លោក យូ ថូ ដែលធ្លាប់ជាប់ពន្ធនាគារដោយសារតែបានចូលរួមតវ៉ាជាមួយប្រជាពលរដ្ឋឃុំអមលាំង ក្នុងរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភ្នំពេញSugarរបស់លោកឧកញ្ញ៉ា លី យ៉ុងផាត់នោះ ត្រូវបានបណ្តេញចេញពីសមាជិកក្រុមប្រឹក្សាឃុំមកពីគណបក្សប្រជាជនកម្ពុជាហើយ។ ក្រុមមន្រ្តីសិទ្ធិមនុស្សបាននិយាយថា ការបណ្ដេញចេញនេះនិងធ្វើឱ្យប្រជាប្រីយ៍ភាពគណបក្សគ្រប់គ្រងអំណាចចុះខ្សោយ។
លោក ហេង រស្មី រាយការណ៍ជូនដូចតទៅ៖
លោកស្រី អ៊ូច បូរ អ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្ស ADHOCប្រចាំខេត្តកំពង់ស្ពឺ បាន បញ្ជាក់នៅថ្ងៃសុក្រនេះថា លោកយូ ថូ អតីតសមាជិកក្រុមប្រឹក្សាឃុំអមលាំង ខាងកូតាគណបក្សប្រជាជនកម្ពុជា ត្រូវបានដកចេញពីមុខតំណែងក្រោយពីលោកបានចូលរួមតវ៉ាប្រឆាំងជំទាស់រឿងវិវាទដីធ្លីមួយរវាងប្រជាពលរដ្ឋឃុំអមលាំង និងក្រុមហ៊ុនភ្នំពេញSUGAR របស់លោកឧកញ៉ាលី យ៉ុង ផាត់។
លោកយូ ថូ អាយុ៦៣ឆ្នាំ និងលោកឃឹម វុទ្ធី អាយុ៣០ ត្រូវបានអាជ្ញាធរខេត្តកំពង់ស្ពឺចាប់ខ្លួន កាលពីថ្ងៃទី២០ ខែឧសភា ក្រោមបទចោទប្រកាន់ថា បានញុះញ៉ង់បង្កឲ្យមានអគ្គីភ័យ និងរំលោភកាន់ កាប់អចនវត្ថុ។ ហើយក្រោយមកនៅថ្ងៃទី២៩ ខែឧសភា ដដែលលោកយូ ថូ និងលោកឃឹម វុទ្ធី ត្រូវបានតុលាការ ដោះលែងឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។
នៅក្នុងលិខិតមួយច្បាប់ ដោយមានចុះហត្ថលេខាពីលោកឡាយ កង ប្រធានក្រុមប្រឹក្សា និងជា ប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានសម្រេចដកហូតលោកយូ ថូ ចេញពីសមាជិកក្រុមប្រឹក្សាឃុំអមលាំងលេខរៀងទី៥ ដោយបានចោទប្រកាន់ថា លោកយូ ថូ បានធ្វើឲ្យខូចខាតដល់ផលប្រយោជន៍ និងដោយសារតែលោកមិនបានគោរពវិន័យរបស់គណបក្ស។
លោកយូ ថូ អតីតក្រុមប្រឹក្សាឃុំអមលាំង បាននិយាយថា លោកមានការសោកស្តាយចំពោះការដកហូតមុខតំណែងនេះ។
លោកបានមានប្រសាសន៍ទៀតថា លោកពុំបានធ្វើឲ្យខូចខាតដល់ផលប្រយោជន៍គណបក្ស ប្រជាជនទេ។ ហើយសកម្មភាពដែលលោកបានធ្វើកន្លងមកនេះ គឺដើម្បីផលប្រយោជន៍គណបក្សប្រជាជន និងប្រជាពលរដ្ឋនៅឃុំអមលាំងតែប៉ុណ្ណោះ។
