តុលាការខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិកំពុងធ្វើការជាបណ្តើរៗឆ្ពោះទៅ ការកាត់ទោសដ៏លំបាកនិងធំបំផុតមួយ។ ប៉ុន្តែការកាត់ទោសនោះបានគ្របដណ្តប់ដោយការដោះស្រាយសំណុំរឿងពីរថែមទៀតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ អ្នកសង្កេតការណ៍តុលាការនេះកាន់តែច្រើនឡើងៗនិយាយថា ដំណោះស្រាយដែលតុលាការប្រើក្នុងសំណុំរឿង០០៣និង០០៤កំពុងធ្វើឱ្យខូចកិត្តិនាមតុលាការនេះ បើទោះបីជាតុលាការនេះកំពុងតែរៀបចំកាត់ទោសមេដឹកនាំខ្មែរក្រហមបួននាក់ទៀតចំពោះឧក្រិដ្ឋកម្ម ដែលអាក្រក់ជាងគេបំផុតក្នុងសតវត្សរ៍ទី២០ក៏ដោយ។
តុលាការខ្មែរក្រហមប្រឈមមុខនឹងការកាត់ទោសដ៏លំបាកជាងគេបំផុតនៅឆ្នាំក្រោយ។ ខណៈពេលដែលចៅក្រមនិងព្រះរាជអាជ្ញានិងបុគ្គលិកខិតខំធ្វើការឆ្ពោះទៅការកាត់ទោសនួន ជា ខៀវ សំផន អៀង សារី និងអៀង ធីរិទ្ធនេះ ពួកគេក៏កំពុងប្រឈមមុខនឹងការទិតៀនកាន់តែច្រើនឡើងៗ។
ក្រុមអ្នកសង្កេតការណ៍និយាយថា ភាពជឿជាក់ជាទូទៅលើតុលាការនេះកំពុងទទួលការប៉ះពាល់។
លោកអ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានបញ្ជាក់ថា៖
«តុលាការនេះ ប្រសិនបើយើងចង់វាស់ពីជោគជ័យគឺមានពីរចំណុចដែលតុលាការនេះចង់បំពេញ គឺទីមួយកាត់ទោសអ្នកដែលមានតួនាទីខ្ពស់នៅចំពោះការសម្លាប់រង្គាលនៃរបបខ្មែរក្រហម ហើយទីពីរគឺត្រូវតែបន្សល់នូវប្រព័ន្ធតុលាការមួយដែលជាគម្រូសម្រាប់ប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជា»។
យោងតាមបទសម្ភាសន៍ជាមួយអ្នកសង្កេតការណ៍ទាំងជាតិ និងអន្តរជាតិបានឱ្យដឹងថា តុលាការនេះកំពុងតស៊ូនឹងបញ្ហាពីរគឺការដោះស្រាយសំណុំរឿង០០៣និង០០៤ដែលបង្កជាការព្រួយបារម្ភខ្លាំងជាងគេបំផុត ហើយសំណុំរឿងទាំងពីរនេះនឹងត្រូវដោះស្រាយបន្ទាប់ពីការកាត់ក្តីនៅឆ្នាំក្រោយ។ ប៉ុន្តែទន្ទឹមគ្នានោះដែរតុលាការនេះត្រូវបង្ហាញគម្រូជាទូទៅ។
ក្រុមអ្នកសង្កេតការណ៍តុលាការ ក្រុមការពារជនរងគ្រោះ និងជនរងគ្រោះនិយាយថា ពួកគេចង់ឱ្យសំណុំរឿងទាំងពីរនោះដំណើរការទៅមុខដែលជាការដើរផ្ទុយគ្នាទៅនឹងជំហរជំទាស់ជាសាធារណៈដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនធ្លាប់សម្តែងឱ្យដឹង។
ទោះបីយ៉ាងណាក៏ដោយ ចៅក្រមស៊ើបអង្កេតលើសំណុំរឿងទាំងពីរនោះហាក់បានបញ្ចេញសញ្ញាឱ្យដឹងថា ពួកគេចង់បញ្ចប់ ឬច្រានចោលសំណុំរឿងនោះឱ្យបានឆាប់ៗ។ លោកចៅក្រម Siegfried Blunk និងលោកចៅក្រមយូ ប៊ុនឡេងនិយាយកាលពីដើមឆ្នាំនេះថា ពួកគេមានការមន្ទិលសង្ស័យយ៉ាងខ្លាំងថា តើជនសង្ស័យប្រាំនាក់ក្នុងករណីទាំងពីរនេះអាចចាត់ទុកថា ជាអ្នកដែលមានការទទួលខុសត្រូវខ្ពស់បំផុត ឬយ៉ាងណានៅឡើយទេ ចំពោះឧក្រិដ្ឋកម្មក្នុងសម័យខ្មែរក្រហម។
