ភ្នំពេញ៖ អ្នកជំនាញអន្តរជាតិ ជំរុញឲ្យកម្ពុជាបង្កើនល្បឿនបង្កើតប្រព័ន្ធដោះស្រាយជម្លោះកម្មសិទ្ធិបញ្ញា តាមរយៈតុលាការពាណិជ្ជកម្ម ដើម្បីទាក់ទាញវិនិយោគិនធំៗ។ មន្ត្រីរដ្ឋាភិបាលអះអាងថា តុលាការពាណិជ្ជកម្មនឹងអាចលេចចេញជារូបរាងនៅឆ្នាំក្រោយ។
ប្រទេសកម្ពុជាចំាបាច់ត្រូវតែជំរុញការបង្កើតតុលាការពាណិជ្ជកម្មឲ្យបានឆាប់បំផុត ដើម្បីធ្វើការប្រកួតប្រជែងក្នុងការទាក់ទាញអ្នកវិនិយោគល្អៗ និងមានសក្តានុពលសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច។
លោក Peter Fowler អ្នកប្រឹក្សាជាន់ខ្ពស់នៃការិយាល័យប្រកាសនីយប័ត្រតក្កកម្ម និងនិក្ខិត្តសញ្ញានៃរដ្ឋាភិបាលសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃសុក្រថា ធៀបនឹងបណ្តាប្រទេសផ្សេងទៀតនៅក្នុង តំបន់អាស៊ាន ប្រទេសកម្ពុជាកំពុងតែដើរក្រោយគេក្នុងការបង្កើតប្រព័ន្ធដោះស្រាយជម្លោះពាណិជ្ជកម្ម និងជម្លោះកម្មសិទ្ធិបញ្ញា ដែលប្រការនេះបានធ្វើឲ្យកម្ពុជាបរាជ័យក្នុងការទាក់ទាញវិនិយោគធំៗដែលនាំមកនូវសន្ទុះរីកចម្រើនផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ដូចជាក្នុងវិស័យបច្ចេកវិទ្យាជាដើម។
លោក Peter Fowler ដែលបានសហការរៀបចំសិក្ខាសាលាមួយដើម្បីបណ្ដុះបណ្ដាលចៅក្រមមកពីបណ្ដាប្រទេសសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ ហៅកាត់ថា អាស៊ានស្ដីពីការដោះស្រាយជម្លោះកម្មសិទ្ធិបញ្ញា បានមានប្រសាសន៍ថា ដើម្បីអាចប្រកួតជាមួយបណ្ដាប្រទេសក្នុងតំបន់ក្នុងការទាញយកវិនិយោគិនចម្រុះប្រភេទ កម្ពុជាត្រូវតែបង្កើនល្បឿនពង្រឹងប្រព័ន្ធតុលាការ ជាពិសេសឆ្ពោះទៅបង្កើតតុលាការពាណិជ្ជកម្មដែលមានសមត្ថភាពពេញលេញក្នុងការដោះស្រាយជម្លោះកម្មសិទ្ធិបញ្ញា សម្រាប់ជាទំនុកចិត្តដល់អ្នកបណ្ដាក់ទុន។
