ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ពីរ​ប្តឹងគ្នា​ពី​បទ​បង្ខូច​កេរ្តិ៍​ឈ្មោះ​​និង​រំលោភ​សេចក្តី​ទុកចិត្ត


ក្រុមហ៊ុន ​Nim Meng ​បាន​ប្តឹង​ក្រុមហ៊ុន ​Hong Tong ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ពីបទ​រំលោភ​ សេចក្តី​ទុកចិត្ត ​ហើយ​តុលាការ​នៅ​ថ្ងៃ​ទី២៥​ខាង​មុខ​នេះ​នឹង​កោះហៅ​ភាគី​ទាំង​ពីរ​ឲ្យ​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​​តុលាការ។
ក្រុមហ៊ុន ​Nim Meng ​បាន​ប្តឹង​ក្រុមហ៊ុន ​Hong Tong ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ពីបទ​រំលោភ​ សេចក្តី​ទុកចិត្ត ​ហើយ​តុលាការ​នៅ​ថ្ងៃ​ទី២៥​ខាង​មុខ​នេះ​នឹង​កោះហៅ​ភាគី​ទាំង​ពីរ​ឲ្យ​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខ​​តុលាការ។

មេធាវី​តំណាង​ក្រុម​ហ៊ុន​នឹម ម៉េង​ ដែល​ត្រូវ​គេ​ស្គាល់​ថា ​ជាទី​ប្រឹក្សា​មេ​បញ្ជាការ​កង​អង្គរក្ស​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន​ សែន​ កំពុង​រៀបចំ​ពាក្យ​បណ្ដឹង​មួយ​ផ្សេង​ទៀត​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ដើម្បី​ប្ដឹង​ក្រុមហ៊ុន ​Hong Tung Resources​ ដែល​មាន​ម្ចាស់​ភាគហ៊ុន​មក​ពី​ប្រទេស​ចិន​ ពី​បទ​បរិហារកេរ្តិ៍​ ក្រោយ​ពី​ក្រុម​ហ៊ុន​នេះ​បាន​ចុះ​ផ្សាយ​ក្នុង​ទំព័រ​សារព័ត៌មាន​ថា​ ក្រុមហ៊ុន​នឹម ម៉េង​បាន​យក​សម្ភារៈ​យោធា​ទៅ​ដឹក​រ៉ែ​លោហៈ​ធាតុ​ចេញ​ពី​កំពង់​ផែរាម​កាលពី​ខែ​កក្កដា​ឆ្នាំ​២០១០។

លោក​ជា សុខចាន់​ មេធាវី​ការពារក្តី​ឲ្យ​ក្រុមហ៊ុន​នឹម ម៉េងគ្រុប​ (Nim Meng Sinohope Group)​បាន​មាន​ប្រសាស៍​ថា​ កូន​ក្តី​របស់​លោក​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​មួយ​ផ្សេង​ទៀត​ប្រឆាំង​ក្រុមហ៊ុន ​Hong Tong Resources​ ដែល​មាន​ម្ចាស់​ភាគហ៊ុន​មកពី​ប្រទេស​ចិន​ ពីបទ​បរិហារ​កេរ្តិ៍ ក្រោយ​ពី​ក្រុមហ៊ុន​នេះ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​សារ​ព័ត៌មាន​ថា​ ក្រុមហ៊ុន​ Nim Meng Sinohope Group​ បាន​យក​សម្ភារៈ​យោធា​ទៅ​ប្រើប្រាស់​ខុស​ច្បាប់។

«ក្នុង​ករណីនេះ ​ការ​សរសេរ​របៀប​នេះ​ គឺ​ឥឡូវ​ខាង​ក្រុមហ៊ុន​កូនក្តី​ខ្ញុំ​ហ្នឹង​កំពុងតែ​រៀបចំ​ពាក្យ​បណ្តឹង​ប្តឹង​ពីបទ​បរិហារ​កេរ្តិ៍​វិញ​ហើយ​ ពីព្រោះ​ការ​ចុះ​ផ្សាយ​របស់​គាត់​ជា​ការ​ផ្សាយ​មិនពិត។​ វា​អាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​ កិត្តិយស​កូនក្តី​ខ្ញុំ​ទៀត»។