ការឱ្យនិយមន័យ ការកំណត់និយមន័យនៃពាក្យ«អ្នកទទួលខុសត្រូវខ្ពស់បំផុត»បានធ្វើឱ្យប៉ះពាល់កិត្តិយសរបស់តុលាការនេះទៅហើយ។
លោក John Ciorciari សាស្រ្តាចារ្យខាងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Michigan បានបញ្ជាក់ថា៖ «ការប្រកែកគ្នាលើសំណុំរឿង០០៣និង០០៤បានធ្វើឱ្យខូចកេរ្តិ៍ឈ្មោះតុលាការនេះ ហើយបានបង្ហាញពីទំនាស់ផ្ទៃក្នុង និងការជ្រៀតជ្រែកផ្នែកនយោបាយ។ វាជាការពិបាកក្នុងការលុបលាងការខូចខាតនេះណាស់។ ប្រសិនបើសំណុំរឿង០០៣និង០០៤ដំណើរការទៅមុខ ក៏វានឹងនាំឱ្យមានការមិនយល់ស្របគ្នា និងការចូលជ្រៀតជ្រែក និងការពន្យារពេលបន្ថែមទៀតដល់ការចាប់ផ្តើមសវនាការដ៏សំខាន់បំផុតគឺសំណុំរឿងលេខ០០២ ដែលជាបន្តបន្ទាប់ នឹងអាចបរាជ័យ ដោយសារជនជាប់ចោទទាំងនោះមានវ័យចំណាស់ និងមានសុខភាពខ្សោយ»។
ជាទូទៅសាធារណជនចង់ឱ្យតុលាការបញ្ចប់សំណុំរឿងលេខ០០២ឱ្យបានឆាប់។ បំណងនេះបានបង្ហាញរូបរាងយ៉ាងច្បាស់កាលពីដើមខែនេះ នៅពេលដែលសាក្សីសំខាន់ម្នាក់ដែលជាអ្នករស់រានមានជីវិតពីការកាប់សម្លាប់ក្នុងគុកទួលស្លែងគឺលោកវ៉ាន់ ណាតបានស្លាប់ដោយសារជំងឺខូចក្រលៀន។ ស្របពេលជាមួយគ្នានេះដែរ មេដឹកនាំដែលត្រូវយកមកកាត់ទោសក៏ត្រូវពិនិត្យសុខភាពថា តើពួកគេមានសុខភាពល្អគ្រប់គ្រាន់ដែលអាចប្រឈមមុខនឹងការកាត់ទោសឬទេ។ ប្រសិនបើតុលាការមិនអាចកាត់ទោសមេដឹកនាំទាំងបួនបានគឺមានន័យថា ពួកតុលាការបានចំណាយប្រាក់រាប់លានដុល្លារ តែធ្វើការជំនុំជម្រះតែកាំង ហ្កេកអ៊ាវម្នាក់ប៉ុណ្ណោះ។ កាំង ហ្កេកអ៊ាវហៅ ឌុចគឺជាមេគុកទួលស្លែង។ សំណុំរឿងរបស់គាត់មានលក្ខណៈសាមញ្ញ ប៉ុន្តែការកាត់ក្តីរបស់គាត់ដែលចាប់ផ្តើមកាលពីឆ្នាំ២០០៩នៅកំពុងរង់ចាំការសម្រេចចុងក្រោយនៅឡើយ។
ក្រុមអ្នករិះគន់តុលាការជាច្រើនគិតថា បញ្ហាសំខាន់សម្រាប់ការជឿជាក់លើតុលាការនេះគឺស្ថិតលើចៅក្រមស៊ើបអង្កេត។
កាលពីថ្ងៃច័ន្ទ ចៅក្រមស៊ើបអង្កេតអន្តរជាតិគឺលោក Siegfried Blunk បានលាឈប់ពីតំណែងដោយលើកហេតុផលថា មានការចូលជ្រៀតជ្រែកពីខាងរដ្ឋាភិបាលកម្ពុជា។
ការលាឈប់នេះបាននាំឱ្យអ្នកតាមដានសាលាក្តី ដូចជាលោកសាស្រ្តាចារ្យ ចន ហលនៃមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យ Chapman ក្នុងរដ្ឋកាលីហ្វញ៉ា យល់ថា នេះជាឱកាសថ្មីមួយក្នុងការចាប់ផ្តើមការស៊ើបអង្កេតប្រកបដោយការជឿជាក់ឡើងវិញលើសំណុំរឿង០០៣និង០០៤។