«ប្រសិនបើប្រទេសកម្ពុជាពិតជាចង់ទាក់ទាញបានអ្នកវិនិយោគមានគុណភាពខ្ពស់ ឬមិនមែនត្រឹមតែជាអ្នកវិនិយោគបរទេសធម្មតាៗ ដែលផ្តោតតែលើការបើករោងចក្រផលិតអាវយឺត ប៉ុន្តែជាការវិនិយោគលើបច្ចេកវិទ្យាព័ត៌មាន ទូរស័ព្ទ កាតចងចំា ជីវបច្ចេកវិទ្យា ដែលត្រូវការការពារលើកម្មសិទ្ធិបញ្ញានោះ អ្វីដែលកម្ពុជាត្រូវធ្វើដំបូងបំផុត គឺបង្កើនល្បឿនបង្កើតប្រព័ន្ធតុលាការពាណិជ្ជកម្មដ៏រឹងមាំ និងធ្វើឲ្យប្រព័ន្ធតុលាការនេះទាញបានចំណាប់អារម្មណ៍ពីបរទេស»។
មានចៅក្រមសរុបចំនួន៥០នាក់មកពីសហរដ្ឋអាមេរិក និងមកពីបណ្ដាប្រទេសអាស៊ាន បានចូលរួមក្នុងវគ្គស្ដីពីការដោះស្រាយជម្លោះកម្មសិទ្ធិបញ្ញា រយៈពេល៤ថ្ងៃ នៅទីក្រុងភ្នំពេញ ដែលបានបញ្ចប់ទៅកាលពីថ្ងៃសុក្រ។ ចៅក្រមកម្ពុជាចំនួន១០នាក់ក៏មានវត្តមាននៅទីនោះដែរ។
ជម្លោះកម្មសិទ្ធិបញ្ញាមានដូចជាជម្លោះលើការលួចសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ជម្លោះលើម៉ាកផលិត និងការប្រកួតប្រជែងមិនស្មោះត្រង់ និងជម្លោះលើការលួចបច្ចេកវិទ្យាទើបរកឃើញថ្មីៗជាដើម។
ចៅក្រមជំនាញដែលបានចូលរួមក្នុងសិក្ខាសាលាបណ្តុះបណ្តាលនេះ បាននិយាយស្របគ្នាថា អ្នកវិនិយោគធំៗតែងសម្លឹងរកទីផ្សារវិនិយោគរបស់ប្រទេសណាដែលអាចការពារកម្មសិទ្ធិបញ្ញា និងមានយន្តការដោះស្រាយជម្លោះទំាងនេះ នៅពេលដែលពួកគេធ្លាក់ចូលទៅក្នុងជម្លោះ។ ម្ល៉ោះហើយ ទើបប្រទេសជាច្រើនក្នុងតំបន់អាស៊ាន បានផ្តោតការយកចិត្តទុកដាក់ជាចម្បងទៅលើការពង្រឹងស្ថាប័នតុលាការ និងផ្តល់បរិយាកាសល្អសម្រាប់ការដោះស្រាយជម្លោះពាណិជ្ជកម្ម។
យោងតាមលោក Peter Fowler បានឲ្យដឹងថា ប្រទេសដែលនាំមុខគេក្នុងចំណោមប្រទេសទំាង១០នៃតំបន់អាស៊ានទៅលើ យន្តការដោះស្រាយជម្លោះពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញា មានប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។
លោក SornChai Sirariyakul អនុប្រធានចៅក្រមនៃតុលាការពាណិជ្ជកម្មអន្តរជាតិ និងកម្មសិទ្ធិបញ្ញារបស់ប្រទេសថៃ បានអះអាងថា ថៃជាប្រទេសដំបូងគេក្នុងពិភពលោកដែលបើកដំណើរការតុលាការពិសេសនេះតំាងពីឆ្នាំ១៩៩៧មក។ រយៈពេលជាង១០ឆ្នាំមកនេះ តុលាការនេះបានរួមចំណែកទាក់ទាញលំហូរទុនវិនិយោគដែលមានសក្តានុពល ជួយដល់កំណើនសេដ្ឋកិច្ចជាតិ ដែលកម្ពុជាអាចយកជាបទពិសោធន៍។
