មន្ដ្រីជាន់ខ្ពស់សាលាក្ដីខ្មែរក្រហមបានឲ្យដឹងថា ក្រុមអតីតមេដឹកនាំខ្មែរក្រហម ដែលកំពុងជាប់ឃុំឃាំងនឹងត្រូវទទួលការកាត់ទោសជាក្រុម។ សេចក្ដីអះអាងនេះ ធ្វើឡើងបន្ទាប់ពីសហព្រះរាជអជ្ញាសាលាក្ដីខ្មែរក្រហម បានបញ្ជូនដីកាសន្និដ្ឋានក្នុងករណី០០២ ទៅកាន់សហចៅក្រមស៊ើបអង្កេត ។
លោកក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃសាលាក្តីខ្មែរក្រហមមានប្រសាស៍ នៅថ្ងៃអង្ការ៍ ទី១៧ ខែសីហានេះ នៅក្នុងពិធីចែកសៀវភៅសាលក្រមឌុច នៅក្នុងតុលាការខេត្តកណ្តាលថា៖
«ករណី០០២នេះ ចៅក្រុមលោកបានសម្រេចថា ជាសវនការដែលមានលក្ខណៈសមូហភាព គាត់កាត់សេចក្តីទាំងអស់ ទាំងបួននាក់តែម្តង»។
កាលពីថ្ងៃច័ន្ទម្សិលមិញ សហព្រះរាជអាជ្ញា បានបញ្ជូនដីកាសន្និដ្ឋានចុងក្រោយរបស់ខ្លួននៅក្នុងសំណុំរឿងក្តី០០២នេះ ទៅកាន់សហចៅក្រមស៊ើបអង្គេត ដើម្បីបើកផ្លូវឆ្ពោះទៅរកការកាត់ទោស។ នៅក្នុងសំណុំរឿងនេះ មានជនជាប់ចោទចំនួនប្រាំនាក់ គឺនួន ជា អៀង សារី ខៀវ សំផន និងអៀង ធារិទ្ឋ ក៏ប៉ុន្តែឌុច ដែលជាអតីតប្រធានគុកទួលស្លែង ឬមន្ទីរស២១ ត្រូវបានសហព្រះរាជអាជ្ញាដកចេញពីសំណុំរឿង០០២នេះ ទោះជាយ៉ាងណា វាសនារបស់ ឌុច ដែលត្រូវកាត់ទោស ឬក៏មិនត្រូវកាត់ទោស នៅក្នុងសំណុំរឿង០០២ និងត្រូវសម្រេច ដោយសហចៅក្រមស៊ើបអង្គេតក្នុងដីកាបញ្ជូនរឿងទៅកាត់ ទោសនៅខែក្រោយនេះ។
រីឯជនជាប់ចោទទាំងបួននាក់ ត្រូវចោទប្រកាន់ ចំពោះអំពើឃោរឃៅ ដែលបានបង្កឲ្យប្រជាពលរដ្ឋខ្មែរយ៉ាងតិច១.៧លាននាក់បាត់បង់ជីវិត នៅក្នុងចន្លោះឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩។
លោកក្រាញ់ តូនី មានប្រសាសន៍ នៅចំពោះមុខមន្រ្តីតុលាការ នៅក្នុងខេត្តកណ្តាល ថាការកាត់ទោសពួកអតីតមេដឹកនាំកំពូលខ្មែរក្រហមទាំងបួននាក់រួមគ្នានេះ និងអាចធ្វើឡើងនៅចុងខែមីនា ឬក៏នៅដើមខែមេសា ឆ្នាំ២០១១។
លោកឡាស អលសិន (Lars Olsen) មន្រ្តីផ្នែកទំនាក់ទំនងកិច្ចការច្បាប់របស់សាលាក្តីខ្មែរក្រហម ពន្យល់ថា ការកាត់ទោសអតីតពួកមេដឹកនាំខ្មែរក្រហមទាំងបួននាក់ ជាក្រុមរួមគ្នា ក៏ដោយសារតែពួកគេភាគច្រើនត្រូវចោទ ប្រកាន់ពីបទឧក្រិដ្ឋកម្មដូចៗគ្នា មានគម្រោងការឧក្រិដ្ឋកម្មដូចគ្នា រួមទាំងមានសាក្សីនិងភស្ថុតាងដូចគ្នាផងដែរ។