«ប្រសិនបើការស៊ើបអង្កេតត្រូវបានធ្វើឡើងដោយចៅក្រមស៊ើបអង្កេតប្រកបដោយតម្លាភាព ស្មោះត្រង់ និងល្អិតល្អន់ វានឹងជួយស្តារកិត្តិយសរបស់សាលាក្តីខ្មែរក្រហម។ បើមិនបានធ្វើដូច្នេះទេ គឺចៅក្រមស៊ើបអង្កេតហាក់ដូចជាអង្គុយនៅស្ងៀម ហើយមិនធ្វើការស៊ើបអង្កេតឱ្យបានពេញលេញ។ អញ្ចឹងខ្ញុំគិតថា មានហេតុផលរឹងមាំដែលនាំឲ្យមានការសង្ស័យលើភាពស្របច្បាប់នៃតុលាការនេះ ហើយក្នុងករណីនេះខ្ញុំគិតថា វាជាការសមស្របសម្រាប់អង្គការសហប្រជាជាតិដកខ្លួនចេញពីសាលាក្តីនេះ»។
ប៉ុន្តែលោកហ៊ុយ វណ្ណៈ មន្ត្រីព័ត៌មានរបស់តុលាការខ្មែរក្រហមបាននិយាយការពារកិច្ចការរបស់តុលាការថា៖
«រហូតមកដល់ពេលនេះគឺតុលាការនេះបានបន្តទៅមុខដោយជោគជ័យ។ យើងឃើញថា សំណុំរឿងលេខ០០១ យើងជិតបញ្ចប់ហើយ។ នៅពេលខាងមុខនឹងប្រកាសសាលក្រមស្ថាពរ ហើយក៏គ្រោងចាប់ផ្តើមនីតិវិធី០០២ដែរដែលថ្មីៗនេះតុលាការបានធ្វើការប្រកាសអំពីការបំបែកនីតិវិធីដើម្បីធ្វើឱ្យដំណើរការនេះបានកាន់តែលឿនដើម្បីប្រយោជន៍យុត្តិធម៌។ ហើយយើងត្រឡប់ទៅមើលអំពីការរីកចម្រើននិងការវិវត្តដែលត្រូវបានស្វាគមន៍ដោយអ្នកឃ្លាំមើលសាលាក្តីភាគច្រើនក៏ដូចជាប្រទេសម្ចាស់ជំនួយ»។
កាលពីខែមេសា ចៅក្រមស៊ើបអង្កេតបានបិទបញ្ចប់ការស៊ើបអង្កេតករណី០០៣យ៉ាងប្រញ៉ាប់ប្រញ៉ាល់ដោយមិនទាំងបានសម្ភាសជនសង្ស័យសំខាន់ៗពីរនាក់គឺមេបញ្ជាការយោធា លោកមាស មុត និងលោកស៊ូ ម៉េត ដែលអ្នកទាំងពីរត្រូវអតីតព្រះរាជអាជ្ញារបស់អង្គការសហប្រជាជាតិនិយាយក្នុងឆ្នាំ២០០៨ថា ស្ថិតក្នុងចំណោមក្រុមថ្នាក់លើក្នុងជួរអ្នកដឹកនាំ។
លោកអាន់ឌ្រូ ខេលី ព្រះរាជអាជ្ញាអន្តរជាតិនាពេលបច្ចុប្បន្ននេះ បានប្តឹងឧទ្ធរណ៍ភ្លាមៗឱ្យចៅក្រមបើកការស៊ើបអង្កេតឡើងវិញ ដោយស្នើឱ្យពួកគេទៅសម្ភាសជនសង្ស័យនិងទៅមើលទីតាំងឧក្រិដ្ឋកម្មសំខាន់ៗ។
លោក Ciorciari ឱ្យដឹងដែរថា ចៅក្រមមិនបានធ្វើការឱ្យដិតដល់ទេ។
«ព័ត៌មានដែលយើងទទួលបានគឺបញ្ជាក់ថា សហចៅក្រមស៊ើបអង្កេតនៃសាលាក្តីខ្មែរក្រហមធ្វើការសម្រេចចិត្តរួចជាមុនលើសំណុំរឿង០០៣និង០០៤ ហើយបានធ្វើការស៊ើបអង្កេតដោយមិនអស់ចិត្តអស់ថ្លើមទេ»។
កាលពីខែមិថុនា អង្គការគម្រោងសង្គមយុត្តិធម៌បើកចំហដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានអំពាវនាវឱ្យតុលាការធ្វើការស៊ើបអង្កេតលើការចោទប្រកាន់ធ្ងន់ធ្ងរថា ចៅក្រមស៊ើបអង្កេតមានចេតនាធ្វើឱ្យរាំងស្ទះការស៊ើបអង្កេត។
លោកម៉ាទីន ណេសឺគី (Martin Nesirky) អ្នកនាំពាក្យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ពីជំហររបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រតុលាការមួយដែលឯករាជ្យ។ លោកក៏បានស្នើសុំទុកពេលឱ្យតុលាការនេះធ្វើការក្នុងស្ថានភាពរួចផុតពីសម្ពាធនានា។
«ចៅក្រមនៅអង្គជំនុំជម្រះក្នុងតុលាការកម្ពុជាត្រូវតែមានលទ្ធភាពធ្វើការដោយមិនមានការជ្រៀតជ្រែកពីខាងក្រៅ ទោះបីជាមកពីរាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ ប្រទេសម្ចាស់ជំនួយនិងអង្គការសង្គមស៊ីវិល»។