«អ្វីដែលយើងបានធ្វើតាមរយៈការបង្កើតតុលាការនេះ យើងអាចជំរុញឲ្យមាន និងធានាបាននូវជំនឿទុកចិត្តពីវិនិយោគិនបរទេស ហើយយើងបានធ្វើការងារដ៏ល្អមួយក្នុងការនាំយកនូវផលចំណេញមួយ ផ្នែកសម្រាប់សេដ្ឋកិច្ចរបស់ថៃ»។
ដោយមើលឃើញពីគុណសម្បត្តិនៃតុលាការពាណិជ្ជកម្មនេះ តំណាងចៅក្រមម៉ាឡេស៊ី និយាយថា ចាប់តំាងពីឆ្នាំ២០០៨មក ប្រទេសម៉ាឡេស៊ី បានចាប់ផ្តើមបង្កើតតុលាការពាណិជ្ជកម្មជាបន្តបន្ទាប់ដើម្បីដោះស្រាយជម្លោះឲ្យទាន់ពេលវេលា។ រហូតមកដល់ពេលនេះ គ្រាន់តែទីក្រុងកូឡាឡាំពួ តែមួយ មានតុលាការពាណិជ្ជកម្មជិត២០ហើយ។
ចំណែកប្រទេសវៀតណាមមិនមានតុលាការពាណិជ្ជកម្មនោះទេ ប៉ុន្តែប្រទេសនេះ មានតុលាការសេដ្ឋកិច្ចដែលមានតួនាទីដោះស្រាយជម្លោះពាណិជ្ជកម្ម និងជម្លោះកម្មសិទ្ធិបញ្ញា។
ការដោះស្រាយជម្លោះពាណិជ្ជកម្មនៅតាមប្រទេសទំាងនេះជាធម្យមត្រូវប្រើពេល១ឆ្នាំ។
ដោយឡែក នៅក្នុងប្រទេសកម្ពុជា ដែលមិនទាន់មានប្រព័ន្ធដោះស្រាយជម្លោះពាណិជ្ជកម្មដាច់ដោយឡែកនៅឡើយ ករណីជម្លោះពាណិជ្ជកម្ម រួមទំាងជម្លោះលើកម្មសិទ្ធិបញ្ញាផងនោះ ជាទូទៅត្រូវឆ្លងកាត់តុលាការធម្មតា ដែលត្រូវចំណាយពេលយូរ អស់ថវិកាច្រើន និងខ្វះការជឿជាក់លើសេចក្តីសម្រេចជាដើម។ ម្ល៉ោះហើយ ទើបវិនិយោគិនភាគច្រើនដែលកំពុងរកស៊ីនៅកម្ពុជា តែងចុះកិច្ចសន្យានាំយកជម្លោះដែលអាចកើតមានទៅដោះស្រាយនៅប្រទេសសិង្ហបុរី ឬទីក្រុងហុងកុងជាដើម។ ចំណែកវិនិយោគិនមួយចំនួនទៀត ជាពិសេសមកពីប្រទេសជឿនលឿន ដូចជា សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើមនោះ ស្ទាក់ស្ទើរក្នុងការបោះទុនវិនិយោគនៅកម្ពុជា។
ជាលទ្ធផល ចាប់តំាងពីប្រទេសកម្ពុជាបើកចំហទីផ្សារសេរីមក វិនិយោគភាគច្រើនតែងផ្តោតទៅលើឧស្សាហកម្មកាត់ដេរ សំណង់ និងកសិកម្មជាដើម ដែលភាគច្រើនជាការវិនិយោគរបស់ប្រទេសចិន កូរ៉េខាងត្បូង និងវៀតណាម។ ចំណែកការវិនិយោគលើបច្ចេកវិទ្យា កម្មវិធីកុំព្យូទ័រ តន្ត្រីទំនើប និងឱសថល្អៗនោះមិនទាន់មានការវិនិយោគនៅឡើយ។
