការ​ត្រូវ​វិនិច័្ឆយ​នោះ​ មាន​សារៈ​សំខាន់​ធំធេង​ណាស់​សម្រាប់​យើង។​ យើង ​មិន​អាច​អត់​ឱន​ឲ្យ​បាន​នោះ​ទេ​ ហើយ​ប្រសិន​បើ​មាន​ចំណាត់​ការ​តាម​ផ្លូវ​តុលាការ​ យើង​ស្នើ​សុំ​ឲ្យ​បោះ​បង់​ចោល»។

វីអូអេសំឡេង​សហរដ្ឋអាមេរិក​ព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះ​ការ​ព្រមាន​របស់​សហ​ចៅក្រម​ស៊ើប​អង្គេត​ ហើយ​ចាត់​ទុក​ថា​នោះ​គឺ​ជា​រឿង​គួរ​ឲ្យ​ភ័យ​ខ្លាច។ វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​ចាត់​ទុកថា​ការ​ព្រមាន​នោះ​ ជា​ការ​ព្រមាន​ដ៏​ពុំ​មាន​ហេតុផល​សម​ស្រប។​ ជា​មួយ​គ្នា​នេះ​វីអូអេ​សម្លេង​សហរដ្ឋ​អាមេរិក​នៅ​តែ​រក្សា​គោលជំហរ​របស់​ខ្លួន​ថា​នឹង​បន្ត​យក​ព័ត៌មាន​ទាក់​ទង​នឹង​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​ទៅ​ទៀត៕

XS
SM
MD
LG