ក្រុមតាមដានកិច្ចការតុលាការបានអំពាវនាវជាថ្មីកាលពីខែមុន ក្រោយពីចៅក្រមស៊ើបអង្កេតធ្វើការសម្រេចចិត្តដែលអាចរារាំងមិនឲ្យជនរងគ្រោះជាច្រើនមានលទ្ធភាពចូលរួមក្នុងសំណុំរឿង០០២។
ក្នុងបទសម្ភាសន៍មួយលោក James Goldston នាយកប្រតិបត្តិនៃអង្គការ OSJI និយាយថា តុលាការនោះមិនឈានដល់កម្រិតស្តង់ដារអន្តរជាតិទេ ជាពិសេសខាងផ្នែកស៊ើបអង្កេត។
«មន្ត្រីយុត្តិធម៌របស់តុលាការគួរតែធ្វើការដូចតុលាការដទៃទៀត ដែលដោះស្រាយឧក្រិដ្ឋកម្មអន្តរជាតិ។ ទាំងនេះជាការចាំបាច់ក្នុងការធ្វើការស៊ើបអង្កេតក្នុងស្ថានភាពដែលនឹងមានប្រសិទ្ធិភាព ហើយមានសមត្ថភាពឈានទៅវែកមុខ និងដាក់ទោសជនទាំងឡាយណាដែលទទួលខុសត្រូវ ហើយនៅឯករាជ្យពីសម្ពាធពីខាងក្រៅ និងបើកចំហឱ្យសាធារណជនបានដឹង»។
បញ្ហាទាក់ទឹននឹងការតាមមើលពីសាធារណជន និងតម្លាភាពបានតាមលងតុលាការនេះតាំងពីមុនពេលតុលាការនេះចាប់ផ្តើមដំណើរការម៉្លេះ។ តាំងពីពេលបង្កើតឡើង ក្រោយពីមានការប្រទាំងប្រទើសគ្នារវាងអង្គការសហប្រជាជាតិ និងកម្ពុជាក្នុងឆ្នាំ២០០៦នោះ តុលាការនេះបានប្រឡាក់ប្រឡូសនឹងការចោទប្រកាន់អំពីអំពើពុករលួយដែលនៅមិនទាន់បានដោះស្រាយឱ្យបានពេញលេញជាសាធារណៈនៅឡើយ។
ឥឡូវការសម្ងាត់ដូចគ្នានេះកំពុងធ្វើឱ្យស្មុគស្មាញដល់ការស៊ើបអង្កេតសំណុំរឿង០០៣និង០០៤។ នេះបើតាមប្រសាសន៍របស់លោកហ្កោលស្តុន។
«គឺមានដូចជាការរារាំងមិនឱ្យជនរងគ្រោះក្នុងឧក្រិដ្ឋកម្មរបស់ពួកខ្មែរក្រហម ហើយដែលអាចជាដើមបណ្តឹងរដ្ឋប្បវេណី មានឱកាសត្រឹមត្រូវចូលរួមក្នុងដំណើរការរបស់តុលាការ។ របៀបនៃការស៊ើបអង្កេតក្នុងសំណុំរឿង០០៣និង០០៤ត្រូវបានធ្វើឡើងផ្ទុយគ្នាខ្លាំងពីព័ត៌មានដ៏សម្បូរបែបដែលតុលាការបានផ្តល់ឱ្យសាធារណជនទាក់ទងនឹងការស៊ើបអង្កេតក្នុងសំណុំរឿង០០១និង០០២»។
លោកហ្កោលស្តុនបានបញ្ជាក់ដែរថា ការដោះស្រាយសំណុំរឿងទាំងពីរនេះមិនបានត្រឹមត្រូវនឹងជះផលអាក្រក់លើសពីចៅក្រមស៊ើបអង្កេតទៅទៀត។
«ផលវិជ្ជមានដែលបានមកពីការកាត់ក្តីមេដឹកនាំកំពូលៗក្នុងសំណុំរឿង០០២ប្រកបដោយជោគជ័យនឹងរលាយបាត់ទៅវិញ ប្រសិនបើការព្រួយបារម្ភទាំងនេះមិនត្រូវបានដោះស្រាយប្រកប ដែលគួរឱ្យទុកចិត្តបានទេ»។
លោកប្រែដ អាដាម នាយកអង្គការ Human Rights Watch នៅតំបន់អាស៊ី និយាយថា ក្រោយពី ចំណាយប្រាក់អស់២០០លានដុល្លារ តុលាការនេះគួរតែអាចពង្រីកទំហំការងាររបស់ខ្លួនឱ្យហួសពីការជំនុំជម្រះមេដឹកនាំទាំងប្រាំនាក់ ដែលកំពុងជាប់ឃុំឃាំងនៅក្នុងតុលាការ។
«អ្នកទាំងប្រាំនាក់នោះត្រូវបានគេចោទ ថាមានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋធ្ងន់ធ្ងរបំផុត ប៉ុន្តែពួកគេទាំងនោះមិនមែនជាអ្នកបាញ់សម្លាប់មនុស្សទេ»។