ស្របគ្នានឹងការជំរុញឲ្យបង្កើតតុលាការពាណិជ្ជកម្មឲ្យបានឆាប់រហ័សនៅក្នុងប្រទេសកម្ពុជា លោក វ៉ា រុតសាន ប្រធានគណៈកម្មការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា មានប្រសាសន៍ថា ស្ថាប័ននេះនឹងលេចចេញជារូបរាងនៅឆ្នាំ២០១១។ លោក វ៉ា រុតសានបញ្ជាក់ថា ចៅក្រមខ្មែរចំនួន១៨នាក់ បាននិងកំពុងទទួលការបណ្តុះបណ្តាលជំនាញដោះស្រាយជម្លោះពាណិជ្ជកម្មអស់រយៈពេលជិត១ឆ្នាំមកហើយ។
«នៅពេលខាងមុខ យើងនឹងអនុម័តច្បាប់ស្តីអំពីការបង្កើតតុលាការពាណិជ្ជកម្ម និងកម្មសិទ្ធិបញ្ញាហ្នឹង។ ខ្ញុំយល់ថា ប្រហែលជានៅឆ្នាំ២០១១នឹងអនុម័តដោយរដ្ឋសភា ហើយបន្ទាប់ពីច្បាប់ហ្នឹងអនុម័តហើយ ក្រសួងពាក់ព័ន្ធនឹងត្រូវតែជំរុញកិច្ចការហ្នឹងឲ្យបន្ទាន់ហើយ»។
សូមបញ្ជាក់ថា ប្រទេសកម្ពុជាក៏គ្រោងនឹងបង្កើតមជ្ឈមណ្ឌលជាតិ នៃមជ្ឈត្តការផ្នែកពាណិជ្ជកម្មផងដែរ នៅចុងឆ្នាំ២០១០នេះ។ មជ្ឈមណ្ឌលនេះនឹងដើរតួនាទីដោះស្រាយជម្លោះពាណិជ្ជកម្ម និងជម្លោះកម្មសិទ្ធិបញ្ញា ដូចគ្នាទៅនឹងតុលាការពាណិជ្ជកម្មដែរ។ ប៉ុន្តែ មជ្ឈមណ្ឌលត្រឹមមានសិទ្ធិសម្របសម្រួលបញ្ចប់បញ្ហាប៉ុណ្ណោះ ដោយគ្មានសិទ្ធិធ្វើការផ្តន្ទាទោសដូចតុលាការពាណិជ្ជកម្មឡើយ។
លោកស្រី Delissa Ridgway ចៅក្រមនៃតុលាការពាណិជ្ជកម្មអន្តរជាតិរបស់អាមេរិក បានចាត់ទុកគម្រោងបើកមជ្ឈមណ្ឌល និងតុលាការពាណិជ្ជកម្មនេះ ជាជំហានវិជ្ជមានមួយក្នុងការបង្កើនការទុកចិត្តដល់អ្នកវិនិយោគ។ ក៏ប៉ុន្តែ លោកស្រីលើកឡើងថា កម្ពុជាចំាបាច់ត្រូវធានាថា ស្ថាប័នទំាងនេះមានសមត្ថភាពពិតប្រាកដក្នុងការដោះស្រាយជម្លោះផងដែរ។
ប្រព័ន្ធតុលាការនៅក្នុងប្រទេសកម្ពុជាត្រូវគេរិះគន់ថា មានភាពលំអៀងទៅរកនយោបាយ និងរុំព័ទ្ធទៅដោយអំពើពុករលួយដ៏គួរឲ្យព្រួយបារម្ភផងដែរ។
ចៅក្រមអន្តរជាតិមួយចំនួនបាននិយាយនៅក្នុងសិក្ខាសាលាស្ដីពីការដោះស្រាយជម្លោះកម្មសិទ្ធិបញ្ញាថា ដើម្បីឲ្យតុលាការពាណិជ្ជកម្មទទួលបានការគាំទ្រ តុលាការនេះចាំបាច់ត្រូវតែឯករាជ្យពីនយោបាយ មានថវិកាគ្រប់គ្រាន់សម្រាប់ការចំណាយលើប្រតិបត្តិការកាត់ក្តី និងមានចៅក្រមជំនាញ៕