"ធម្មតាមនុស្សពីរនាក់ដណ្តើមដេកកណ្តាលគិតថា ខ្ញុំដូចជាមិនខុសទេ។ ខ្ញុំដូចជាមិនបានបំផ្លាញអី ទេ តែបើគាត់មើលឃើញថា ខ្ញុំបំផ្លាញអី នេះជារឿងរបស់គាត់ណា៎។ ខ្ញុំមិនបានធ្វើឲ្យប្រជាពលរដ្ឋហ្នឹង ធ្វើឲ្យស្អប់គណបក្ស ឬអីទេ។ ខ្ញុំគិតឃើញថា អ្វីដែលខ្ញុំធ្វើប្រជាពលរដ្ឋគាត់ហាក់បីដូចជារឹតតែស្រឡាញ់គណបក្សឡើង"។
សមាជិកក្រុមប្រឹក្សាឃុំអមលាំងមានចំនួន៧អាសនៈ ហើយនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទីមួយ គណបក្សប្រជាជនកម្ពុជាទទួលបាន៦អាសនៈ ចំណែកការបោះឆ្នោតក្រុមប្រឹក្សា ឃុំ/សង្កាត់អាណត្តិទីពីរនេះ គណបក្សប្រជាជនកម្ពុជាបានក្តោបក្តាប់អាសនៈទាំង៧នេះ។
លោកឡាយ កង ប្រធានក្រុមប្រឹក្សា និងជាប្រធានគណបក្សប្រជាជនកម្ពុជាប្រចាំស្រុកថ្ពង បានបដិ សេធពុំធ្វើអត្ថាធិប្បាយលម្អិតទេ ដោយលោកបាននិយាយថា នេះគឺជាកិច្ចការផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ។
"រឿងនេះជារឿងផ្ទៃក្នុងគណបក្ស ខ្ញុំមិនអាចជម្រាបបានទេបាទ!"
លោកស្រី អ៊ូច បូរ អ្នកសម្របសម្រួលរបស់សមាគមសិទ្ធិមនុស្សADHOC វិញ បាននិយាយថា ការ ដកហូតមុខតំណែងលោកយូ ថូ នេះ នឹងធ្វើឲ្យថយឥទ្ធិពលរបស់គ្រប់គ្រងអំណាច។
"ពីព្រោះអី នៅឃុំអមលាំងហ្នឹង អត់អាចមានគណបក្សណាឈ្នះឆ្នោតទេ មានតែគណបក្សប្រជាជនមួយឈ្នះឆ្នោត។ ហើយនៅពេលដែលឃោសនាបោះឆ្នោត ខ្ញុំទៅសង្កេតការណ៍ឃុំហ្នឹង ឃើញតែគាត់មួយមានចលនាខ្លាំងជាងគេ ដើរតួឃោសនាឲ្យគណបក្សហ្នឹងណាស់"។
លោកយូ ថូ ធ្លាប់ធ្វើជាសមាជិកក្រុមប្រឹក្សាឃុំអមលាំងលំដាប់ទី៥នេះ អស់រយៈពេលពីរអាណត្តិ មកហើយ ហើយលោកក៏បានធ្លាប់ចូលរួមជាមួយនិងប្រជាពលរដ្ឋ ដើម្បីប្រឆាំងតវ៉ាជំទាស់ទៅនឹងក្រុមហ៊ុនភ្នំពេញSUGARរបស់លោកឧកញ៉ាលី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាខាងគណបក្សគ្រប់គ្រងអំណាចដ៏មានឥទ្ធិពលមួយរូបដែលកំពុងមានទំនាស់រឿងដីធ្លីដ៏ស្រួចស្រាវនៅក្នុងឃុំអមលាំងនៅឡើយ។
ប្រជាពលរដ្ឋឃុំអមលាំងបានចោទប្រកាន់ក្រុមហ៊ុនភ្នំពេញ SUGAR ថា បានរំលោភយកដីរបស់ពួក គេ ក្រោយពីក្រុមហ៊ុននេះបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលជាង៨០០០ហិកតាសម្រាប់ធ្វើការអភិវឌ្ឍដាំដើមអំពៅ នៅក្នុងខេត្តកំពង់ស្ពឺ។
ពីទីក្រុងភ្នំពេញ ខ្ញុំ ហេង រស្មី VOA សម្លេងសហរដ្ឋអាមេរិក៕