លោកអាដាមបញ្ជាក់ថា ការសមគំនិតសម្លាប់មនុស្សក្នុងរបបខ្មែរក្រហមចេញពីជម្រៅផ្ទៃក្នុងរបស់ជួរមេដឹកនាំក្រុមខ្មែរក្រហមគឺហួសពីអ្នកធ្វើការសម្រេចចិត្តទៅទៀត។ លោកបន្ថែមថា ការកាត់ទោសសំណុំរឿង០០៣និង០០៤នឹងនាំឱ្យមានការយកមកកាត់ទោសមនុស្សដែលមានទោសធ្ងន់ៗខ្លះដែលទទួលខុសត្រូវការសម្លាប់មនុស្សរាប់ពាន់ និងរាប់ម៉ឺននាក់។
«នៅក្នុងតុលាការដទៃទៀត អ្វីដែលគេធ្វើគឺថា នៅពេលដែលពួកគេទទួលបានភស្តុតាង ពួកគេនឹងបន្តការស៊ើបអង្កេត។ ពួកគេស៊ើបអង្កេត ដោយទៅសាកសួរចុងចោទ ប្រសិនបើគេអាចធ្វើបាន ដោយទៅសាកសួរសាក្សី ពិនិត្យមើលឯកសារ ពិភាក្សាជាមួយអ្នកជំនាញ។ ហើយតាមមើលទៅសម្រាប់សំណុំរឿង០០៣និង០០៤ ពួកគេហាក់មិនបានធ្វើកិច្ចការដូចលើកឡើងនេះទេ»។
លោកនិយាយថា ចៅក្រមស៊ើបអង្កេតមិនបានធ្វើការគ្រប់គ្រាន់ទេ។
«ហេតុអ្វីបានជាពួកគេមិនចុះទៅមូលដ្ឋានឱ្យបានរាល់ថ្ងៃ រាល់សប្តាហ៍ រាល់ខែ ដើម្បីទៅសម្ភាសអ្នកទាំងនោះ ដោយព្យាយាមរកឱ្យឃើញថា មានអ្វីកើតឡើងនៅកន្លែងឧក្រិដ្ឋកម្មទាំងនោះ? នោះគឺជាអ្វីដែលចៅក្រមស៊ើបអង្កេតអាជីពត្រូវធ្វើ។ ដូច្នេះរឿងនេះហាក់ដូចជាមិនធម្មតាសោះ។ វាជាការបំពេញការងារដ៏អន់បំផុតរបស់តុលាការមួយដែលអង្គការសហប្រជាជាតិចូលរួម ដោយហេតុនេះហើយបានជាមានជំនឿយ៉ាងទូលំទូលាយ និងការទទួលយកជាសាកលថា តុលាការនៅប្រទេសកម្ពុជាគឺជាតុលាការមួយដែលអន់ជាងគេបំផុត»។
លោកភីធឺ ម៉ាក្វាយ សាស្រ្តាចារ្យច្បាប់អាមេរិកាំង និងជាអ្នកនិពន្ធសៀវភៅស្តីពីរបបខ្មែរក្រហមនិយាយថា ចៅក្រមស៊ើបអង្កេតបានទោរទន់ទៅតាមសម្ពាធនយោបាយ។
លោកបានព្យាករណ៍ថា សំណុំរឿង០០២គឺជាសំណុំរឿងចុងក្រោយរបស់តុលាការនេះ មុនពេលពួកគេត្រឡប់ទៅស្រុកវិញ។
របៀបដោះស្រាយសំណុំរឿង០០៣និង០០៤ដោយចៅក្រមស៊ើបអង្កេតនេះក៏បានបង្កឲ្យមានចម្ងល់ក្នុងចំណោមអ្នកសង្កេតការណ៍កម្ពុជា ដូចជាលោកហង្ស ឆាយា នាយកប្រតិបត្តិនៃវិទ្យាស្ថានខ្មែរដើម្បីលទ្ធិប្រជាធិបតេយ្យ។
«ចៅក្រមស៊ើបអង្កេតក៏គួរមានការពិចារណាអំពីរឿងហ្នឹងដែរ។ ប្រសិនបើគាត់អសកម្ម មិនព្រមធ្វើការងារហ្នឹងឱ្យបានដិតដល់ ខ្ញុំជឿថា វាក្លាយជាប្រវត្តិសាស្រ្តមួយ ហើយចៅក្រមគឺនឹងពាក់ព័ន្ធនឹងប្រវត្តិសាស្រ្តហើយ។ ហើយខ្ញុំជឿថា នឹងមានការសោកស្តាយទៅអនាគត»។
លោកស្រីពុង ឈីវកេក ស្ថាបនិកអង្គការសិទ្ធិមនុស្សលីកាដូ និយាយថា តុលាការនៅមានឱកាសក្នុងការធ្វើឱ្យប្រសើរឡើងនូវកេរដំណែលរបស់ខ្លួនដោយឱ្យក្រុមរាជអាជ្ញា និងចៅក្រមស៊ើបអង្កេតសហការបន្តសំណុំរឿងក្តីទាំងអស់នេះ។