កាលពី​ថ្ងៃអង្គារ​ កាសែត​ភ្នំពេញ​ប៉ុស្តិ៍​បាន​ដកស្រង់​សំដី​លោក​កុយ ធុនណា មេធាវី​ការពារក្តី​ឲ្យ​ក្រុមហ៊ុន ​Hong Tong Resources ​បាន​ចុះផ្សាយ​ថា​ ក្រុមហ៊ុន​ Nim Meng Sinohope​ Group​ បាន​យក​នាវា​យោធា​កម្ពុជា​យក​មក​ប្រើប្រាស់​ដើម្បី​នាំ​ចេញ​រ៉ែ​ទង់ដែង​ចេញ​ពី​កំពង់​ផែរាម។

កាសែត​ដដែល​បាន​និយាយ​ទៀត​ថា ​ក្រុមហ៊ុន​បាន​ចាប់ផ្តើម​សហការ​ដោយ​បាន​នាំ​ចេញ​រ៉ែ​ ទង់ដែង​ប្រមាណ​៣៤៦៦,៤៨​តោន​តាមកំពង់​ផែរាម​ក្នុង​ខេត្ត​ព្រះសីហនុ​ ដែល​ចាប់​ផ្តើម​កាល​ពី​ខែ​កក្កដា ​ឆ្នាំ​២០១០ ​មុន​ពេល​ដែល​ពួកគេ​បង្កើត​ក្រុមហ៊ុន​វិនិយោគ​ទុន​រួម​គ្នា។

លោក​តាំង សុខឃី ​តំណាង​ឲ្យ​លោក​ហ៊ីង តុងកូ ​ប្រធាន​ក្រុមហ៊ុន ​Hong Tong Resources​ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ អ្វី​ដែល​លោក​បាន​ឲ្យ​លោក​មេធាវី​លើក​ឡើង​នេះ​គឺ​ជា​ការណ៍​ពិត​ ពីព្រោះ​យើង​មាន​ឯកសារ​គ្រប់គ្រាន់​បញ្ជាក់​ថា​ ក្រុមហ៊ុន​ Nim Meng ​ពិត​ជា​បាន​យក​សម្ភារៈ​យោធា​ទៅ​ប្រើប្រាស់​ពិត​ប្រាកដ​មែន។

លោក​តាំង សុខឃី​បាន​មាន​ប្រសាសន៍​ទៀត​ថា ​រឿង​ក្តី​នេះ​មិន​មែន​ជា​ការ​លេង​សើច​ទេ។

«ភាគី​ខា​ងក្រុមហ៊ុន​ Nim Meng Group​ បើគាត់​ធ្វើរ​បៀបនេះ​ គាត់​កំពុង​តែ​បំផ្លាញ​គោល​នយោ បាយ​ដ៏​ល្អ​របស់​រាជ​រដ្ឋាភិបាល ​ព្រោះ​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​គឺ​អំពាវនាវ​ឲ្យ​អ្នក​ដែល​មាន​ទុន​ពិប្រាកដ​ចូល​មក​រួម​ចំណែក​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​អញ្ចឹង​គឺ​ភាគី​ខ្ញុំ​មាន​ទុន​គ្រប់គ្រាន់​ក្នុង​ការ​ចុះ​មក​វិនិយោគ ​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​គឺ​គាត់​ធ្វើអ្វី ​ជាក់ស្តែង​គឺ​គាត់​ធ្វើ​លុប​កិច្ច​ព្រមព្រៀង​ដោយ​ឯកតោ​ភាគី»។

