កាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៣ មិថុនាឆ្នាំ២០១២។ ក្រុមអ្នកសង្កេតការណ៍អំពាវនាវដល់ពលរដ្ឋអ្នកបោះឆ្នោត កុំឲ្យភ័យបារម្ភចំពោះការសម្លុត គំរាមកំហែង និងការទិញទឹកចិត្តឡើយ ដោយនិយាយថា ការសម្រេចចិត្តរបស់ខ្លួនក្នុងការបោះឆ្នោតជូនបក្សនយោបាយណា មួយ នឹងគ្មាននរណាដឹងបានឡើយ។ នេះជាការអះអាងរបស់កញ្ញា គង់ រ៉ាវីន ប្រធានផ្នែកអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតខុម ហ្រ្វែល ដែលបាន ថ្លែងក្នុងកម្មវិធីហេឡូវីអូអេកាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣១ខែឧសភាឆ្នាំ២០១២។
លោកបណ្ឌិត ពុទ្ធា ហង្ស នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលការបោះឆ្នោត និចហ្វិច បានអំពាវនាវដល់ពលរដ្ឋដែលគ្រប់អាយុឲ្យទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី៣មិថុនាឆ្នាំ២០១២។ ដោយកុំភ្លេចទៅពិនិត្យមើលឈ្មោះបោះឆ្នោត ទីតាំងបោះឆ្នោតមុនមួយថ្ងៃបោះឆ្នោត និងយកអត្តសញ្ញាណបណ្ណ ឬបណ្ណសំគាល់ខ្លួន ដែលអាចប្រើបានទៅជាមួយ។
«ក្នុងនោះអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរទោះបីជាផុតកំណត់ក្តីមិនទាន់ផុត កំណត់ក្តី គឺបងប្អូននៅតែអាចប្រើប្រាស់បានសម្រាប់ការបោះឆ្នោត។ ផ្ទុយទៅវិញ បើសិនជាគ្មាន ឬបាត់អត្តសញ្ញាណបណ្ណសូមទាក់ទងជាបន្ទាន់ មកទល់ថ្ងៃនេះ គឺអត់ទាន់ហួសពេលទេ ទៅស្នើសុំលិខិត បញ្ជាក់អត្តសញ្ញាញសម្រាប់បំរើឲ្យការបោះឆ្នោតនៅសាលាឃុំសង្កាត់។ ប៉ុន្តែ សូមកុំភ្លេចយករូបថតពីរសន្លឹកហើយនឹងអ្នកមានសិទ្ធិបោះឆ្នោតពីរនាក់នៅក្នុងឃុំហ្នឹងឯងទៅធានាផង»។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com