«អញ្ចឹង បើមិនបានស្រុះស្រួលគ្នា ខ្ញុំជឿថា បងប្អូនប្រហែលជាមានការខកចិត្តជាច្រើន ហើយឈ្មោះខ្ញុំក៏មិនធានាទៀត ព្រោះពីដើមមក ដោយសារយើងឃើញថា ពេលចាប់ផ្តើមមក ឃើញតុលាការនេះធ្វើការល្អ។ អញ្ចឹងទៅយើងទាំងអស់គ្នាសង្ឃឹមថា នឹងបានឃើញយុត្តិធម៌ផង ហើយឃើញការពិតផង។ យើងនឹកឃើញអញ្ចេះទៀតគឺថា តុលាការនេះអាចទៅជាគម្រូមួយ»។
សកម្មភាពរបស់ចៅក្រមស៊ើបអង្កេតក្នុងសំណុំរឿង០០៣និង០០៤បានលើកឡើងជាសំណួរជាបន្តបន្ទាប់អំពីការជ្រៀតជ្រែកខាងនយោបាយពីលោកហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ដែលអ្នកខ្លះក៏ជាអតីតកម្មាភិបាលខ្មែរក្រហមដែរ។
លោកជាម យៀប តំណាងរាស្រ្តនៃគណបក្សប្រជាជនកម្ពុជា និយាយថា មេដឹកនាំទាំងបីនាក់របស់គណបក្សប្រជាជនកម្ពុជាគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន លោកហេង សំរិន ប្រធានសភាជាតិ និងលោកជា ស៊ីម ប្រធានព្រឹទ្ធសភា មិនដែលបញ្ជាឱ្យតុលាការ ឬព្រះរាជអាជ្ញាពន្យារ ឬពន្យឺតដំណើរការកាត់ទោសនេះទេ។
លោកជាម យៀបបានបញ្ជាក់ឡើងវិញពីការព្រួយបារម្ភខ្លះរបស់រដ្ឋាភិបាលដែលថា ការចោទប្រកាន់ជាបន្តទៀតអាចធ្វើឱ្យប្រទេសជាតិមានអស្ថិរភាព។
«កត្តាដ៏សំខាន់គឺថា កុំឱ្យបែកបាក់គ្នាតទៅទៀត គឺកុំឱ្យប្រេះឆាតទៅទៀត។ អ្នកចូលរួចមកហើយយើងសូមឱ្យកាត់ដើម្បីឱ្យរាងចាល ហើយដើម្បីឱ្យព្រលឹងជនជាតិខ្មែរ ដែលបាត់បង់នៅជំនាន់ប៉ុល ពត បាននឹងនរចិត្តខ្លះ។ ហើយកាលណាអ្នកដែលបានដឹង ហើយចូលមកជួយប្រទេសជាតិជាបន្តមកគឺយើងឃើញណាស់ទៅហើយ គឺយើងត្រូវធ្វើយ៉ាងម៉េចទុកជាខ្មែរហ្នឹងតទៅទៀតចុះ ទម្រាំគេងាប់ទៅចុះ។ នេះគឺជាគោលការណ៍រកសន្តិភាព គោលការណ៍ដើម្បីរកសន្តិភាព គោលការណ៍ដើម្បី បំបាត់ភាពក្រីក្រ និងធ្វើម៉េចឲ្យជីវភាពប្រជាជនកម្ពុជាមានការអភិវឌ្ឍ។ នេះជាគោលការណ៍គណបក្សប្រជាជនកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជាយកមកអនុវត្តនាពេលបច្ចុប្បន្ននេះ»។
ទោះបីជាយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់និយាយថា សេចក្តីថ្លែងការណ៍ជាសាធារណៈរបស់លោកហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងការបដិសេធពីមេដឹកនាំជាន់ខ្ពស់ មិនទៅឆ្លើយបំភ្លឺតាមការស្នើសុំរបស់មន្ត្រីតុលាការបង្ហាញពីការចូលជ្រៀតជ្រែក។
លោក Ciociari នៃសាកលវិទ្យាល័យមីឈីហ្កេន និយាយថា ប្រសិនបើករណី០០៣និង០០៤មិនដំណើរការទៅមុខទេនោះ អ្នកដែលតាមដានមើលតុលាការនេះភាគច្រើននឹងសន្និដ្ឋានបញ្ចប់ថា ករណីទាំងពីរនោះត្រូវបានទាត់ចោលដោយសារតែហេតុផលនយោបាយ ដែលក្នុងនោះ រួមមានការខឹងសម្បារ និងការនឿយណាយពីម្ចាស់ជំនួយ ក៏ដូចជាក្រុមប្រឆាំងនឹងរដ្ឋាភិបាល។