ក្រុមហ៊ុន​ Hong Tong Resouces ​និង​ក្រុមហ៊ុន​ Nim Meng Sinohope Gorup ​បាន​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​គ្នា​ កាលពី​ថ្ងៃទី​២៤​ខែធ្នូឆ្នាំ​២០១០​ ដើម្បី​រុករក​រ៉ែ​លោហៈ ​និង​ការ​កសាង​រោងចក្រ​កែច្នៃ​រ៉ែ​ ដែល​មាន​ទីតាំង​នៅ​ក្នុង​ស្រុក​ជីក្រែង​ខេត្ត​សៀមរាប ​ដែល​មាន​ទឹកប្រាក់​រហូត​ដល់​៨៧​លាន​ដុលា្លរ​សហ​រដ្ឋ​អាមេរិក។

ក្រុមហ៊ុន​ទាំងពីរ​បាន​ឈាន​ទៅ​ដល់​ដើរផ្លូវ​បំបែក​គ្នា​ជាពីរ​ បន្ទាប់ពី​ក្រុមហ៊ុន​ Nim Meng​ បាន​លុបចោល​កិច្ច​ព្រម​ព្រៀង​ជា​ឯកតោ​ភាគី ​ដោយ​មិន​បាន​ផ្តល់​ដំណឹង​ជាមុន​ដល់​ក្រុមហ៊ុន​ Hong Tong Resources។

ក្រុមហ៊ុន ​Nim Meng ​បាន​ប្តឹង​ក្រុមហ៊ុន ​Hong Tong ​ទៅ​តុលាការ​ក្រុង​ភ្នំពេញ​ពីបទ​រំលោភសេចក្តី​ទុកចិត្ត ​ហើយ​តុលាការ​នៅ​ថ្ងៃ​ទី២៥​ខាង​មុខ​នេះ​នឹង​កោះហៅ​ភាគី​ទាំង​ពីរ​ឲ្យ​ចូល​បំភ្លឺ​នៅ​ចំពោះ​មុខតុលាការ។

ចំណែក​ឯ​ក្រុមហ៊ុន​ Hong Tong Resources ​ក៏​កំពុង​រៀបចំ​ពាក្យ​បណ្តឹង​មួយ​ច្បាប់​ផ្សេង​ទៀត​ ប្តឹង​ក្រុមហ៊ុន​ Nim Meng Sinohope Group ​ផងដែរ ​ពីបទ​រំលោភ​កិច្ច​ព្រមព្រៀង​កាល​ពី​ថ្ងៃ​២៤ ​ខែធ្នូ ​ឆ្នាំ​២០១០ ​និង​ពី​បទ​ឆបោក ​ដោយ​ទាមទារ​សំណង​ជម្ងឺ​ចិត្ត​ជិត​១០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក។

នេះ​ជា​ការ​ប្តឹងផ្តល់​គ្នា ​ដែល​ភាគី​ម្ខាង​ជាម្ចាស់​ភាគហ៊ុន​ក្នុង​ស្រុក​ ជា​មនុស្ស​ដ៏​មាន​ឥទ្ធិពល​មួយ​ក្នុង​ប្រទេស​កម្ពុជា ​និង​ភាគី​ម្ខាង​ទៀត​ជា​ម្ចាស់​ភាគហ៊ុន​មកពី​ប្រទេស​ចិន​ ហើយ​ប្រទេស​ចិន​ត្រូវ​បាន​ដឹង​ថា​ មាន​ឥទ្ធិពល​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។ តើ​រឿងក្តី​នេះ​តុលាការ​នឹង​សម្រេច​ដោយ​របៀប​ណា?

លោក ​សុខ សំអឿន​ នាយក​ក្រុម​អ្នក​ច្បាប់​ការពារ​សិទ្ធិ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ​តុលាការ​ត្រូវតែ​ប្រកាន់​ជំហរ​អព្យាក្រិត្យ ​ហើយ​ត្រូវ​អាស្រ័យ​ទៅ​លើ​ភស្តុតាង៕

XS
SM
MD
LG