លោកបានបញ្ជាក់បន្ថែមថា៖ «ជម្រើសដ៏ល្អបំផុតរបស់តុលាការនេះគឺបន្តរឿងក្តីនេះដោយម៉ឺងម៉ាត់ ចេញសាលក្រម ដែលអាចទុកចិត្តបាន ឬក៏បង្ហាញហេតុផលផ្លូវច្បាប់ដែលមានឯកសារត្រឹមត្រូវនិងមានហេតុផលច្បាស់លាស់ក្នុងការច្រានករណីនេះចោល។ ប៉ុន្តែតាមមើលទៅប្រហែលជាតុលាការនេះមិនព្រមធ្វើដូច្នេះទេ»។
ការចោទប្រកាន់អំពីការចូលជ្រៀតជ្រែកខាងផ្នែកនយោបាយក៏បានធ្វើឱ្យខូចដល់តួនាទីរបស់តុលាការដែលនឹងធ្វើជាគម្រូសម្រាប់ប្រព័ន្ធយុត្តិធម៌កម្ពុជាដែលគេដឹងច្បាស់ថា ពុករលួយ និងអសមត្ថភាព។
លោកអ៊ូ វីរៈ នាយកប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និយាយថា តុលាការនេះនៅមិនទាន់ជម្រះបានទាំងស្រុងនូវការចោទប្រកាន់អំពីការប្រព្រឹត្តិអំពើពុករលួយ ដោយរួមទាំងការទទួលសំណូកពីបុគ្គលិក និងការជ្រៀតជ្រែកចូលខាងផ្នែកនយោបាយ។
«ការបន្សល់នូវប្រព័ន្ធតុលាការ ឬមួយក៏តុលាការមួយដែលជាគម្រូបានគឺជាគម្រូសម្រាប់តុលាការក្នុងស្រុក គឺជារឿងមួយដែលខ្ញុំមើលទៅថា តុលាការនេះបានធ្វើរឿងហ្នឹងបានខ្លះ។ ក៏ប៉ុន្តែមិនបានគ្រប់ជ្រុងជ្រោយទេ ព្រោះអីបញ្ហាក្នុងប្រព័ន្ធតុលាការយើង គឺអំពើពុករលួយ បញ្ហាទីពីរគឺការលូកដៃពីនយោបាយ ហើយតុលាការខ្មែរក្រហមនេះក៏អត់បានគេចរួចពីការចោទប្រកាន់អំពីអំពើពុករលួយហើយនឹងការលូកដៃពីរឿងនយោបាយដែរ។ ដូច្នេះការអត់គេចរួចពីបញ្ហាទាំងពីរនេះមិនបានឆ្លុះបញ្ជាំងថា តុលាការនេះជាគម្រូល្អទាំងស្រុងនៅឡើយទេ»។
លោកហ៊ុយ វណ្ណៈ មន្រ្តីព័ត៌មាននៃសាលាក្តីបានឆ្លើយការពារកេរ្តិ៍ឈ្មោះរបស់តុលាការ និងគម្រូដែលគេគិតថា តុលាការនេះនឹងបន្សល់ទុក។
«ខ្ញុំចូលមកខ្លួនឯងផ្ទាល់ ចូលមកដល់តុលាការ ធ្វើការនៅសាលាក្តីខ្មែរក្រហមនេះ គឺខាងក្នុងនេះតែម្តងគឺចៅក្រមគ្រប់គ្នា មន្ត្រីច្បាប់គ្រប់គ្នា គឺបានលះបង់ដើម្បីធ្វើកិច្ចការក្នុងសាលាក្តីមួយនេះដែលរំពឹងថា នឹងផ្តល់មរតកយ៉ាងសំខាន់នៅក្នុងការធ្វើការកែទម្រង់ប្រព័ន្ធច្បាប់ក្នុងប្រទេសកម្ពុជា។ រឿងមរតកសំខាន់ក្នុងសាលាក្តីនេះ យើងនឹងបានមើលឃើញនៅពេលដែលតុលាការនេះកំពុងដំណើរការរហូតដល់ពេលសាលាក្តីនេះបញ្ចប់ផងដែរ។ ប៉ុន្តែអ្វីមួយដែលខ្ញុំចង់បញ្ជាក់ជូនអំពីការផ្លាស់ប្តូរដ៏ធំដោយសារតែមានវត្តមានតុលាការខ្មែរក្រហមនេះគឺការផ្លាស់ប្តូរឥរិយាបទរបស់ប្រជាពលរដ្ឋ។ យើងស្រមៃមើលពីមុន ប្រសិនបើយើងប្រមូលប្រជាពលរដ្ឋទៅតុលាការគឺគ្មាននរណាម្នាក់ចង់ទៅតុលាការទេ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ យើងឃើញប្រជាពលរដ្ឋជិត១០ម៉ឺននាក់បានធ្វើដំណើរបានដល់សាលាក្តីខ្មែរក្រហម ដោយចាត់ទុកថា តុលាការជាកន្លែងមួយបើកចំហ ដែលផ្តល់ឱកាសក្នុងការស្វែងយល់អំពីនីតិវិធី ដូចជាការប្រព្រឹត្តិទៅរបស់តុលាការ ដែលការវិវត្តន៍ដ៏ធំនេះជាការរួមចំណែកដ៏សំខាន់នៅក្នុងឥរិយាបទសង្គម នៅក្នុងការយល់ឃើញរបស់ប្រជាពលរដ្ឋ ចំពោះវត្តមាននិងដំណើរការរបស់សាលាក្តី»។
ចំណែកឯលោកអាដាមវិញ និយាយថា ក្រៅពីដើរតួជាគម្រូសម្រាប់តុលាការកម្ពុជា តុលាការខ្មែរក្រហមអាចធ្វើជាគម្រូមួយផ្នែកសម្រាប់សង្គមទាំងមូល ដែលជារឿយៗ ជនប្រព្រឹត្តល្មើសតែងតែរួចខ្លួន។
«នៅពេលដែលយើងនិយាយអំពីប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះគឺនៅមាននិទណ្ឌភាពសម្រាប់ក្រុមមេដឹកនាំ នៅមាននិទណ្ឌភាពសម្រាប់មេទាហានធំៗ និងមន្ត្រីនៅក្នុងក្រសួងមហាផ្ទៃ»។
លោកបានលើកអំពីករណីសម្លាប់មនុស្សដែលនៅមិនទាន់ដោះស្រាយនៅឡើយ។ ក្រោយប្រតិបត្តិការរបស់អ៊ុនតាក់ ការវាយប្រហារដោយគ្រាប់បែកលើបាតុករប្រឆាំងរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៧ និងរដ្ឋប្រហារដែលកើតមានឡើងនាពេលក្រោយមកក្នុងឆ្នាំនោះ អំពើហិង្សាលើបាតុករក្នុងឆ្នាំ១៩៩៨ និងអំពើហិង្សាដែលបន្តមានក្នុងការចាប់រំលោភយកដីគឺជាឧទាហរណ៍ដែលកើតឡើងដោយមិនមានការដាក់ទោស។
លោកអាដាមបានបញ្ជាក់ថា៖ «ការកាត់ទោសក្រុមខ្មែរក្រហមជាផ្នែកមួយនៃការផ្តល់ចម្លើយដល់បញ្ហានោះ។ ប៉ុន្តែសូម្បីតែតុលាការខ្មែរក្រហមដំណើរការទៅដោយល្អឥតខ្ចោះក៏វានៅមិនទាន់ដោះស្រាយបានអ្វីដែលកំពុងកើតមានឡើងក្នុងប្រទេសកម្ពុជាក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ លោកស៊ុយ ម៉ុងលាង អគ្គលេខាធិការនៃក្រុមប្រឹក្សាកំណែទម្រង់ប្រព័ន្ធតុលាការរបស់ទីស្តីការគណៈរដ្ឋមន្រ្តី បានប្រាប់វីអូអេថា ទោះបីជាយ៉ាងណាក៏ដោយ តុលាការខ្មែរក្រហមនឹងជួយដល់តុលាការជាតិដែរ។
លោកមានប្រសាសន៍ថា មេរៀនមួយគឺថា គេត្រូវការថវិកាច្រើនទៀតសម្រាប់តុលាការជាតិដើម្បីជួយឱ្យប្រព័ន្ធតុលាការដំណើរការបាន ហើយបញ្ហាមួយទៀតគឺការសម្របទៅតាមបច្ចេកវិទ្យាព័ត៌មានវិទ្យា។
«ដើម្បីជាកេរដំណែលរបស់តុលាការខ្មែរក្រហម គេមើលទៅឃើញថា តុលាការខ្មែរក្រហមធ្វើទៅបានល្អ។ ដូច្នេះគេយកមកដើម្បីនឹងផ្ទេរបច្ចេកវិទ្យា និងចំណេះដឹងទៅតុលាការធម្មតារបស់យើង»។
ខណៈពេលដែលនៅមិនទាន់មានការយល់ស្របគ្នាថា សំណុំរឿង០០៣និង០០៤មានសារៈសំខាន់យ៉ាងណាដល់កេរដំណែលរបស់តុលាការនោះ វាច្បាស់ណាស់ថា សំណុំរឿង០០២នឹងត្រូវការការយកចិត្តទុកដាក់ឱ្យបានពេញលេញ។
បុរសទាំងបីនាក់ និងស្រ្តីម្នាក់ដែលនឹងត្រូវយកមកកាត់ទោសក្នុងសំណុំរឿង០០២នោះគឺជាមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បំផុតដែលនៅរស់រានមានជីវិត។ របបខ្មែរក្រហមបានបង្កឱ្យស្លាប់បាត់បង់ជីវិតមនុស្សយ៉ាងហោចណាស់១លាន៧សែននាក់។ ជនជាប់សង្ស័យទាំងបួននាក់នេះមានវ័យកាន់តែចាស់ឡើងៗ ហើយតុលាការនេះដំណើរការមកដល់ឆ្នាំទី៥ហើយ៕